បន្ថែមមន្តស្នេហ៍ឲ្យខ្លួនឯងរាល់ថ្ងៃ តាមគន្លឹះសំខាន់ៗទាំងនេះ

  • 2019-06-07 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​​ចាំ​​បាច់​​ទៅ​​រក​​គ្រូ​​ស្នេហ៍​​​​​​​​​​​​​ឯណា​​​​ឆ្ងាយ​​​​​​នាំ​​ពិបាក​​ទេ មន្ត​ស្នេហ៍​ ភាព​​ស្រស់​ស្អាត​​ ភាព​ទាក់​​ទាញ​ទាំង​ឡាយ ​​កើត​​​ចេញ​​ពី​​​ខ្លួន​អ្នក​​ហ្នឹង​​ហើយ​​​។ ​​​​​​របស់​​​​​​អស់​​ទាំង​នោះ​ទៀត​​សោត ​អាច​​យក​មក​បាន មិន​មែន​​​អាស្រ័យ​​លើ​​រូប​​សម្រស់​​​ខាង​ក្រៅ​​​ជា​​​​​ចម្បង​ឡើយ ​ប៉ុន្តែ​​ត្រូវ​​​​ដឹង​​គន្លឹះ​សំខាន់​ៗ​​​ ​ហើយ​​​ព្យាយាម​ធ្វើ​​ជា​​ប្រចាំ​​ផង ទើប​​មាន​​​ប្រសិទ្ធភាព​។

​​​​រៀប​​ចំ​​ខ្លួន​ឲ្យ​មាន​​របៀប​​រៀប​រយ

  • ​​​សក់៖ ​ជ្រើស​​រើស​​​ម៉ូដ​​​សក់​​​ដែល​​ស័ក្តិសម​នឹង​​ទម្រង់​​​របស់​អ្នក កុំ​ឃើញ​​គេ​​កាត់​ស្អាត​​ទៅ​ធ្វើ​​​​​តាម​នោះ ត្រូវ​​ដឹង​​​ថា​​ស្ទីល​ណា​​សម​​នឹង​​​​ខ្លួន​ឯង ទើប​​មើល​ទៅ​​មិន​​ឆ្គង​។​

  • ​​​មុខ៖ ​រៀន​​តុប​តែង​​ខ្លះ ទោះ​​មិន​​​​​ចូល​ចិត្ត​ការ​ផាត់​មុខ​ក្រាស់​​ៗ​ ​ក៏​គួរ​​សាក​​​​​​​ផាត់​បែប​​ធម្មជាតិ​​​ដែរ​ ដើម្បី​​បង្កើន​ទំនុក​​ចិត្ត​​​​​​​ទ្វេ​ដង​។

  • ​ដង​​​ខ្លួន៖ ​​ស្លៀក​​សម្លៀក​បំពាក់​​ឲ្យ​បាន​​សម​​សួន តាម​កាលៈទេសៈ ជៀស​​វាង​មើល​​ទៅ​ភ្លាវ​​ខុស​គេ។

  • ស្បែក​៖ ​​ថែក្សា​​​ឲ្យ​មាន​​​សភាព​ទន់​​ស្អាត មាន​អនាម័យ ហើយ​​កុំ​ភ្លេច​​លាប​​ឡេ​ការពារ​​កម្តៅ​​ថ្ងៃ​ផង ដើម្បី​​ជួយ​ឲ្យ​​ស្បែក​​ភ្លឺ​ថ្លា មិន​​ស្រអាប់​​និង​មាន​​សុខភាព​ល្អ​។

  • ​​​ក្រចក៖ ​​មិន​គួរ​ទុក​​វែង​ពេក​ទេ ​​ឧស្សាហ៍​​​​តម្រឹម​ឲ្យ​​ស្អាត​ផង​ ដើម្បី​​អនាម័យ​ មិន​ឲ្យ​មេរោគ​​មក​ទុំ​ជាប់​​ក្នុង​​ក្រចក​។

ស្អាត​​ពី​​ខាង​ក្នុង​​ចេញ​​មក​ក្រៅ

​​​​​ការពារ​​កុំ​​គេ​ដៀល​​ថា​​ស្អាត​តែ​រូប​​ខាង​ក្រៅ ដូច្នេះ​​ត្រូវ​​ថែរក្សា​​​សុខភាព​ឲ្យ​បាន​​ល្អ ដើម្បី​ឲ្យ​រាងកាយ​​រឹង​​មាំ មិន​​ងាយ​​ឈឺ​​។ ញ៉ាំ​អាហារ​​​ដែល​​​​ផ្តល់​​​ប្រយោជន៍​​​ចំពោះ​​​​រាង​កាយ​ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ធ្វើ​​លំហាត់​​ប្រាណ​​​ទើប​​ទទួល​​​បាន​ទាំង​​សុខភាព​និង​សម្រស់​​​​ស្រស់​​​ស្អាត​​​​​​ចេញ​​ពី​ខាង​​​ក្នុង​។

ញញឹម​ឲ្យ​បាន​​ច្រើន

​គ្មាន​អ្វី​​អាច​ធ្វើ​​​ឲ្យ​នារី​​ស្រស់​សោភា​​​​ច្រើន​ជាង​​ការ​​ញញឹម​​​នោះ​ទេ។ ខំ​​ប្រឹង​​ធ្វើ​​​ខ្លួន ផាត់​​ម្សៅ​​កម្រាស់​ណា​​ក៏​មើល​ទៅ​​សោះ​​កក្រោះ​​​គ្មាន​ជាតិ​​ដែរ បើ​​​អ្នក​​ធ្វើ​​ទឹក​​ក្រញូវ​មិន​ស្រស់បស់​។ ញញឹម​​​​​ឲ្យ​បាន​​ច្រើន​ទៅ​មិន​ទាស់​​ខុស​អី​ទេ មាន​តែ​ជួយ​​ឲ្យ​អ្នក​​សប្បាយ​​ចិត្ត​ និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំ​វិញ​​ខ្លួន​​​​។​​​

​មាន​ទំនុក​​ចិត្ត​​​​ខ្ពស់​​លើ​​ខ្លួនឯង

នេះ​​ជា​​ចំណុច​​ដែល​​នារី​​​គ្រប់​​រូប​​មិន​អាច​​ខ្វះ​​​​បាន​​។ ​​ការ​​មាន​​​​ទំនុក​​ចិត្ត​​​ចំពោះ​​ខ្លួន​ឯង មិន​មែន​​​មាន​ន័យ​ថា​អ្នក​ត្រូវ​​បង្ហាញ​​​ពី​ភាព​​ក្រអឺតក្រទម​​​ឆ្មើង​​ឆ្មៃ​​នោះ​​ទេ​​ ប៉ុន្តែ​​ត្រូវ​​​​​បង្ហាញ​​ពី​ការ​ជឿជាក់ ភាព​​​ក្លាហាន ​​ចេះ​​​ស្តាប់​​ពី​​គំនិត​​​យោបល់​អ្នក​​ដទៃ យក​​ចំណុច​​​​​ល្អ​ទុក​​​ក្នុង​​ចិត្ត​ ដើម្បី​​​អភិវឌ្ឍន៍​​ខ្លួន​ឲ្យ​​រីក​​ចម្រើន​ទៅ​មុខ​។

​​​​​​​​​​​​​​​មាន​​សមត្ថភាព​អាច​​ធ្វើ​​​កិច្ចការ​ផ្សេងៗ​​បាន​​​ដោយ​​​ខ្លួន​ឯង

​​​​​ក្នុង​​សង្គម​​ទំនើប មនុស្ស​​​ស្រី​​​គួរ​មាន​ជំហរ​រឹងប៉ឹង​​ មាន​​សមត្ថភាព​​​គ្រប់​គ្រាន់ ក្នុង​ការ​​​សម្រេច​កិច្ចការ​​​តូច​​ធំ​​​បាន​​យ៉ាង​​រលូន​​​ ដោយ​​​ខ្លួន​ឯង​​​​​។ ​មនុស្ស​​ស្រី​​ប្រភេទ​​នេះ​​ហើយ ​ដែល​​​​​មាន​ភាព​ទាក់​ទាញ គួរ​ឲ្យ​​ចាប់​អារម្មណ៍​​​បំផុត​។

មាន​ទឹក​​ចិត្ត​ល្អ

​​​​​​មាន​ទឹក​​ចិត្ត​ល្អ ចេះ​គោរព​​ស្រលាញ់ ឲ្យ​​តម្លៃ​​​អ្វីៗ​​នៅជុំវិញ​​ខ្លួន​​។ ក្តី​​ស្រលាញ់​​ ​បេះដូង​​​បរិសុទ្ធ​​ ទង្វើ​​​​​ប្រកប​​​ដោយ​គុណធម៌​​ទាំង​​​ប៉ុន្មាន​ ​នឹង​ក្លាយ​ជា​​​ទ្រព្យ​​​ប្រចាំ​​ខ្លួន​​ដ៏​​មាន​​តម្លៃ និង​ជា​គំរូ​ល្អ​​សម្រាប់​​គ្រប់​​​គ្នា​​ផង​​​ដែរ​។

ចាំ​​អី​ទៀត? ចាប់​​​ផ្តើម​​ពី​​នេះ​​​ទៅ ​​ធ្វើ​​ខ្លួន​​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ ​​គេ​​ឯង​​​គោរព​​​ស្រលាញ់ ទោះ​ជា​​អ្នក​ទៅ​​​ដល់​ទី​ណា​​ ក៏​​​គ្មាន​ថ្ងៃ​​បំភ្លេច​​បាន​ដែរ​៕​​​

ចុចអានបន្ត៖

ប្រភព៖ sistacafe ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម