គួរឲ្យសរសើរ! កូនខ្មែរមានគំនិតផ្សព្វផ្សាយពីតម្លៃស្ត្រីតាមរយៈសិល្បៈ

  • 2019-08-22 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា នាក់ សុផល គឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកគំនូរក្រាហ្វិច នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយចូលរៀនថ្នាក់ថតរូបវគ្គខ្លីដែលរៀបចំឡើងដោយមជ្ឈមណ្ឌលភាសាបារាំង តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ។

Her Sounds NCA

កូនខ្មែរមកពីខេត្តតាកែវ បានរៀបរាប់ប្រាប់មកកាន់វេបសាយ **“កញ្ញា”** ថា “មូលហតុដែលខ្ញុំចាប់ផ្តើមធ្វើការងារសិល្បៈព្រោះវាជាវិធីតែមួយគត់ដែលមានភាពងាយសួ្រលក្នុងការចែករំលែកចំណះដឹង និងបញ្ជ្រាបនូវបញ្ហាដែលចង់លើកមកនិយាយ ពីសង្គមមួយទៅសង្គមមួយ ឬពីមនុស្សមួយទៅមនុស្សមួយក្រុមផ្សេងទៀត។”’ “សិល្បៈអាចធ្វើឲ្យមនុស្សចង់ទស្សនានិងស្វែងយល់ដោយមិនមានការធុញទ្រាន់។” សុផល បន្ត។

កញ្ញា នាក់ សុផល

ដោយសារតែមានការចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទស្តី្រ ហើយយល់ថាគំនាបវប្បធម៌តែងដាក់បន្ទុកចើ្រនទៅលើមនុស្សស្រីទើបបានជានាងស្វះស្វែងដើម្បីចូលរួមបង្កើតគម្រោងនិងកម្មវិធីផ្សេងៗ ទាក់ទងជាមួយស្រ្តីនិងការងារផ្ទះ ក្នុងឆ្នាំ២០១១-២០១២ ស្ត្រីជាកម្មករសំណង់ និងកម្មវិធីដែលផ្សារភ្ជាប់ពាក្យស្លោកខ្មែរ ដែលប្រៀបធៀបស្រ្តីទៅនឹងក្រណាត់ស បុរសទៅនឹងមាសទឹកដប់។ ចំណែកឯការងារចុងក្រោយ នាងបានសហការជាក្រុមជាមួយនិង Emily Howe ដែលជាជនជាតិអាមេរិក និង សាយ តុលា (ជាអ្នកសម្របសម្រួល) ដើម្បីធ្វើដំណើរជុំវិញប្រទេសកម្ពុជាធ្វើបទសម្ភាសន៍ជាមួយសិល្បការីនី១៨រូប ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ដល់ទៅ៣ជំនាន់ ក្នុងគោលបំណងដើម្បីស្វែងយល់ និងរៀនសូត្រតាមបន្ថែមទៀត។

កប វណ្ណហួច
រស់ ធារី
មៃ អូន

កម្មវិធីទាំងនោះសុទ្ធតែមានសារៈសំខាន់ អាចផ្តល់ផលប្រយោជន៍ ចូលរួមលើកតម្កើនតម្លៃស្រ្តី ការចែករំលែក និងការជួយសម្របសម្រួលចំពោះបញ្ហានានាដែលមនុស្សស្រីតែងប្រឈមដូចជា ការមានផ្ទៃពោះ វដ្តរដូវ រួមទាំងប្រពៃណីវប្បធម៌ជាដើម។

Emily Howe

គួរបញ្ជាក់ដែរថាកម្មវិធីដែលបានបង្កើតចុងក្រោយគេ មានឈ្មោះថា “សូរស្រ្តី” នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុង Mirage Contemporary Art Space ទីក្រុងសៀមរាប។ គម្រោងនេះដែរ មានគោលបំណងចង់បង្ហាញពីភាពអង់អាចរបស់ស្រ្តី ភាពខ្លាំងរបស់សិល្បការនីដែលបានតស៊ូយ៉ាងមុតមាំក្នុងអាជីពរបស់ពួកគេ ដោយមិនរារែកជាមួយឧបសគ្គ រួមទាំងមានការជជែកពិភាក្សាសួរសំណួរពីទស្សនិកជនដែលបានចូលរួមផងដែរ។

ជាចុងក្រោយ នារីដែលពោរពេញដោយគំនិតច្នៃប្រឌិត នាក់ សុផល ចង់ផ្តែផ្តាំដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នាឲ្យបានដឹងថា ទោះបីជាបុរសឬស្រ្តីគួរគោរពឲ្យតម្លៃគ្នាទៅវិញទៅមក រាល់ទង្វើដែលគ្រប់គ្នាព្យាយាមធ្វើសុទ្ធតែមានអត្ថន័យ មិនថាការងារសិល្បៈក្តី ផ្ទះបាយក្តី ឬការិយាល័យក៏ដោយ។ ជាពិសេសស្រ្តីគ្រប់រូបត្រូវហ៊ានពុះពារ មិនចុះចាញ់ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន៕

ចុចអានបន្ត៖ ​​១០​​យ៉ាង​​ បញ្ជាក់​​​ថា​អ្នក​​​ជា​​​មនុស្ស​​ស្រី​​​​​​​​​​​មាន​​​សមត្ថភាព​​​​​​​​​​និង​​​លេច​​ធ្លោ​​​​​​​ជាង​​​​​​​​​គេ

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម