រវាង​ពួក​យើង​ដូច​ជា​បន្ទាត់ស្រប​មួយ ដែល​មិន​អាច​នឹង​ជួប​គ្នា​បាន

  • 2019-02-07 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើរ​មក​ដល់​ផ្លូវ​ស្រប​គ្នា​មួយ​ដែល​មិន​អាច​នឹង​​ប្រសព្វ​គ្នា​បាន​ អារម្មណ៍​នេះ​សឹង​តែ​មិន​អាច​ប្រាប់​ថា​វា​មាន​ទំហំ​ឈឺចាប់​​យ៉ាង​ណា។

ខ្ញុំ និង​អ្នក​បើ​គិត​ពី​រយៈ​ពេល​ដែល​ស្គាល់​គ្នា មិន​ក្រោម​ ១០​ ឆ្នាំ​ទេ តែ​ចុង​ក្រោយ​អ្នក​ដែល​អាច​នៅ​ជាមួយ​អ្នក​ បែរជា​​មិន​មែន​​ខ្ញុំ​ទៅ​វិញ។ ស្ថិត​ក្នុង​រង្វង់​មួយ​ដែល​មិន​អាច​លើស​ពី​ ​«មិត្តភាព» ខ្ញុំ​រក្សា​ក្ដី​ស្រឡាញ់​មួយ​នេះ​យូរ​ជាង​មនុស្ស​ដែល​អ្នក​បាន​ជ្រើស​នៅ​ថ្ងៃ​នេះ​ទៀត តែ​អ្វី​ដែល​ខ្ញុំ​បាន​ត្រឡប់​មក​វិញ​ គឺ​ការ​ខូច​ចិត្ត​ដែល​គ្មាន​អ្នកណា​អាច​យល់។

មក​ខ្ញុំ​ចំណុច​នេះ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​បន្ទោស​នរណា​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​ពេល​នេះ​ខ្ញុំ​ពិបាក​នឹង​ទ្រាំ ពិបាក​នឹង​មើល​មនុស្ស​ដែល​ខ្ញុំ​ខំ​ស្រឡាញ់​ជាង ១០​ ឆ្នាំ​ ទៅដឹក​ដៃ​អ្នក​ផ្សេង​ចូល​រោង​ការ​ទៅ​វិញ។ បែប​នេះ​គួរ​តែ​បន្ទោស​ខ្ញុំ​ខ្លួន​ឯង​ដែល​មិន​ព្រម​ប្រាប់​អ្នក​នូវ​អារម្មណ៍​ដែល​ខ្ញុំ​មាន ចេះ​តែ​ចាំ ចាំ​រហូត​ដល់​មាន​ថ្ងៃ​នេះ។

ពេល​នេះ​​អ្វី​ដែល​ខ្ញុំ​សោកស្ដាយ​ជាង​គេ​គឺ​អស់​ឱកាស​នឹង​ប្រាប់​អ្នក​ថា​ «ខ្ញុំស្រឡាញ់​អ្នក» ទៀត​ហើយ។​ បើ​ពី​មុន​ខ្ញុំ​ក្លាហាន​ជាង​នេះ​បន្តិច​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​កប់​ពាក្យ​ «ស្រឡាញ់» នេះ​ទៅ​ក្នុង​ផ្នូរ​វិញ​ទេ។ រវាង​ពួក​យើង​ដូច​ជា​បន្ទាប់​ស្រប​គ្នា​មួយ ដែល​មិន​អាច​នឹង​ជួប​គ្នា​បាន ហើយ​មិន​អាច​អស់​មួយ​ជីវិត។

អ្វី​ដែល​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​មាន​តែ​ឈរ​ជូន​ពរ​អ្នក និង​បន់ស្រន់​ឲ្យ​អ្នក​មាន​សុភមង្គល​រហូត​ទៅ។ មិន​អី​ទេ​ការ​ឈឺចាប់​នេះ​​ខ្ញុំ​អាច​ទ្រាំ​បាន ទោះ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ទ្រាំ។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​អ្នក​មាន​ក្ដី​សុខ ទោះ​បី​ក្ដី​សុខ​នោះ​មិន​មាន​វត្តមាន​ខ្ញុំ​ក៏​ដោយ ព្រោះ​ស្នេហា​របស់​ខ្ញុំ​ចំពោះ​អ្នក គឺ​ជា​សុភមង្គល​របស់​អ្នក៕

ចុចអាន៖មេរៀន​ធំ​បំផុត​​ក្រោយ​ស្នេហា​មួយ​កន្លង​ផុត នោះ​គឺ​កុំ​ឲ្យ​គេ​ដឹង​ថា​យើង​ស្រលាញ់​គេ​ច្រើន​ជាង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម