៥​គន្លឹះ​មាន​តម្លៃ​សម្រាប់​ការ​ចិញ្ចឹម​កូន​ពី​ Mark Zuckerberg ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​គួរ​ដឹង​

  • 2019-03-27 08:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​បណ្ដាញ​​សង្គម​យក្ស Mark Zuckerberg ​គឺ​ជា​ក្មេង​ប្រុស​ជនជាតិ​ជីហ្វ​​ម្នាក់​​មក​ពី​គ្រួសារ​​ដ៏​ជោគជ័យ​ដែល​មាន​ឪពុក​​​ជា​ទន្ត​បណ្ឌិត ​និង​ម្ដាយ​​ជា​គ្រូ​ពេទ្យ​វិកលចរិត។ លោក​មាន​បង​ប្អូន​ស្រី​៣នាក់ ដែល​សុទ្ធ​តែ​ជោគជ័យ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ដូច​គ្នា។

មាន​មនុស្ស​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អី​ក៏​​ត្រកូល Zuckerberg សុទ្ធ​តែ​មាន​ជីវិត​ជោគ​ជ័យ​បែប​នេះ? តើ​ឪពុក​ម្ដាយ​របស់​ពួក​គេ​មាន​វិធី​សាស្ត្រ​អប់​រំ​កូន​បែប​ណា ទើប​អាច​ឱ្យ​ពួក​គេ​មាន​សមត្ថភាព និង​ស្វែង​រក​ជោគជ័យ​បាន​ដោយ​ខ្លួន​ឯង​បាន?

​ថ្ងៃ​នេះ អ្នក​នឹង​បាន​ដឹង​ពី​វិធី​សាស្ត្រ​អប់​រំ​ដែល​ស្ថាបនិក​ក្រុមហ៊ុន​ Facebook​ មួយ​នេះ​​បាន​ទទួល​តាំង​ពី​នៅ​តូច ហើយ​ក៏​បាន​បន្ត​វេន​យក​មក​​ប្រើ​ជាមួយ​កូន​ៗ​របស់​លោក​ទៀត។

ចុចអាន៖ ​​ប៉ា​ ​​៥​ ប្រភេទ​​ខុសៗ​គ្នា​​​​​​​​​​ដែល​​​កូនគ្រប់​​រូបគួរ​​​​​ដឹង

១. ទោះ​រវល់​យ៉ាង​ណា ក៏​កុំ​ភ្លេច​ផ្ដល់​ពេល​វេលា​សម្រាប់​កូន

ទោះ​បី​ជា​ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​នៅ​លើ​ពិភពលោក​ដែល​អាច​ឱ្យ​លោក​កើប​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក៏​ដោយ Mark នៅ​តែ​ចំណាយ​ពេល​វេលា​ជាមួយ​កូន​ៗ​របស់​លោក​​យ៉ាង​ជាប់​លាប់។ ជាក់​ស្ដែង ពេល​កូន​ពៅ​របស់​លោក​​ឈ្មោះ August កើត​នៅ​ឆ្នាំ​២០១៧ លោក​បាន​ដាក់​ច្បាប់​ឈប់​២​ខែ​ដើម្បី​មើល​ថែ​កូន និង​ប្រពន្ធ។ ដូច​គ្នា​ដែរ កាល​ពី​កំណើត​កូន​ស្រី​ច្បង​ឈ្មោះ Maxima កើត​នៅ​ឆ្នាំ​២០១៥ ក៏​លោក​ដាក់​ច្បាប់​២​ខែ​​ដើម្បី​ទៅ​មើល​ថែ​ដែរ។​

២. ឱ្យ​កូន​បាន​ចេញ​​ទៅ​ឃើញ​គេ​ឯង និង​លេង​​នៅ​ខាង​ក្រៅ​ឱ្យ​បាន​ច្រើន

ក្នុង​សារ​មួយ​ដែល​សរសេរ​​ទៅ​កាន់​កូន​ស្រី​ពៅ Mark បាន​លើក​ទឹក​ចិត្ត​ឱ្យ​កូន​របស់​លោក​ចេញ​ទៅ​ខាង​ក្រៅ​លេង និង​បាន​ឃើញ​គេ​ឃើញ​ឯង។ "កូន​នឹង​រវល់​ដក​ឃ្លា​មិន​បាន​ទេ ពេល​កូន​ចាស់​ទៅ អ៊ីចឹង​ប៉ា​សង្ឃឹម​ថា​កូន​នឹង​ចេញ​ទៅ​ស្រូប​ក្លិន​ផ្កា​ និង​រើស​ស្លឹកឈើ​ដែល​កូន​ស្រលាញ់​ដាក់​ចូល​កន្ត្រក"។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ លោក​មិន​បាន​និយាយ​ពី​រឿង​ Facebook ឬ​បណ្ដាញ​សង្គម​ផ្សេង​ទៀត ឬ​សូម្បី​តែ​រឿង​អ៊ីនធើ​ណិត​ទាល់​សោះ។

បើ​មើល​ឱ្យ​ដល់​ទៅ Mark ​មិន​មែន​ជា​មហាសេដ្ឋី​បច្ចេកវិទ្យា​តែ​ម្នាក់​ទេ​ដែល​មិន​លើក​ទឹក​ចិត្ត​ឱ្យ​កូន​ខ្លួន​ឯង​ប្រើ​ផលិតផល​របស់​ខ្លួន។ សូម្បី​តែ​ Bill Gates និង​ Steve Jobs ក៏​ដាក់​កំណត់​កូន​ៗ​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យា​ក្នុង​វ័យ​ដែល​ពួក​គេ​នៅ​ក្មេង​ដូច​គ្នា។

៣. ​ប្រាប់​កូន​ៗ​ថា កុំ​ឱ្យ​ពួក​គេ​ភ័យ

ពេល​កំណើត​កូន​ស្រី​ច្បង មេ​ Facebook បាន​សរសេរ​សារ​​ឱ្យ​នាង​​ថា "ប៉ា​និង​ម៉ាក់​ក៏​ដូច​ឪពុក​ម្ដាយ​ផ្សេង​ទៀត​លើ​លោក​នេះ​ដែរ! យើង​ចង់​ឱ្យ​កូន​ធំ​ឡើង​ក្នុង​ពិភព​មួយ​ដែល​ភ្លឺ​ថ្លា និង​ល្អ​បរិសុទ្ធ​ជាង​កាល​ជំនាន់​របស់​ពួក​យើង!” ហើយ​ពេល​កូន​ពៅ August កើត​មក លោក​ក៏​សរសេរ​​ទៅ​កាន់​នាង​​ក្នុង​ខ្លឹម​សារ​ថា "​កូន​ប៉ា! កុមារភាព​​ប្រៀប​​​ដូច​វេទមន្ត​អ៊ីចឹង! កូន​អាច​ធ្វើ​ជា​ក្មេង​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ជីវិត អ៊ីចឹង​កុំ​ចំណាយ​វា​ជាមួយ​នឹង​ភាព​ភ័យ​ខ្លាច ឬ​​​ព្រួយ​បារម្ភ​​រឿង​អនាគត​ច្រើន​ពេក! កូន​មាន​ម៉ាក់​និង​ប៉ា​គិត​រឿង​នេះ​ឱ្យ​កូន​ហើយ ប៉ា​និង​ម៉ាក់​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ប្រាកដ​ថា ​ពិភព​លោក​នេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​កូន និង​កូន​ៗ​របស់​កូន​ទៅ​អនាគត​​បន្ត​ទៀត!”

ចុចអាន៖ ចង់​ចិញ្ចឹម​កូន​ឱ្យ​ដើរ​តាម​គន្លង​ធម៌​ ឪពុកម្ដាយ​ត្រូវ​ដឹង​ពី​ចំណុច​ទាំង​៧​នេះ

៤. បង្ហាញ​ទំនួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ

លោក​វេជ្ជបណ្ឌិត​ Edward Zuckerberg ​ដែល​ជា​ឪពុក​របស់​​ម្ចាស់​ Facebook​ បាន​រៀបរាប់​ក្នុង​កម្មវិធី​វិទ្យុ​មួយ​នៅ​អាមេរិក​ពាក់ព័ន្ធ​នឹង​​ការ​សម្រេច​ចិត្ត​របស់​លោក​និង​ភរិយា​ដែល​នាំ​ឱ្យ​កូន​ប្រុស​របស់​លោក​ឈាន​ទៅ​ដល់​ការ​បង្កើត​ក្រុម​ហ៊ុន​ Facebook និង​អាច​ក្លាយ​ជា​មហាសេដ្ឋី​ដូច​សព្វ​ថ្ងៃ​ថា៖ ពេល​ Mark នៅ​តូច គេ​តែង​មើល​ឃើញ​ប៉ា​និង​ម៉ាក់​របស់​គេ​មាន​ទំនួល​ខុស​ត្រូវ​លើ​ភាព​ជា​ឪពុក​ម្ដាយ ហើយ​​ធ្វើ​ការ​ងារ​នៅ​ផ្ទះ​តែ​ម្ដង។ ខ្ញុំ​ក៏​ប្រាប់​ទៅ​កូន​ៗ​ថា បើ​កូន​អាច​ធ្វើ​ការ​នៅ​ផ្ទះ​បាន គឺ​ល្អ​បំផុត ព្រោះ​អាច​មើល​ថែ​កូន​ៗ​​របស់​កូន​ហើយ អាច​រក​លុយ​ចូល​ផ្ទះ​បាន​ទៀត មិន​បាច់​ទៅ​ណា​ឆ្ងាយ។

៥. ស្វែង​យល់​ពី​ចំណូល​ចិត្ត​របស់​កូន និង​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ធ្វើ​វា

លោក​វេជ្ជបណ្ឌិត​ Edward និយាយ​​បន្ត​ថា "អ្វី​ដែល​ល្អ​បំផុត​​ក្នុង​ការ​ចិញ្ចឹម​កូន សម្រាប់​ខ្ញុំ​អាច​និយាយ​បាន​ថា​ជា​អ្វី​ដែល​ខ្ញុំ​និង​ភរិយា​តែង​ជឿ​ជាក់ និង​ធ្វើ​ដាក់​កូន​ៗ! របស់​នោះ​គឺ ការ​ស្វែង​យល់​ពី​ចំណុច​ខ្លាំង​របស់​កូន​ៗ និង​គាំទ្រ​ពួក​គេ​ឱ្យ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ជាជាង​ដាក់​បន្ទុក ឬ​កំណត់​គោល​ដៅ​ជីវិត​សម្រាប់​ពួកគេ"៕ ​

ប្រភព៖ theasianparent | inc ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម