មកដឹង គន្លឹះងាយៗកម្ចាត់ស្លាកស្នាមបានយ៉ាងមានប្រសិទ្ធភាព

  • 2019-06-12 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ធ្លាប់​ជាប់​ហេតុការណ៍​ផ្សេងៗ​ដោយ​ចៃ​ដន្យ​ដូច​ជា​ការ​មុត​ រលាក​ និង​សត្វ​ខាំ​ជា​ដើម​។​ ដែល​បាន​បន្សល់​ទុក​នូវ​ស្លាក់​ស្នាម​ក្រោយ​ពី​ជា​សះ​ស្បើយ​ ស្នាម​ទាំង​នេះ​ជួន​កាល​វា​ធ្វើ​ឲ្យ​យើង​មាន​កង្វល់​ក្នុង​ចិត្ត​ ព្រោះ​ពិបាក​ក្នុង​ការ​រក​វិធី​លុប​បំបាត់​វា​។​ ប៉ុន្តែ​រាល់​បញ្ហា​តែង​តែ​មាន​ដំណោះ​ស្រាយ​​ អ្នក​អាច​មក​សាក​រូបមន្ត​ដូច​ខាង​ក្រោម​ដើម្បី​ប្រើ​សម្រាប់​បំបាត់​ស្នាម​នៅ​ផ្ទះ​ដោយ​ខ្លួនឯង​បាន​៖

ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​ មាន​ផ្ទុក​នូវ​សារ​ធាតុ​ផ្ដល់​សំណើម​ធម្មជាតិ​ ហើយ​ជា​រឿយ​ៗ​វា​ត្រូវ​បាន​គេ​យក​ព្យាបាល​ស្នាម​។ ទឹក​ឃ្មុំ​អាច​ជួយ​ពន្លឿន​ការ​លូត​លាស់​ជាលិកា​ឡើង​វិញ​ ការពារ​កុំ​ឲ្យ​លើស​ជាតិ​ខូឡាជេន​ និង​ជម្រុះ​កោសិកា​ចាស់​។​ វិធី​ងាយ​ៗ​គឺ​យ​ វា​មក​លាប​លើ​ស្នាម​ ហើយ​ទុក​ចោល​ប្រហែល​១ម៉ោង​ រួច​លាង​ទឹក​ចេញ​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​។​ ធ្វើ​បែប​នេះ​មួយ​ថ្ងៃ​ពី​ពីរ​ដង​ នោះ​អាច​ជួយ​ឲ្យ​ស្នាម​អ្នក​រលុប​បាត់​បាន​។

ប័រ​កាកាវ

ប័រ​កា​កាវ​ គឺ​ជា​វិធី​ដ៏​ពូកែ​ក្នុង​ការ​បំបាត់​ស្លាក​ស្នាម​។​ វា​ជា​សារធាតុ​សំណើម​ពី​ធម្មជាតិ​ ដែល​អាច​ផ្ដល់​សំណើម​បាន​ជ្រៅ​ចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​។​ វា​សម្បូរ​វីតាមីន​ E ដែល​ជួយ​ដល់​ការ​បណ្ដុះ​កោសិកា​ស្បែក​។​ ដោយ​គ្រាន់​តែ​យក​ប័រ​កាកាវ​មួយ​ស្លាប​ព្រា​ មក​ម៉ាស្សា​លើ​ស្នាម​ ហើយ​ទុក​ឲ្យ​វា​ជ្រាប​ចូល​ក្នុង​ស្បែក​ជា​ការ​ស្រេច​។​ ធ្វើ​បែប​នេះ​ឲ្យ​បាន​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​។​

ទឹក​ក្រូច​ឆ្មា

ទឹក​ក្រូច​ឆ្មារ​មាន​ផ្ទុក​នូវ​វីតាមីន​ C ដែល​ជា​គ្រឿង​ផ្សំ​ដ៏​ល្អ​សម្រាប់​ផលិត​បំបាត់​ស្លាក​ស្នាម​។​ វា​ជួយ​ជម្រុះ​កោសិកា​ចាស់​ៗ​ បណ្ដុះ​ និង​ជួស​ជុល​កោសិកា​ស្បែក​ដែល​ខូច​ឲ្យ​ល្អ​ឡើង​វិញ​។ លាប​ទឹក​ក្រូច​ឆ្មារ​ស្រស់​ៗ​លើ​ស្នាម​ ហើយ​ទុក​ឲ្យ​ស្ងួត​ប្រមាណ​ ១០ នាទី​ រួច​លាង​ទឹក​ចេញ​។​ ធ្វើ​បែប​នេះ​មួយ​ថ្ងៃ​ពីរ​ដង​ រហូត​ដល់​ស្នាម​រលុប​អស់​។​

វីតាមីន​ E

វីតាមីន​ E គឺ​ជា​អង់​ទី​អុក​ស៊ីត​ដ៏​មាន​ប្រសិទ្ធ​ភាព​ ហើយ​វា​មាន​ធាតុ​ផ្សំ​ដែល​ផ្ដល់​សំណើម​ខ្លាំង​ក្នុង​ការ​ចិញ្ចឹម​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ឡើង​វិញ​។​ ដោយ​គ្រាន់​តែ​យក​ប្រេង​វីតាមីន​ E មក​លាប​លើ​ស្នាម​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ នោះ​អ្នក​នឹង​ឃើញ​លទ្ធ​ផល​។

ប្រេង​ដូង

ប្រេង​ដូង​ អាច​ជំរុញ​ការ​ផលិត​ខូឡាជេន​ និង​ពន្លឿន​ការ​ព្យាបាល​របួស​។​ ងាយ​ៗ​ដោយ​យក​ប្រេង​ដូង​មក​លាប​លើ​ស្នាម​ ហើយ​ម៉ាស្សា​ឲ្យ​ចូល​ស្បែក​។​ ធ្វើ​បែប​នេះ​រាល់​ថ្ងៃ​ពីរ​ទៅ​បី​ដង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​។​

ប្រសិន​បើ​អ្នក​ចង់​ប្រើ​ផលិត​ផល​ដែល​ងាយ​​ អ្នក​អាច​ប្រើ​ជេល​បំបាត់​ស្នាម​បាន​។​ វា​ជួយ​កាត់​បន្ថយ​ស្នាម​បាន​រហ័ស​ និង​រក​បាន​នៅ​គ្រប់​ឱសថ​ស្ថាន​នានា​ក្នុង​ប្រទេស​កម្ពុជា​។​

ចុច​ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​បុក​​ និង​រៀន​បន្ថែម​ទាក់​ទង​នឹង​​របៀប​ព្យាបាល​មុន​ និង​ស្នាម​​៕

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម