ត្រូវ​ខូច​ចិត្ត​ ឬ​អបអរ​?​ ខ្ញុំ​បាន​បាត់​បង់​ព្រាន​នារី​ម្នាក់​ចេញ​ពី​ជីវិត​របស់​ខ្ញុំ

  • 2019-04-05 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

សម័យ​នេះ​​មនុស្ស​ប្រុស​ចរិត​ព្រាន​តែង​តែ​មាន​ផ្នត់​គំនិត​មួយ​គិត​ថា​ «មនុស្ស​ប្រុស​ស្រលាញ់​ស្មោះ​ជា​ប្រុស​ល្ងង់​ ស្រលាញ់​ស្រី​តែ​ម្នាក់​ម៉េច​ស្ទាវ​គេ​មើល​មក​ម៉េច​ឡូយ»។​ អាច​ថា​ខ្ញុំ​ជា​មនុស្ស​ស្រី​ម្នាក់​គ្មាន​សំណាង​ក្នុង​រឿង​ស្នេហា​ ខ្ញុំ​ធ្លាប់​មាន​សង្សារ​ពីរ​បី​នាក់​ដែរ​ ប៉ុន្តែ​ជួប​សុទ្ធ​តែ​ព្រាន​ ទាក់​ទង​គ្នា​មិន​ដែល​បាន​លើស​ពី​១​ឆ្នាំ​ទេ​។​ រហូត​ខ្ញុំ​​​លែង​ហ៊ាន​ទទួល​យក​មនុស្ស​ប្រុស​ផ្សេង​មក​ដាក់​ក្នុង​បេះ​ដូង​តទៅ​ទៀត​។

រូបតំណាង

ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែ​មាន​បុរស​ម្នាក់​បង្ហាញ​ខ្លួន​ គេ​សារភាព​ត្រង់​ៗ​ តាម​ស្រលាញ់​ខ្ញុំ​ តាម​យក​ចិត្ត​ ព្រម​ទទួល​យក​គុណ​វិបត្តិ​របស់​ខ្ញុំ​ទាំង​អស់ ទាំង​ដែល​ខ្ញុំ​តែង​តែ​បដិសេធ​ជា​មួយ​សំណើ​របស់​គេ​។​ ពី​ដំបូង​ខ្ញុំ​គ្មាន​អារម្មណ៍​អ្វី​ជា​មួយ​គេ​ទេ​ព្រោះ​បេះ​ដូង​ស្ទើរ​តែ​ប្រែ​ក្លាយ​ជា​ថ្ម​ដោយ​សារ​សង្សារ​ចាស់​​បាត់​ទៅ​ហើយ​ គ្មាន​អារម្មណ៍​គិត​ថា​ចង់​បាន​អ្នក​ថ្មី​អ្វី​ទេ​។​ ប៉ុន្តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គេ​ចំពោះ​ខ្ញុំ​មិន​ថា​លើ​បណ្ដាញ​សង្គម​ និង​កាយ​វិការ​ពិត​នៅ​ខាង​ក្រៅ​ទេ​ ​ទាំង​រូប​សម្បត្តិ​ ទាំង​ទឹក​ចិត្ត​របស់​គេ​ពិត​ជា​ល្អ​ពេក​ហើយ​ ល្អ​រហូត​ខ្ញុំ​គិត​ថា​ប្រហែល​ជា​គូ​ព្រេង​ពិត​ប្រាកដ​បង្ហាញ​ខ្លួន​ហើយ​។​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ទន់​ចិត្ត​រហូត​ព្រម​បើក​ចិត្ត​ទទួល​យក​មនុស្ស​ប្រុស​ម្នាក់​ទៀត​សារ​ជា​ថ្មី​ ខ្ញុំ​រីក​រាយ​ណាស់​ គេ​តែង​តែ​យល់​ចិត្ត​ សូម្បី​តែ​មិត្ត​ភក្តិ​របស់​គេ​ក៏​ស្គាល់​ខ្ញុំ​ដែរ​។​ យើង​ស្រលាញ់​គ្នា​ ស្នេហា​ពួក​យើង​​មាន​ពេល​វេលា​រីក​រាយ​ច្រើន​ជាង​ពេល​អន់​ចិត្ត​នឹង​គ្នា​។​​

រូបតំណាង

ខ្ញុំ​ស្រលាញ់​គេ​តាំង​ពី​គេ​មិន​ទាន់​មាន​អ្វី​សោះ​ ខ្ញុំ​មិន​បាន​ស្រលាញ់​គេ​ដោយ​សារ​តែ​ភាព​ស្រស់​សង្ហារ​របស់​គេ​ តែ​ខ្ញុំ​ស្រលាញ់​ទឹក​ចិត្ត​ និង​បេះ​ដូង​ដែល​គេ​មាន​មក​ឲ្យ​ខ្ញុំ​។​ អស់​រយៈ​ពេល​ ៤​ ឆ្នាំ​ហើយ​ដែល​យើង​ទាក់​ទង​គ្នា​ អ្នក​ណា​ទៅ​ស្មាន​ដល់​​ទៅ​ថា​មនុស្ស​ប្រុស​ដែល​ខ្ញុំ​ធ្លាប់​ស្រលាញ់​ធ្លាប់​គិត​ថា​ជា​គូ​ព្រេង​បាន​ផ្លាស់​ប្ដូរ​ស្ទើរ​តែ​ ៣៦០ ដឺក្រេ​ ក្នុង​រយៈ​ពេល​មិន​ប៉ុន្មាន​ខែ​ផង​។​ ខ្ញុំ​ចាំ​បាន​ថា​​កាល​ប្រមាណ​ ៥​ ខែ​មុន​គាត់​ទទួល​បាន​ការងារ​ថ្មី​មួយ​ គាត់​ជួប​មនុស្ស​ថ្មី​ៗ​ជា​ច្រើន​ បើ​និយាយ​ពី​ប្រាក់​ខែ​ក៏​មិន​ទាប​ដែរ​។​

រូបតំណាង

ខ្ញុំ​ចាប់​ផ្ដើម​សង្កេត​តាំង​ពី​របៀប​លេង​ខ្លួន​ អត្តចរិត​ ពាក្យ​សម្ដី​ របស់​គេ​ចាប់​ផ្ដើម​ប្រែ​ប្រួល​បន្តិច​ម្ដង​ៗ​លែង​ដូច​ពី​មុន​។​ ខ្ញុំ​ទទួល​ស្គាល់​ថា​ការ​ងារ​​នោះ​រវល់​ណាស់​ ខ្ញុំ​ក៏​មិន​ថា​អី​ដែរ​ព្រោះ​នឹក​ឃើញ​ថា​គេ​រវល់​នឹង​ការ​ងារ​ ប៉ុន្តែ​រយៈ​ពេល​ ៣​ ខែ​ដែល​ពួក​យើង​ស្ទើរ​តែ​មិន​បាន​ជួប​គ្នា​ គ្មាន​ពេល​និយាយ​គ្នា​ ដូច​មុន។​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​អន់​ចិត្ត​ព្រោះ​តែ​គេ​តែង​តែ​មាន​ពេល​ជា​មួយ​អ្នក​ផ្សេង​ ប៉ុន្តែ​លើក​លែង​តែ​ខ្ញុំ​ម្នាក់​ នៅ​ពេល​ឆាត​ទៅ​សួរ​នាំ​គេ​ក៏​ប្រើ​ពាក្យ​ធុញ​ រវល់​។​ សួរ​ថា​តើ​អ្នក​ណា​ដែល​មិន​ឈឺ​ ខ្ញុំ​គិត​ថា​បើ​នៅ​តែ​បែប​នេះ​ទៀត​មុខជាបែក​គ្នា​មិន​ខាន​។ ការ​គិត​របស់​ខ្ញុំ​ពិត​ជា​មិន​ខុស​ទេ​ រយៈ​ពេល​ពីរ​បីខែ​ហើយ​ដែល​គេ​ប្រើ​ចរិត​បែប​នេះ​ ខ្ញុំ​ក៏​បណ្ដោយ​តាម​គេ​ដោយ​ត្រៀម​កាត់​ចិត្ត​បណ្ដើរ​ៗ​រួច​ហើយ​។​

រូបតំណាង

មិន​ឲ្យ​ចាំ​យូរ​គេ​ស្រាប់​តែ​ឆាត​មក​សុំ​បែក​​ជា​មួយ​នឹង​ហេតុ​ផល​ដែល​ទទួល​យក​មិន​បាន​។​ ខ្ញុំ​ក៏​មិន​ដេញ​ដោល​ច្រើន​ព្រោះ​ឈឺ​ចាប់​ឆ្អែត​ពីរ​បី​ខែ​ហើយ​ តែ​រឿង​ដែល​ហួស​ចិត្ត​និង​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ថា​ គេ​អស្ចារ្យ​មែន​ សុំ​បែក​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់​តែ​បង្ហាញ​មុខ​សង្សារ​ថ្មី​មិន​ក្រែង​ចិត្ត​ខ្ញុំ​សូម្បី​តែ​​បន្តិច​។​ ខ្ញុំ​ពិត​ជា​ស្មាន​មិន​ដល់​មែន​ វា​ឈឺ​ជាង​កាត់​បេះ​ដូង​ខ្លួន​ឯង​បោះ​ចោល​ទៅ​ទៀត​ មិន​នឹក​ស្មាន​ថា​គេ​ទាក់​ទង​គ្នា​មុន​ពេល​សុំ​ខ្ញុំ​បែក​ទៅ​ទៀត​ ខ្ញុំ​ល្ងង់​ដល់​ថ្នាក់​ហ្នឹង​ ?​

រូបតំណាង

ដំបូង​ៗ​ខ្ញុំ​ឈឺ​ចាប់​ដែរ​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ខែ​ក្រោយ​ផង​ស្រាប់​តែ​ឮ​ថា​បែក​គ្នា​ជា​មួយ​ស្រី​ម្នាក់​នោះ​បាត់​ហើយ​ ដោយ​សារ​មាន​ស្រី​ផ្សេង​ទៀត​ ខ្ញុំ​ក៏​នឹក​គិត​ក្នុង​ចិត្ត​ថា​ «ខ្ញុំ​សំណាង​ហើយ​ដែល​បាត់​បង់​មនុស្ស​ប្រុស​បែប​នេះ​ សំណាង​ហើយ​ដែល​គេ​បង្ហាញ​ធាតុ​ពិត​ចេញ​មក​មុន​ពេល​មិន​ទាន់​រៀបការ​​ជា​មួយ​ខ្ញុំ»​​។​​

ពេល​នេះ​រឿង​ខូច​ចិត្ត​របស់​ខ្ញុំ​ក៏​ក្លាយ​ទៅ​ជា​រឿង​គួរ​ឲ្យ​អបអរ​ទៅ​វិញ​ ដោយ​សារ​តែ​ប្រុស​ដែល​បោះ​បង់​ខ្ញុំ​ជា​ព្រាន​ មិន​​ដឹង​ថា​មាន​ស្រី​ប៉ុន្មាន​នាក់​ទៀត​ត្រូវ​ខូច​ចិត្ត​ដោយ​សារ​គេ​ទេ​។​ ខ្ញុំ​ក៏​ចង់​ផ្ដាំ​ដល់​អ្នក​ដែល​ទាក់​ទង​សង្សារ​គេ​ទាំង​ដឹង​ហើយ​ថា​គេ​ក៏​មាន​សង្សារ​ដែរ មិន​ថា​ជា​ស្រី​ឬ​ប្រុស​ទេ ​អ្នក​ត្រូវ​ចាំ​ថា​ «គេ​ហ៊ាន​បោះ​បង់​សង្សារ​របស់​គេ​មក​រើស​យក​អ្នក​ ថ្ងៃ​ណា​មួយ​គេ​នឹង​បោះ​បង់​អ្នក​ហើយ​រើស​យក​អ្នក​ផ្សេង​បាន​ដូច​គ្នា»៕​​​

ចុចអាន៖ គ្មាន​ថ្ងៃ​បែក​គ្នា​ទេ​ បើ​ចេះ​តិចនិក​ស្រលាញ់​គ្នា​ដូច​គូ​ស្នេហ៍​មួយ​គូ​នេះ​

អត្ថបទ៖ ឃួន​ សុលីកា