កាយវិការ​ទាំង ៤ ដែលបញ្ចាក់​ថា​ដៃគូ​របស់​អ្នក​ចាប់​ផ្តើម​អស់​ចិត្ត

  • 2019-11-07 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ​គួរ​យល់ដឹង​ថា​ មូលហេតុដែលដៃគូរបស់យើងប្រែជាព្រងើយកន្តើយ គឺ​មក​ពីកត្តាអ្វី។ ជាពិសេស​ មានចំណុចណាខ្លះដែលអ្នកអាចមើលដឹងថា ដៃគូរបស់អ្នកចាប់ផ្តើមអស់ចិត្តនឹងអ្នកហើយ។ កាយវិការទាំង ៤ ខាងក្រោមអាចជួយឱ្យអ្នកសង្កេតមើលថា កាលដែលមនុស្សម្នាក់ចាប់​ផ្តើម​អស់​ចិត្ត មានលក្ខណៈយ៉ាងណាខ្លះ៖

រូបតំណាង

**១. គេ​លែង​ចង់​ចំណាយ​ពេល​ជាមួយ​អ្នក** ការ​ចំណាយ​ពេល​វេលា​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ គឺ​ជា​រឿង​សំខាន់​។ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ដ៏​ល្អ​មួយ ភាគី​ទាំង​សង​ខាង​តែង​ប្រាថ្នា​ចង់​ចំណាយ​ពេល និង សាង​អនុសាវរីយ៍ ជាមួយ​គ្នា​ឱ្យ​បាន​ច្រើន​។ តែ​បើ​អ្នក​មាន​អារម្មណ៍​ថា​ដៃគូ​របស់​អ្នក​ចាប់​ផ្តើម​លែង​ចង់​ទៅ​ណា​ជាមួយ​គ្នា​ រក​លេសរវល់ ជា​ញឹកញាប់​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ គេ​ព្រងើយ​កន្តើយនោះ វា​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ចាក់​ថា​គេ​កំពុង​តែ​ប្លែក​ហើយ អាច​នឹង​មាន​រឿង​លាក់​លាម​ជាមួយ​អ្នក ឬ អាច​កំពុង​ចាប់​ផ្តើម​អស់​ចិត្ត​ហើយ។ យ៉ាង​ណា​មិញ​ អ្នក​ត្រូវ​សង្កេត​មើល​ឱ្យ​ច្បាស់​ ព្រោះ​ពេល​ខ្លះ​គេ​អាច​ជាប់​រវល់​មែន មិន​មែន​ជា​ការ​គេច​វេស​ពី​អ្នក​ទេ។

រូបតំណាង

២. គេ​លែង​រ៉ាយរ៉ាប់​ប្រាប់​អ្នក​ពី​ជីវិត​របស់​គេ ទាំង​បុរស​ និង ស្រ្តី​សុទ្ធ​តែ​ចង់​ចែក​រំលែក​នូវ​រាល់​ ុក្ខ​កង្វល់​ និង​ ភាពសប្បាយ​រីករាយ​របស់​ខ្លួន​ទៅ​កាន់​ដៃ​គូ​របស់​ខ្លួន​។ បើ​គេ​ជា​មនុស្ស​ស្ងាត់​ស្ងាម មិន​សូវ​ចែក​រំលែក​តាំង​ពី​ដើម នោះ​ប្រហែល​មក​ពី​អត្តចរិត​គេ​ គឺ​បែប​នោះ​តែ​ម្តង ពោល​គឺ​ ស្រគុត​ស្រគំ មិន​សូវ​ចេះ​និយាយ​ច្រើន​ ហើយ​ចូលចិត្ត​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​បើ​ដៃគូ​របស់​អ្នក​តែង​តែ​ចែក​រំលែក និង និយាយ​រឿង​ដែល​កើត​ឡើង​ក្នុង​ជីវិត​គេ​ប្រាប់​អ្នក តែ​សុខៗ​ស្រាប់​តែ​ផ្លាស់​ប្តូរ​ទម្លាប់ នោះ​ក៏​អាច​បង្ហាញ​ពី​អារម្មណ៍​របស់​គេ​ចំពោះ​យើង​ដែរ។

រូបតំណាង

៣. គេ​លែង​ឱ្យ​តម្លៃ​អ្នក មនុស្ស​ដែល​ស្រលាញ់​អ្នក​ពិត មិន​ថា​អ្នក​យ៉ាង​ណា​ទេ គេ​នឹង​​គោរព​អ្នក​ និង​ឱ្យ​តម្លៃ​អ្នក​ជានិច្ច។ ពេល​ខ្លះ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ដែល​គូរ​ស្នេហា​ណា​ក៏​ជូប គេ​នឹង​ព្យាយាម​យល់​ពី​អ្នក​ហើយ​និយាយ​ជាមួយ​អ្នក​ដោយ​សម្រួល មិន​ស្រែក​ជេរ ឬ​ តេស​ដៀល​អ្នក​នោះ​ទេ។ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​មួយ កាល​បើ​ដៃគូ​អ្នក ចាប់​ផ្តើម​ចូលចិត្ត​ចាប់​កំហុស និងបន្ទាប​តម្លៃ​របស់​អ្នក​ ជា​ពិសេស​នៅ​ក្នុង​ចំណោម​គេ​ឯង​ទៀត​នោះ គឺ​គេ​មិន​ឃើញ​នូវ​តម្លៃ​អ្នក​ទៀត​ទេ ហើយ​អាច​ជា​សញ្ញា​ដែល​គេ​ចាប់​ផ្តើម​អស់​អារម្មណ៍​ហើយ។

រូបតំណាង

៤. គេ​មិន​រំលឹក​រឿង​អនាគត​ជាមួយ​អ្នក​ ការ​ដែល​ដៃគូ​របស់​អ្នក​តែង​លើក​ឡើង​នូវ​រឿង​អនាគត​ជាមួយ​អ្នក​ហើយ​ពិត​ជា​ព្យាយាម​អនុវត្ត​តាម​សម្តី​ខ្លួន​មែន​នោះ គឺ​បញ្ចាក់​ថា​គេ​ស្រលាញ់​អ្នក​ពេញ​ទំហឹង​ហើយ។ រឿង​អនាគត​នោះ​អាច​រួម​មាន​ ការ​ចូល​ដណ្តឹង​អ្នក ការ​រៀប​ការ​ជាមួយ​អ្នក ការ​យក​កូន ការ​ចង់​ទិញ​កាដូ​មួយ​សម្រេច​បំណង​អ្នក ជាដើម។ អ្នក​ក៏​ត្រូវ​មើល​ពី​ស្ថានភាព​របស់​គេ​ដែរ បើ​មើល​ទៅ​គេ​ចង់​ធ្វើ​រឿង​ទាំង​នោះ តែ​កាលៈទេសៈ​របស់​គេ​មិន​អំណោយ​ផល យើង​គប្បី​យល់​ពី​គេ​ផង​ដែរ។ ដោយឡែក បើ​អ្នក​កាន់​តែ​ព្យាយាម​យល់​ ហើយ​គេ​កាន់​តែ​គេច​វេស នោះ​ដល់​ពេល​ហើយ ដែល​ត្រូវ​ដក​ចិត្ត​បណ្តើរៗ ពី​ព្រោះ​គេ​មិន​ច្បាស់លាស់​នឹង​អ្នក​ទេ៕

រូបតំណាង

អានបន្ត៖ ចង់​បំភ្លេច​មនុស្ស​ម្នាក់​ត្រូវ​យក​មនុស្ស​ម្នាក់​ទៀត​មក​ជំនួស​?

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម