៦សញ្ញា​បញ្ជាក់​ថា​ ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​អ្នក​កំពុង​ទ្រុឌទ្រោម​​ខ្លាំង

  • 2019-01-04 04:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ពិត​ជា​ពោរពេញ​ដោយ​បញ្ហា​ស្មុគស្មាញ រហូត​ពេល​ខ្លះ​ធ្វើ​ឱ្យ​យើង​ហត់​នឿយ​ លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់។ ប៉ុន្មាន​វិនាទី​ពេល​នេះ អ្នក​កំពុង​តែ​សើច​សប្បាយ តែ​ប្រហែល​៥​វិនាទី​ក្រោយ អ្នក​អាច​ជួប​រឿង​ខក​ចិត្ត​​មួយ​ក៏​ថា​បាន។ ដូច្នេះ​កញ្ញា​នឹង​បង្ហាញ​ចំណុច​​ទាំង​៦ ដែល​បង្ហាញ​ថា​ ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​អ្នក​កំពុង​មាន​បញ្ហា ហើយ​ត្រូវ​ការ​ដំណោះ​ស្រាយ​ជា​បន្ទាន់៖

១. អ្នក​ប្រែ​ជា​ឆាប់​ខឹង

មិន​ថា​ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា អ្នក​ហាក់​ផ្លាស់​ប្ដូរ​ពី​មនុស្ស​ដែល​ធ្លាប់​តែ​អត់​ធ្មត់ មិន​ងាយ​បញ្ចេញ​ប្រតិកម្ម ​មក​ជា​មនុស្ស​ឆាប់​ខឹង ឆាប់​រំជួល​ចិត្ត​សូម្បី​តែ​ជាមួយ​ខ្លួន​ឯង ទោះ​គ្មាន​អ្នក​ដទៃ​មក​ធ្វើ​ដាក់​ក៏​ដោយ។ ក្រៅ​ពី​នេះ ពេល​ខ្លះ​​អ្នក​ហាក់​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុន បើ​មិន​បាន​ទៅ​ប្រាស្រ័យ​ទាក់​ទង​នឹង​អ្នក​ដទៃ ហើយ​ចង់​តែ​នៅ​ម្នាក់​ឯង។

នេះ​ជា​ចំណុច​ដែលអ្នក​គួរ​ចាប់​អារម្មណ៍​មុន​គេ ហើយ​កុំ​បណ្ដោយ​ខ្លួន​ឱ្យ​ធ្លាក់​ក្នុង​រឿង​នេះ​យូរ​ពេក។ ត្រូវ​ចេះ​ប្រាប់​ខ្លួន​ឯង​ឱ្យ​រម្ងាប់​ចិត្ត​ និង​ព្យាយាម​ចេញ​ទៅ​ជួប​ពិភព​ខាង​ក្រៅឱ្យ​បាន​កាន់​តែ​ច្រើន​ ជាជាង​ឃុំ​ខ្លួន​ឯង​នៅ​តែ​ក្នុង​បន្ទប់។​

២. អ្នក​គ្មាន​កម្លាំង​ចិត្ត​នឹង​ធ្វើ​អ្វី​ទាំង​អស់

ធ្លាប់​ទេ? ជួន​កាល​គិត​ថា​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់ ឬ​លែង​ចង់​អើ​ពើ​នឹង​អ្វី​ទាំង​អស់។ អ្នក​តែង​គិត​ថា ខ្លួន​ឯង​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​អ្វី​មួយ ឬ​គោល​ដៅ​ដែល​ខ្លួន​ធ្លាប់​ស្រមៃ​ចង់​សម្រេច​ឱ្យ​បាន ប្រែ​ជា​លែង​មាន​ន័យ​ទៅ​វិញ។

ប៉ុន្តែ​នេះ​ជា​សញ្ញា​គ្រោះថ្នាក់​ បើ​មិន​ដោះ​ស្រាយ អ្នក​នឹង​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ពិភព​អស់​សង្ឃឹម និង​ឯកោ។ បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នេះ ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​រាងកាយ និង​ផ្លូវ​ចិត្ត​របស់​អ្នក​សម្រាក​ឱ្យ​បាន​ច្រើន​ជា​មុន​សិន ព្រោះ​ពេល​នេះ ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​កំពុង​រង​សម្ពាធ​ខ្លាំង​ពី​ការ​ស្ដី​បន្ទោស​ខ្លួន​ឯង​ឥត​ឈប់​ឈរ ហើយ​ឈប់​រំពឹង​លើ​អ្វី​ដែល​ខ្ពស់​ពេក។

៣. អ្នក​ជួប​ប្រទះ​អាការៈ​ថប់​អារម្មណ៍​ញឹក​ញាប់​ជាង​ធម្មតា

អ្នក​ស្រាប់​តែ​អស់​កម្លាំង​ជា​ញឹក​ញាប់ ឬ​ខួរ​ក្បាល​ចេះ​តែ​ស្មុគស្មាញ មិន​ដឹង​គិត​ពី​អ្វី​ខ្លះ ហើយ​​ក៏​​ចេះ​តែ​ពិបាក​ដក​ដង្ហើម​ទៅៗ។

សម្រាប់​ដំណាក់​កាល​មួយ​នេះ​ អ្នក​ត្រូវ​ប្រមូល​អារម្មណ៍​ឱ្យ​នឹងន​ឡើង​វិញ ហើយ​ចេញ​ទៅ​ខាង​ក្រៅ ឃើញ​គេ​ឯង ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ឱ្យ​បាន​ច្រើន ដើម្បី​សម្រួល​ទាំង​ផ្លូវ​ដង្ហើម និង​ខួរ​ក្បាល​ដំណើរការ​បាន​ល្អ។ ក្រៅ​ពី​នេះ អ្នក​អាច​ស្វែង​រក​ដៃ​គូ​ដែល​អាច​ប្រឹក្សា​យោបល់ ស្ដាប់​រឿង​អ្នក និង​លើក​ទឹក​ចិត្ត​ជា​ជាង​រក​មនុស្ស​ដែល​នឹង​និយាយ​បំភ័យ​អ្នក​បន្ថែម។

៤. ដំណេក​របស់​អ្នក​លែង​ស្កប់ស្កល់​ដូច​មុន

កាល​ណា​អារម្មណ៍​មិន​នឹងន ចេះ​តែ​អស់​កម្លាំង បាក់​ទឹក​ចិត្ត វា​នឹង​ធ្វើ​ឱ្យ​រាងកាយ និង​ផ្លូវ​ចិត្ត​របស់​អ្នក​មិន​ស្ងប់ ហើយ​ប៉ះពាល់​ដល់​ការ​គេង។ យប់​ខ្លះ​ក៏​បញ្ឈប់​ភ្នែក​ស្ទើរ​តែ​ពេញ​មួយ​យប់ យប់​ខ្លះ​ក៏​យល់​សប្តិ​តាំង​ពី​បិទ​ភ្នែក​រហូត​ដល់​បើក​ភ្នែក​ក៏​មាន។

៥. សូម្បី​តែ​រឿង​អត់​ប្រយោជន៍​ខ្លះ​ក៏​ធ្វើ​ឱ្យ​អ្នក​ពិបាក​ចិត្ត​ដែរ

នៅ​ពេល​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​អ្នក​ចុះ​ខ្សោយ​ហើយ អ្នក​នឹង​ឆាប់​ប៉ះពាល់​ផ្លូវ​ចិត្ត​ខ្លាំង​បំផុត។ ជួន​កាល​ រឿង​ដែល​មិន​ពាក់ព័ន្ធ​នឹង​អ្នក​សោះ ឬ​រឿង​ដែល​កើត​ពី​ណា​ពី​ណី​មក​សោះ​ក៏​ធ្វើ​ឱ្យ​អ្នក​អង្គុយ​ខូច​ចិត្ត​ ឬ​ហូរ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​មូល​ហេតុ​បាន​ដែរ។

ហេតុ​នេះ​ សូម​កុំ​ដាក់​បន្ទុក​លើ​អារម្មណ៍​ខ្លួន​ឯង​ពេក។ ត្រូវ​ប្រាប់​ខ្លួន​ឯងថា គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ មិន​មែន​អាច​សម្រេច​បាន​ត្រឹម​តែ​ពេល​១​យប់​នោះ​ទេ។ កុំ​ភ្លេច​ចេញ​ទៅ​ក្រៅ​ឱ្យ​បាន​ច្រើន ព្រោះ​ខ្យល់​អាកាស​បរិសុទ្ធ​អាច​សម្រួល​ការ​គិត​របស់​អ្នក​បាន​ប្រសើរ​ឡើង​វិញ។

៦. ចេះ​តែ​វិល​មុខ ឬ​ចង់​ក្អួត

ចំណុច​គួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​ទៀត​​ដែល​បង្ហាញ​ថា រាងកាយ​អ្នក​ត្រូវ​ការ​ព្យាបាល​បន្ទាន់​ហើយ​នោះ គឺ​ចេះ​តែ​មាន​អារម្មណ៍​ឈឺ​ក្បាល​ខ្ទោកៗ​មិន​ឈប់ ហើយ​ពេល​ខ្លះ​ចង់​ក្អួត​ចង្អោរ ព្រោះ​ថា​បើ​កាល​ណា​ផ្លូវ​ចិត្ត​ចុះ​ខ្សោយ​ហើយ សុខភាព​ក៏​ត្រូវ​ទ្រុឌទ្រោម​ទៅ​តាម​នោះ​ដែរ៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម