តាមពិត ទុកម៉ាសក្នុងទូទឹកកកមុនប្រើ មិនល្អដល់ស្បែកមុខទេ
- 2019-09-09 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត ទុកម៉ាសក្នុងទូទឹកកកមុនប្រើ មិនល្អដល់ស្បែកមុខទេ
ម៉ាសបិទមុខ ក្លាយជាពេញនិយមសម្រាប់នារីគ្រប់រូប ព្រោះអាចផ្ដល់សំណើមដល់ស្បែកយ៉ាងប្រសើរ។ ប៉ុន្តែបើអ្នកអនុវត្តខុស នោះប្រសិទ្ធភាពនឹងថយចុះ ហើយប៉ះពាល់ដល់ស្បែកមុខថែមទៀត។ ថ្ងៃនេះ កញ្ញា សូមបង្ហាញកំហុស៣យ៉ាងធ្ងន់ធ្ងរដែលនារីជាច្រើនតែងធ្វើ នៅពេលបិទម៉ាស។
១. ទុកម៉ាសក្នុងទូទឹកកក
ជឿជាក់ថា នារីមិនតិចអ្នកទេតែងទុកម៉ាសក្នុងទូទឹកកកមុនយកទៅបិទលើមុខ។ ប៉ុន្តែតាមអ្នកជំនាញអះអាងថា នេះជាវិធីខុសទាំងស្រុង។ អ្នកគួររក្សាម៉ាសនៅកន្លែងមានសីតុណ្ហភាពធម្មតា ព្រោះបើអ្នកទុកម៉ាសនៅកន្លែងត្រជាក់បែបនេះ ពេលយកមកបិទមុខ នឹងធ្វើឲ្យរន្ធញើសបិទ។ ដូច្នេះគុណប្រយោជន៍ពីម៉ាសច្រើនសន្ធឹកសន្ធាប់យ៉ាងណា ក៏មិនអាចជ្រាបចូលស្បែកមុខអ្នកបានដែរ។
២. បិទម៉ាសម្ដងរាប់ម៉ោង
ឃើញម៉ាសផ្ដល់សំណើមខ្លាំងដល់ស្បែកមុខ ដូច្នេះនារីច្រើនយល់ថាបិទម៉ាសឲ្យបានយូរម៉ោងដើម្បីទទួលបានសំណើមច្រើនពីម៉ាស។ ប៉ុន្តែនេះក៏ជាយល់ខុសមួយ ដែលមិនមែនជារឿងតូចតាចទេ។ បិទម៉ាសយូរម៉ោងពេក អាចជះផលអាក្រក់ដល់ស្បែកយ៉ាងពិតប្រាកដ។ សន្លឹកម៉ាសនឹងប្រែជាស្ងួតហើយវានឹងទាញសំណើមពីស្បែកមុខរបស់អ្នកវិញ។ ម្ល៉ោះហើយ គួរបិទតាមការណែនាំនៅលើកញ្ចប់ម៉ាសនោះ។ អ្នកអាចដករបាំងម៉ាសចេញតាមពេលវេលាត្រឹមត្រូវដែលគេណែនាំ តែទឹកក្នុងកញ្ចប់ម៉ាសអាចយកមកលាបលើមុខបាន ដោយមិនបាច់លាងចេញក៏បាន។
៣. ទុកប្រើច្រើនដង
តាមពិត ម៉ាសមួយសន្លឹកអាចប្រើបានតែម្ដងប៉ុណ្ណោះ នៅពេលហែកកញ្ចប់រួចហើយ។ បើប្រើច្រើនដង គុណភាពម៉ាសក៏ថយចុះ ហើយបើអ្នករក្សានៅកន្លែងពុំមានផាសុកភាពទៀត ច្បាស់ណាស់បាក់តេរីនឹងរុំព័ទ្ធហើយពេលយកមកបិទលើមុខម្ដងទៀត នឹងប៉ះពាលស្បែកយ៉ាងដំណំ។
នៅពេលដឹងអាថ៌កំបាំងទាំង៣ខាងលើហើយ នារីទាំងអស់គួរបញ្ឈប់ទម្លាប់ទាំងនេះចោលបើមិនចង់ឲ្យស្បែកមុខ ខូចដោយមិនដឹងខ្លួន៕
ចុចអាន៖ រូបមន្តបំបាត់បបូរមាត់ខ្មៅបានយ៉ាងសក្ដិសិទ្ធិ អនុវត្តងាយៗបាននៅផ្ទះ