ពេញមួយជីវិតស្វាមីនឹងស្រលាញ់ប្រពន្ធមិនទៅណា ព្រោះភាពវៃឆ្លាត៣យ៉ាងនេះ

  • 2019-10-16 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អាថ៌កំបាំង​ចង​ចិត្ត​ប្ដី​គឺ​មិន​សំ​ដៅ​ថា ​អ្នក​​ពូ​កែ​ខាង​រឿង​លើ​គ្រែ​នោះ​ឡើយ ​ជា​ឧត្ដម​ភរិយា​ ​អ្នក​គួរ​មាន​ចំណុច​៣​យ៉ាង​ធំ​ៗ​នេះ​វិញ ​ទើប​ធ្វើ​ឲ្យ​ស្វាមី​គោរព​​និង​ស្រលាញ់​អ្នក​ពេញ​មួយ​ជីវិត​។ ​​​​

រូបតំណាង

**១. ​​​ចេះ​ល្បិច​តុប​តែង​ខ្លួន**

​​កុំ​រវល់​តែ​ទៅ​ផ្សារ​ទិញ​ម្ហូប ​មើល​កូន​និង​ការងារ​ផ្ទះ ​អ្នក​ត្រូវ​ចេះ​​បែង​ចែក​ពេល​វេលា​រៀប​ចំ​ខ្លួន​ដែរ។ ​កុំ​ភ្លេច​យក​ពេល​ថែ​ទាំ​ស្បែក ​សម្រាក ​និង​​ដើរ​ផ្សារ​ទិញ​ខោអាវ​ស្អាតៗ​​។ ប្រពន្ធ​ឆ្លាត​វៃ​មិន​ស្ទាក់​ស្ទើរ​នឹង​និយាយ​ជាមួយ​ប្តី ​ឲ្យ​គាត់​ជួយ​ការងារ​ផ្ទះ​ខ្លះ​នោះ​ទេ។ ​​

គ្រាន់​តែ​បែប​នេះ ​មិន​មែន​មាន​ន័យ​ថា​អ្នក​​មើល​ងាយ ​ហើយ​ខ្ជិល​ច្រអូស​ចង់​ឲ្យ​ប្តី​មក​ធ្វើការ​មនុស្ស​ស្រី​ទេ។ ​​អ្នក​ត្រូវ​ចាំ​ថា ​ការងារ​ផ្ទះ​មិន​មែន​ជា​ការងារ​ផ្តាច់​មុខ​របស់​​ប្រពន្ធ​ឡើយ ​ប្តី​ក៏​គួរ​ជួយ​ខ្លះ​​ដែរ។ ​សូម​យក​ពេលវេលា​របស់​អ្នក ​ហើយ​ឆ្លៀត​តុប​តែង​ខ្លួន​ឲ្យ​ស្អាត​ស្រស់​​ឲ្យ​មើល​ទៅ​តែ​ក្មេង។ ​បែប​នេះ ​ប្តី​របស់​អ្នក​នឹង​ស្រលាញ់​អ្នក​កាន់​តែ​ខ្លាំង ហើយ​លាន់​មាត់​សរសើរ​អ្នក​គ្រប់​ពេល ​ព្រោះ​អ្នក​បាន​ផ្តល់​កិត្តិយស​ឲ្យ​គាត់​ក្លាយ​ជា​ស្វាមី​របស់​នារិ​ស្រស់​ស្អាត​ម្នាក់ ​ធ្វើ​ឲ្យ​​គាត់​មិន​ចង់​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ឡើយ។

រូបតំណាង

២. ​ពូ​កែ​ស្ដាប់

ប្រពន្ធ​ឆ្លាត​​នឹង​មិន​​សម្ដែង​ការ​ខក​ចិត្ត ភាព​មិន​ស្រួល​នៅ​ក្នុង​ចិត្ត​របស់​នាង​ចំពោះ​ប្តី​​នោះ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​ ​នាង​តែង​បង្ហាញ​​ឆន្ទៈ​ និង​ជា​ទី​​សុវត្ថិភាព​សម្រាប់​ស្វាមី​ចែក​រំ​លែក​អ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត។ ​អ្នក​ត្រូវ​​​ដឹង​ពី​របៀប​ចាប់​ផ្ដើម​​រឿង​រ៉ាវ ​ពេល​ជជែក​គ្នា​ដើម្បី​ឲ្យ​ស្វាមី​ចង់​និយាយ​ជាមួយ​អ្នក​ដូច​គ្នា​​ មិន​ថា​រឿង​កំប្លែង ​ទុក្ខ​សោក ​ការ​លំបាក ឬ​បញ្ហា​កន្លង​មក​នោះ​ឡើយ។

​​គ្មាន​ការ​ជះ​កំហឹង ​គ្មាន​ការ​កាត់​ក្ដី​ពេល​ប្ដី​របស់​អ្នក​សាង​កំ​ហុស។ ​ផ្ទុយ​មក​វិញ ​អ្នក​គូរ​លើក​ទឹក​ចិត្ត​ដោយ​ការ​ឱប​យ៉ាង​កក់​ក្ដៅ​ដល់​ស្វាមី​អ្នក ថើប​សក់​​គាត់​​ជា​ដើម។ ​សកម្មភាព​នេះ ​ជា​ការ​បង្ហាញ​ភាព​យល់​ចិត្ត​ដែល​ភរិយា​ឆ្លាត​វៃ​ហ៊ាន​ធ្វើ ​​។ ​​ភាព​ម៉ត់​ចត់​ខាង​ផ្នែក​កម្លាំង​ចិត្ត​​របស់​អ្នក ​ជា​​ការ​គ្រប់​គ្រាន់​ដើម្បី​ចង​ចិត្ត​ប្ដី​​ពេញ​មួយ​ជីវិត ​។

រូបតំណាង

៣. មិន​រញ៉េរញ៉ៃ​ច្រើន

​​មនុស្ស​ស្រី​មាន​ប្រាជ្ញា ​ចេះ​ដឹង​ថា​គ្មាន​ប្តី​​ណា​ចូល​ចិត្ត​ប្រពន្ធ​តែង​ស្រែក​ឡូ​ឡា​ដាក់​មុខ​គាត់ ​ឬ​ផ្ចាញ់ផ្ចាល​ប្ដី​នោះ​ឡើយ។ ​បើ​ទោះ​ដូច​គេ​ថា ​ចាន​ក្នុង​រាវ​​ចៀស​មិន​ផុត​ពី​ប៉ះ​ទង្គិច​គ្នា ​​តែ​អ្នក​ត្រូវ​ធ្វើ​ជា​ភរិយា​មិន​នាំ​ទុក្ខ​ដល់​ប្ដី​។ ​​ជំនួស​ឲ្យ​ការ​ជេរ​បញ្ចោរ​គ្នា​ស្ទើរ​បែក​បំពង់​ក ​ភរិយា​គ្រប់​លក្ខណ៍​នឹង​ប្រើ​​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ឲ្យ​គ្រួសារ​មាន​ក្ដី​សុខ ​។ ​នាង​សុខ​ចិត្ត​រង់​ចាំ​ឲ្យ​ភាគី​ម្ខាង​ៗ​​ត្រជាក់​ចិត្ត ​ហើយ​​​បើក​ចិត្ត​និយាយ​ជាមួយ​គ្នា​ដើម្បី​ពិភាក្សា​កំហុស​​ទាំង​នោះ​។

​នៅ​ពេល​នោះ ​មិន​ថា​រឿង​ពិបាក​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​យ៉ាង​ណា ​ភាព​មានៈ​រឹង​រូស​របស់​ស្វាមី​ក៏​នឹង​ត្រូវ​បាន​ប្រពន្ធ​បង្ក្រាប ​ហើយ​គាត់​​ព្រម​និយាយ​ពាក្យ​ "​សុំ​ទោស​" ​ពេល​គាត់​ធ្វើ​ខុស​យ៉ាង​ពិត​ប្រាកដ៕

ចុចអាន៖ ​​ ១ សំណួរ​នៅ​ម៉ោង ៣ ព្រឹក អ្នក​នឹងដឹង​ថា​អ្នក​បាន​ប្តី​ខុស ឬ​ត្រូវ

ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម