ភាពសាមញ្ញ ៧ យ៉ាង របស់មនុស្សស្រី ដែលជាមន្តស្នេហ៍ដក់ជាប់ក្នុងបេះដូងបុរសៗ

  • 2019-10-28 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​ប្រុស​ ដែល​​ចូល​ចិត្ត​សម្លឹង​មើល​មនុស្ស​ស្រី​មាន​សម្រស់​ស្រស់​ស្អាត​ទាក់ទាញ​។ ប៉ុន្តែ​កុំ​ភ្លេច​ថា​ វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​សំបក​ក្រៅ​ប៉ុណ្ណោះ​។ មន្ត​ស្នេហ៍​ដែល​អាច​ស្ថិត​នៅ​ជាប់​ក្នុង​បេះដូង​បុរស​យូរ​អង្វែង អាស្រ័យ​លើ​ផ្នែក​ខាង​ក្នុង​ជា​ចម្បង។ ទោះ​មើល​ទៅ​មាន​លក្ខណៈ​សាមញ្ញ​ៗ​ពិត​មែន​ ប៉ុន្តែ​​វា​សុទ្ធ​សឹង​តែ​ជា​ចំណុច​ពិសេស​​របស់​មនុស្ស​ស្រី​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​។

១. មនុស្ស​ស្រី​ដែល​មិន​បារម្ភ​ពី​សម្រស់​ខ្លាំង​ពេក

រូបតំណាង

កើត​ជា​មនុស្ស​ស្រី​ មិន​មែន​មាន​ន័យ​ថា ត្រូវ​តែ​គិតគូរ​បារម្ភ​ពី​សម្រស់​គ្រប់​ពេលវេលា​ពេក​នោះ​ទេ។ នៅ​ពេល​ស្រលាញ់​គ្នា​ឬ​​ក្នុង​ថ្ងៃ​ណាត់​ជួប​ដំបូង អ្នក​អាច​​នឹង​ខ្វាយ​ខ្វល់​ពី​ការ​តុប​តែង​ខ្លួន​បន្តិច​មែន ប៉ុន្តែ​បើ​សូម្បី​ថ្ងៃ​ធម្មតា ពេល​ត្រូវ​​ទៅ​ដើរ​ផ្សារ​​តិចតួច ឬ​នៅ​ក្នុង​ផ្ទះ​សោះ អ្នក​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​ធ្វើ​ខ្លួន​ដែរ​នោះ​ វា​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់​បាត់​បង់​ភាព​ទាក់​ទាញ​ទៅ​វិញ​ទេ​។ មាន​ពេល​​ធ្វើ​​ខ្លួន​ស្អាត​ហើយ​ក៏​មាន​ពេល​សាមញ្ញ​គ្មាន​អ្វី​ចម្លែក ព្រោះ​អ្នក​ក្លាហាន​ហ៊ាន​បញ្ចេញ​សម្រស់​ធម្មជាតិ មិន​ពឹង​តែ​លើ​ម្សៅ​ក្រែម ដើម្បី​មក​បិទ​បាំង។​

២. មនុស្ស​ស្រី​ដែល​មាន​អារម្មណ៍​ល្អ​និង​ចេះ​កំប្លែង

នៅ​ពេល​អ្នក​មាន​អារម្មណ៍​ល្អ​ស្រស់​ស្រាយ មាន​ភាព​កំប្លុកកំប្លែង​នៅ​ក្នុង​ខ្លួន មិន​ត្រឹម​តែ​ជួយ​បង្កើន​សម្រស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មើល​ទៅ​​គួរ​ឲ្យ​ស្រលាញ់​​​ខ្លាំង​ណាស់​។ ភាព​រម្យទម​ថ្លៃថ្នូរ​ជា​រឿង​ចាំ​បាច់ ហើយ​ការ​ចេះ​លេង​សើច​ក្រមិចក្រមើម​​ បត់​បែន​តាម​កាលៈទេសៈ ​ជា​អ្វី​ដែល​មិន​អាច​ខ្វះ​បាន។

រូបតំណាង

៣. មនុស្ស​ស្រី​ដែល​មើល​ថែរក្សា​ស្រលាញ់​ខ្លួន​ឯង

ធ្វើ​ជា​មនុស្ស​ស្រី​ទន់​ភ្លន់​ គឺ​ជា​មន្តសេ្នហ៍​ម្យ៉ាង អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ នៅ​ពេល​​អ្នក​​ក្លាយ​ជា​មនុស្ស​ស្រី​​រឹង​មាំ មិន​ទន់​ជ្រាយ មិន​តក់ស្លុត​នឹង​បញ្ហា និង​ចេះ​មើល​ថែរក្សា​ស្រលាញ់​ខ្លួន​ឯង​ មុន​ប្រគល់​ក្តី​ស្រលាញ់​ឲ្យ​ទៅ​អ្នក​ដទៃ។

៤. មនុស្ស​ស្រី​ដែល​ចេះ​ស្តាប់​ពី​ហេតុ​ផល​ច្រើន​ជាង​និយាយ​វែកញែក

រូបតំណាង

ភាគ​ច្រើន​គេ​តែង​និយាយ​ថា មនុស្ស​ស្រី​ដែល​នៅ​លីវ​យូរ​ គឺ​ដោយ​សារ​តែ​នាង​ មាន​ចំណេះ​ដឹង​ខ្ពស់​ខ្លាំង​និង​មាន​​សមត្ថភាព​អាច​ធ្វើ​កិច្ចការ​បាន​​ច្រើន​យ៉ាង​។ ពិត​ណាស់ ថ្វី​ត្បិត​តែ​​បុរស​ស្រលាញ់​នារី​​វៃ​ឆ្លាត​មាន​អត្តចរិត​​ល្អ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គាត់​ត្រូវ​ការ​មនុស្ស​ស្រី​ដែល​ចេះ​បន្ទាប់​ខ្លួន​ខ្លះ អាច​ស្តាប់​ពី​ហេតុ​ផល មិន​ចចេស​មានៈ​ចង់​ឈ្នះ​តែ​ម្នាក់​ឯង និង​មិន​តាំង​ខ្លួន​ជា​ចៅហ្វាយ​នាយ​ចង់​បង្គាប់​បញ្ជា​ឲ្យ​គេ​ធ្វើ​តាម​គ្រប់​រឿង។

៥. មនុស្ស​ស្រី​ដែល​ស្អាត​បែប​ធម្មជាតិ

រូបតំណាង

មាន​មនុស្ស​​មិន​តិច​ទេ​ ដែល​ចោត​សួរ​ពី​អត្ថន័យ​នៃ​សម្រស់​ធម្មជាតិ​។ អ្នក​ខ្លះ​ឆ្ងល់​ថា ចុះ​ស្រី​ៗ​ដែល​ទៅ​វះ​កាត់​កែ​សម្ផស្ស អាច​ហៅ​ថា​ស្អាត​បែប​​ធម្មជាតិ​​បាន​ទៀត​ដែរ​ឬ​ទេ?

ភាព​ស្អាត​ពី​ធម្មជាតិ​មិន​មែន​សម្តៅ​លើ​រូប​សម្បត្តិ​ខាង​ក្រៅ​តែ​មួយ​មុខ​ឡើយ វា​ក៏​ស្ថិត​នៅ​លើ​ចិត្ត​គំនិត​ជា​ធំ​ផង​ដែរ។ អ្នក​គួរ​តែ​ស្រលាញ់​ពេញ​ចិត្ត​នូវ​អ្វី​ ដែល​មាន​ស្រាប់​ពី​កំណើត ហើយ​បើ​គិត​ថា​ការ​កែ​កុន អាច​បន្ថែម​ទំនុក​ចិត្ត​សម្រាប់​ខ្លួន​ឯង ​អាច​ពិចារណា​ធ្វើ​ការ​សម្រេច​ចិត្ត​បាន ប៉ុន្តែ​មិន​គួរ​ធ្វើ​ហួស​ព្រំ​ដែន​ រហូត​បាត់​បង់​ភាព​ជា​ធម្មជាតិ​ឡើយ។

៦. មនុស្ស​ស្រី​ដែល​ចូល​ចង្រ្កាន​ចេះ​ចម្អិន​ម្ហូប

ស្តាប់​ទៅ​ហាក់​បី​ដូច​ជា​គំនិត​បែប​បុរាណ ព្រោះ​មនុស្ស​ស្រី​សម័យ​ទំនើប តែង​មមាញឹក​នឹង​ការងារ​មិន​សូវ​មាន​ពេល​ចូល​ចង្ក្រាន និង​មិន​សូវ​ខុស​ពី​ខាង​បុរស​ប៉ុន្មាន​ទេ​។ ទោះ​ជា​បែប​​នេះ​​ក្តី ប្រសិន​បើ​អ្នក​ចេះ​ទាំង​ការងារ​ក្រៅ​ផ្ទះ និង​វិជ្ជា​មេផ្ទះ​បន្ថែម​​ទៀត ពិត​ជា​អស្ចារ្យ​​មិន​ងាយ​រក​បាន​។

៧. មនុស្ស​ស្រី​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​លើ​​កិច្ចការ​តូច​ធំ​ទាំង​ឡាយ

ជា​ទូទៅ​ មនុស្ស​ប្រុស​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​រឿង​តូច​តាច​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​​មនុស្ស​ស្រី​ដែល​គាត់​ស្រលាញ់​មាន​​ចំណុច​មួយ​នេះ ដូច​ជា​នាង​​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​តូច​ធំ​នានា ចេះ​ជួយ​រំឭក​នូវ​អ្វី​ដែល​គាត់​ភ្លេច ស្រលាញ់​បារម្ភ​ពី​គាត់​គ្រប់​ពេល រួម​ទាំង​ផ្តល់​កម្លាំង​ចិត្ត ជា​ហេតុ​ធ្វើ​គាត់​ កាន់​តែ​លង់​ស្រលាញ់​ទ្វេ​​ដង​គ្មាន​ថ្ងៃ​ដក​ថយ៕

រូបតំណាង

ចុចអានបន្ត៖ មើល​ឲ្យ​ហើយ​មុន​រៀបការ​! ស្រី​ៗ​គួរ​​ជៀស​បុរស​​​​មាន​ចរិត ៧​ប្រភេទ​នេះ

ប្រភព៖ 108resources ប្រែ​សម្រួល៖ ដេត ឈុនអ៉ី