ប្រយ័ត្ន! អ្នកចូលចិត្តគេងទាំងសក់សើមដូចនាំជំងឺដាក់ខ្លួនឥតអំពើ

  • 2019-05-09 09:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​មាន​គ្នា​យើង​ច្រើន​នាក់​ដែល​ទម្លាប់​កក់​សក់​ពេល​យប់ ហើយ​ចូល​គេង​ទាំង​សក់​មិន​ទាន់​ស្ងួត។ ការ​ធ្វើ​​បែប​នេះ​មិន​ល្អ​ឡើយ ព្រោះ​ក្រៅ​ពី​ធ្វើ​ឱ្យ​ខ្នើយ​ផ្អូម​ផ្អួរ​ហើយនោះ វា​អាច​បណ្ដាល​ឱ្យ​កើត​ជា​ជំងឺ​ផ្សេងៗ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៀត។

ឧស្សាហ៍​ឈឺ​ក្បាល

អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ការ​គេង​ទាំង​សក់​សើម​នឹង​ក្លាយ​ជា​​ដើម​ហេតុ​​មួយ​ដែល​នាំ​ឱ្យ​អ្នក​ឧស្សាហ៍​ឈឺក្បាល​ដោយ​គ្មាន​មូលហេតុ។ ដោយ​សារ​តែ​សក់​សើម​នឹង​ធ្វើ​ឱ្យ​សំណើម​នៅ​លើ​ស្បែក​ក្បាល​ឡើង​កាន់​តែ​ខ្លាំង ខណៈ​រាងកាយ​ត្រូវ​បន្ថយ​កម្ដៅ​​​ខ្លះ​ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​ខ្លួន​និង​ក្នុង​បន្ទប់​គេង​ដែល​ត្រូវ​ចុះ​ត្រជាក់​នៅ​ពេល​យប់ ឬ​ពេល​ប្រើ​ម៉ាស៊ីន​ត្រជាក់​ក្នុង​បន្ទប់។

កើត​រោគ​រលាក​ស្បែក​ក្បាល

មិន​ត្រឹម​បណ្ដាល​ឱ្យ​ឈឺ​ក្បាល​​ធម្មតា​មួយ​មុខ​​ទេ ទម្លាប់​អាក្រក់​នឹង​បង្ក​ឱ្យ​ទៅ​ជា​ការ​ឈឺ​ក្បាល​ប្រកាំង ឬ​ឈឺ​ក្បាល​រ៉ាំរ៉ៃ រហូត​ឈាន​ទៅ​ដល់​ការ​រលាក​ស្បែក​ក្បាល​រ៉ាំរ៉ៃ​ទៀត​ផង។ ដំណាក់​កាល​ដំបូង វា​អាច​នាំ​ឱ្យ​មាន​អាការៈ​រមាស់ ​ស្បែក​ក្បាល​ទៅ​ជា​ស្ពឹក​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ធ្ងន់ក្បាល។ ការ​បន្ត​បែប​​នេះ​យូរ​ ស្បែក​ក្បាល​នឹង​ឡើង​ក្រាស់​និង​គ្រើម​​ជាង​មុន​ ឬ​ឈាន​ដល់​ហើម​រលាក។ ​​​

សក់​ជ្រុះ​រមាស់​ស្បែក​ក្បាល

ការ​គេង​ដល់​ទុក​សក់​សើម​រាប់​អាទិត្យ ​រាប់​ខែ​នឹង​បណ្ដាល​ឱ្យ​ឫស​សក់​ទៅ​ជា​​​ខូច លែង​រឹង​មាំ​ដូច​មុន។ កាល​ណា​ឫស​សក់​ខូច​ហើយ វា​នឹង​ធ្វើ​ឱ្យ​ជ្រុះមក​ទាំង​ដៃៗ ហើយ​ជាតិ​ទឹក​ដែល​នៅ​ដក់​ជាប់​លើ​ស្បែក​ក្បាល​បណ្ដាល​ឱ្យ​រមាស់​ឬ​ឡើង​កន្ទួល ឬ​យូរ​ទៅ​អាច​បង្ក​ជា​កម​រមាស់​ទៀត​ផង។

សក់​ស្អិត​ជំពាក់​ ពិបាក​សិត

កម្រិត​ pH លើ​ស្បែក​ក្បាល​នឹង​មិន​អាច​គ្រប់​គ្រង​បាន​ល្អ​ឡើយ បើ​អ្នក​នៅ​តែ​ចូល​គេង​ដោយ​សក់​ទទឹក​បែប​នេះ។ អាច​សង្កេត​មើល ពេល​គេង​ទាំង​សក់​សើម ក្រោក​ឡើង​នៅ​ព្រឹក​ស្អែក​សក់​នឹង​ឡើង​រឹង ជំពាក់​ពិបាក​សិត​ណាស់ ហើយ​ក្លិន​ក៏​ផ្អួរ​ដែរ។ ​

ក្រៅ​ពី​ការ​គេង​ទាំង​មិន​ទាន់​ស្ងួត​នេះ​ គ្នា​យើង​ក៏​ប្រហែល​ធ្វើ​កំហុស​ឆ្គង​មួយ​ចំនួន​ទៀត​ដែល​បណ្ដាល​ឱ្យ​សក់​ឆាប់​ខូច បាត់​បង់​សំណើម ឬ​លែង​ស្រស់​ស្អាត​ដូច​មុន ដូច​ជា៖

-សិត​សក់​ពេល​មិន​ទាន់​ស្ងួត៖ ធ្វើ​ឱ្យ​សក់​ទៅ​ជា​យឺត ឬ​ផុយ​ ងាយ​ជ្រុះ​មក​តាម​ធ្មេញ​ក្រាស់។ ប៉ុន្តែ​អាច​ប្រើ​ក្រាស​ដែល​មាន​ធ្មេញ​ធំៗ​ទើប​មិន​ប៉ះពាល់​ដល់​សរសៃ​សក់។

-ចង​សក់​ទាំង​នៅ​សើម៖ វា​ដូច​ធ្វើ​ឱ្យ​ខូច​សក់​តែ​ម្ដង។ មិន​ខុស​ពី​ការ​សិត​សក់​ទាំង​សើម ការ​ចង​នឹង​ធ្វើ​ឱ្យ​សក់​ទៅ​ជា​យារ ឈឺ​ស្បែក​ក្បាល ​ហើយ​សក់​ចេះ​តែ​ស្ដើង​ទៅៗ។ ក្រៅ​ពី​នេះ​ក៏​អាច​នាំ​ឱ្យ​កើត​អង្គែ​បាន​យ៉ាង​ងាយ​ដែរ។

-ផ្លុំ​សក់​ប្រើ​កម្ដៅ​ក្ដៅ​ខ្លាំង​ពេក៖ សក់​សើម​ងាយ​នឹង​ដាច់​ ឬ​ខូច​ណាស់ ហើយ​នៅ​ពេល​ប៉ះ​កម្ដៅ​ខ្លាំង​ទៀត វា​នឹង​ទៅ​ជា​ស្រួយ​ឆាប់​ដាច់ ខូច​កោសិកា​សក់​លឿន​តែ​ម្ដង។

អ៊ីចឹង​សម្រាប់​គ្នា​យើង​ដែល​ចូល​ចិត្ត​គេង​ទាំង​សក់​មិន​ទាន់​ស្ងួត​ ក្រោយ​អាន​អត្ថបទ​នេះ​រួច សូម​ប្រាកដ​ថា​​ជូត​សក់ ឬ​​ផ្លុំ​ឱ្យ​ស្ងួត​សិន​ចាំ​ចូល​គេង ទើប​មិន​ប៉ះពាល់​សុខភាព៕

ប្រភព៖ Steptohealth ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម