កំហុស ១០ យ៉ាង ឪពុកម្តាយតែងធ្វើក្រោយលែងលះរួច ដែលអាចបំផ្លាញដល់ជីវិតកូនៗ

  • 2019-08-20 04:15:00
  • ចំនួនមតិ 10 | ចំនួនចែករំលែក 129

អាពាហ៍ពិពាហ៍​​បាន​ឈាន​ដល់​ទី​បញ្ចប់ ដើរ​ផ្លូវ​រៀង​ខ្លួន ​អស់​ជា​ច្រើន​គូ​រាប់​មិន​អស់​មក​ហើយ​ ពាស​ពេញ​ពិភពលោក។ ប្រទេស​ដែល​មាន​អត្រា​លែងលះ​ខ្ពស់​ជាង​គេ​បំផុត​គឺ​ប្រទេស​​ម៉ាល់ឌីវ។ នៅ​ពេល​លែង​លះ​ ក្តី​ស្រលាញ់ ក្តី​សង្ឃឹម​ក៏​ប្រែប្រួល បណ្តាល​ទៅ​ជា​ស្រ្តេស និង​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ទាំង​ប្តី​ប្រពន្ធ​និង​កូន​ៗ។ ក្នុង​ស្ថានភាព​បែប​នេះ កូន​ៗ​គឺ​ជា​មនុស្ស​ដែល​អាច​រង​គ្រោះ​ខ្លាំង​ជាង​គេ ដូច្នេះ​ហើយ​មាន​កំហុស​មួយ​ចំនួន​ ដែល​ឪពុក​ម្តាយ​គួរ​ជៀសវាង ដើម្បី​ការពារ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​របស់​ពួក​គេ​។

១. អ្នក​គិត​ថា​កូន​ធំ​ដឹង​ក្តី​ហើយ

កូន​ៗ​ប្រហែល​ជា​មិន​អាច​យល់​ច្បាស់​ ពី​ហេតុ​ផល​ដែល​អ្នក​លែង​លះ អារម្មណ៍ និង​ភាព​ឈឺ​ចាប់​របស់​អ្នក​ឡើយ។ ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ អ្នក​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព មិន​ព្រួយ​បារម្ភ​​​តក់ស្លុត និង​មាន​ជំនឿ​ចិត្ត​ថា​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​។ អ្ន​ក​ក៏​​មិន​ចាំបាច់​រៀប​រាប់​ពី​បញ្ហា​ទាំង​អស់​ប្រាប់​ដល់​កូន​ដែរ ព្រោះ​វានឹង​​កាន់​តែ​ឲ្យ​គេ​ស្មុគស្មាញ​មិន​ដឹង​ជួយ​អ្នក​តាម​របៀប​ណា។ បើ​ពិបាក​ចិត្ត​ខ្លាំង​ អ្នក​គួរ​ចែក​រំលែក​ទុក្ខ​សោក​ទាំង​ឡាយ​ជាមួយ​មិត្ត​ជិតស្និទ្ធ​ ក្រុម​គ្រួសារ ឬ​អ្នក​ជំនាញ​ល្អ​ជាង​។ កុំ​ដាក់​បន្ទុក​ដល់​​កួន​ឲ្យ​សោះ​។

២. អ្នក​បង្ខំ​ឲ្យ​កូន​ជ្រើស​រើស​​​

ដាច់ខាត​កុំ​ព្យាយាម​បង្ខំ​ឲ្យ​កូន រើស​ខាង​ម៉ាក់​ឬ​ខាង​ប៉ា​អី ហើយ​សួរ​គេ​ថា​ចង់​រស់​នៅ​ជាមួយ​អ្នក​ណា។ វា​ធ្វើ​ឲ្យ​កូន​តប់​ប្រមល់​មិន​ដឹង​សម្រេច​ចិត្ត​បែប​ណា​​ ព្រោះ​ក្មេង​គ្មាន​ចិត្ត​លម្អៀង និង​មិន​ចង់​ឲ្យ​ធ្វើ​ឲ្យ​ប៉ា​ឬ​ម៉ាក់​ឈឺ​ចាប់​ទេ។ បែប​នេះ​មិន​យុត្តិធម៌​ទេ​សម្រាប់​កូន។ គួរ​ទៅ​តុលាការ​ដើម្បី​កាត់​សេចក្តី​ឲ្យ​បាន​ត្រឹម​ត្រូវ និង​គោរព​ការ​សម្រេច​ចិត្ត​របស់​កូន​ដោយ​មិន​បង្ខិត​បង្ខំ។

៣. ព្យាយាម​ប្រកួត​ប្រជែង​គ្នា ដើម្បី​បាន​ក្តី​ស្រលាញ់​ពី​កូន

អ្នក​ចង់​ឲ្យ​កូន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​ដៃគូ​ម្ខាង​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កូន​យ៉ាង​ខ្លាំង។ ពេលខ្លះ​ អ្នក​អនុញ្ញាត​ឲ្យ​កូន​ធ្វើ​រឿង​អ្វី​មួយ ដែល​ដៃ​គូ​បាន​ហាម​ប្រាម​។ លទ្ធផល​ចុង​បញ្ចប់​ កូន​នឹង​ចាប់​ផ្តើម​ធ្វើ​អ្វី​តាម​ចិត្ត ដោយ​មិន​ខ្វល់​ពី​គំនិត​របស់​អ្នក​ទៀត​ទេ។ យូរ​ៗ​ទៅ​សម្តី​គ្រប់​ម៉ាត់​ចេញ​ពី​មាត់​ប៉ា​និង​ម៉ាក់ កូន​ៗ​ស្តាប់​លែង​ចូល​ត្រចៀក​​ហើយ​ក៏​គ្មាន​ប្រសិទ្ធភាព​ទៀត​ដែរ។ ថ្វី​ត្បិត​តែ​អ្នក​ទាំង​ពីរ​លែង​លះ​គ្នា​ហើយ​ក៏​ដោយ ត្រូវ​មាន​ការ​សម្រេច​ចិត្ត​ជា​រួម ដើម្បី​អប់​រំ​កូន​ឲ្យ​ដើរ​ផ្លូវ​ត្រូវ មិន​មែន​បន្សល់​តែ​​ស្លាក​ស្នាម​ឈឺ​ចាប់​ ដូច​គូ​ស្នេហ៍​ដទៃ​នោះ​ទេ។ វា​ជា​ទំនួល​ខុស​ត្រូវ​ ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ​ដើម្បី​កូន។

៤. កូន​មាន​អារម្មណ៍​ខូច​ចិត្ត

ពួក​គេ​អាច​បន្ទោស​ខ្លួន​ឯង ពេល​ប៉ា​ម៉ាក់​លែង​លះ​គ្នា។ កូន​បាន​ឆ្លង​កាត់ កា​ស្រ្តេស ហើយ​​ក្នុង​ខួរក្បាល​របស់​គេ ពិភពលោក​បាន​ប្រែប្រួល​ទាំង​ស្រុង។ ត្រង់​នេះ​សំខាន់​បំផុត ដែល​ត្រូវ​ពន្យល់​កូន​ថា វា​មិន​មែន​ជា​កំហុស​របស់​កូន​ទេ។ កុំ​ភ្លេច​ប្រាប់​ពួក​គេ​ផង ថា​អ្នក​ស្រលាញ់​គេ​ជា​និច្ច​។

៥. អ្នក​មាន​អារម្មណ៍​ខូច​ចិត្ត

បន្ទាប់​ពី​រ៉ាយរ៉ាប់​ប្រាប់​កូន​ហើយ កុំ​ភ្លេច​រំឭក​ប្រាប់​ខ្លួន​ឯង​ផង ព្រោះ​វា​ក៏​មិន​មែន​ជា​កំហុស​របស់​អ្នក​​ដូច​គ្នា។ រឿង​មួយ​ចំនួន​ក្នុង​ជីវិត ពេល​ខ្លះ​ទោះ​បី​ជា​ខំ​ទប់​ស្កាត់ នៅ​តែ​មិន​អាច​ទៅ​រួច​ដូច​អ្វី​ដែល​អ្នក​បាន​គិត។ បើ​​គិត​តែ​ស្តី​បន្ទោស​ឲ្យ​ខ្លួន​ឯង វា​នឹង​ប៉ះពាល់​ដល់​កូន ធ្វើ​ឲ្យ​គេ​មិន​គោរព​ជឿ​ជាក់​​លើ​អ្នក​ត​ទៅ​ទៀត ថែម​ទាំង​​ទម្លាក់​កំហុស​លើ​អ្នក ដែល​ធ្វើ​ឲ្យ​វាសនា​គេ​ក្លាយ​ជា​បែប​នេះ​។

៦. មាន​គំនិត​អវិជ្ជមាន​ទៅ​លើ​ដៃ​គូ

មិន​បន្ទោស​ខ្លួន​ឯង ហើយ​នឹង​ដៃ​គូ​ដូច​គ្នា សម្រាប់​គ្រប់​យ៉ាង​ដែល​បាន​កើតឡើង។ វា​មិន​មែន​ជា​រឿង​ចាំ​បាច់​ទេ ដែល​ត្រូវ​រៀប​រាប់​ពី​កំហុស​និង​ចំណុច​អាក្រក់​ពី​ដៃ​គូ ដើម្បី​ប្រាប់​ទោ​កូន។ កុំ​ភ្លេច​ថា ខណៈ​ពេល​នេះ កូន​កំពុង​បែង​ចែក​ខ្លួន​ ៥០%​ នៅ​ជាមួយ​អ្នក និង​៥០% ទៀត​នៅ​ជាមួយ​ប៉ា​របស់​គេ។ បើ​អ្នក​និយាយ​ពី​ចំណុច​អវិជ្ជមាន​ពី​ដៃគូ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​របស់​កូន​។

៧. ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​អាជ្ញា​កណ្តាល

​​ថ្វី​ត្បិត​តែ​អ្នក​មិន​ចង់​និយាយ​ស្តី​ទៅ​កាន់​ដៃ​គូ​ពិត​មែន ប៉ុន្តែ​កុំ​ប្រើ​ប្រាស់​កូន​ជា​ឧបករណ៍​នៅ​កណ្តាល ដើម្បី​សន្ទនា​គ្នា​។ ​វា​មិន​​មែន​ជា​តួនាទី​របស់​កូន​ ដែល​ត្រូវ​ធ្វើ​បែប​នេះ។ ទោះ​បី​​ជា​តិច​ឬ​ច្រើន​ក្តី គួរ​ព្យាយាម​និយាយ​ទៅ​កាន់​ដៃ​គូ​ដោយ​ខ្លួន​ឯង​ទៅ​។

៨. ឃាំង​ឃា​កូន​មិន​​ឲ្យ​ជួប​ភាគី​ម្ខាង​ទៀត

កុំ​កាត់​ផ្តាច់​​ទំនាក់ទំនង​និង​មនោសញ្ចេតនា​ជាមួយ​ភាគី​ម្ខាង​ទៀត។ កុំ​ហាម​កូន​មិន​ឲ្យ​ទៅ​ជួប ព្រោះ​ចង់​ធ្វើ​ឲ្យ​ដៃ​គូ​ឈឺ​ចាប់​ ឬ​មិន​​ហៅ​ឲ្យ​ចូល​រួម ក្នុង​កម្មវិធី​សំខាន់​ៗ​របស់​កូន​។ បែប​នេះ​កូន​នឹង​កាន់​តែ​ឈឺ​ចាប់​ខ្លាំង​ជាង​មុន។

៩. ចង់​ដឹង​​ព័ត៌មាន​គ្រប់​យ៉ាង​​ពី​កូន

បើ​អ្នក​អនុញ្ញាត​ឲ្យ​កូន​ទៅ​លេង​ខាង​ប៉ា​ហើយ​ ពេល​គេ​ត្រលប់​មក​ផ្ទះ​វិញ មិន​បាច់​ប្រឹង​​សួរ​ដេញ​ដោល​លម្អិត​គ្រប់​បែប​យ៉ាង​ទេ។ អ្នក​អាច​សួរ​សំណួរ​ធម្មតា​ៗ ដែល​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ល្អ និង​គ្មាន​ផល​ពិបាក បន្ទាប់​ពី​ត្រលប់​មក​វិញ​។

១០. គិត​ថា​កូន​មិន​យល់​ពី​ស្ថានភាព​ដែល​បាន​កើត​ឡើង​ទាល់​តែ​សោះ​

​ដោយ​សារ​​កូន​មាន​អាយុ​តិច ដូច្នេះ​ហើយ​គេ​មិន​អាច​យល់​ពី​បញ្ហា​គ្រប់​បែប​យ៉ាង​បាន​ឡើយ​ តែ​យ៉ាង​ណា​ ក៏​គេ​អាច​មើល​ឃើញ ស្តាប់​ឮ កត់​ចំណាំ​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ដែរ។ អ្វី​ដែល​ប៉ាម៉ាក់​ត្រូវ​ធ្វើ គឺ​មិន​គួរ​ឈ្លោះ​ប្រកែក បញ្ចេញ​កំហឹង​ខ្លាំង​ៗ​នៅ​មុខ​កូន​ឲ្យ​សោះ។​ ស្ថាន​ភាព​បែប​នេះ បើ​អ្នក​មិន​ចេះ​គ្រប់​គ្រង​អារម្មណ៍ ដោះ​ស្រាយ​ដោយ​សន្តិវិធី​ទេ កូន​​ៗ​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់៕

ចុចអានបន្ត៖ ៧​ចំណុច​​ បើ​នារី​​ហ៊ាន​ប្រាប់​​ត្រង់​​មិន​លាក់លៀម​ ប្រុសៗ​នឹង​​ស្រលាញ់​លើស​ដើម

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី