“ក្មួយ​ស្រី​ អ៊ំ​មាន​អ្វី​ចង់​ប្រាប់​!” ពាក្យ​ទូន្មាន​ល្អ​ៗ​​ ១៥​ចំណុច​ពី​អ៊ំ​ស្រី​ ដែល​គ្រប់​គ្នា​គួរ​ចាំ​ទុក

  • 2018-11-10 06:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ខាង​ក្រោម​នេះ​គឺ​ជា​ពាក្យ​ទូន្មាន​របស់​អ៊ំ​ស្រី​ម្នាក់​ដែល​បាន​កត់ត្រា​ទុក​ដើម្បី​ចែក​រំលែក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​របស់​គាត់។ ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ សូម​តាមដាន​ជាមួយ​ កញ្ញា ដូច​​ត​ទៅ៖

១. ក្មួយ​ត្រូវ​ធ្វើ​ការ​រក​លុយ​ដោយ​ខ្លួន​ឯង​ខ្លះ កុំ​គិត​ថា​​​ការ​រំពឹង​ចាយ​ប្រាក់​ពី​គេ​ជា​រឿង​ងាយ។

២. ពេល​ក្មួយ​ខឹង មិន​ចាំ​បាច់​​ស្រែក​​ រអ៊ូ​រទាំ​គ្រប់​ពេល​នោះ​ទេ។ ត្រូវ​ស្ងៀម​ខ្លះ កុំ​ឲ្យ​អ្នក​ដទៃ​ឆាប់​ដឹង​ចិត្ត។

៣. ចង់​បាន​អ្វី​ត្រូវ​រក​លុយ​ទិញ​ខ្លួន​ឯង កុំ​ចាំ​តែ​ទាមទារ​ឲ្យ​អ្នក​ដទៃ​ទិញ​ឲ្យ ព្រោះ​ទោះ​បី​ក្មួយ​បាន​វា​មក ក្មួយ​ក៏​គ្មាន​មោទនភាព​អ្វី​ដដែល។

៤. និយាយ​តិច តែ​ធ្វើ​ឲ្យ​បាន​ច្រើន។

៥. កុំ​គិត​តែ​រក​​ប្ដី​ជា​អ្នក​មាន​ដើម្បី​ឲ្យ​ជីវិត​​រស់​ស្រួល​ដូច​ឡើង​ឋានសួគ៌ (ក្មួយ​អត់​ទាន់​ដឹង​ទេ​ថា​វា​ជា​ឋានសួគ៌​ ឬ​ក៏​ជា​ឋាន​នរក​ឲ្យ​ប្រាកដ)។

៦. បើ​ក្មួយ​មិន​ពេញ​ចិត្ត​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ពេល​នេះ ដាក់​ពាក្យ​លា​ឈប់​ហើយ​​ទៅ​ធ្វើ​ការ​កន្លែង​ថ្មី​ទៅ។ បើ​មិន​ដូច្នេះ​ទេ ​កុំ​និយាយ​​ដដែលៗ។

៧. ក្មួយ​មិន​បាច់​យល់​ស្រប​តាម​​អ្នក​ដទៃ​រហូត​ទេ ប៉ុន្តែ​កុំ​មើល​ងាយ​ការ​គិត​របស់​គេ។

៨. បើ​មាន​អ្វី​មួយ​ដែល​ក្មួយ​សម្រេច​ចិត្ត​មិន​ទាន់​បាន​ក្នុង​ពេល​នេះ សូម​ទុក​ឲ្យ​ពេល​វេលា​គឺ​ជា​អ្នក​សម្រេច​ជំនួស​ទៅ ហើយ​បើ​មិន​ទាន់​សម្រេច​​បាន​ទៀត គួរ​ចាប់​ផ្ដើម​ធ្វើ​ហើយ​ចាំ​សម្រេច​ចិត្ត​តាម​ក្រោយ​តែ​ម្ដង។ សុខ​ចិត្ត​ខុស​ព្រោះ​បាន​ធ្វើ ប្រសើរ​ជាង​មិន​បាន​ធ្វើ​ហើយ​មាន​អារម្មណ៍​ថា​ខុស។

៩. ក្មួយ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​មនុស្ស​មាន​ការ​អប់​រំ កុំ​ឲ្យ​អ្នក​ដទៃ​មក​និយាយ​បាន​ថា​​ឪពុក​ម្ដាយ​មិន​ប្រដៅ។

១០. កុំ​បន្ថែម​សម្រស់​តែ​លើ​មុខ​មាត់ តែ​ចិត្ត​គំនិត​របស់​ក្មួយ​ក៏​ត្រូវ​ឲ្យ​ស្អាត​ដែរ។

១១. កុំ​​កំណាញ់​ទឹក​ចិត្ត​ខ្លាំង​​ពេក បើ​ជួយ​បាន​គួរ​​ជួយ  បើ​ជួយ​មិន​បាន​ទេ​ប្រាប់​គេ​តាម​សម្រួល។ បញ្ហា​អាច​កើត​ឡើង​ចំពោះ​គ្រប់​គ្នា គ្រាន់​តែ​ម្ដង​គេ ម្ដង​យើង បើ​យើង​ជួយ​គេ​បាន​ល្អ ពេល​យើង​មាន​បញ្ហា​គេ​នឹង​ជួយ​យើង​​​ដោយ​ល្អ​វិញ​ដូច​គ្នា។

១២. កុំ​ធ្វើ​ខ្លួន​ជា​​លំពែង​ដែល​ចាំ​តែ​ចាក់​ដោត​អ្នក​នៅ​ជុំវិញ​ខ្លួន។ ត្រូវ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​បាន​ច្រើន​ជាង​​ចាំ​តែ​រិះគន់។

១៣. នៅ​ពេល​មាន​តំណែង​ខ្ពស់​ៗ កុំ​ងើយ​ ក​ រហូត​មើល​លែង​ឃើញ​អ្នក​ដទៃ ព្រោះ​បើ​​ថ្ងៃ​មួយ​​ក្មួយ​ធ្លាក់​ខ្លួន​មក​វិញ ត្រូវ​ចាំ​ថា​គេ​នៅ​តែ​ជា​គេ តែ​អ្នក​ដែល​អាប់​ឱន​ជាង​គេ​នោះ​គឺ​ក្មួយ (ចំណុច​នេះ​អ៊ំ​ផ្ញើ​ជូន​ប្រុស​ៗ​ដែរ)។

១៤. រឿង​ដែល​កន្លង​ផុត​ក៏​ឲ្យ​វា​កន្លង​ទៅ​ចុះ កុំ​ខំ​សើរើ​វា​មក​វិញ។

១៥. បើ​ទោះ​បី​ក្មួយ​ចាញ​អ្វី តែ​សូម​កុំ​ចាញ់​ចិត្ត​ខ្លួន​ឯង ស្នាម​ញញឹម​ជា​របស់​ក្មួយ ដូច្នេះ​ត្រូវ​ញញឹម​ទុក​មុន​ជានិច្ច!

ចុចអាន៖

ចង់​អាន​អត្ថបទ​ល្អ​ៗ​ជា​ច្រើន​ទៀត​ កុំ​ភ្លេច​ចុច Like ផេក Kanha

ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម