លើលោកនេះ មានមនុស្សពីរនាក់ដែលតែងស្រលាញ់អ្នកជារៀងរហូត

  • 2019-09-13 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មុន​ពេល​អ្នក​អាន​អត្ថបទ​នេះ​​ដល់​ចប់ ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ​ក្នុង​លោក​នេះ​មាន​តែ​ឪពុកម្ដាយ​ប៉ុណ្ណោះ​ដែល​ស្រលាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ។

ម៉ោង​ប្រហែល​ជិត​១១​យប់ ​ព្រិល​កំពុង​ធ្លាក់​នៅ​ខាង​ក្រៅ​យ៉ាង​ត្រជាក់ ខ្ញុំ​រងា​ពេក​ក៏​រក​ភួយ​មក​ដណ្ដប់ រួច​ក៏​រក​នាឡិកា​ដើម្បី​ដាក់​ម៉ោង​រោទ៍​នៅ​ថ្ងៃ​ស្អែក។ ​តែ​ចៃ​ដន្យ ​នាឡិកា​នោះ​បាន​ខូច​ទៅ​ហើយ ។

ខ្ញុំ​ខ្លាច​ស្អែក​ងើប​មិន​ទាន់ ក៏​ស្រែក​ប្រាប់​ម៉ាក់​ថា​៖ ​"ម៉ាក់​! ម៉ោង​រោទ៍​ខ្ញុំ​ខូច​បាត់​ហើយ ។ ​ស្អែក​ ក្រុម​ហ៊ុន​ខ្ញុំ​មាន​ប្រជុំ ​ម៉ាក់​កុំ​ភ្លេច​ដាស់​​ខ្ញុំ​ពេល​ម៉ោង​ជិត​៦​ផង"។ ម្ដាយ​ខ្ញុំ​ក៏​ឆ្លើយ​ថា ៖ "ស្អែក ចាំ​ម៉ាក់​ដាស់​កូន"។

ព្រឹក​ស្អែក​ឡើង ខ្ញុំ​លឺ​សំឡេង​ក្បែរ​ត្រចៀក​ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​គេង​យល់​សប្ដិ​ផង ដោយ​និយាយ​ថា ៖ "​ភ្ញាក់​ឡើង​កូន! ​ប្រយ័ត្ន​ទៅ​ប្រជុំ​មិន​ទាន់​"។ ភ្លាម​នោះ ខ្ញុំ​បើក​ភ្នែក​ហើយ​ក្រឡេក​មើល​​នាឡិកា​​ព្យួរ​លើ​ជញ្ជាំង ទើប​តែ​ ៥​ ;​៤០ ​នាទី។ ខ្ញុំ​ស្រែក​ទៅ​ម៉ាក់​ទាំង​អារម្មណ៍​មិន​ល្អ​ថា៖​ "ក្រែង​ម្សិល​មិញ ខ្ញុំ​ប្រាប់​ឲ្យ​ម៉ាក់​ដាស់​ខ្ញុំ​នៅ​ម៉ោង៦​ហី? ចុះ​ឥលូវ​មាន​ទាន់​ម៉ោង​៦​ឯណា។ ខ្ញុំ​ធុញ ​ខ្ញុំ​ចង់​គេង​តិច​ទៀត"។ លឺ​សំដី​ខ្ញុំ​បែប​នេះ​ហើយ ពេល​នោះ​ម៉ាក់​ គាត់​ស្ងាត់​ស្ងៀម​មិន​និយាយ​អ្វី​ទេ ហើយ​ក៏​ដើរ​សំដៅ​ទៅ​ចង្ក្រាន​បាយ​បាត់។

ដល់​ម៉ោង​ងើប ខ្ញុំ​ក៏​លុប​លាង​មុខ​ហើយ​ចង​សក់​ ចេញ​ពី​ផ្ទះ​។ ​អាកាស​ធាតុ​នៅ​ខាង​ក្រៅ​ពិត​ជា​ត្រជាក់​ណាស់ កន្លែង​ណា​ក៏​មាន​ព្រិល​ធ្លាក់​ដែរ។ បើ​សម្លឹង​មើល​មេឃ​វិញ ​មាន​តែ​មួយ​ពណ៌​ប៉ុណ្ណោះ ​គឺ​ស​ក្បុស​រក​មើល​អ្វី​មិន​ឃើញ​។ ខ្ញុំ​ឈរ​ចាំ​ឡាន​ក្រុង​ទម្រាំ​មក​ដល់ ​ឡើង​ស្ទើរ​​ក្លាយ​ជា​មនុស្ស​ទឹក​កក​ទៅ​ហើយ​។ ​ខ្ញុំ​ក្រឡេក​មើល​ឆ្វេង​​មើល​ស្ដាំ ​មាន​​​អ្នក​ដំណើរ​​តែ​បី​នាក់​ប៉ុណ្ណោះ។ ខ្ញុំ​​​ឃើញ​មនុស្ស​ចាស់​ពីរ​នាក់​ប្តី​ប្រពន្ធ​មួយ​គូ ឈរ​ក្បែរ​ខ្ញុំ​ដែរ ហើយ​​និយាយ​ថា ៖ "​តា​វា​អើយ​!​ យប់​មិញ​អត់​បាន​គេង​ពេញ​មួយ​យប់ ប្រញាប់​មក​ចាំ​ទី​នេះ ខ្លាច​មិន​ទាន់ ឥលូវ​ខ្ញុំ​មិន​សូវ​ស្រួល​ខ្លួន​​ទេ​"។

​ប្រហែល​ជា​៥​នាទី​ក្រោយ​មក ឡាន​ក្រុង​ក៏​មក​ដល់ ខ្ញុំ​ប្រញាប់​ចូល​ឡាន​យ៉ាង​លឿន។ ​តៃ​កុង​ឡាន​ក្រុង​ជា​បុរស​វ័យ​ក្មេង​ម្នាក់ ពេល​ឃើញ​ខ្ញុំ​ឡើង​ឡាន​ហើយ គេ​ក៏​បើក​ឡាន​ចេញ​ពី​ចំណត​។ ខ្ញុំ​ឃើញ​បែប​នេះ ​ក៏​ស្រែក​ប្រាប់​ថា៖ "​អេ​បង! នៅ​សល់​លោក​តា​លោក​យាយ​ពី​នាក់​ទៀត គាត់​មិន​ទាន់​ឡើង​ឡាន​ទេ។ ​នៅ​ខាង​ក្រៅ​ត្រជាក់​ណាស់ ពួក​គាត់​ឈរ​ចាំ​យូរ​​ហើយ ម៉េច​បង​​បើក​ឡាន​ចេញ​ អត់​មាន​ចាំ​ពួក​គាត់​អ៊ី​ចឹង?”។

បុរស​តៃ​កុង​ឡាន​នោះ​ក៏​ងាក​​មក ហើយ​ញញឹម​ដាក់​ខ្ញុំ​៖ "​អូ! នោះ​គឺ​ប៉ា​ម៉ាក់​ខ្ញុំ​តើ​! ថ្ងៃ​នេះ ជា​ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​ដំបូង ដូច្នេះ​ពួក​គាត់​មក​ឈរ​ចាំ​មើល​ខ្ញុំ​ហ្នឹង​ណា!”។ គ្រាន់​តែ​លឺ​សំដី​នេះ​ចប់ ខ្ញុំ​មិន​ដឹង​កើត​អី ស្រាប់​តែ​រលីង​រលោង​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ ខ្ញុំ​ក៏​ទាញ​ទូរសព័្ទ​មក​មើល​សារ​ដែល​ឃើញ​លោត​តាំង​ពី​ព្រលឹម ​តែ​​មិន​បាន​បើក​មើល។ ​នោះ​គឺ​សារ​របស់​​ប៉ា​ខ្ញុំ គាត់​សរសេរ​ថា​៖ "​កូន​ស្រី​ប៉ា! ថ្ងៃ​នេះ​​ម៉ាក់​កូន​គេង​មិន​លក់​ពេញ​មួយ​យប់ ម៉ាក់​កូន​ខំ​ងើប​តាំង​ពី​ព្រលឹម​ បារម្ភ​ខ្លាច​កូន​ទៅ​ធ្វើ​ការ​យឺត​"។ភ្លាម​នោះ ​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ មាន​តែ​យំ​មិន​ឈប់ លែង​ខ្មាស​អ្នក​ដំណើរ​​ទាំង​អស់​នៅ​លើ​ឡាន​ក្រុង។

គេ​តែង​និយាយ​ថា នៅ​ពេល​​ឪពុក​ម្ដាយ​ឲ្យ​អ្វី​មួយ​ទៅ​កូន​ៗ លោក​តែង​តែ​ញញឹម ប៉ុន្តែ​ពេល​កូន​ៗ​ឲ្យ​អ្វី​មួយ​ទៅ​លោក​ទាំង​ពីរ​វិញ លោក​តែង​តែ​ស្រក់​ទឹក​ភ្នែក​។ ​នោះ​គឺ​ទឹក​ភ្នែក​នៃ​ក្ដី​រំភើប ​ដូច្នេះ​សូម​ថែ​ទាំ​ឪពុក​ម្ដាយ​អ្នក​មុន​ពេល​លោក​ទាំង​ពីរ​ចាក​ចេញ​ទៅ​នៅ​ថ្ងៃ​ណា​មួយ។ កុំ​បណ្ដោយ​ឲ្យ​អ្នក​មាន​គុណ ​នៅ​សម្លឹង​អ្នក​ដោយ​ក្តី​បារម្ភ​ទៀត។

​​កុំ​ចាំ ​ទាល់​តែ​ម្ដាយ​ឪពុក​​អ្នក​​មិន​អាច​ហូប​អាហារ​ជាមួយ​អ្នក​បាន ​កុំ​ចាំ ​ទាល់​តែ​លោក​ទាំង​ពីរ​មិន​អាច​ក្រោក​មក​ដាស់​អ្នក​រាល់​ថ្ងៃ​​បាន។ ​ឪពុក​ម្ដាយ​របស់​អ្នក​កាន់​តែ​ចាស់​ហើយ មិន​អាច​រស់​នៅ​ដល់​ជីវិត​អមតៈ​ឡើយ។ កុំ​ទាល់​តែ​គ្រប់​យ៉ាង​ហួស​ពេល​អស់​ហើយ ​ទើប​អ្នក​មក​និយាយ​ថា ​ខ្ញុំ​សង្ឃឹម​ថា ​ខ្ញុំ​អាច​ត្រលប់​ទៅ​រក​ពេល​វេលា​​មួយ មាន​ពេល​​ហូប​អាហារ​ជុំ​គ្នា​ ​មើល​រឿង​ជាមួយ​អ្នក​ផ្ទះ ​ហើយ​ចំណាយ​ពេល​ជជែក​លេង​ជាមួយ​គ្រួសារ​យ៉ាង​រីក​រាយ។

ស្រលាញ់​​ឪពុក​ម្ដាយ​ឲ្យ​ច្រើន​ៗ ​ចំណាយ​ពេល​វេលា​ជាមួយ​គ្រួសារ​ឲ្យ​បាន​ច្រើន និង​ព្យាយាម​បំពេញ​បំណង​ប្រាថ្នា​របស់​ឪពុក​ម្ដាយ​អ្នក។ ​កុំ​ឲ្យ​គ្រប់​យ៉ាង​ហួស​ពេល​ទៅ​បាត់​ ​ពេល​នោះ​អ្នក​​នឹក​ឃើញ​ចង់​ធ្វើ​​អ្វី​ទៀត ​ក៏​លែង​សំខាន់​ទៀត​ដែរ៕

ចុចអាន៖ ​ សំណេរជូនម៉ាក់ ពេលអានហើយ ម៉ាក់កុំយំណា!

​​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម