"មួយ​ជីវិត​​យើង​​មាន​ពេល​​នៅ​ជាមួយ​កូន​ត្រឹម​តែ ១០​ឆ្នាំ​ដំបូង​ទេ" ឪពុក​ម្ដាយ​គ្រប់​រូប​គួរ​អាន

  • 2018-10-30 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​មាន​​ពេល​​បី​កូន​ឲ្យ​គេង​ត្រឹម ៦​ខែ​ដំបូង ក្រោយ​ពី​នោះ​គេ​នឹង​គេងលក់​​បាន​ដោយ​ខ្លួន​ឯង។

យើង​មាន​​ពេល​​​ជួយ​កូន​ដើរ​ត្រឹម ១​ឆ្នាំ​ដំបូង ក្រោយ​ពី​នោះ​គេ​នឹង​ដើរ​បាន​ដោយ​ខ្លួន​ឯង។

យើង​មាន​ពេល​ឱប​កូន​លេង​ត្រឹម ២ឆ្នាំ​ដំបូង ក្រោយ​ពី​នោះ​គេ​នឹង​​មិន​ឲ្យ​យើង​ឱប​យូរ​ទៀត​ទេ។

យើង​មាន​ពេល​និយាយ​ឲ្យ​កូន​ស្ដាប់​គ្រប់​ពេល​ត្រឹម ៣ឆ្នាំ​ដំបូង ក្រោយ​ពី​នោះ​គេ​នឹង​លែង​អង្គុយ​ស្ដាប់​យើង​និយាយ​ទៀត​ហើយ។

យើង​មាន​ពេល​នៅ​ជាមួយ​កូន​គ្រប់​ពេល​ត្រឹម ១០ឆ្នាំ​ដំបូង

ក្រោយ​ពី​នោះ​គេ​នឹង​មិន​ព្រម​នៅ​ផ្ទះ​ជាមួយ​យើង​រហូត​ទៀត​ឡើយ ហើយ​គេ​នឹង​ចង់​នៅ​ជាមួយ​មិត្តភ័ក្ដិ​ច្រើន​ជាង​ចង់​នៅ​ជាមួយ​យើង។

យើង​មាន​ពេល​មើល​ថែ​ទាំ​កូន​ត្រឹម ១៥ឆ្នាំ​ដំបូង ក្រោយ​ពី​នោះ​គេ​នឹង​មិន​ចង់​ឲ្យ​យើង​មើល​ថែ​គេ​ទៀត​ទេ ហើយ​គេ​នឹង​ចង់​មាន​ជីវិត​តាម​បែប​របស់​ខ្លួន​ឯង។

រូបតំណាង

ឆ្លង​ផុត ៣០ឆ្នាំ​ក្រោយ​កូន​កើត យើង​អាច​នឹង​លែង​សូវ​​បាន​ជួប​មុខ​កូន​ទៀត​ហើយ ព្រោះ​​ពេល​វេលា​របស់​គេ​មាន​កាន់​តែ​តិច។ ទាន់​នៅ​មាន​ឱកាស សូម​ធ្វើ​ឲ្យ​រាល់​ថ្ងៃ​ដែល​អ្នក​នៅ​ជាមួយ​កូន​​ឲ្យ​ក្លាយ​ជា​ពេល​វេលា​មាន​តម្លៃ ព្រោះ​ពេល​វេលា​កន្លង​ផុត​​​មួយ​ខែ​ៗ មួយ​ឆ្នាំ​ៗ​ ពិត​ជា​លឿន។

ជីវិត​យើង​​ពិត​ជា​​ខ្លី ​​​មាន​តែ "​ក្ដី​ស្រលាញ់ និង​ភាព​ស្និទ្ធស្នាល​​" ទេ​ដែល​អាច​ស្ថិត​នៅ​យូរ​អង្វែង។

សូម​ចំណាយ​ពេល​ពីរ​នាទី​អាន​រឿង​ខ្លី​មួយ​ខាង​ក្រោម​នេះ៖

នីក ​ជា​​ក្មេង​ប្រុស​អាយុ​​១០​ឆ្នាំ និង​ជា​កូន​​តែ​ម្នាក់​​គត់​ក្នុង​គ្រួសារ​។ ​គេ​មាន​​ឪពុក​ជា​អ្នក​ជំនួញ​​ដ៏​មមាញឹក​​ម្នាក់​ និង​​កម្រ​មាន​ពេល​​វេលា​សម្រាប់​ជួប​ជុំ​គ្រួសារ​ណាស់​​។

ឪពុក​របស់​ នីក ​តែង​តែ​មក​ដល់​ផ្ទះ​ពេល​គេ​គេង​លក់​បាត់​ និង​ចេញ​​ទៅ​ធ្វើ​ការ​វិញ​ ពេល​​ នីក ​​មក​ពី​សាលារៀន។ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​អ្នក​ទាំង​​ពីរ​​មិន​សូវ​បាន​ឃើញ​មុខ​គ្នា ​ឬ​ជុំ​ជា​មួយ​គ្រួសារ​ឡើយ។  

រូបតំណាង

ល្ងាច​មួយ​ នីក​ ​រំភើប​​ចិត្ត​ខ្លាំង​​​ព្រោះ​ឃើញ​ឪពុក​នៅ​ផ្ទះ​​​ដោយ​និយាយ​៖ "​ប៉ា! ​ខ្ញុំ​សប្បាយ​ចិត្ត​​ណាស់​​ដែល​ឃើញ​ប៉ា​​នៅ​ផ្ទះ​ថ្ងៃ​​នេះ"។  

ប៉ា​ឆ្លើយ​៖ "បាទ​​កូន​ប្រុស! ​ព្រោះ​​ការ​ប្រជុំ​ត្រូវ​បាន​​លុប​ចោល ហើយ​យន្តហោះ​​ត្រូវ​ពន្យារ​ពេល​​២​ម៉ោង​ទៀត​។ ដូច្នេះ​ ប៉ា​​ត្រូវ​នៅ​ផ្ទះ​​​បាន​ ២​ម៉ោង"។  

នីក៖ "​ប៉ា!​​ កូន​​ចង់​និយាយ​លេង​ជា​មួយ​ប៉ា ហើយ​ចង់​​សួរ​ពីរ​បី​សំណួរ​ដែរ បាន​ទេ​ប៉ា?” ប៉ា៖ "​​បាទ បាន​តើ​កូន​ប្រុស! សួរ​មក។"  

នីក៖ "​​ពេល​ណា​ប៉ា​ត្រលប់​មក​វិញ?” ប៉ា៖ "រសៀល​ថ្ងៃ​ស្អែក​!" ​ នីក៖ "​ប៉ា​ តើ​ប៉ា​រក​បាន​ប្រាក់​​ប៉ុន្មាន​​ក្នុង​មួយ​ឆ្នាំ”? ប៉ា៖ "​អូ! កូន​ប្រុស​ ច្រើន​ណាស់ ​ប្រាប់​ទៅ​ក៏​កូន​​មិន​យល់​ដែរ។"  

នីក៖ "បាទ​ប៉ា! ​តើ​ប៉ា​​សប្បាយ​ចិត្ត​​ជាមួយ​​ប្រាក់​រក​បាន​ដ៏​ច្រើន​ទាំង​នោះ​អត់?” ប៉ា៖ " បាទកូន​! ​ប៉ា សប្បាយ​ចិត្ត​ ហើយ​​ប៉ា​ក៏​គ្រោង​​​នឹង​បើក​សាខា​​ថ្មី​មួយ​​ និង​​ជំនួញ​​ថ្មី​មួយ​ទៀត​ដែរ​​នៅ​ពីរ​បី​ខែ​ទៀត។ ​តើ​​អស្ចារ្យ​ទេ​កូន​សំណព្វ​?”  

នីក៖ "​បាទ​ប៉ា!​ ​ខ្ញុំ​​រីករាយ​ណាស់​​ពេល​បាន​ឮ​​ដូច​នេះ។” ប៉ា៖ " មាន​សំណួរ​អី​ទៀត​ទេ​ កូននីក?”  

នីក៖ "​បាទ​​ប៉ា! ​​ខ្ញុំ​​មាន​តែ​មួយ​សំណួរ​ទៀត​ទេ?” ប៉ា៖ "សួរ​មក​អីចឹង!"  

នីក៖ "​ប៉ា!​​ បើ​​ប៉ា មិន​ចង់​ប្រាប់​​កូន​​ថា​រក​បាន​​ប៉ុន្មាន​​ក្នុង​មួយ​​ឆ្នាំ ឬ​​មួយ​ខែ​​ក៏​ហី​ចុះ​។ តែ​​ប៉ា​អាច​​បង្ហើប​​ថា​ ប៉ារក​​​ប្រាក់​បាន​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ ឬ​កន្លះ​ថ្ងៃ?” ប៉ា៖ " នីក​កូន! ​​​កូន​មិន​គួរ​សួរ​​​ប៉ា​​អំពី​​ចំណូល​អីចឹង​ទេ ​ព្រោះ​កូន​ពិបាក​យល់ និង​​មិន​ចាំបាច់​​ទេ។"  

ដោយ​សារ​តែ​ប៉ា​មិនព្រម​​ឆ្លើយ​ ​នីក បាន​ទៅ​រក​ម៉ាក់​​ឲ្យ​ជួយ​ខ្លួន។ នីក សុំ​​​ម៉ាក់​ជួយ​ជំរុញ​ឲ្យ​ប៉ា​​ឆ្លើយ​​សំណួរ​​ ត្រឹម​ប្រាក់​​ចំណូល​គិត​ជា​ម៉ោង​ក៏​បាន​ដែរ បើ​​ប្រចាំ​ថ្ងៃ​​ឆ្លើយ​មិន​បាន។​  

ប៉ា​​ឆ្លើយ៖ "​ណ្ហើយ​​ប៉ា ប្រាប់​ទៅចុះ! ​មួយ​ម៉ោង​ប្រមាណ​១០​ដុល្លារ។"​  

បាន​ឮ​​ចម្លើយ​​ភ្លាម នីក ​បាន​​រត់​​ទៅ​បន្ទប់​របស់​ខ្លួន​នៅ​ជាន់​លើ ហើយ​​បី​កូន​ជ្រូក​សន្សំ​​ប្រាក់​​ត្រលប់​មក​វិញ​។ ពេល​មក​ដល់​​មុខ​​ប៉ា​ភ្លាម​ គេ​បាន​ហុច​​​កូន​​ជ្រូក​នេះ​​ទៅ​ឲ្យ​​​ប៉ា​រួច​និយាយ​ "​ក្នុង​កូន​ជ្រូក​​នេះ​​មាន​ប្រាក់​​ជាង ៣០ដុល្លារ​។ ​តើ​ប៉ា​​អាច​​កំដរ​​កូន​​៣​ម៉ោង​បាន​ទេ? ​កូន​ចង់​​ទៅ​លេង​សមុទ្រ និង​​ញ៉ាំ​អាហារ​​ពេល​​ល្ងាច​​​ជា​មួយ​ប៉ា​ម្ដង​នៅ​ថ្ងៃ​ស្អែក។ សូម​ប៉ា រៀប​​តារាង​ពេល​វេលា​​សម្រាប់​​ពេល​ដើរ​លេង​នេះ​ផង?”  

​គ្រាន់​តែ​​ឮ​សម្ដី​​កូន​ប្រុស​​ប៉ុន្មាន​​ម៉ាត់​នេះ​ភ្លាម​ធ្វើ​ឲ្យ​​ឪពុក​​​អួល​ដើម​ក ​រក​​និយាយ​អ្វី​​មិន​ចេញ​ បាន​ត្រឹម​សម្លឹង​មើល​​​ទាំង​ក្ដី​អាណិត​កូន៕  

តម្លៃ​អប់​រំ​រឿង៖ សូម​ចំណាយ​ពេល​វេលា​ខ្លះ​​សម្រាប់​ក្រុម​គ្រួសារ ​ផ្ដល់​​ក្ដី​ស្រលាញ់​​ ភាព​កក់ក្ដៅ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ប្រពន្ធ​ផង​​ក្នុង​​នាម​​ជា​​ឪពុក​ម្ដាយ​របស់​គេ។ ​លុយ​មិន​អាច​​ទិញ​អ្វី​ៗ​​បាន​​ទាំង​អស់​ទេ។ ខំ​រក​ប្រាក់​ច្រើន​​មក​ដើម្បី​អ្វី ​បើ​ខ្លួន​មិន​មាន​ពេល​​ចាយ​ផង?​

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម