សាមញ្ញៗ​ដោយ​វិធី៧​យ៉ាង​ កាត់បន្ថយស្បែកមុខខ្លាញ់ពូកែសក្កិសិទ្ធ

  • 2019-06-12 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ធុញ​ថប់​បំ​ផុត​គឺ​ស្បែក​មុខ​មាន​ខ្លាញ់​រងើម ​ពេល​ផាត់​មុខ​ទៅ​អត់​ចូល​ល្អ​ទាល់​តែ​សោះ​។ ​ពេល​ចេញ​ដើរ​ម្ដង​ៗ ​អ្នក​មាន​ស្បែក​ខ្លាញ់​ត្រូវ​ប្រឈម​នឹង​រឿង​ខ្មាស​គេ​ច្រើន ព្រោះ​មុខ​មើល​ទៅ​ដូច​​​មាន​ប្រេង​ឆា​លើ​មុខ​អាច​យក​ទៅ​ចៀន​ពង​ទា​បាន។ ខាង​ក្រោម​នេះ​ជា​តិច​និក​ងាយ​ៗ ​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​លើ​ផ្ទៃ​មុខ​បាន យ៉ាង​មាន​ប្រសិទ្ធ​ភាព៖

​​១. លុប​មុខ​ជាមួយ​ហ្វូម​ឬ​សាប៊ូ​ច្រើន​ដង

កំហុស​ដែល​​អ្នក​មាន​ស្បែក​ខ្លាញ់​បង្កើត​​ជា​រឿយ​ៗ​គឺ​លុប​មុខ​ជាមួយ​សាប៊ូ ​ឬ ហ្វូម​​ច្រើន​ដង ព្រោះ​គេ​​ជឿ​ថា​អាច​កាត់​បន្ថយ​ខ្លាញ់​លើ​មុខ​បាន​។ តាម​ពិត​វិធី​នេះ​ អាច​ជួយ​ត្រឹម​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រឈម​នឹង​​​ការ​ឡើង​ខ្លាញ់​ពេញ​ផ្ទៃ​​មុខ​ថែម​ទៀត​។ លាង​មុខ​ញឹក​ញាប់​ពេក ​អាច​ប៉ះ​ពាល់​ដល់​​ស្រទាប់​ស្ដើង​​របស់​​ស្បែក​មុខ​ដែល​ជួយ​រារាំង​ពី​​បាក់​តេរី​បាន​។ ជម្រើស​ល្អ​ អ្នក​គួរ​​លាង​មុខ​ត្រឹម​២​ដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។

​២. បើ​ចង់​បិទ​ម៉ាស គួរ​ប្រើ​ជា​ប្រភេទ Clay Mask

​​ការ​ប្រើ ​Clay Mark ​គឺ​សក្ដិសម​​សម្រាប់​អ្នក​មាន​​ស្បែក​មុខ​​ខ្លាញ់​ជាង​ប្រើ​ម៉ាស​សន្លឹក។ វា​មាន​គុណ​សម្បត្តិ​អាច​ស្រូប​យក​ជាតិ​ខ្លាញ់​លើស​ចេញ​ពី​ស្បែក​មុខ​បាន​ល្អ​ជាង។ លើស​ពី​នេះ ​វា​​មាន​សារជាតិ​ទប់​ជាតិ​ខ្លាញ់ និង​បំប៉ន​​សុខភាព​ស្បែក​ទៀត​ផង។

៣. កាត់​បន្ថយ​ស្រ្តេស

ជា​ធម្មតា យើង​ភ្លេ​ច​គិត​ថា ការ​តប់​ប្រមល់ ពិបាក​ចិត្ត​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​មុខ​ឡើង​ខ្លាញ់​បាន​ដែរ ដោយ​សារ​វា​រំញោច​ដល់​​សុខភាព​ផ្លូវ​ចិត្ត និង​សុខភាព​ស្បែក​ឲ្យ​ទាក់​ទង​គ្នា​។ ពេល​ស្រ្តេស ស្បែក​បាន​បញ្ចេញ​អរ​ម៉ូន​ ធ្វើ​ឲ្យ​កាន់​តែ​អាក្រក់​ និង​ឡើង​ខ្លាញ់ ​បង្ក​​ទៅ​ជា​ស្ទះ​រន្ធ​ញើស​បាន។ ដែល​មិន​ត្រឹម​តែ​មុខ​មាន​ខ្លាញ់​ច្រើន​ទេ ​ថែម​ទាំង​កើត​មុន​ក៏​ច្រើន​ដែរ។

៤. មាន​របប​អាហារ​​សុខភាព

​អាហារ​សម្បូរ​ដោយ​​សារធាតុ​​ប្រឆាំង​អុក​ស៊ីត​កម្ម​និង​​អា​ស៊ីត​ខ្លាញ់​​អូ​មេហ្គា៣ ​ជួយ​ពង្រឹង​សុខភាព​ស្បែក​បាន​​​យ៉ាង​ល្អ ។ វា​មាន​ដូច​ជា ប្លូប៊ឺរី ប៉ោម គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ ស្ពី​ណាត់​ ត្រី​ធូ​ណា និង​កុំ​ភ្លេច​បន្ថែម​ម្រេច​លើ​អាហារ។ ចៀស​វាង​អាហារ​​​ផ្ទុក​ជាតិ​​ស្ករ​ខ្ពស់ ​និង​អាហារ​ផ្សំ​ពី​ម្សៅ​នំ​ប៉័ង​ជា​ដើម ដែល​បង្កើន​សកម្មភាព​នៃ​ក្រពេញ​ខ្លាញ់​នៅ​ក្នុង​ស្បែក​។ បរិភោគ​អាហារ​​​ល្អ​នឹង​ជួយ​កា​ត់​បន្ថយ​កម្រិត​ដែល​ធ្វើ​ឲ្យ​ឡើង​ខ្លាញ់​លើ​ស្បែក​មុខ និង​ការ​រលាក​ផង​ដែរ។

៥. ផឹក​ទឹក​ឲ្យ​បាន​ច្រើន

​គន្លឹះ​ល្អ​បំផុត​ យ៉ាង​ហោច​ណាស់​ពី​៨​ទៅ១០​កែវ​ជា​រៀង​រាល់​ថ្ងៃ​​នឹង​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ​។ ​​ម្យ៉ាង​វិញ​ទៀត ផឹក​ទឹក​ក្រូច​ឆ្មា​ ល្អ​បំ​ផុត​សម្រាប់​អ្នក​មាន​បញ្ហា​ស្បែក​ខ្លាញ់ ព្រោះ​ក្រូច​ឆ្មា​ផ្ទុក​វីតាមីន C ​។ ​​​

​៦. ប្រើ​​ទឹក​ឃ្មុំ​លាបមុខ​ដើម្បី​លាង​បាក់​តេរី​

ទឹក​ឃ្មុំ​មាន​សមត្ថភាព​លាង​ជម្រះ​បាក់​តេរី និង​ប្រឆាំង​មេរោគ​បាន​ កុំ​ឲ្យ​ស្បែក​មាន​ជាតិ​ខ្លាញ់ ​និង​ផ្តល់​​សំណើម​ដល់​ស្បែក​​ផង​ដែរ។ អ្នក​​អាច​យក​ទឹក​ឃ្មុំ​សុទ្ធ​លាប​ចោល​លើ​មុខ​ប្រហែល​១០​ទៅ​១៥​នាទី ហើយ​លាង​ចេញ​ដោយ​ទឹក​ក្ដៅ​ ​អនុវត្ត​២​ដង​ក្នុង​មួយ​អាទិត្យ ​នោះ​មុខ​នឹង​លែង​មាន​ខ្លាញ់​ច្រើន​ទៀត​ហើយ។ ​​ ​​

៧. លាប​​​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​

​អ្នក​មាន​ស្បែក​ខ្លាញ់​ច្រើន​តែ​មិន​សូវ​ចង់​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ទេ ​ព្រោះ​ពេល​លាប​ទៅ​កាន់​តែ​ឃើញ​មុខ​រងើម​​លើស​ដើម។ ​អ្នក​គួរ​ជ្រើស​រើស​ប្រភេទ​ឡេ​ការពារ​ណា​សម្រាប់​ស្បែក​ខ្លាញ់ ​ដែល​មាន​ធាតុ​ផ្សំ​ Niacinamide ​ជួយ​ស្រូប​យក​ខ្លាញ់​ដែល​លើស​ពី​​ផ្ទៃ​​មុខ និង​រក្សា​ស្បែក​ឲ្យ​រលោង​៕

​ចុចអាន៖ ​​ កុំច្រលំ! ឡេការពារកម្តៅថ្ងៃមាន SPF ​កាន់តែខ្ពស់ កាន់តែយ៉ាប់យ៉ឺនដល់ស្បែក

ប្រភព៖ Boldsky ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម