កូនពិតជាក្មេងឆ្លាត បើឪពុកម្តាយសង្កេតឃើញសញ្ញា ៧ យ៉ាងនេះ មុនពួកគេចូលដល់អាយុ ៥ឆ្នាំ

  • 2019-08-14 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​ឪពុក​ម្តាយ​ណា​មិន​​ចង់​​បាន​កូន​ឆ្លាត​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ពេល​ខ្លះ ភ្លេច​ចាប់​អារម្មណ៍​សង្កេត​​មើល សញ្ញា​មួយ​ចំនួន ដែល​បង្ហាញ​ថា​កូន​ៗ មាន​ប្រាជ្ញា​អំណោយផល​តាំង​ពី​កំណើត ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មិន​បាន​ជួយ​ជ្រោមជ្រែង​អភិវឌ្ឍ​សមត្ថភាព​របស់​​ពួក​គេ​ឲ្យ​បាន​ពេញ​លេញ។

ខាង​ក្រោម​នេះ​ គឺ​ជា​សញ្ញា​បញ្ជាក់​ថា កូន​របស់​អ្នក​​ពិត​​ជា​ក្មេង​ឆ្លាត ហើយ​ឪពុក​ម្តាយ​អាច​មើល​ដឹងមុន​ ចាប់​​តាំង​ពី​ពេល​ពួក​គេ​មិន​ទាន់​ចូល​ដល់​អាយុ​៥​ឆ្នាំ​មក​ម្ល៉េះ​។

១. មាន​ការ​វិវត្ត​លឿន​ជាង​ក្មេង​ដទៃ

ការ​​វិវត្ត​របស់​ក្មេង​រួម​មាន​ រូប​រាង​កាយ ការ​យល់​ដឹង និង​អារម្មណ៍ ជា​ចំណុច​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់។ ប្រសិន​បើ​​សង្កេត​ឃើញ​ថា កូន​​អាច​ឈាន​ដល់​ចំណុច​ទាំង​នោះ លឿន​ជាង​ក្មេង​ដទៃ​ ដែល​មាន​អាយុ​ដំណាល​ៗ​គ្នា វា​គឺ​ជា​សញ្ញា​មួយ​របស់​ក្មេង​ឆ្លាត។ ឧទាហរណ៍​ថា កូន​ទើប​តែ​បាន​ ៣​ខែ ប៉ុន្តែ​អាច​ងើប​ឈរ​ដោយ​ខ្លួន​ឯង ឬ​​ទើប​តែ​​អាយុ ១០​ខែ ប៉ុន្តែ​អាច​និយាយ​បាន​ច្រើន​​ហើយ​ច្បាស់​ៗ​ទៀត។ ​

អ្វី​ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ៖ អាន​សៀវភៅ និង​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​​អភិវឌ្ឍ​ជំនាញ​​ទំនាក់ទំនង​ដល់​ពួក​គេ។ ព្យាយាម​បង្ហាញ និង​លើក​ទឹក​ចិត្ត នូវ​អ្វី​ដែល​កូន​អាច​ធ្វើ​បាន​។

២. ពូកែ​ផ្តោត​អារម្មណ៍​

ប្រសិន​បើ​កូន​របស់​អ្នក​​ចូល​ចិត្ត​ផ្តោត​អារម្មណ៍​យូរ​ទៅ​លើ​​របស់​អ្វី​មួយ ជា​ពិសេស​តាំង​ពី​មិន​ទាន់​ចូល​ដល់​អាយុ​ ៦​ខែ វា​ក៏​ជា​សញ្ញា​មួយ​របស់​ក្មេង​ឆ្លាត​​ផង​ដែរ។ ឧទាហរណ៍៖ អ្នក​មើល​ឃើញ​ថា ក្មេង​​ដែល​មាន​អាយុ​ ៥ខែ ពូកែ​សម្លឹង​របស់​អ្វី​មួយ​យ៉ាង​យូរ ឬ​អាច​លេង​ប្រដាប់ប្រដា​ផ្សេងៗ​ដូច​ជា​រូប​ផ្គុំ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ពួក​គេ​ក៏​អាច​អង្គុយ​ស្ងៀម​ នៅ​ពេល​អ្នក​អាន​សៀវភៅ​ឲ្យ​ស្តាប់ ចង្អុល​រូបភាព​ដែល​គេ​ស្រលាញ់ និង​អាច​បើក​ទំព័រ​សៀវភៅ​បាន​ដោយ​ខ្លួន​ឯង។

អ្វី​ដែល​ឪពុកម្តាយ​គួរ​ធ្វើ៖ ទិញ​របស់​លេង​ឲ្យ​កូន​ដូច​ជា រូប​ផ្គុំ តម្រៀប​...។ ចាប់​ផ្តើម​ផ្លាស់​ប្ដូរ​រូប​ផ្គុំ​ណា ដែល​កាន់​តែ​ពិបាក​​ជាង​មុន​បន្តិច​ម្តង​ៗ ដើម្បី​​បង្កើន​ប្រាជ្ញា​។ កុំ​ភ្លេច​បន្ត​អាន​សៀវ​ភៅ​រឿង​និទាន​ល្អ​ៗ​ឲ្យ​ពួក​គេ​ស្តាប់​ផង។

៣. ចូល​ចិត្ត​ដោះ​ស្រាយ​បញ្ហា

សញ្ញា​មួយ​ផ្សេង​ទៀត ដែល​បញ្ជាក់​ថា​កូន​របស់​អ្នក​ជា​ក្មេង​ឆ្លាត គឺ​ត្រូវ​មើល​លើ​ជំនាញ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។ ឧទាហរណ៍៖ អ្នក​យក​របស់​លេង ដែល​គេ​ចូល​ចិត្ត​ ទៅ​លាក់​ក្នុង​ទូ ហើយ​​គេ​បាន​​ស្ទុះស្ទា​ អាច​រក​ឃើញ​និង​យក​វា​ចេញ​មក​ក្រៅ​វិញ​បាន​។ មួយ​វិញ​ទៀត ពួក​គេ​​អាច​តម្រៀប​ប្រអប់ ឬ​របស់​ផ្សេងៗ​ឲ្យ​ខ្ពស់​ស្មើ​ស្អាត​ ដោយ​មិន​ធ្លាក់​មក​វិញ​ងាយៗ...។ ក្មេង​ទាំង​អស់​សុទ្ធ​តែ​មាន​ជំនាញ​បែប​នេះ​រៀង​ៗ​ខ្លួន គ្រាន់​តែ​ក្មេង​ដែល​ឆ្លាត អាច​បង្ហាញ​ចេញ​មក​លឿន​ជាង​ក្មេង​ដទៃ​ទៀត។

អ្វី​ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ៖ បង្កើត​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​ឲ្យ​កូន​ ប្រើ​ខួរក្បាល​ដើម្បី​ដោះ​ស្រាយ​បញ្ហា ដូច​​ជា​​សាក​ល្បង​ឲ្យ​ពួក​គេ​ស្វែង​រក​របស់​ផ្សេងៗ​ជា​ដើម​។

៤. ចូលចិត្ត​ភាព​ឯករាជ្យ​ និង​លេង​តែ​ឯង

ជា​ទូ​ទៅ ក្មេងៗ​តែង​តែ​ចូលចិត្ត​លេង​ និង​សប្បាយ​រីករាយ​ នៅ​ពេល​មាន​មនុស្ស​ច្រើន។ យ៉ាង​ណា​មិញ ក្មេង​ដែល​ឆ្លាត​តែង​ចង់​នៅ​តែ​ឯង​ៗ​ច្រើន​ជាង​។ ឪពុក​ម្តាយ​ក៏​មិន​គួរ​មើល​រំលង​ដែរ​ត្រង់​ចំណុច​នេះ។ ​​

អ្វី​ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ៖ មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​លេង​ជាមួយ​អ្នក ប្រសិន​បើ​ពួក​គេ​មិន​ចង់ ប៉ុន្តែ​​ត្រូវ​លើក​ទឹក​ចិត្ត​​កូន ឲ្យ​ចេះ​លេង​ជាមួយ​ក្មេង​ដទៃ​ខ្លះ ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​ទំនាក់ទំនង​សង្គម។

៥. ពូកែ​ឆ្ងល់​គ្រប់​បែប​យ៉ាង

វា​ជា​រឿង​ធម្មតា ព្រោះ​កូន​ដែល​នៅ​ក្មេង​ខ្ចី​តែង​តែ​​ចេះ​ឆ្ងល់ ប៉ុន្តែ​ក្មេង​ដែល​ឆ្លាត​ខ្លាំង គឺ​ពូកែ​ឆ្ងល់​ចង់​ដឹង​គ្រប់​បែប​យ៉ាង​។ ពេល​ខ្លះ ពួក​គេ​សួរ​សំណួរ​ជា​ច្រើន ដែល​អ្នក​សឹង​មិន​អាច​ឆ្លើយ​ចេញ។

អ្វី​ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ៖ សួរ​ច្រើន​ពេល​ ជួន​កាល​អាច​ធ្វើ​ឲ្យ​អ្នក​ធុញ​។ ទោះ​ជា​បែប​នេះ​ក្តី​ ក្នុង​នាម​ជា​ឪពុក​ម្តាយ ត្រូវ​តែ​ព្យាយាម​ផ្តល់​ចម្លើយ​ត្រឹម​ត្រូវ​ដល់​ពួក​គេ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គួរ​ឲ្យ​កូន​ចេះ​ស្វែង​រក​ចម្លើយ​ ដោយ​ការ​អាន​ និង​រៀន​សូត្រ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ដោយ​ខ្លួន​ឯង។

​៦. មាន​ទម្ងន់​ធ្ងន់​​នៅ​ពេល​កើត​ចេញ​មក

ស្តាប់​ទៅ​ដូច​ជា​ចម្លែក ប៉ុន្តែ​នេះ​ជា​ការ​ពិត។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា ទម្ងន់​ ​កម្ពស់ និង​ភាព​វ័យ​ឆ្លាត​​របស់​ទារក​ មាន​ទំនាក់​ទំនង​ផ្សារភ្ជាប់​គ្នា​តាំង​ពី​កំណើត។ ក្មេង​ដែល​កើត​មក​មាន​ទម្ងន់​ធ្ងន់ និង​ប្រវែង​វែង​ ពិត​ជា​មាន​កម្រិត IQ​ ខ្ពស់​។ ដើម្បី​ជួយ​ជំរុញ ឲ្យ​ខួរក្បាល​របស់​កូន មាន​ការ​អភិវឌ្ឍ​កាន់​តែ​ប្រសើរ ឪពុកម្តាយ​ត្រូវ​បន្ថែម​អាហារ​ល្អៗ​សម្រាប់​ពួក​គេ​ដូច​ជា​ ផ្លែ​បឺរ និង​សាច់​ត្រី​ជាដើម។

អ្វី​ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ៖ អ្នក​ម្តាយ​ត្រូវ​​ទៅ​ពិនិត្យ​តាម​ដាន​ទម្ងន់ និង​សុខភាព​គភ៌​ឲ្យ​បាន​ទៀង​ទាត់ រួម​ទាំង​ការ​ជ្រើស​រើស​របប​អាហារ​ត្រឹម​ត្រូវ តាំង​ពី​ពេល​ពរ​ពោះ​ដំបូង។

៧. រហ័សរហួន និង​ឆាប់​បញ្ចេញ​ប្រតិកម្ម

ក្មេង​ឆ្លាត​វាងវៃ គឺ​ឆាប់​បញ្ចេញ​ប្រតិកម្ម មាន​សកម្មភាព​រហ័សរហួន​ ចេះ​ស្រលាញ់​សមាជិក​ក្នុង​គ្រួសារ ថែម​ទាំង​អាច​ដឹង​នូវ​ភាព​ខុស​ប្លែក ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន។ នៅ​កន្លែង​ដែល​មាន​មនុស្ស​រញ៉េរញ៉ៃ​ច្រើន ពួក​គេ​អាច​មើល​ឃើញ​ ញញឹម​ ឬ​លើក​ដៃ​រក​​អ្នក លឿន​ជាង​ប៉ាម៉ាក់​ទៅ​ទៀត។

អ្វី​ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ៖ ក្មេង​ប្រភេទ​នេះ គឺ​ឆាប់​ងងុយ​គេង​ណាស់ ដោយ​សារ​តែ​បរិយាកាស​ខាង​ក្រៅ។ ហេតុនេះ​ហើយ អ្នក​អាច​ដាក់​គេ​ឲ្យ​គេង​ នៅ​កន្លែង​ស្ងៀម​ស្ងាត់ ងងឹត និង​កក់​ក្តៅ។ ព្យាយាម​ឲ្យ​កូន​ចូល​គេង​ទៀង​ម៉ោង ដើម្បី​ជួយ​ឲ្យ​ការ​គេង​បាន​លង់​លក់​ស្កប់ស្កល់​ល្អ​៕

ចុចអានបន្ត៖ រូបភាពកម្រ ១០ សន្លឹក បង្ហាញពីទិដ្ឋភាពប្លែកៗរបស់ទារកពេលកើតចេញមក

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម