សម្រស់ស្អាតប៉ុនណាក៏មិនអាចមានគូនឹងគេ បើអ្នកនៅបន្តកំហុសធំ ៣ យ៉ាងនេះ

  • 2019-07-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​មាន​តែ​​អ្នក​ទេ​ដែល​គ្មាន​គូ​ ឬ​នៅ​លីវ​យូរ​​ឆ្នាំ។ យោង​តាម​ស្ថិតិ​ការិយាល័យ​ការងារ សូម្បី​ជនជាតិ​អាមេរិក​ក៏​សម្បូរ​អ្នក​នៅ​លីវ​​ដែរ គឺ​លើស​ពី​ ៥០%​ ឯណោះ។ ទោះ​បី​​​ជា​មាន​មិត្ត​ភ័ក្តិ​ច្រើន ឧស្សាហ៍​​​មាន​កម្មវិធី​ជួប​ជុំ​នានា ឬ​ធ្វើ​ដំណើរ​​កម្សាន្ត​ញឹកញាប់​ក៏​ដោយ អ្នក​នៅ​តែ​ពិបាក​រក​គូ​នឹង​គេ។ បើ​និយាយ​ពី​សម្រស់​វិញ ក៏​មិន​អន់​ថែម​ទាំង​ទាក់ទាញ​មាន​មន្ត​ស្នេហ៍​ទៀត រីឯ​អត្តចរិត​ក៏​ល្អ​ ប៉ុន្តែ​​បែរ​ជា​នៅ​លីវ​យូរ​ឆ្នាំ​ជាង​គេ​ជាង​ឯង។ នេះ​ដោយ​សារ​តែ​អ្នក​នៅ​បន្ត​កំហុស​​​​ធំៗ ៣​ យ៉ាង​ជាប់​ខ្លួន​ មិន​ព្រម​ចោល​ទាល់​តែ​សោះ។

១. តឹងរ៉ឹង​ឬ​​ចង់​ប្រើ​អំណាច​លើ​គេ​ខ្លាំង​ពេក

មនុស្ស​ប្រុស​ដែល​បាន​ចាប់​អារម្មណ៍​មក​លើ​អ្នក គាត់​នឹង​ព្យាយាម​ចូល​មក​កាន់​តែ​ជិត​ដើម្បី​ដឹង​ពី​ចិត្ត​របស់​អ្នក។ បើ​គាត់​​សង្កេត​ឃើញ​​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​តឹងរ៉ឹង​ម៉ឺងម៉ាត់​ជ្រុល​ពេក ទោះ​មិន​ទាន់​ទាក់​ទង​គ្នា ក៏​គាត់​គិត​ចង់​ដក​ថយ​ទៅ​វិញ​ដែរ។ ដោយ​សារ​តែ​គាត់​បារម្ភ​ខ្លាច​​​​អ្នក​​ប្រើ​​អំណាច​ ចង់​គ្រប់គ្រង ចូល​ចិត្ត​រក​រឿង​ ឬ​ចង់​បិទ​សិទ្ធិ​គាត់​ទាំង​ស្រុង។ មនុស្ស​ប្រុស​អាច​នឹង​ចាប់​អារម្មណ៍​អ្នក​ខ្លាំង ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​គាត់​នឹង​ជ្រើសរើស​អ្នក​១០០%​ឡើយ។ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​បន្តិច​សិន ពុំ​ដូច្នោះ​ទេ​ អ្នក​នឹង​មិន​អាច​មើល​ឃើញ​មនុស្ស​ល្អ​ៗ​​នៅ​ជុំវិញ​ខ្លួន​ឡើយ​។

២. គិត​ថា​ឲ្យ​តែ​ទាក់ទង​គ្នា គឺ​ត្រូវ​តែ​រៀបការ

​រាល់​ទំនាក់ទំនង​ទាំង​អស់​តែង​តែ​មាន​ហេតុផល ពេល​​វេលា​កំណត់​ និង​មេរៀន​មក​ជាមួយ​គ្នា​។ ទំនាក់​ទំនង​ខ្លះ​ បាន​បង្រៀន​អ្នក​ឲ្យ​ដឹង​នូវ​រឿង​រ៉ាវ​សំខាន់​ផ្សេងៗ មុន​នឹង​ជួប​​គូ​ជីវិត​ពិត​ប្រាកដ។ វា​អាច​ជួយ​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​បែប​ណា​ដែល​​ខ្លួន​ពេញ​ចិត្ត​ចង់​​ចំណាយ​ពេល​រស់​នៅ​ជាមួយ​គ្នា​យូរ​អង្វែង។ បើ​​គិត​ថា ចាំ​ជួប​គូ​ពិត​ចាំ​រៀបការ​​យក​តែ​ម្តង​ អ្នក​យល់​ខុស​ហើយ។ បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​នៅ​រង់​ចាំ​កាន់​តែ​យូរ​​ទៅ​ៗ គ្មាន​ចិត្ត​ចង់​ប្រឡូក​ក្នុង​រឿង​ស្នេហា ភ័យ​ខ្លាច​គ្រប់​បែប​យ៉ាង និង​អាច​សម្រេច​ចិត្ត​ខុស​ទៅ​ថ្ងៃ​មុខ ដោយសារ​ខ្វះ​បទពិសោធន៍។

៣. ចង់​ជួប​បុរស​ក្នុង​សុបិន​ដល់​ថ្នាក់​មើល​​រំលង​ការពិត​នៅ​​ចំពោះ​មុខ

វា​ជា​ការ​ពិត​ ដែល​មនុស្ស​ស្រី​ម្នាក់ៗ​តែង​មាន​​ព្រះអង្គ​ម្ចាស់​​ក្នុង​សុបិន​រៀង​ៗ​ខ្លួន។ មនុស្ស​ប្រុស​ដែល​នាង​​​ប៉ង​ប្រាថ្នា អាច​នឹង​ល្អ​សឹង​គ្មាន​ចំណុច​ទាស់​ត្រង់ណា ឬ​​​អាច​ដូច​ក្នុង​រឿង​ភាគ​ស្នេហា​​​ជា​ដើម។ រវល់​តែ​ស្រមើស្រមៃ​ជ្រុល​ពេក ជួន​កាល​អ្នក​បាន​មើល​រំលង​ការ​ពិត​នៅ​ចំពោះ​មុខ។ ជាក់​ស្តែង​ ក្នុង​ជីវិត​គ្មាន​នរណា​​ម្នាក់​​ល្អ​ឥត​ខ្ចោះ​​ឡើយ។ អ្វី​ដែល​ត្រឹម​ត្រូវ​បំផុត គឺ​ការ​ជួយ​កែ​លម្អ អត់ឱន​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​។ បើ​មួយ​ថ្ងៃ​ៗ​រវល់​តែ​​​នឹក​ស្រមៃ​​រង់ចាំ​រាជបុត្រ​សេះ​ស​មក​ទទួល ជាតិ​នេះ​ច្បាស់​ជា​ឆា​ចោល​មិន​ខាន​។​

ចុចអានបន្ត៖ កូនស្រីត្រូវចាំ! កុំលើកលែងទោសឲ្យមនុស្សប្រុសកំសាកលើសពី ២ ដង ​​

អត្ថបទ៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម