មិត្តប្រុសច្បាស់ជាស្រលាញ់អ្នកខ្លាំងមិនប្រែប្រួល បើមនុស្សស្រីមានចំណុចទាំងនេះ

  • 2019-05-16 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ផ្តើម​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ម្នាក់ តែង​តែ​ធ្វើ​មនុស្ស​ស្រី​មាន​​អារម្មណ៍​សប្បាយ​រីក​រាយ ​និង​កក់​ក្តៅ​ក្នុង​ជីវិត។ ​តែ​ពេល​ខ្លះ ​ពួក​គេ​បារម្ភ​ថា តើ​គួរ​​​ធ្វើ​យ៉ាង​ណា ​ឲ្យ​មិត្ត​ប្រុស​កាន់​តែ​ស្រលាញ់​ខ្លាំង និង​មាន​មោទកភាព​ ក្នុង​នាម​ជា​សង្សារ​នឹង​គ្នា​នោះ​។

១. ជា​មិត្ត​ស្រី​​ ដែល​គាត់​ចង់​ដឹង​កាន់​តែ​ខ្លាំង​ពី​អ្នក​

​​ក្នុង​ចំណង​ស្នេហ៍ ​អ្នក​គួរ​ធ្វើ​ជា​មិត្ត​ស្រី​ដែល​មិត្ត​ប្រុស​ចង់​សិក្សា ស្វែង​យល់​ច្រើន​ពី​អ្នក ទើប​​ជា​​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ​ចំណុច​នេះ ​ មិន​មែន​មាន​ន័យ​ថា ឲ្យ​អ្នក​ត្រូវ​លាក់​​គ្រប់​រឿង​​មិន​ឲ្យ​គាត់​ដឹង​នោះ​ទេ តែ​អ្នក​ក៏​គួរ​មាន​អ្វី​ពិសេស​និង​អាថ៌កំបាំង ដែល​ធ្វើ​ឲ្យ​គាត់​ចង់​ដឹង​ពី​ជីវិត​រស់​នៅ​របស់​អ្នក​កាន់​តែ​ខ្លាំង។ ឧទាហរណ៍​ដូច​ជា ​អ្នក​មិន​ដែល​ប្រាប់​គាត់​ថា អ្នក​ចេះ​លេង​ហ្គី​តា​ឡើយ ​តែ​នៅ​ពេល​មាន​ពិធី​ជប់​លៀង​ អ្នក​បង្ហាញ​សមត្ថភាព​លេង​ហ្គីតា​យ៉ាង​រស់​រវើក​ ធ្វើ​ឲ្យ​គាត់​មើល​អ្នក​ឡើង​ភ្លឹក និង​សរសើរ​អ្នក​មិន​ដាច់​ពី​មាត់​។

២. ឲ្យ​គាត់​មាន​អារម្មណ៍​ថា ​អ្នក​មាន​តម្លៃ​​ខ្លាំង​​

​​អ្នក​ជា​មនុស្ស​ចង់​ចេះ​ ​ចង់​ដឹង​ ចង់​រៀន​អ្វី​​ថ្មី​ៗ ​ដែល​មិន​សូវ​ទុក​ពេល​វេលា​ឲ្យ​កន្លង​ហួស​ទៅ ​ឥត​ប្រយោជន៍​នោះ​ទេ។ ​អ្នក​សាក​គិត​មើល​ថា ​បើ​សុខ​ៗ ស្រាប់​តែ​អ្នក​​ជាប់​លេខ​១ ​ក្នុង​ថ្នាក់ ​​ឬ​ ជាប់​អាហារូបករណ៍​ ឬ​អាច​ថា ​​ឡើង​តំណែង​ក្នុង​ការងារ​ជា​ដើម ​តើ​ចំណុច​​​ទាំង​នេះ ​មិន​បង្ហាញ​ថា​អ្នក​មនុស្ស​ស្រី​ខ្លាំង​ទេ​អី។ ​ដូច្នេះ ​មនុស្ស​ប្រុស​ក៏​ឲ្យ​តម្លៃ​អ្នក​​ផង​ដែរ ​នៅ​ពេល​​អ្នក​បាន​បង្កើត​សមិទ្ធផល​ល្អ​មួយ​សម្រាប់​ខ្លួន​ឯង។ ​ ​

៣. ជា Fan ផ្គាប់​មុខ​សម្រាប់​គាត់​លុះ​ក្ស័យ

មិន​ដឹង​ជា​មិត្ត​ប្រុស​អ្នក​ស្រលាញ់​អ្នក​ខ្លាំង​កម្រិត​ណា​ទៅ ​បើ​អ្នក​ធ្វើ​បាន​នូវ​ចំណុច​នេះ។ ​​នៅ​ពេល​គាត់​បាក់​ទឹក​ចិត្ត ​មិន​សប្បាយ​ ​ឬ​ជួប​បញ្ហា​​ ​អ្នក​តែង​ជា​មនុស្ស​​ដែល​លើក​ទឹក​ចិត្ត ​ផ្ដល់​ស្នាម​ញញឹម ​និង​កំប្លុក​កំប្លែង​ឲ្យ​គាត់​​ញញឹម​ឡើង។ ធ្វើ​ជា​អ្នក​ Fan ​ម្នាក់​ដែល​មិន​ផ្លាស់​ប្ដូរ ​គឺ​គាំ​ទ្រ​គាត់​ និង​សរសើរ​គាត់​នៅ​ពេល​គាត់​ធ្វើ​បាន​ល្អ ​ហើយ​លើក​ទឹក​ចិត្ត​គាត់​នៅ​ពេល​គាត់​ជួប​រឿង​បរាជ័យ។ មិន​មែន​ចាំ​តែ​ស្តី​បន្ទោស ហើយ​កែ​ប្រែ​គាត់​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ ​តាម​តែ​ចិត្ត​អ្នក​ដោយ​គ្មាន​សួរ​ចិត្ត​គាត់​បន្តិច​នោះ​ទេ។

៤. ក្លាយ​ជា​មនុស្ស​សំខាន់​ ក្នុង​សមាជិក​គ្រួសារ​គាត់

​ចំណុច​នេះ​អាច​ថា​ ​ជា​រឿង​លំបាក​បន្តិច តែ​សុភាព​នារី​ទាំង​អស់​មិន​ត្រូវ​រំលង ​ឬ​មិន​អាច​ទៅ​ដល់​ចំណុច​នេះ​បាន​ឡើយ។ កុំ​ធ្វើ​ជា​មនុស្ស ដែល​គាត់​ត្រូវ​ជ្រើស​រើស ​រវាង​ ស្នេហា ​និង​​ ម្ដាយ​ របស់​គាត់ ព្រោះ​បើ​ដល់​ដំណាក់​កាល​នេះ​ហើយ ​មាន​ន័យ​ថា ​ស្នេហា​អ្នក​មិន​រលូន​នោះ​ទេ។ ថ្វី​បើ​អ្នក​ឃើញ​ថា ​មិត្ត​ប្រុស​ជា​មនុស្ស​ស្ដាប់​សំដី​ម្តាយ​ខ្លាំង ​​ហើយ​អ្នក​មិន​ចូល​ចិត្ត ​បន្ទាប់​មក​អ្នក​សម្តែង​អាកប្បកិរិយា​មិន​ថ្លៃ​ថ្នូរ នោះ​ជា​អ្វី​ដែល​គាត់​នឹង​ពិចារណា​មិន​ខាន។ ​ ស៊ូ​ធ្វើ​ជា​​សង្សារ ​ដែល​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​គ្រូសារ​មិត្ត​ប្រុស​ ដែល​សាច់​ញាតិ​គាត់​គ្រប់​គ្នា សុទ្ធ​តែ​ស្រលាញ់​និង​គាំ​ទ្រ​គាត់​ឲ្យ​ស្រលាញ់​អ្នក ទើប​ធ្វើ​ឲ្យ​មិត្ត​ប្រុស​កាន់​តែ​​ពេញ​ចិត្ត​អ្នក​ខ្លាំង។​​ ​

​៥. ទំនុក​ចិត្ត​ខ្ពស់

ធ្វើ​​ជា​មនុស្ស​ស្រី​សម័យ​ទំនើប ​ដែល​មាន​ភាព​ឯក​រាជ្យ ​និង​ទំនុក​ចិត្ត ​ដែល​គ្មាន​អ្នក​ណា​មើល​ងាយ​បាន។ ​បើ​អ្នក​មាន​ភាព​ច្បាស់​លាស់​ឲ្យ​ខ្លួន​ឯង មើល​ទៅ​ម៉ត់​ចត់ ​និង​មិន​រញ៉េរញ៉ៃ​ច្រើន ​នេះ​ជា​មន្ត​ស្នេហ៍​សម្ងាត់ ​ដែល​បុរស​ណា​ក៏​​ស្ងប់​ស្ងែង​អ្នក​ដែរ។

៦. បង្ហាញ​គាត់​​ឲ្យ​ដឹង​ថា ​មិត្ត​ប្រុស​ជា​មនុស្ស​ទី​មួយ​ក្នុង​កែវ​ភ្នែក​របស់​អ្នក

​មិត្ត​ប្រុស​​អ្នក​នឹង​មាន​​អារម្មណ៍​កក់​ក្តៅ ​ហើយ​រឹត​តែ​ស្រលាញ់​អ្នក​ខ្លាំង ​មិន​ប្រែ​ប្រួល​នៅ​ពេល​អ្នក​ផ្តល់​តម្លៃ​ថា ​គាត់​ពិត​ជា​មនុស្ស​សំខាន់​ក្នុង​កែវ​ភ្នែក​របស់​អ្នក​មែន។ ​អ្នក​ត្រូវ​​បង្ហាញ​ឲ្យ​គាត់​ឃើញ​ថា ​រាល់​ការ​ខំ​ប្រឹង​របស់​អ្នក ​គឺ​មូល​ហេតុ​ចំបង​​ដោយ​សារ​វត្តមាន​របស់​គាត់ ​គិត​អ្វី ​ធ្វើ​អ្វី គឺ​អ្នក​ធ្វើ​ដើម្បី​គាត់ ​និង​អនាគត​រួម​គ្នា​ទៅ​ថ្ងៃ​មុខ។

៧. មិន​បំបាក់​មុខ​មិត្ត​ប្រុស​

មាន​មិត្ត​ស្រី​ជា​មនុស្ស​ស្អាត ​អាច​ថា​នេះ​ជា​រឿង​មោទកភាព​មួយ​សម្រាប់​មនុស្ស​ប្រុស។ ​​មនុស្ស​ប្រុស​ចូល​ចិត្ត​បង្អាប់​គ្នា​លេង​ណាស់ ​រឿង​សម្រស់​​សង្សារ​របស់​មិត្ត​ភិក្កិ​ពួក​គេ។ ​បើ​អ្នក​ចេញ​ក្រៅ​ម្ដង​ៗ ​តែង​ខ្លួន​បាន​សម​រម្យ ​ស្រស់​ស្អាត ​នេះ​អាច​បញ្ជាក់​បាន​ថា ​អ្នក​បាន​ផ្ដល់​កិត្តិយស​ឲ្យ​គាត់ និង​ខ្លួន​​ឯង​ដែរ ព្រោះ​អ្នក​មិន​បំបាក់​មុខ​គាត់​ចំពោះ​មនុស្ស​ជា​ច្រើន។ ​លើស​ពី​នេះ ​តែង​ខ្លួន​ស្អាត​សម​រម្យ ​ត្រូវ​កា​លៈ​ទេ​សៈ ​ក៏​ជា​ផ្នែក​មួយ​ឲ្យ​គាត់​ឃើញ​អ្នក​ស្អាត ​ក្នុង​កែវ​ភ្នែក​គាត់ ​ដែល​ធ្វើ​ឲ្យ​មិត្ត​ប្រុស​មិន​អាច​សម្លឹង​នារី​ផ្សេង​បាន​ ក្រៅ​​ពី​អ្នក​នោះ​ទេ។ តែ​បើ​អ្នក​ចេញ​ក្រៅ​ម្ដង​ៗ ​មិន​ខ្វល់​ពី​ការ​តែង​ខ្លួន ​សក់​ក្បាល​កន្ត្រឺង ក្លិន​ខ្លួន​ស្អុយ​ងោង គិត​ទៅ​មើល​ថា ​មិត្ត​ប្រុស​អ្នក​នៅ​ចាប់​អារម្មណ៍​នឹង​អ្នក​ទៀ​ត​អត់? ​

ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម