បកអាក្រាតការពិត ពីមនុស្សមិនសូវចេះមាត់ក និងមនុស្សពូកែសម្តី

  • 2019-08-19 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មតិ​ភាគ​ច្រើន​នៅ​ក្នុង​សង្គម បាន​កាត់​សេចក្តី​ដោយ​គ្មាន​ការ​វិនិច្ឆ័យ ​ទៅ​លើ​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ពុំ​សូវ​ចេះ​មាត់​ក​និង​មនុស្ស​​ដែល​ពូកែ​និយាយ​ស្តី​។ ​អ្នក​ខ្លះ​យល់​ថា មនុស្ស​ចូល​ចិត្ត​ភាព​ស្ងៀមស្ងាត់ មិន​សូវ​មាន​ទំនាក់​ទំនង​ល្អ​ក្នុង​សង្គម និង​​រស់​នៅ​ជា​មួយ​ភាព​ឯកា។ រី​ឯ​គំនិត​មួយ​ទៀត​គិត​ថា មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​លេង​ច្រើន តែង​​ស្រលាញ់​ពេញ​ចិត្ត​គ្រប់​យ៉ាង និង​សប្បាយ​​រីករាយ​គ្រប់​ពេល។ តាម​ការ​ពិត ពេល​ខ្លះ​វា​ជា​ការ​ភាន់​ច្រឡំ​ដ៏​ធំ​មួយ។

មាន​តែ​ ៤ ចំណុច​ខាង​ក្រោម​នេះ​ប៉ុណ្ណោះ ទើប​អាច​បក​ស្រាយ​​ពី​ការ​ពិត ដោយ​មិន​ផ្អែក​លើ​មតិ​ដែល​​ចេះតែ​យល់​ឃើញ​និង​និយាយ​តៗ​គ្នា​ពី​មុន​មក។​

ចំណុច​ទី​១៖

មតិ​យល់​ឃើញ​តៗ​គ្នា៖ ភាគ​ច្រើន​គេ​យល់​ថា មនុស្ស​មិន​សូវ​ចេះ​និយាយ​ស្តី តែង​ប្រើ​ជីវិត​រស់​នៅ​ អារម្មណ៍ និង​ការ​គិត​ បែប​​ឯកជន មិន​ចូល​ចិត្ត​បង្ហាញ​ឲ្យ​នរណា​ដឹង​។ ចំណែក​ឯ អ្នក​ពូកែ​សម្តី តែង​ប្រើ​ជីវិត​ ដោយ​ពឹង​ផ្អែក​លើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ជា​ធំ។​​​

ការ​ពិត​ជាក់​ស្តែង៖ មនុស្ស​ពីរ​ប្រភេទ​នេះ សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម​ខុសៗ​គ្នា និង​ចេះ​ប្រើ​ប្រាស់​ការ​ប្រា​ស្រ័យ​ទាក់​ទង​ឲ្យ​​មាន​ប្រសិទ្ធភាព​ ទៅ​តាម​កាលៈទេសៈ​រៀង​ៗ​ខ្លួន​។ ពួក​គេ​សុទ្ធ​តែ​ចង់​ចំណាយ​ពេលវេលា នៅ​ជាមួយ​មិត្ត​ភ័ក្ត​ឬ​ក្រុម​គ្រួសារ​ឲ្យ​សប្បាយ​រីករាយ ចេះ​ផ្តល់​ភាព​កក់ក្តៅ ក្តី​ស្រលាញ់ ចេះ​ខឹង ចេះ​ឈ្លោះ​ប្រកែក និង​មាន​គំនិត​ស្រដៀង​គ្នា​ មិន​មែន​ខុស​គ្នា​ទាំង​ស្រុង​ដូច​អ្វី​ដែល​អ្នក​បាន​គិត​ឡើយ។

ចំណុច​ទី​២៖​ ​​ មតិ​យល់​ឃើញ​តៗ​គ្នា៖ មនុស្ស​ពូកែ​សម្តី អាច​ធ្វើជាអ្នកដឹក​នាំ​បាន​ល្អ​ជាង​មនុស្ស​មិន​សូវ​មាត់ក។

ការ​ពិត​ជាក់​ស្តែង៖ នរណា​ក៏​អាច​ក្លាយ​ជា​អ្នក​ដឹក​នាំ​ល្អ​បាន​ដែរ​។ វា​មិន​មែន​អាស្រ័យ​លើ​អត្តចរិត​ពី​ធម្មជាតិ​តែ​មួយ​មុខ​ ប៉ុន្តែ​​សំខាន់​​លើ​បទពិសោធន៍ សមត្ថភាព​ ទំនួល​ខុស​ត្រូវ...​។ ពួក​គេ​មាន​ចំណុច​ពិសេស និង​ឱកាស​ជោគជ័យ មិន​ខុស​ពី​គ្នា​នោះ​​ទេ​។

ចំណុច​ទី​៣៖

​​មតិ​យល់​ឃើញ​តៗ​គ្នា៖ មនុស្ស​ពូ​កែ​សម្តី អាច​ឡើង​និយាយ​ថ្លែង​សន្ទរកថា​ជា​សាធារណៈ​បាន​ល្អ។

ការ​ពិត​ជាក់​ស្តែង៖ ការ​និយាយ​ជា​សាធារណៈ មិន​អាច​វាយ​តម្លៃ​លើ​បុគ្គលិកលក្ខណៈ​បាន​ឡើយ។ មនុស្ស​ស្ងៀម​ស្ងាត់ មិន​មែន​មាន​ន័យ​ថា ភ័យ​ខ្លាច​តក់​ស្លុត រាល់​ពេល​ដែល​ត្រូវ​និយាយ​នៅ​ចំ​ពី​មុខ​មនុស្ស​ជា​ច្រើន​ដែរ​។ ការ​ឡើង​និយាយ​នៅ​ក្នុង​ថ្នាក់ ឬ​កន្លែង​ធ្វើការ អាច​ធ្វើ​បាន​រលូន​ល្អ ប្រសិន​បើ​អ្នក​បាន​រៀប​ចំ​ចាត់​ចែង​ត្រឹម​ត្រូវ មាន​ជំនាញ និង​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​។​​

ចំណុច​ទី​៤៖

​​មតិ​យល់​ឃើញ​តៗ​គ្នា៖ មនុស្ស​​ស្ងៀម​ស្ងាត់ តែង​តែ​ឆ្លាត​ជាង​និង​មាន​គំនិត​ច្រើន​ជាង​មនុស្ស​និយាយ​ច្រើន​។

ការ​ពិត​ជាក់​ស្តែង៖ អ្នក​ទាំង​ពីរ​ប្រភេទ​នេះ មាន​គំនិត​ច្នៃ​ប្រឌិត និង​ប្រាជ្ញា​ខុស​ៗ​គ្នា ទៅ​តាម​មនុស្ស​ផ្សេងៗ​គ្នា​។ ភាព​វៃ​ឆ្លាត អាច​កើត​មាន​តាម​កត្តា​ច្រើន​យ៉ាង​រួម​មាន​តំណ​ពូជ មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន ចំណេះវិជ្ជា និង​ទេពកោសល្យ។ គ្រាន់​តែ​ពេល​ខ្លះ មនុស្ស​ស្ងៀម​ស្ងាត់​ ចូល​ចិត្ត​គិត​វិភាគ ដោះ​​ស្រាយ​បញ្ហា​តែ​ម្នាក់​ឯង និង​បញ្ជូន​ព័ត៌មាន​ផ្សេងៗ​​ទៅ​កាន់​អ្នក​ជុំ​វិញ​ខ្លួន ដោយ​ការ​ត្រិះរិះ​ពិចារណា​ល្អិតល្អន់​ជាមុនសិន។​​​

ចុចអាចបន្ត៖ ផ្លាស់ប្ដូរ​ខ្លួន​ឯង​ពី​មនុស្ស​ស្រី​គួរ​ឲ្យ​ធុញ​ ទៅ​ជា​នារី​ដ៏​ទាក់ទាញ​ម្នាក់​ តាម​វិធី​នេះ

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម