“អរគុណ​ដែល​ក្បត់​ខ្ញុំ” ការ​សងសឹក​របស់​ប្រពន្ធ​ម្នាក់​​ដែល​ធ្វើ​ឲ្យ​ប្ដី​​នាង​ស្ដាយ​ក្រោយ​បំផុត

  • 2018-11-13 08:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​កន្លែង​ធ្វើ​ការ​ខ្ញុំ មាន​មិត្តរួម​ការងារ​ម្នាក់​គឺ​ជា​បុរស​វ័យ​កណ្ដាល​ដែល​មាន​មន្តស្នេហ៍ និង​មាន តំណែង​​ខ្ពស់ ទៅ​ណា​មក​ណា​​ក៏​មាន​ឡាន​ក្រុមហ៊ុន​ជូន​ទៅជូនមក ប្រាក់​ខែ​ក៏​ខ្ពស់ ដូច្នេះ​ហើយ​ទើប​ក្លាយ​ខ្លួន​ជា​គោលដៅ​របស់​នារី​ៗ​ជា​ច្រើន។ ចុះ​ឡើង​ៗ គេ​ក៏​មាន​ស្នេហា​លួចលាក់​ជាមួយ​នារី​ម្នាក់​ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន ដោយ​នាង​នៅ​ក្មេង​ហើយ​ស្អាត​ទៀត។

មួយ​រយៈ​​​នោះ ខ្ញុំ​សង្កេត​ឃើញ​គេ​ញញឹមញញែម​ស្រស់ស្រាយ​​រាល់​ថ្ងៃ ដូច​មិន​ខ្វល់​បិទបាំង​រឿង​នេះ​ជាមួយ​អ្នក​គ្រប់​គ្នា ហើយ​ក៏​មិន​ខ្វល់​ដែរ​ថា​ភរិយា​ដែល​នៅ​ផ្ទះ​នឹង​ដឹង​រឿង​នេះ មាន​តែ​គិត​ថា​បើ​ដឹង​កាន់​តែ​ល្អ ទោះ​លែងលះ​គ្នា​ក៏​មិន​អី ព្រោះ​ពេល​នេះ​គេ​រក​បាន​នារី​ថ្មី​ហើយ។

ប៉ុន្តែ​ក្រោយ​មក​មិន​យូរ​ប៉ុន្មាន គេ​ក៏​ប្រែប្រួល។ នៅ​ពេល​ប្រពន្ធ​របស់​គេ​ដឹង​ថា​គេ​ក្បត់​ចិត្ត នាង​ក៏​មិន​បាន​រក​រឿង ឡូឡា​ដាក់​គេ​​អ្វី​ទាំង​អស់។ នាង​​គ្រាន់​តែ​និយាយ​ជាមួយ​គាត់​ថា "អរគុណ​ដែល​ក្បត់​ខ្ញុំ”។ សកម្មភាព​របស់​នាង ធ្វើ​ឲ្យ​គេ​ចម្លែក​ចិត្ត​ខ្លាំង។ គេ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ដើម្បី​និយាយ​រឿង​នេះ​ជាមួយ​នាង ប៉ុន្តែ​ដល់​ពេល​ឮ​នាង​និយាយ​បែប​មិន​រក​រឿង​អ្វី​សោះ​បែប​នេះ គេ​ក៏​មាន​អារម្មណ៍​មិន​ច្បាស់​ថា អ្នក​ដែល​ត្រូវ​បោះបង់​គឺ​ជា​ប្រពន្ធ ឬ​ជា​គេ​ឲ្យ​ប្រាកដ។

ក្រោយ​មក​គេ​ក៏​បាន​យល់​អត្ថន័យ​ពាក្យ “អរគុណ” របស់​ប្រពន្ធ។ ខណៈ​ពេល​ដែល​គេ​កំពុង​នៅ​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​មនុស្ស​ស្រី​ដទៃ ភរិយា​របស់​គេ​បាន​រៀប​ចំ​ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ទាំង​អស់ និង​បាន​ផ្ញើ​ភស្តុតាង​ដែល​បង្ហាញ​ថា​គេ​ក្បត់​ចិត្ត​នាង​ទៅ​ឲ្យ​មេធាវី​ដើម្បី​រៀប​ចំ​ការ​​ប្ដឹង​លែងលះ​ជាមួយ​គេ។ មិន​ថា​ផ្ទះ ឡាន លុយ ឬ​កូន គឺ​គេ​នឹង​មិន​ទទួល​បាន​ទាំង​អស់។ បើ​សិន​គេ​មិន​ព្រម​ស៊ីញ៉េ​លែងលះ ប្រពន្ធ​របស់​គេ​នឹង​បញ្ជូន​រឿង​នេះ​ទៅ​តុលាការ។  

គេ​ស្ទើរ​តែ​មិន​ជឿ​ឡើយ​ថា ប្រពន្ធ​របស់​គេ​អាច​ធ្វើ​បែប​នេះ​ចំពោះ​គេ​បាន ព្រោះ​នាង​ធ្លាប់​ស្រលាញ់​គេ​​ខ្លាំង​ណាស់។​ នាង​ជា​មេផ្ទះ​ដែល​មើល​ថែ​គេ​បាន​យ៉ាង​ល្អ ប៉ុន្តែ​ហេតុ​អី​ពេល​នេះ​នាង​ធ្វើ​បែប​នេះ​ដាក់​គេ? នាង​ឆ្លើយ​តប៖

“ខ្ញុំ​បាន​រៀបការ និង​មើល​ថែ​បង​បាន​យ៉ាង​ល្អ​ក្នុង​រយៈ​ពេល​ជាង ១០​ឆ្នាំ​នេះ មិន​ថា​បង​​ធ្វើ​អ្វី​ក៏​ខ្ញុំ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។ នៅ​ខណៈ​ដែល​អ្នក​មិន​មាន​អ្វី ខ្ញុំ​ក៏​នៅ​តែ​នៅ​ក្បែរ​បង​​ជានិច្ច។ នៅ​យប់​ណា​ដែល​រងា​ខ្លាំង​ខ្ញុំ​ក៏​ងើប​ឡើង​ដើម្បី​យក​ភួយ​ឲ្យ​​បង​​ដណ្ដប់។ នៅ​ថ្ងៃ​ដែល​​ត្រជាក់​ខ្លាំង ខ្ញុំ​ក៏​ធ្វើ​ស៊ុប​ត្រជាក់​ឲ្យ​បង​។ នៅ​ពេល​ឪពុក​ម្ដាយ​បង​​ឈឺ​ មិន​ស្រួល​ខ្លួន ខ្ញុំ​ក៏​ទៅ​មើល​ថែ​ពួក​គាត់​ដោយ​មិន​ដែល​រអ៊ូ​ថា​ហត់​សូម្បី​មួយ​ម៉ាត់។ ខ្ញុំ​ស្រលាញ់​បង និង​លះបង់​ដើម្បី​បង​​មក​រហូត ប៉ុន្តែ​ទី​បំផុត​បង​បែរ​ជា​ទៅ​រក​ស្រី​ផ្សេង។ ខ្ញុំ​មិន​ត្រូវ​ការ​មនុស្ស​ប្រុស​ដែល​គ្មាន​បេះដូង​បែប​នេះ​ទេ បែក​គ្នា​វិញ​ល្អ​ជាង”។

នាង​និយាយ​ទៀត​ថា នាង​ពិត​ជា​ត្រូវ​អរគុណ​គេ​ ​ ដែល​ធ្វើ​ឲ្យ​នាង​មាន​ឱកាស​ធ្វើ​ជា​ភាគី​ដែល​សុំ​លែងលះ​ជាមួយ​គេ​យ៉ាង​ស្រណុក​ចិត្ត។ បន្ទាប់​ពី​នេះ នាង​នឹង​​មិន​បាច់​ត្រូវ​អង្គុយ​ចាំ​អ្នក​ណា​ត្រលប់​មក​ផ្ទះ និង​មិន​បាច់​ហត់នឿយ​ជាមួយ​ការងារ​ផ្ទះ​អី​ទៀត​ទេ។

មាន​បុរស​និង​នារី​ជា​ច្រើន​​តែង​​មិន​ច្បាស់លាស់​ចំពោះ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ រហូត​ត្រូវ​សម្រេច​ចិត្ត​ខុស។ ដូច​ជា​បុរស​ខាង​លើ​នេះ ទី​បំផុត គេ​ក៏​ត្រូវ​បាត់បង់​គ្រួសារ​ដែល​មាន​ក្ដី​សុខ​ទៅ រហូត​លែង​សល់​អ្វី ដោយ​សារ​តែ​ស្នេហា​ងប់ងុល​មួយ​ឆាវ។ ទីបំផុត​គេ​ក៏​​បាន​ត្រឹម​តែ​អង្គុយ​អស់​សង្ឃឹម និង​សោកសៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បើ​ជ្រើសរើស​ស្រលាញ់​អ្នក​ណា​ហើយ សូម​ធ្វើ​ល្អ​ចំពោះ​គេ​ដោយ​ចិត្ត​ស្មោះ មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​គេ និង​មើល​ថែ​គេ​ឲ្យ​បាន​ល្អ បើ​ទោះ​បី​ជួប​អ្នក​ដែល​ល្អ​ជាង ក្មេង​ជាង ឬ​ស្អាត​ជាង​​ក៏​ដោយ បើ​អ្នក​ជា​មនុស្ស​ល្អ អ្នក​ត្រូវ​ចេះ​ឈប់​ត្រឹម​មនុស្ស​ដែល​អ្នក​ជ្រើសរើស។ កុំ​ធ្វើ​ឲ្យ​គេ​ត្រូវ​ខូច​ចិត្ត​ ព្រោះ​អ្នក​នឹង​ត្រូវ​ស្ដាយ​ក្រោយ​នៅ​ពេល​ក្រោយ។

ជីវិត​ដែល​មាន​ប្ដី​មួយ​ ប្រពន្ធ​មួយ មិន​ប្រព្រឹត្ត​ខុស​សីល៥ កាមេសុមិច្ឆា អាច​នឹង​មិន​សូវ​សប្បាយ មិន​រំភើប​ស្រើបស្រាល ដូច​ពេល​ដំបូង​ៗ ប៉ុន្តែ​វា​នឹង​អាច​ឲ្យ​អ្នក​ស្គាល់​ឋានសួគ៌​ពិត​ប្រាកដ ៕

ប្រភព៖ liekr ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម