Unfriend ចោលឲ្យហើយមនុស្ស ៦ ប្រភេទនេះ នៅលើហ្វេសប៊ុក

  • 2019-07-24 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ខ្លី​ណាស់ កុំ​ចំណាយ​ពេល​​​ទៅ​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​ឥត​បាន​ការ​ នាំ​ឲ្យ​ឈឺ​ក្បាល​​ខាត​បង់​ប្រយោជន៍​។ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​មិត្តភ័ក្តិ​ក្នុង​បណ្តាញ​សង្គម​ផង​ដែរ។ ដោយ​សារ​តែ​មួយ​ថ្ងៃ​ៗ អ្នក​​ប្រហែលជា​​​ប្រើ​ពេល​មិន​តិច​ទេ នៅ​លើ​ហ្វេសប៊ុក​អូស​ចុះ​ឡើង​មើល​នេះ​មើល​នោះ។ មិត្តភ័ក្តិ​ក្នុង​ហ្វេសប៊ុក​អាច​ជា​មនុស្ស​ជិតស្និទ្ធ មិត្ត​រួម​​ថ្នាក់ អ្នក​ធ្វើ​ការ​ជាមួយ សាច់​ញាតិ​បង​​ប្អូន ឬ​អាច​ត្រឹម​ស្គាល់​មុខ​គ្នា​ធម្មតា។ បណ្តាញ​សង្គម អាច​​ជួយ​បង្កើន​ទំនាក់ទំនង​ល្អ​​ទៅ​កាន់​អ្នក​ដទៃ​ផ្សេង​ទៀត ប៉ុន្តែ​មាន​​​ប្រភេទ​មនុស្ស​មួយ​ចំនួន ទុក​មិន​ចំណេញ​ដក​ចេញ​​មិន​ខាត ដូច្នេះ​​គួរ​ Unfriend ចោល​ឲ្យ​ហើយ បើ​​មិន​ចង់​ឈឺ​ក្បាល​វិល​មុខ​ជាមួយ។

១. អ្នក​ជ្រុល​និយម​​ផ្នែក​នយោបាយ​ដោយ​មិន​ប្រើ​ចំណេះ​ដឹង

ឲ្យ​តែ​ពេល​បើក​ទូរសព្ទ​ម្តង​ៗ ឃើញ​តែ​ស្រែក​ ជេរ​ បញ្ចេញ​មតិ​ទាំង​កំរោល​​ ដោយ​គ្មាន​ចំណេះ​ដឹង គ្មាន​​​ហេតុផល​ពន្យល់​ច្បាស់​លាស់ ថែម​ទាំង​បំពុល​បរិយាកាស​ឲ្យ​អាប់អួ​ទៀត។ បើ​អ្នក​គិត​ថា ស្តាប់​មិន​ចូល​ត្រចៀក ធ្វើ​ឲ្យ​ស្មុគស្មាញ ​ច្រើន តើ​ទុក​នៅ​ធ្វើ​អ្វី​ទៀត? មើល​តែ​នរណា​ដែល​ខ្លួន​ឯង​ចូលចិត្ត អាច​ធ្វើ​ជា​គំរូ​ល្អ​ទៅ​បាន​ហើយ។

២. មនុស្ស​អវិជ្ជមាន

មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ទុក្ខ​លំបាក​រៀង​ៗ​ខ្លួន គ្រាន់​តែ​តិច​ឬ​ច្រើន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ខ្លះ​វិញ មិន​ដឹង​ជា​ស្អី​ទេ ពូកែ​រអ៊ូ​រទាំ មាន​រឿង​​រ៉ាវ​បង្ហោះ​​​​មិន​លស់​ថ្ងៃ​។ គ្រាន់​តែ​​ឃើញ​ហើយ​ក៏​ចង​ស្រ្តេស​តាម​ដែរ។ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​​​ទៀត​ថា បើ​ចង់​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​រីករាយ គួរ​​កាត់​បន្ថយ​ការ​លេង​ហ្វេសប៊ុក និង​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​មនុស្ស​អវិជ្ជមាន។

៣. សង្សារ​ចាស់

ដាច់​ខាត​កុំ​យក​ពេល​ដ៏​មាន​តម្លៃ ទៅ​តាម​ដាន ចង់​ដឹង​ចង់​ឮ​ពី​រឿង​រ៉ាវ​គ្រប់​យ៉ាង​​ពី​សង្សារ​ចាស់។ ទោះ​បី​គ្មាន​​គំនុំ​គុំកួន​​អ្វី​ក៏​ដោយ យល់​ល្អ​មិន​បាច់​បន្ត​​ជា Friend នៅ​​ក្នុង​ហ្វេសប៊ុក​ទៀតទេ ព្រោះ​​សកម្មភាព​របស់​គេ​​​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​របស់​អ្នក។

៤. មនុស្ស​បង្អួត​​ឥត​ល្ហែ

តាម​ការ​សិក្សា​​ក្នុង​ឆ្នាំ ២០១៥ បាន​បង្ហាញ​ថា ពេល​ឃើញ​គេ​ឯង​​បង្ហោះ​បង្អួត​​ច្រើន​ពេក​នាំ​ឲ្យ​​អ្នក​កើត​ទុក្ខ​មិន​សុខចិត្ត​ ដោយ​សារ​​តែ​ការ​ប្រៀប​ធៀប​ជីវិត​​ខ្លួន​ឯង​​និង​​អ្នក​ដទៃ។ លើស​ពី​នេះ​​ទៅ​ទៀត ចិត្ត​ច្រណែន​​នឹង​កើត​ឡើង​មក​ដោយ​ឯក​​ឯងៗ។ ​បើ​មិន​ចូល​ចិត្ត​អ្នក​អួត​អាង​ទេ គ្រាន់​តែ​ចុច​ Unfriend ទៅ​រួច​រាល់​ហើយ។

៥. មនុស្ស​ចង់​បាន​ចំណាប់​អារម្មណ៍

ដល់​ពេល​ត្រូវ​កាត់​បន្ថយ​ឬ​ជម្រុះ​ចេញ មនុស្ស​ដែល​ប៉ិន​ខាង​ចូល​តួ ចង់​បាន​ចំណាប់​អារម្មណ៍​លើ​​ហ្វេសប៊ុក​។ មនុស្ស​​ប្រភេទ​នេះ ទុក​នៅ​ក៏​គ្មាន​បាន​អ្វី​មក​វិញ​ក្រៅ​ពី​ទាមទារ​ ចង់​​ឲ្យ​គេ​តាមដាន ចុច​ Like ចង់​លេចធ្លោ​លើស​គេ​លើស​ឯង​ ប៉ុន្តែ​មើល​ទៅ​បែរ​ជា​គួរ​ឲ្យ​ធុញ​ទៅ​វិញ​។

៦. មនុស្ស​ដែល​មាន​មោទកភាព​លើ​ខ្លួន​ឯង​ហួសហេតុ

មិន​ថា​​ជា​ដំណើរ​កម្សាន្ត ការ​ស្រក​គីឡូ​ ឬ​ពេល​ធ្វើ​កិច្ចការ​អ្វី​មួយ​​ក៏​ដោយ​ តែង​ចង់​ឲ្យ​គេ​ដឹង​គ្រប់​រឿង​។ តាម​ការ​ពិត​មនុស្ស​ប្រភេទ​នេះ ចង់​បង្ហាញ​ពី​សមត្ថភាព​ឲ្យ​គេ​សរសើរ​ស្ញប់ស្ញែង។ ផ្ទុយ​ទៅវិញ នរណា​​ក៏​ដឹង​ដែរ​ថា អ្នក​ដែល​មាន​សមត្ថភាព​ពិត​​ប្រាកដ​មិន​សូវ​ចេះ​និយាយ​បូរបាច់​ច្រើន​ទេ គឺ​គេ​បង្ហាញ​​ដោយ​ទង្វើ​និង​ទំនួល​ខុសត្រូវ​ ដែល​ពោរពេញ​ដោយ​ប្រសិទ្ធភាព មិន​មែន​ក្អេងក្អាង​តែ​សម្តី។

ចុចអានបន្ត៖ ​​មេរៀន​​​​​សំខាន់​​ៗពី​ភរិយា​​​​អតីត​​​​ប្រធានាធិបតី​​​​​​​​​អាមេរិក​ ស្រីៗ​គួរ​​​​​​​​​​​​តែរៀន​​តាម​

ប្រភព៖ Huffingtonpost ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម