អបអរសាទរ! ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​រក​ម្ចាស់​ឃើញ​ហើយ

  • 2019-03-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទាំង​៥​រូប​បាន​ប្រារព្ធ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី១៥ មីនា ២០១៩ ល្ងាច​មិញ​នេះ នៅ​សណ្ឋាគារ​ Raffle Le Royal ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

អ្នកស្រី​ តាន់​ សូដានី ​ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ​បច្ចេកវិទ្យា គមនាគមន៍​ និង​ព័ត៌មាន​វិទ្យា និង​ជា​អ្នក​រៀប​ចំ​កម្មវិធី​នេះ​បាន​ប្រាប់​ក្រុម​ការងារ​កញ្ញា​ឱ្យ​ដឹង​ថា "សម្រាប់​ឆ្នាំ​នេះ យើង​ទទួល​បាន​​ពាក្យ​ស្នើ​សុំ​បេក្ខភាព​សរុប​ចំនួន​៣៦​នាក់ ហើយ​បន្ទាប់​ពី​ដាក់​ពាក្យ​រួច យើង​មាន​ការ​ជ្រើស​រើស​២​ដំណាក់​កាល។

ទី១ ជា​ការ​ជ្រើស​រើស​សម្រិត​សម្រាំង​លើ​ភាព​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ និង​សក្ដានុពល​របស់​បេក្ខនារី​ទាំង​អស់។ យើង​មាន​គណកម្មការ​ចំនួន​៥​រូប ដែល​​ក្នុង​ដំណាក់​កាល​នេះ​យើង​ជ្រើស​រើស​បាន​១៨​នាក់ ដែល​ត្រូវ​បញ្ជូន​​ដល់​ការ​ជ្រើស​រើស​ក្នុង​ដំណាក់​កាល​បន្ត។

ទី២ ជា​ការ​សម្ភា​ស​របស់បេក្ខនារី​ផ្ទាល់ ជាមួយ​គណកម្មការ​មក​ពី​ស្ថាប័ន​ចម្រុះ​មាន​ដូច​ជា តំណាង​ក្រសួង​កិច្ចការ​នារី អង្គការ​ក្រៅ​រដ្ឋាភិបាល តំណាង​សហគមន៍​បច្ចេកវិទ្យា សមាគមន៍​សហគ្រិន​ស្ត្រី​កម្ពុជា និង​តំណាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ គណកម្មការ​នឹង​ជ្រើ​ស​រើស​បេក្ខភាព​ចំនួន​៥​រូប​ដើម្បី​ទទួល​ពាន​រង្វាន់​កិត្តិយស​ទាំង​៥​ប្រភេទ។"

អ្នកស្រី​បាន​ឱ្យ​ដឹង​បន្ត​ថា "ក្នុង​ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​មុន យើង​មាន​ពាន​រង្វាន់​ដល់​ទៅ​៥ ដោយ​បន្ថែម​ផ្នែក​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត និង​ Girl Innovator។ មូល​ហេតុ​នោះ​គឺ នៅ​ពេល​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​គ្រប់​គ្រាន់​ហើយ យើង​នឹង​ត្រូវ​ការ​អ្នក​បង្កើត​មាតិកា​ព័ត៌មាន​កាន់​តែ​ច្រើន​ឡើង​ដែរ។ មាន​ស្ត្រី​ជា​ច្រើន​ដែល​មាន​សក្ដានុពល​ក្នុង​ការ​បង្កើត​មាតិកាទាំង​នេះ។ យើង​មាន​បំណង​លើក​ទឹក​ចិត្ត​គាត់​សម្រាប់​កិច្ចការ​នេះ​បន្ត​ទៀត។"

កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​កិត្តិយស​ និង​ទទួល​ស្គាល់​ស្នាដៃ​របស់​ស្ត្រី​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ ប.គ.ព ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។

ពាន​រង្វាន់​ទាំង​៥​ត្រូវ​បាន​វាយ​តម្លៃ និង​ជ្រើស​រើស​យ៉ាង​ម៉ត់ចត់ ហើយ​ចុងក្រោយ​គណៈកម្មការ និង​ក្រុមការងារ​រៀបចំ​ក៏​បាន​រក​ឃើញ​ស្ត្រី​ឆ្នើម​ក្នុង​ផ្នែក​ផ្សេងៗ​គ្នា​ទាំង​៥​ដូច​ខាង​ក្រោម៖

១. ពានរង្វាន់ សហគ្រិន​ស្រ្តី​​ឆ្នើម​​ក្នុង​​វិស័យ​បច្ចេក​វិទ្យា (Cambodian Woman ICT Entrepreneur Award)  ផ្តល់​ជូន​​​​​ លោក​ស្រី Pong Limsan ជា​​ប្រធាន​​និង​​​​​​អ្នក​​បង្កើត​​ក្រុមហ៊ុន First Womentech Asia ដែល​ជាក្រុមហ៊ុន​ក្នុង​ស្រុក​​មាន​ជំនាញ​ការ​បង្កើត​​សូហ្វវែរកម្មវិធី​គ្រប់គ្រងមន្ទីរ​ពេទ្យ និង​កម្មវិធី​ផ្សេងៗ​ទៀតបម្រើនិងដោះស្រាយបញ្ហាប្រឈមនានា​​​​​ក្នុង​​វិស័យ​​​សុខាភិបាល។

 

២. ពានរង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodia Woman ICT Engineer Award) ផ្តល់​ជូន ​​​លោក​ស្រី​​ Kim Solyda ជាអគ្គនាយករង​ផ្នែក​​អផិវឌ្ឍ​កម្មវិធី​ប្រព័ន្ធ​​​​ធនាគារ នៅ​ធនាគារ Chip Mong Commercial Bank។ លោក​ស្រី​​បាន​បញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក ថ្នាក់​អនុបណ្ឌិត​វិទ្យាសាស្រ្ត​កុំព្យូទ័រ ហើយបានធ្វើ​ការ​​ដោយ​​ប្រើ​​ប្រាស់​​ជំនាញ​នេះ​រហូត​មក​​ដល់​​សព្វ​ថ្ងៃ។

៣. ពាន​រង្វាន់​​ស្ត្រី​ដែល​បាន​ចូល​រួម​ជំរុញ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម ឬ​សហគមន៍ (Cambodia Woman ICT for Community Award) ផ្ដល់​ជូន​លោក​ស្រី Heang Oumouy បច្ចុប្បន្ន​ជា​ឯក​អគ្គរាជទូត​ថ្នាក់​តំបន់​របស់​កម្មវិធី​ Technovation ប្រចាំ​កម្ពុជា។ លោក​ស្រី​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ដឹក​នាំ​ សម្រប​សម្រួល​សហគមន៍​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​កម្ពុជា​ រៀប​ចំ​កម្មវិធី​ជំរុញ​ការ​បណ្ដុះ​បណ្តាល​​កុមារី​លើ​ការ​សរសេរ​កូដ និង​បង្កើត​សូហ្វវែរ​​កម្មវិធី ដោះស្រាយ​បញ្ហា​ផ្សេងៗ។ តាម​​រយៈ​កម្មវិធី Technovation ដែល​បង្កើត​ឡើង​ជា​រៀង​រាល់​​ឆ្នាំ មាន​​កុមារ​ប្រមាណ​​៥០០​នាក់ បាន​ទទួល​​ការ​​បណ្តុះបណ្តាល​លើ​​​ជំនាញ​ សរសេរ​កូដ​​​​​ សហ​គ្រិនភាព និង​​ការ​​​ច្នៃ​​​ប្រឌិត​​​​ខាង​​ផ្នែក​​បច្ចេកវិទ្យា។

រូបភាព៖ MPTC

៤. ពាន​រង្វាន់ ស្រ្តី​​ដែល​​បង្កើត​មាតិកា​​ព័ត៌មាន​​ច្នៃ​​ប្រឌិត ( Creative Digital Content Award )​ ផ្តល់​ជូន​កញ្ញា Seng Sokheng អ្នក​បង្កើត​គេហទំព័រ​វប្បធម៌​ ( Wapatoa.com ) ដែល​ជា​គេហទំព័រ​​បង្កើត​ឡើង​​សម្រាប់​ផ្តល់​​​​នូវ​មាតិកា​​ព័ត៌មាន​​ផ្តោត​លើ​​ប្រធានបទ​​អប់រំ ​វប្បធម៌​ និង​​ការ​​រំលែក​ពី​​ឧត្តមគិត​ល្អៗ​​ដល់​​យុវជន​​កម្ពុជា។ កញ្ញា​បាន​សរសេរ​​អត្ថបទ​​ជា​​ភាសា​អង់គ្លេស​ជាង​​១០០ អត្ថបទ និង​ជា​ភាសា​ខ្មែរ​ជាង​​​៥០ អត្ថបទ​​ដោយ​​​​​​ខ្លួន​​ឯង​​សម្រាប់​​ផ្សព្វផ្សាយ​​​។​​ រាល់​​អត្ថបទ​​ដែល​​សរសេរ​ឡើង​​​មាន​ភ្ជាប់​​​រសនិយម កំប្លុក​​កំប្លែង ភាសា​​ងាយ​​ស្រួល​ស្តាប់ និង​មាន​​ទិស​ដៅ​​​​តម្រង់​ឆ្ពោះ​​​យុវជន​​កម្ពុជា​។​​ អត្ថបទ​ឌីជីថល​​របស់​​កញ្ញា​ទាំង​​អស់​​មាន​ចំនួន ១,២​ លាន​​ដង។

៥. ពាន​រង្វាន់ ពន្លក​ថ្មី ( Girl Innovator )​ ផ្តល់​​ជូន​ប្អូន​​ស្រី Chhy Sokuntevy អាយុ ១៨​ឆ្នាំ បច្ចុប្បន្ន​ជា​និស្សិត​​​​​ឆ្នាំ​ទី១​​ នៃ​វិទ្យាស្ថាន​​​បច្ចេកវិទ្យា​​គិរីរម្យ។ ប្អូន​ស្រី​បាន​​ប្រឹង​​ប្រែងបង្កើត​នូវ​​កម្មវិធី​មួយ​​មាន​​ឈ្មោះ​​ថា E-Lab ដែល​​ជា​កម្មវិធី​ទូរសព្ទ​​​ដៃ​​​ជំនួយ​​​​​​​ ដល់​​សិស្ស​​​ថ្នាក់​ទី​​​៧​​ ដល់​ទី​​១២ ក្នុង​ការ​អនុវត្ត និង​ធ្វើ​ពិសោធន៍​​​​លើ​​មុខ​​​វិជ្ជា​វិទ្យា​​​សាស្រ្ត នៅ​​ផ្ទះ​​​ដោយ​​​​ខ្លួន​​ឯង​​​​​​​។​ កម្មវិធី​​នេះ​​មាន​​​បំណង​ធ្វើ​ឲ្យ​​សិស្ស ងាយ​​យល់​​ឆាប់​​​ចាប់​បាន​​​​​​​​នូវ​មេរៀន​​​វិទ្យាសាស្ត្រ​​​ ហើយ​​បង្កើត​​ភាព​​រីករាយ​​​​ចង់​​ចេះ​​ចង់​​ដឹង​​ បន្ថែម​ពី​​លើ​ទ្រឹស្តី​ដែល​​ខ្លួន​​រៀន​នៅ​​សាលា។

"ស្រប​ពេល​នេះ​ យើង​ក៏​ចង់​បញ្ជ្រាប​និង​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ស្រីឱ្យ​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា​ ដោយ​បង្ហាញ​នូវ​ស្ត្រី​គំរូ និង​កុមារី​គំរូ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ផង​ដែរ។ ជាក់​ស្ដែង​ យើង​ចង់​បន្ត​កម្មវិធី​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​ចង់​បង្កើត​កម្មវិធី​ផ្សេង​ទៀត​ក្នុង​រង្វង់​បណ្ដាញ​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​យើង។

យើង​កំពុង​សិក្សា​ក្នុង​ការ​បង្កើត​កម្មវិធី​ទាំង​ឡាយ​ណាដែល​មាន​ឥទ្ធិពល​ខ្ពស់​ក្នុង​ការ​ជំរុញ​ ជួយ​ជ្រោម​ជ្រែង​ស្ត្រី និង​ក្មេង​ស្រី​ដើម្បី​អាច​ចាប់​យក​ឱកាស​ និង​ផល​ប្រយោជន៍ ពាំ​នាំ​ដោយ​បច្ចេកវិទ្យា​។ ចំពោះ​ប្រភេទ​ពាន​រង្វាន់​ឆ្នាំ​ក្រោយ​ទៀត យើង​មិន​ទាន់​បាន​គិត​គូរ​កែ​ប្រែ​នៅ​ឡើយ​ទេ។" អ្នក​ស្រី តាន់ សូដានី​បាន​បញ្ជាក់​បន្ថែម​ចុងក្រោយ៕

អត្ថបទ៖ ដេត ឈុតអុី