ជូន​ចំពោះ​មនុស្ស​ស្រី​ដែល​មិន​ហ៊ាន​​ដើរចេញ​ពី​មនុស្ស​ប្រុស​ខុស!

  • 2019-02-26 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​មនុស្ស​ស្រី​ដែល​ពេញ​ដោយ​ថាមពល​ជីវិត គឺ​ចេះ​ទទួល​យក ចេះ​ដោះលែង​!

មនុស្ស​ស្រី​ដែល​ដឹង​ពី​ខ្លួន​ឯង​បាន​ច្បាស់​នោះ​ទើប​ទទួល​បាន​សុភមង្គល​ច្រើន​ជាង​ទុក្ខ។ ​នាង​ដឹង​ថា ​នាង​អាច​ទទួល​យក​ការ​ឈឺចាប់​បាន​កម្រិត​ណា ទ្រាំ​ជាមួយ​មនុស្ស​​ខុស​បាន​កម្រិត​ណា ហើយ​នាង​ចេះ​ដក​ខ្លួន​ចេញ មិន​ត្រាំត្រែង​ក្នុង​រណ្ដៅ​នៃ​ភាព​ទុក្ខសោក​នោះ។

មនុស្ស​ស្រី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ រឹងមាំ​គឺ​ជា​មនុស្ស​ស្រី​ដែល​ចេះ​ទទួល​ស្គាល់​ការ​ពិត ហើយ​​ចេះ​ដក​ខ្លួន​​ដើរ​រក​ផ្លូវ​ត្រូវ​វិញ។ បើ​អ្នក​ជ្រើស​មនុស្ស​ប្រុស​ម្នាក់​ជា​ដៃ​គូ​ស្នេហា​ហើយ​មនុស្ស​ប្រុស​នោះ​មិន​បាន​ផ្ដល់​ស្នាម​ញញឹម​ឲ្យ​អ្នក មនុស្ស​ស្រី​ដែល​ស្គាល់​ខ្លួន​ឯង​ច្បាស់ នាង​នឹង​ដើរចេញ មិន​មែន​នៅ​ទ្រាំ​ទទួល​រង​ភាព​ឈឺចាប់​នោះ​អស់​មួយ​ជីវិត​ទេ។ ជាក់​ស្ដែង​យើង​ក៏​មើល​ឃើញ​ថា ​នៅ​ពេល​រៀប​ការ​រួច​ មាន​មនុស្ស​ស្រី​ជា​ច្រើន​បាន​ខាំមាត់​សង្កត់​ចិត្ត​ទ្រាំ​រស់​ក្នុង​ឈ្មោះ​ជា​ប្រពន្ធ​ដោយ​មិន​ហ៊ាន​ដើរ​ចេញ​ពី​ចំណង​អាពាហ៍ពិពាហ៍​ឡើយ​ ទោះ​ត្រូវ​ប្ដី​ធ្វើ​បាប​ចិត្ត​ប៉ុណ្ណា​ក៏​ដោយ។ ការ​ដែល​ទ្រាំ​រស់​ក្នុង​ទឹកភ្នែក​បែប​នេះ​គឺ​ជា​រឿង​ដែល​សង្វេគ​មួយ​សម្រាប់​មនុស្ស​ស្រី ដូច្នេះ​មនុស្ស​ស្រី​មិន​គួរ​នៅ​តែ​បែប​នេះ​ឡើយ។

កុំ​ខ្លាច​នឹង​ដើរ​ចេញ​ពី​កន្លែង​ដែល​អ្នក​ធ្លាប់​បន្សល់​ការ​ចងចាំ​ ព្រោះ​ការចងចាំ​ទាំង​នោះ​គ្រាន់​តែ​ជា​អតីតកាល​ដែល​អាច​នឹង​បំផ្លាញ​​បច្ចុប្បន្ន​ និង​អនាគត​អ្នក​ប៉ុណ្ណោះ។ ត្រូវ​គិត​ថា​អ្នក​សល់​ពេល​ក្នុង​ជីវិត​មួយ​ផ្នែក​ធំ​ទៀត ដូច្នេះ​កុំ​កប់​ខ្លួន​ជាមួយ​មនុស្ស​ដែល​មិន​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​សុខស្រួល​បាន។

ស្រឡាញ់​ខ្លួន​ឯង​ជាង​នេះ​ឡើង កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រក់​ទឹក​ភ្នែក​ច្រើន​ជាង​នេះ​អី។ មនុស្ស​ស្រី​គួរ​តែ​កើត​មក​ដើម្បី​ទទួល​បាន​ស្នាម​ញញឹម សុភមង្គល មិន​មែន​ភាព​ខ្លោចផ្សា​នោះ​ឡើយ៕

ចុចអាន៖គេ​កំពុង​ប្រើប្រាស់​មនោសញ្ចេតនា​អ្នក​ហើយបើ ៦សញ្ញា​​​កើត​ឡើង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម