​នារីៗ​ប្រយ័ត្ន​ផង! ជំងឺ​បាក់​ទឹកចិត្ត​ឃាត​ករ​ឈាម​ត្រជាក់​ណាស់​

  • 2019-08-02 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​និយាយ​ដល់​ការ​បាក់​ទឹកចិត្ត អ្នក​ប្រហែល​ជា​គិត​ថា​វា​គ្រាន់តែ​ជា​បញ្ហា​តូចតាច គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ។ មិន​ដូច្នេះ​ទេ ​បាក់​ទឹក​ចិត្ត​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង​កាច​សាហាវ លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​ដឹង បើ​យើង​មិន​យក​ចិត្ត​ទុកដាក់។ វា​ធ្វើ​ឲ្យ​បុគ្គល​នោះ​មាន​អារម្មណ៍​សោក​សង្រេង​ធ្ងន់ធ្ងរ​ លែង​មាន​ចំណាប់​អារម្មណ៍​លើ​ការ​រស់​នៅ​ប្រចាំថ្ងៃ។ មនុស្ស​ស្រី ងាយ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត នេះ​បើ​តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក (WHO) ។

យើង​អាច​សម្គាល់​បាន​តាម​រយៈ​ការ​បាត់​បង់​ការ​លើក​ទឹក​ចិត្ត​ខ្លួន​​ឯង​ ការ​ផ្លាស់​ប្ដូរ​ចំណង់​អាហារ គេង​ច្រើន​ពេក​ ឬ​តិច​ពេក ​ធុញ​ថប់​អារម្មណ៍ មិន​មាន​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ ធ្វើ​បាប​ខ្លួន​ឯង និង​មាន​គំនិត​ធ្វើ​​អត្ត​ឃាត​ខ្លួន​​។

មិនមែន​តែ​ប៉ះពាល់​ដល់​ខ្លួន​ឯង​ផ្ទាល់ បាក់​ទឹក​ចិត្ត​អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​គ្រួសារ សហគមន៍​ និង​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ​។

សញ្ញាណ​ដំបូង​នៃ​អ្នក​មាន​ជំងឺ​ មាន​អាការៈ​ផ្លូវ​ចិត្ត​សោ​ក​សង្រេង​ ឆាប់​មាន​អារម្មណ៍​អន់ចិត្ត ឆាប់​ឈឺ​ចិត្ត​ ឆាប់​អស់​ចិត្ត​និង​នឿយ​ណាយ​ខ្លាំង​ពេល​ធ្វើ​អ្វី​មួយ។ នៅ​ពេល​ប្រឈម​បញ្ហា​អ្វីមួយ អ្នក​ជំងឺ​លែង​មាន​កម្លាំង​ចិត្ត​ អស់​សង្ឃឹម​ក្នុង​ការ​តស៊ូ​ទៅ​មុខ​ទៀត។ ​

លោក ប៉ា ចាន់​រឿន​ ជា​ប្រធាន​មជ្ឈមណ្ឌល​ទស្សន​វិជ្ជា​អនុវត្ត​ និង​សីល​ធម៌​កម្ពុជា​បានរៀបរាប់​ប្រាប់ គេហទំព័រ កញ្ញា ​ថា "អ្នក​ជំងឺ​ធ្លាក់​ទឹកចិត្ត មាន​សុខភាព​ផ្លូវចិត្ត​ខ្សោយ​ ចូល​ចិត្ត​ស្ដី​បន្ទោស​ខ្លួនឯង​រាល់​បញ្ហា​ដែល​កើត​ឡើង។ ពេល​ខ្លះ​បើ​អ្នក​ជំងឺ​អង្គុយ​តែឯង គាត់​ច្រើន​តែ​យំ ហៀរ​ទឹក​ភ្នែក​មក​ឯងៗ ដោយ​គ្មាន​មូល​ហេតុ។ ​គាត់​ពិបាក​គេង(​មាន​វិបត្តិ​ដំណេក) មិន​ឃ្លាន( បាត់​ចង់​ចំណង់​អាហារ) ចង់​រស់​នៅ​តែ​ឯង​ ហើយ​រស់​នៅ​ក្នុង​អតីតកាល ជោគ​ជាំ​ក្នុង​​រឿង​អតីត​ដោយ​គ្មាន​ការ​មើល​ឃើញ​សេចក្ដី​សង្ឃឹម​នា​ពេល​អនាគត​ឡើយ។"

លោក ប៉ា ចាន់រឿន

លោក​បន្ត​ទៀតថា "ប្រសិន​បើ​ទុក​ឲ្យ​អ្នក​ជំងឺ​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ មិន​រក​វិធី​សាស្ត្រ​ព្យាបាល​ឬ​ផ្លាស់​ប្ដូរ​បញ្ហា​ផ្លូវ​ចិត្ត​នោះ​ទេ អ្នក​ជំងឺ​អាច​វិវត្ត​ពី​កម្រិត​ស្រាល ទៅ​ជា​កម្រិត​មធ្យម នឹង​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ​មួយ។"

អ្នក​ជំងឺ​មាន​អាការៈ​ចង់​សម្លាប់​ខ្លួន តែង​រក​គ្រប់​ម​ធ្យោ​បាយ​ដើម្បី​ផ្ដាច់​ជីវិត​ខ្លួន​។ គាត់​គិត​រាល់​បញ្ហា​ដោយ​យក​មក​ដាក់​ខ្លួន ទោះ​បី​បញ្ហា​ទាំង​នោះ​មិន​មែន​ជា​រឿង​គាត់​ត្រូវ​គិត​ ក៏​គាត់​យក​មក​គិត​ដែរ។​ អ្នក​ជំងឺ​លែង​ចាប់​អារម្មណ៍​លើ​អ្វីៗ​ទាំងអស់ ភាសា​សាមញ្ញ​គឺ លែង​ខ្វល់​គ្រប់យ៉ាង ​។ គាត់​តែង​តែ​គិត​ថា ខ្លួន​ឯង​លែង​មាន​តម្លៃ លែង​យល់​ដឹង​ពី​សារៈសំខាន់​របស់​ខ្លូន​ដែល​​ជា​កូន ឪពុកម្ដាយ បុគ្គលិក សិស្ស​និស្សិត ឬ​ប្រ​ជា​ពល​រដ្ឋ​ក្នុង​សង្គម​ គាត់​លែង​មើល​ឃើញ​ថា​ខ្លួន​ឯង​មាន​តម្លៃ​ក្នុង​កែវភ្នែក​របស់​នរណា​ម្នាក់ ឬ​នៅ​កន្លែង​ណា​មួយ​។

ក្រៅ​ពី​ផល​ប៉ះ​ពាល់​ទៅ​រាង​កាយ​អ្នក​ជំងឺ អាការៈ​ទាំង​នោះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​សុខ​ភាព​ផ្លូវ​ចិត្ត​អ្នក​លែង​ប្រក្រតី​ដូចមុន​ហើយ ​ហើយ​អាច​ឈាន​ដល់​ការ​សម្លាប់​ខ្លួន។ លោក បន្ថែម​ទៀត​ថា បុគ្គល​បាក់​ទឹក​ជា​អ្នក​រង​គ្រោះ​ខ្លាំង​ជាង​គេ គឺ​ខ្លួន​ឯង​តែ​ម្ដង ជា​ពិសេស​ប៉ះពាល់​ដល់​ផ្លូវ​អា​រម្ម​ណ៍​គ្រួសារ ​ ​ហើយ​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខ​មាល​ភាព​សហគមន៍​ ក្រុម​គ្រួសារ​នឹង​ពិ​បា​ក​ចិត្ត​ពេល​ឃើញ​សមាជិក​ណា​ម្នាក់​មាន​ស​ភាព​បែប​នេះ ដោយ​បាត់​បង់​ភាព​រហ័ស​រ​ហួ​ន​ លែង​ចង់​​និយាយ​ស្ដី ទឹកមុខ​ស្រ​ពាប់​ស្រពោន គិតតែ​នៅ​មួយ​កន្លែង​ដែល​គ្មាន​មនុស្ស​ក្បែរ​ខ្លួន។

គួរបញ្ជាក់ដែរថា ​មាន​មនុស្សចំនួន​ប្រមាណ​ ៨០​ម៉ឺន​នាក់​ បាន​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ជា​រៀង​រាល់​ឆ្នាំ។​ ក្នុង​នោះ​មាន​មនុស្ស​ម្នាក់​បាន​សម្លាប់​ខ្លួន​រាល់​ ៤០វិនាទី​ម្ដង ​។ ជាង​នេះ​ទៅ​ទៀត រាល់​ការ​ធ្វើ​អត្តឃាត​នីមួយៗ​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ច្រើន​ជាង​ ២០ ដង នេះ​​បើ​តាម​របាយ​ការណ៍​អង្គ​ការ​សុខ​ភាព​ពិភព​លោក។ ​​​

ចុចអានបន្ត៖ការ​សិក្សា​បង្ហាញ​ថា​៖ ការ​ផ្អាក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក អាច​ធ្វើ​ឲ្យ​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ​ប្រ​សើរ​

​​

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម