បើគេលែងស្រលាញ់អ្នកទៀតហើយ ឲ្យគេទៅៗ
- 2019-09-17 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើគេលែងស្រលាញ់អ្នកទៀតហើយ ឲ្យគេទៅៗ
នៅពេលស្នេហាឈានដល់ផ្លូវបញ្ចប់ មនុស្សស្រីណាក៏ឈឺដែរ ប៉ុន្តែអ្នកត្រូវតែមានគោលជំហររឹងមាំយកខ្លួនឯងចេញពីរណ្ដៅទឹកភ្នែកឲ្យបានលឿន។ កុំព្យាយាមយកអតីតសង្សារត្រលប់មកវិញ ព្រោះគ្រាន់តែបែកគ្នា មិនមែនមានន័យថាដល់ទីអវសានរបស់ពិភពលោកឡើយ។
កុំបោះបង់ខ្លួនឯងចោលដើម្បីឲ្យគេមកស្រលាញ់អ្នកវិញ សូមកុំធ្វើរឿងនេះឲ្យសោះ។ ខ្ញុំដឹងថា ផ្លូវមួយដែលសុខៗកំពុងដើរដោយមនុស្សពីរនាក់ តែបែរជាត្រូវលាគ្នាដើរផ្លូវរៀងខ្លួន ធ្វើឲ្យអ្នកទុក្ខសោក អួរអាប់ ចង់យំជាទីបំផុត។ ដោយសារដឹងថា អ្នកមិនមែនជាមនុស្សស្រីដែលបុរសម្នាក់នោះកំពុងស្វែងរកនោះទេ។
យ៉ាងណាពេលខ្លះ យើងត្រូវរៀនបំភ្លេចចោលស្នេហាដែលដឹងថាដល់ផ្លូវបំបែកហើយ។ ទោះប្រឹងទៀតក៏គ្មានប្រយោជន៍ដែរ អ្នកមិនខុសពីកំពុងជាន់ឈ្លីកិត្តិយសខ្លួនឯងទេ បើនៅតែប្រឹងអង្វរគេឲ្យមកវិញ។ ម្ល៉ោះហើយកុំឲ្យបេះដូងនេះអូសទាញអ្នកម្ដងហើយម្ដងទៀត ត្រូវចេះប្រាប់ខ្លួនឯងនូវរឿង៣យ៉ាងនេះ។ មួយគឺ កុំបន្ទាបតម្លៃខ្លួនឯង ពីរគឺត្រូវតែក្លាហានហ៊ានដើរចេញ បីគឺលុបចោលឲ្យអស់នូវអនុស្សាវរីយ៍ទាំងប៉ុន្មាន។
នៅពេលអ្នកកំពុងស្រលាញ់គេខ្លាំងហើយបែរជាគេចង់ដកអ្នកចេញ នោះមិនបាច់ចោទសំនួរទៅគេទេ។ ត្រូវស្រលាញ់និងគោរពខ្លួនឯងជាមុន យកចិត្តទុកដាក់លើខ្សែជីវិតខ្លួនឯងប្រសើរជាង។ អាចសម្លឹងទៅមុខបាន ហាមដាច់ខាតងាកមើលសង្សារអតីតកាលដែលធ្វើឲ្យអ្នកស្ដាយក្រោយ។ នៅពេលនរណាម្នាក់និយាយថា គេគ្មានក្ដីស្រលាញ់ចំពោះអ្នក នោះជាអារម្មណ៍របស់គេ។ អ្នកគ្រាន់តែបើកទ្វារបេះដូងខុស ឥលូវអ្នកត្រូវចាក់សោហើយបើកទ្វារសម្រាប់អ្នកផ្សេងដែលសក្កិសមនឹងទទួលក្ដីស្រលាញ់របស់អ្នកវិញ ល្អជាង។
ត្រូវចាំណា អ្នកត្រូវផ្ដល់តម្លៃនិងការស្រលាញ់ចំពោះខ្លួនឯងឲ្យច្រើនបំផុត។ ធ្វើឲ្យគមើលឃើញថា ការបោះបង់អ្នកចោល គឺជាកំហុសរបស់គេ។ គេមិនត្រូវការអ្នក អ៊ីចឹងអ្នកក៏មិនត្រូវការគេដូចគ្នា ចាត់ទុកថាគ្រប់យ៉ាងជាសុបិនអាក្រក់ដែលឈឺចាប់ត្រឹមរយៈ ពេលខ្លីបានហើយ។ គិត ពីខ្លួនឯងឲ្យច្រើនៗ យូរទៅអ្នកពិតជាអាចបំភ្លេចគេបាន ត្រូវតែរឹងមាំ ឲ្យតម្លៃ នៅជំហានបន្ទាប់អ្នកនឹងលែងឈឺចាប់ទៀត៕
ចុចអាន៖ ហេតុអ្វីពេលស្រលាញ់គ្នា មនុស្សចាំបាច់ត្រូវការភាពស្ងៀមស្ងាត់?