ខ្ញុំមិនចូលចិត្តទំនាក់ទំនងមិនច្បាស់លាស់ទេ ដូច្នេះបើមិនប្រាកដទេ កុំស្រឡាញ់ខ្ញុំ

  • 2019-01-24 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

សួរខ្លួនឯងសិនទៅ ថាចង់ចូលមក​ក្នុង​ជីវិត​ខ្ញុំ​គ្រាន់តែចង់​លេង​សើច ឬ​ក៏​ពិតប្រាកដ​ខ្លាំង​ប៉ុណ្ណា? ព្រោះ​ខ្ញុំ​មិនចូលចិត្ត​លេង​ល្បែងស្នេហា​ជាមួយ​អ្នកណាម្នាក់​ឡើយ។

មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ចេះ​បើក​ចិត្ត​បើក​បេះដូង​ខ្លះ តែ​ខ្ញុំ​ក៏​អស់សំណើច ព្រោះ​ការ​ពិត​ខ្ញុំ​មិន​បាន​បិទ​អី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​មូល​ហេតុដែល​ខ្ញុំ​មិន​ទទួល​អ្នកណា​នោះ គឺ​មក​ពី​គេ​ខ្លួន​ឯង គេ​មិន​ច្បាស់​ខ្លួន​ឯង​ថា​ស្រឡាញ់​ខ្ញុំ គេ​ភ្លឹបភ្លែត​ដូច​អំពិលអំពែក ដូច្នេះ​ខ្ញុំ​គ្មាន​ហេតុផល​អី​ដែល​ត្រូវ​យក​បេះដូង​ខ្ញុំ​ប្រគល់​ឲ្យ​មនុស្ស​ប្រភេទ​នោះ​ទេ។

អ្នក​ខ្លះ​បែក​សង្សារ​ហើយ​ ពិបាក​ចិត្ត​ក៏​ចង់​បាន​អ្នក​ថ្មី​កំដរ។ គេ​ពិត​ជា​មនុស្ស​អាត្មានិយម​ផុត​លេខ​ហើយ ព្រោះ​ដើម្បី​ឲ្យ​ខ្លួន​ឯង​ធូរ​ស្បើយ​ក៏​ទាញ​មនុស្ស​ម្នាក់​ទៀត​ចូលរួម​ឈឺចាប់​ជាមួយ​គេ។

អ្នក​ខ្លះ​ឯកា​ពេក​ ក៏​ចេះ​តែ​ចង់​មាន​គ្នា ទាំង​គ្មាន​គំនិត​ច្បាស់លាស់​អី​បន្តិច។ មនុស្ស​បែប​នោះ​ក៏​គ្មាន​ប្រយោជន៍​អី​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​ជាមួយ​ដែរ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ឧបករណ៍​បំបាត់​អផ្សុក​គេ​ទេ។

ខ្លះ​ទៀត​ស្រឡាញ់​មិន​ចំ​ស្រឡាញ់ នឹក​ឃើញ​តាម​តែ​អារម្មណ៍​ខ្លួន ទាំង​គ្មាន​ទំនួលខុសត្រូវ​ត្រូវ​ស្អី​បន្តិច​សោះ។

នៅ​មាន​ប្រភេទ​ច្រើន​ទៀត ​​តែ​អ្វី​ដែល​ខ្ញុំ​ស្អប់​គឺ​ទំនាក់ទំនង​មិន​បាន​ការ។ ស្រឡាញ់​ចោល​ៗ ដូច​ក្មេង​លេង​ដី ដោយ​គិត​ថា​អារម្មណ៍​ម្ខាង​ទៀត​ជា​គល់​ឈើ​ មិន​ចេះ​ឈឺចាប់​អី​ទ។

កុំ​ចង់​ដើរ​ចូល​ក្នុង​ជីវិត​ខ្ញុំ​អី​ព្រោះ​ខ្ញុំ​ គ្មាន​បំណង​នឹង​ស្រឡាញ់​មនុស្ស​ប្រភេទ​នេះ​ទេ ហើយ​ក៏​សង្ឃឹម​ថា​មិន​បន្ត​ដើរ​ស្រឡាញ់​គេ​ផ្ដេសផ្ដាស​តាម​តែ​អារម្មណ៍​ទៀត៕

ចុចអាន៖ទាំងនេះជា​​ហេតុ​ផល​​​​​​​​​​​​​​​​​​​ដែល​ប្រុសៗ​​​ គួរតែ​​ស្រលាញ់​​មនុស្ស​ស្រីចូល​ចិត្ត​​​ដើរ​​​​​កម្សាន្ត

អត្ថបទ៖ ផេង ផលធិតា