មកដឹងជោគជតាស្នេហា តាមរយៈខ្សែអាពាហ៍ពិពាហ៍លើបាតដៃមនុស្សម្នាក់ៗ

  • 2019-06-10 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្សែ​អាពាហ៍ពិពាហ៍​ ឬ​ខ្សែ​ស្នេហា​នៅ​លើ​បាត​ដៃ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​អាពាហ៍ពិពាហ៍ ចំណង​ស្នេហា ​​ចំនួន​​ដង​នៃ​ការ​រៀបការ ក៏​ដូច​ជា​ឥរិយាបទ​របស់​មនុស្ស​ម្នាក់​ៗ​លើ​រឿង​ស្នេហា។

វា​មាន​ទីតាំង​ស្ថិត​នៅ​ពី​ក្រោម​កូន​ដៃ និង​នៅ​ពី​លើ​ខ្សែ​បេះដូង។ ប្រវែង ទ្រង់ទ្រាយ​​របស់​ខ្សែ​អាពាហ៍ពិពាហ៍​នេះ​មាន​លក្ខណៈ​ខុសៗ​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ ​អ៊ីចឹង​ទាញ​​បាត​ដៃ​ស្ដាំ​របស់​អ្នក​មក​មើល​ទាំង​អស់​គ្នា ថា​តើ​ត្រូវ​បាន​ប៉ុន្មាន​%?

ប្រវែង

ត្រង់វែង៖ រូប​ទី១

កាល​ណា​ខ្សែ​នេះ​មាន​ប្រវែង​វែង​​គឺ​បង្ហាញ​ពី​ស្នេហា​ស៊ី​ជម្រៅ​និង​យូរ​អង្វែង។ វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​ខ្លាំង ​ទន់ភ្លន់ ​និង​មាន​គ្រួសារ​ដ៏​រីករាយ​មួយ។ ជាង​នេះ​ទៅ​ទៀត បើ​អ្នក​មាន​ខ្សែ​អាពាហ៍ពិពាហ៍​តែ​មួយ​ដែល​វែង​ហើយ​ស្នាម​ជ្រៅ​នោះ បាន​ន័យ​ថា អ្នក​មិន​ត្រឹម​តែ​អាច​រីករាយ​ជាមួយ​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​មាន​សុភមង្គល​មួយ​មុខ​នោះ​ទេ ថែម​ទាំង​អាច​សម្រេច​​ជោគជ័យ​ក្នុង​អាជីព​ក្រោយ​រៀបការ​រួច​ទៀត​ផង។

ខ្លី៖ រូប​ទី២

បើ​អ្នក​មាន​ខ្សែ​នេះ​ខ្លី​ បង្ហាញ​ថា​អ្នក​មិន​សូវ​មាន​អារម្មណ៍​ត្រេក​ត្រអាល​ជាមួយ​មនុស្ស​ផ្ទុយ​ភេទ​ខ្លាំង​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ បើ​ខ្សែ​នោះ​រាក់ ឬ​​លេច​ឡើង​មិន​សូវ​ច្បាស់ អ្នក​គឺ​ជា​មនុស្ស​ដែល​មិន​សូវ​មាន​ភាព​អត់​ធ្មត់​ក្នុង​ការ​តាម​សុំ​ស្រលាញ់​មនុស្ស​ផ្ទុយ​ភេទ ហើយ​ក៏​​មិន​ងាយ​ស្រលាញ់​ងប់​ងល់​ដែរ ទោះ​បី​កំពុង​ស្រលាញ់​គ្នា​ក៏​ដោយ។ ភាគ​ច្រើន​នៃ​អ្នក​ដែល​មាន​ខ្សែ​ដូច​​រូប​ទី​២​នេះ ច្រើន​តែ​រៀបការ​នៅ​អាយុ​ច្រើន។

ភាព​កោង

កោង​ចុះ​ក្រោម៖ រូប​ទី​៣

បើ​ខ្សែ​អាពាហ៍ពិពាហ៍​របស់​អ្នក​កោង​ចុះ​ក្រោម​បែប​នេះ គឺ​ជា​សញ្ញា​មិន​ល្អ​ទេ។ វា​បង្ហាញ​ថា​ដៃ​គូ​របស់​អ្នក​អាច​នឹង​ស្លាប់​លឿន​ជាង​អ្នក។ ម្យ៉ាង​វិញ​ទៀត បើ​ខ្សែ​នោះ​ស្រាប់​តែ​ប្ដូរ​ជា​កោង​ចុះ​ក្រោម​ភ្លាមៗ នោះ បាន​ន័យ​ថា​ដៃ​គូ​របស់​អ្នក​អាច​នឹង​​ជួប​គ្រោះ​ថ្នាក់​ដល់​បាត់​បង់​ជីវិត។ បន្ថែម​ជាង​នេះ បើ​វា​កោង​ចុះ​ក្រោម​រហូត​ដល់​ខ្សែ​បេះដូង​ដែល​នៅ​ខាង​ក្រោម​វា​នោះ ​វា​បង្ហាញ​​ពី​ភាព​រកាំរកូស​ក្នុង​ជីវិត​ក្រោយ​រៀបការ និង​​ឧស្សាហ៍​មាន​​ជម្លោះ​ជាមួយ​ដៃ​គូ។ ហេតុ​នេះ ការ​លែងលះ​អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ។

កោង​ឡើង​លើ៖ រូប​ទី៤

បើ​ខ្សែ​នេះ​កោង​ឡើង​លើ បង្ហាញ​​ពី​ជីវិត​ស្នេហា​ស្ថិតស្ថេរ និង​ចុះ​សម្រុង​គ្នា។ អ្នក​មិន​​មាន​​ចិត្ត​ភ័យ​ព្រួយ​ពី​រឿង​ប្រាក់​កាក់ និង​អាច​ក្លាយ​ជា​អ្នក​មាន​​ក្រោយ​រៀបការ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ អ្នក​​អាច​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​ចុះ​សម្រុង​ល្អ ​​ដោយ​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល។ កាល​ណា​ខ្សែ​កាន់​តែ​កោង​ឡើង​លើ ជីវិត​ស្នេហា​របស់​អ្នក​នឹង​កាន់​តែ​រីករាយ​ទៅ​តាម​នោះ​ដែរ៕

ចុចអាន៖ មកដឹងអត្តចរិតមនុស្សស្រីកើតថ្ងៃនីមួយៗ និងគូព្រេងដែលរស់នៅជាមួយគ្នាកើតមាសកើតប្រាក់

ប្រភព៖ yourchineseastrology ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម