មិនមែនតែស្រីៗ! ឃើញប្រុសៗសាច់ដុំ៦កង់ឥលូវ ភាគច្រើនវះកាត់ទេ

  • 2019-05-02 09:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​វះ​កាត់​កែសម្ផស្ស​សម្រាប់​ពេល​បច្ចុប្បន្ន​មិន​មែន​ពេញ​និយម​សម្រាប់​តែ​នារីៗ​ទេ។ មាន​បុរស​​មិន​តិច​ទេ​ដែល​ទៅ​រក​សេវា​នេះ​ដើម្បី​កែ​ប្រែ​​ផ្នែក​ណា​មួយ​នៃ​ដង​ខ្លួន​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត​ឱ្យ​ឥត​ខ្ចោះ​ដូច​ក្ដី​ស្រមៃ។

ជាក់​ស្ដែង​​​ថ្មីៗ​នេះ មាន​ការ​ចុះ​ផ្សាយ​ពី​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ជា​តារា​ម៉ូដែល ឈ្មោះថា Ome Pangpaparn ​ដែល​បាន​ព្យាយាម​​ទៅ​ Gym តែ​មិន​បាន​ផល​ដូច​ចិត្ត ក៏​សម្រេច​ចិត្ត​​ទទួល​ការ​វះ​កាត់​​ឱ្យ​មាន​សាច់​ដុំ​៦​កង់​វិញ​ម្ដង។ ការ​ចុះ​ផ្សាយ​ក៏​បាន​បង្ហាញ​ពី​ដំណើរ​ការ​នៃ​ការ​វះកាត់​តាំង​ពី​ដំណាក់​កាល​ដំបូង ភ្ជាប់​ជាមួយ​រូប​ភាព​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​មួ​យចំនួន​ដែល​បាន​ឃើញ​ហើយ​​ស្រៀវ ឬ​ខ្លាច​មិន​ហ៊ាន​មើល។

រយៈ​ពេល​​កំណត់​មួយ​ក្រោយ​ការ​វះកាត់​បាន​ជោគជ័យ សាច់​ដុំ​៦​កង់​ក៏​លេច​ចេញ​ដូច​ធម្មជាតិ ប៉ុន្តែ​អ្នក​ប្រើ​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​រិះ​គន់​ថា មើល​ទៅ​ឃើញ​សាច់​ដុំ​ពោះ​៦​កង់​មែន​ តែ​ដៃ​បុរស​នេះ​មិន​មាន​សាច់​ដុំ​ផង អ៊ីចឹង​មើល​ទៅ​អត់​សម​គ្នា ហើយ​គ្រាន់​តែ​មើល​ គេ​ដឹង​ថា​មិន​មែន​ធម្មជាតិ​ទៅ​ហើយ។

ចុចអាន៖ ចង់​បាន​សម្រស់​ស្រស់​ស្អាត​​ដោយ​សារ​មុខ​កាំបិត មក​មើល​ពី​ដំណើរការ​ក្រោយ​វះកាត់​នេះ​សិន

អ្នក​ខ្លះ​ឱ្យ​យោបល់​ថា ការ​ទៅ​ហាត់​ឱ្យ​បាន​សាច់​ដុំ​តាម​បែប​ធម្មជាតិ​នៅ​ Gym អាច​ជួយ​ឱ្យ​បាន​សាច់​ដុំ​គ្រប់​កន្លែង​ មើល​ទៅ​សង្ហា​ជាង ហើយ​អាច​បាន​សុខភាព​ល្អ​ទៀត​ផង។ ដោយ​ឡែក ​បុរស​ដែល​បាន​វះ​កាត់​ខាង​លើ មាន​មុខ​មាត់​ស្រស់​ស្អាត ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​ដទៃ​ទៀត​បន្ត​និយាយ​ថា សង្ស័យ​តែ​មុខ​មាត់​ក៏​មិន​មែន​ធម្មជាតិ​ដែរ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​ទាំង​ឡាយ Ome ​មិន​មាន​ការ​អៀន​ខ្មាស​ក្នុង​ការ​បង្ហាញ​ថា​ខ្លួន​គេ​​មាន​សម្រស់​ដូច​សព្វ​ថ្ងៃ​ដោយ​សារ​ដៃ​គ្រូ​ពេទ្យ​កែ​សម្ផស្ស​ឡើយ ដោយ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា "ការ​ហាត់​ប្រាណ​​មិន​អាច​​ផ្ដល់​ចម្លើយ​ដ៏​ពេញ​ចិត្ត​ដល់​យើង​ឡើយ! ខ្ញុំ​ខំ​ហាត់​ប្រាណ​រាល់​ថ្ងៃ តែ​នៅ​តែ​មិន​អាច​កម្ចាត់​ខ្លាញ់​ពី​​ពោះ​បាន" ព្រម​ទាំង​បាន​បង្ហោះ​រូប​មុន និង​ក្រោយ​វះកាត់​មុខ​មាត់​ទៀត​ផង​។

ប្រធាន​មន្ទីរពេទ្យ Masterpiece ​ដែល​ជា​កន្លែង​ Ome ​ទទួល​ការ​​វះកាត់​សាច់​ដុំ​៦កង់​នេះ បាន​ឱ្យ​ដឹងថា "នេះ​មិន​មែន​​ការ​វះ​កាត់​​សាច់​ដុំ​លើក​ទី​១​ទេ! ការពិត​ទៅ យើង​បើក​ទទួល​វះកាត់​នេះ​ប្រហែល​៣-៤​ឆ្នាំ​ហើយ។ ជា​ធម្មតា យើង​ទទួល​បាន​​ស្នើ​សុំ​វះ​កាត់​សាច់​ដុំ​៦​កង់​នេះ​ពី​២០ ទៅ​៣០​អ្នក​​ក្នុង​មួយ​ខែៗ"។

សម្រាប់​តម្លៃ​វះ​កាត់​វិញ គឺ​១២ម៉ឺន​បាត (៣ ៧០០ដុល្លារ​អាមេរិក) ដោយ​ដំបូង​គ្រូពេទ្យ​នឹង​បូម​ខ្លាញ់​ចេញ​ពី​បរិវេណ​ពោះ ដើម្បី​សូន្យ​តំបន់​ត្រង់​នោះ​ឱ្យ​ចេញ​​ជា​សាច់​ដុំ​ ហើយ​​គ្មាន​គ្រោះថ្នាក់ ឬ​ការ​ឈឺ​ចាប់​អ្វី​ទេ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ដំណើរការ​វះ​កាត់​នេះ មិន​មាន​ការ​ដាក់​ផ្លាស្ទិច ឬ​សីលីកូន​ចូល​ឡើយ៕

ចុចអាន៖ ខុសគ្នាដាច់! មកមើលសម្រស់ DJ Soda ពីមុននិងឥឡូវ

ប្រភព៖ Coconut ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម