រឿង "សេដ្ឋី​ និង​យមរាជ" ចំណាយ​ពេល​អាន​ឲ្យ​ចប់​ នឹង​ទទួល​បាន​គតិ​ដ៏​ល្អ​សម្រាប់​ជីវិត

  • 2018-10-15 10:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​សេដ្ឋី​ម្នាក់​កំពុង​ភ្លឹក​ជិត​ស្លាប់ ហើយ​ក៏​មាន​យមរាជ​​បង្ហាញ​ខ្លួន​ដើម្បី​មក​ទទួល​វិញ្ញាណ​របស់​សេដ្ឋី​ម្នាក់​នោះ។ សេដ្ឋី​សួរ​យមរាជ​ថា៖

“ពេល​ខ្ញុំ​ស្លាប់​ហើយ តើ​ខ្ញុំ​នឹង​ត្រូវ​ឡើង​ឋានសួគ៌​ ឬ​ចុះ​នរក?”

“ចុះ​នរក!” យមរាជ​ពោល

សេដ្ឋី​នៅ​ពេល​បាន​ឮ​​​បែប​នេះ​​ហើយ​ក៏​មាន​អារម្មណ៍​ខឹង​ច្រឡោត​ភ្លាម និង​សួរ​ត្រលប់​ទៅ​យម​រាជ​វិញ​ថា៖

“ហេតុ​អី​ខ្ញុំ​ត្រូវ​ធ្លាក់​នរក? ខ្ញុំ​ខំ​ចំណាយ​លុយ​កសាង​វត្ត កសាង​វិហារ សាលារៀន​មួយ​គំនរ មាន​ទាំង​បរិច្ចាគ​លុយ​ឲ្យ​អង្គការ​​​ជា​ច្រើន​ទៀត ហេតុ​អី​ខ្ញុំ​នៅ​តែ​ត្រូវ​ចុះ​នរក ខ្ញុំ​មិន​ព្រម​ដាច់​ខាត!”  

“បើ​ឯង​មិន​សុខ​ចិត្ត យើង​នឹង​ឲ្យ​ពេល​ឯង​មួយ​អាទិត្យ​​ទៀត ក្នុង​រយៈ​ពេល​មួយ​អាទិត្យ​នេះ បើ​ឯង​​អាច​ទទួល​បាន​ស្នាម​ញញឹម​​​ចេញ​ពី​​ចិត្ត​​តែ​៣​ដង ឯង​នឹង​អាច​ឡើង​ឋានសួគ៌​បាន!”  

សេដ្ឋី​ស្ដាប់​ហើយ​ធូរ​ស្រាល​ចិត្ត​ពន់ពេក ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា “អី​គេ​គ្រាន់​តែ​ស្នាម​ញញឹម​ពី​ចិត្ត​៣​ដង ​មាន​អី​ទៅ​លំបាក!”  

នៅ​ពេល​យមរាជ​​រលាយ​ខ្លួន​បាន​ទៅ​ សេដ្ឋី​ក៏​​រក​នឹក​ថា​អ្នក​ណា​ជា​មនុស្ស​ដំបូង​ដែល​នឹង​ផ្ដល់​ស្នាម​ញញឹម​ពីចិត្ត​ឲ្យ​​ខ្លួន​បាន។ ទឹក​មុខ​របស់​ភរិយា​​ក៏​លេច​ធ្លោ​ក្នុង​ការ​គិត​របស់​គាត់។ គាត់​និង​ប្រពន្ធ​បាន​រៀបការ​ជាមួយ​គ្នា​សែសិប​ឆ្នាំ​ហើយ។ ភរិយា​នេះ​ហើយ​ដែល​​គួរ​ផ្ដល់​ស្នាមញញឹមពី​ចិត្ត​ឲ្យ​គាត់​ដំបូង​គេ ដូច្នេះ​គាត់​ក៏​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​​ទិញ​គ្រឿង​ពេជ្រ​មួយ​ឈុត​ធំ​​ប្រគល់​ឲ្យ​ប្រពន្ធ។ នៅ​ពេល​​បាន​ទទួល​អំណោយ​នេះ ប្រពន្ធ​របស់​គាត់​ត្រេក​អរ​ ហើយ​ក៏​ចម្លែក​ចិត្ត​យ៉ាង​ខ្លាំង។

ប៉ុន្តែ​យមរាជ​ក៏​និយាយ​ប្រាប់​សេដ្ឋី​ថា៖

“នេះ​មិន​មែន​ជា​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​​ពិត​ៗ​នោះ​ទេ នាង​គ្រាន់​តែ​ត្រេកអរ​ដែល​បាន​ទទួល​​គ្រឿង​ពេជ្រ​នេះ​ប៉ុណ្ណោះ”  

សេដ្ឋី​មាន​អារម្មណ៍​ចម្លែក​ចិត្ត​ជាមួយ​ពាក្យ​សម្ដី​របស់​យមរាជ ក៏​ខំ​ទៅ​ទិញ​ឡាន ទិញ​ផ្ទះ​​​ឲ្យ​ប្រពន្ធ​ទៀត ដោយ​គិត​ថា​ប្រពន្ធ​របស់​គាត់​ប្រាកដ​ជា​ពេញ​ចិត្ត។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក ប្រពន្ធ​របស់​គាត់​សប្បាយ​ចិត្ត​ខ្លាំង​តែ​ស្នាម​ញញឹម​របស់​គាត់​នៅ​តែ​​ត្រូវ​បាន​យមរាជ​និយាយ​ថា​មិនមែន​ស្នាមញញឹម​ចេញ​ពី​ចិត្ត​ឡើយ។  

ពេល​វេលា​កន្លង​ផុត​ចូល​ថ្ងៃ​ទី​៣​ហើយ សេដ្ឋី​កាន់​តែ​មាន​អារម្មណ៍​ក្រហល់ក្រហាយ​ក្នុង​ចិត្ត ព្រោះ​គាត់​មាន​ពេល​វេលា​នៅ​សល់​តែ​​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ មនុស្ស​ដែល​គាត់​គិត​ថា​នឹង​អាច​ទទួល​​បាន​ស្នាម​ញញឹម​​ដំបូង ក៏​មិន​អាច​ទទួល​បាន​ងាយ​ស្រួល​ដូច​ជា​ការ​គិត​របស់​គាត់​ឡើយ។

ព្រឹក​ថ្ងៃ​ទី​៤ គាត់​ក៏​ក្រោក​តាំង​ពី​ព្រលឹម ដោយ​គិត​ថា​ខ្លួន​ឯង​នឹង​ត្រូវ​ស្លាប់​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ទៀត​ហើយ ហើយ​អ្វី​ដែល​គាត់​គួរ​ផ្ដល់​ឲ្យ​ភរិយា​​គាត់​ក៏​បាន​ធ្វើ​អស់​ហើយ។ គាត់​ដើរ​បណ្ដើរ​គិត​បណ្ដើរ​រហូត​ចូល​មក​ដល់​ចង្ក្រាន​បាយ ​ក៏​ទាញ​ខ្ទះ​​មក​ចៀន​ពង​ទា និង​សាច់​ក្រក។ ក្រោយ​មក​ក៏​អាំង​នំប៉័ង។ គាត់​បាន​ធ្វើ​អាហារ​ពេល​ព្រឹក​ដែល​គាត់​មិន​ដែល​​បាន​ធ្វើ​ជា​យូរ​ណាស់​មក​ហើយ។  

នៅ​ពេល​ប្រពន្ធ​របស់​គាត់​ចុះ​មក​ពី​ជាន់​លើ ឃើញ​ប្ដី​សម្លាញ់​ចូល​ផ្ទះ​បាយ​ធ្វើ​​អាហារ​ពេល​ព្រឹក​ដូច្នេះ ក៏​មាន​អារម្មណ៍​ចម្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រោះ​ក្នុង​ផ្ទះ​នេះ​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​នាក់​ ហើយ​របស់​អស់​នេះ​ក៏​មិន​ចាំ​បាច់​ឲ្យ​ប្ដី​របស់​គាត់​លំបាក​ធ្វើ​ដោយ​ខ្លួន​ឯង​ដែរ។  

សេដ្ឋី​​លើក​អាហារ​ទាំង​អស់​មក​ដាក់​លើ​តុ ហើយ​ក៏​អញ្ជើញ​ភរិយា​ទទួលទាន​អាហារ​ពេល​ព្រឹក​ដែល​គាត់​បាន​ត្រៀម​ទុក​ឲ្យ។ នៅ​ពេល​លើក​​អាហារ​នោះ​ញ៉ាំ​មួយ​ម៉ាត់​ដំបូង ប្រពន្ធ​របស់​គាត់​ក៏​ស្រក់​ទឹក​ភ្នែក​ហើយ​ញញឹម​ដាក់​គាត់។  

“បង​សម្លាញ់ បង​នៅ​ចាំ​កាល​ដែល​យើង​ទើប​​កសាង​គ្រួសារ​ថ្មី​ៗ​ទេ ពេល​នោះ​យើង​នៅ​ក្រ​នៅ​ឡើយ បង​ធ្វើ​អាហារ​ពេល​ព្រឹក​ងាយ​ៗ​បែប​នេះ​ឲ្យ​អូន​ញ៉ាំ​រាល់​ព្រឹក  អូន​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រឹក​នេះ​បាន​ញ៉ាំ​អាហារ​ស្នាដៃ​របស់​បង​ម្ដង​ទៀត”  

នៅ​ខណៈ​នោះ សេដ្ឋី​ក៏​អាច​ទទួល​អារម្មណ៍​ថា ស្នាម​ញញឹម​របស់​ភរិយា​គឺ​ជា​ស្នាម​ញញឹម​ដ៏​សែន​ស្រស់​ស្អាត​​ពិសេស បើ​ទោះ​បី​គាត់​មិន​ទាន់​បាន​ផាត់​មុខ​ធ្វើ​សក់ ប៉ុន្តែ​ស្នាម​ញញឹម​របស់​គាត់​គឺ​ជា​ស្នាម​ញញឹម​ដ៏​បរិសុទ្ធ​ចេញ​ពី​ចិត្ត។ សេដ្ឋី​ក៏​បាន​យល់​ភ្លាម​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ គាត់​មិន​ដែល​បាន​ចំណាយ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាមួយ​ប្រពន្ធ​ឡើយ ហើយ​ក៏​ភ្លេច​ថា​ អ្វី​ដែល​ប្រពន្ធ​គាត់​ត្រូវ​ការ​​ពី​គាត់​នៅ​ពេល​ឥលូវ​នេះ​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គាត់​ប៉ុណ្ណោះ​ឯង។  

នៅ​ព្រឹក​នោះដែរ យមរាជ​ក៏​និយាយ​ប្រាប់​គាត់​ថា

“​ឯង​បាន​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​ម្ដង​ហើយ”

ព្រឹក​ថ្ងៃ​ដដែល​នោះ គាត់​ក៏​ចូល​ក្រុមហ៊ុន​ហើយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​ស្នាម​ញញឹម​ពី​ចិត្ត​ជា​លើក​ទី​ពីរ​ពី​កូន​ចៅ​ដែល​ស្និទ្ធ​ជាមួយ​គាត់​បំផុត។

គាត់​បាន​ហៅ​កូន​ចៅ​ជំនិត​​ឲ្យ​ចូល​មក​ជួប​ក្នុង​បន្ទប់​ហើយ​ប្រាប់​ថា៖

“យើង​សម្រេច​ចិត្ត​ថា​នឹង​ឡើង​តំណែង​ឲ្យ​ឯង​​ធ្វើ​ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​បន្ទាប់​ពី​យើង ហើយ​នឹង​​ផ្ដល់​ភាគហ៊ុន​ក្រុមហ៊ុន​មួយ​ចំណែក​ឲ្យ​ឯង"  

កូន​ចៅ​ជំនិត​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ទឹក​មុខ​របស់​គាត់​ពេល​នោះ​​គឺ​ពោរពេញ​ដោយ​ស្នាម​ញញឹមហើយ​ក៏​និយាយ​អរគុណ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ​​សេដ្ឋី​បែរ​ជា​មាន​អារម្មណ៍​ថា ស្នាម​ញញឹម​របស់​កូន​ចៅ​​ជំនិត​មួយ​នេះ​នៅ​តែ​បង្កប់​ទុក្ខ​ព្រួយ​ខ្លះ​នៅ​ជាមួយ។  

សេដ្ឋី​បាន​តែងតាំង​កូន​ចៅ​ជំនិត​ឲ្យ​ឡើង​គ្រង​តំណែង​អ្នក​ចាត់​ការ​ជាន់​ខ្ពស់​ផ្លូវការ ហើយ​ក៏​ប្រគល់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​ចំណែក​ឲ្យ​គេ ប៉ុន្តែ​សេដ្ឋី​ក៏​មិន​បាន​ទទួល​ស្នាមញញឹម​ចេញ​ពី​ចិត្ត​ពិត​ៗ​របស់​កូន​ចៅ​ម្នាក់​នេះ​ឡើយ។  

ព្រឹក​ថ្ងៃ​ទី​៧ សេដ្ឋី​ក៏​ហៅ​កូន​ចៅ​ជំនិត​ម្នាក់​នេះ​មក​ជួប ហើយ​​ប្រាប់​ថា លោក​បាន​ស៊ីញ៉េ​លិខិត​អនុញ្ញាត​ឲ្យ​គេ ឈប់​សម្រាក ព្រម​ជាមួយ​សំបុត្រ​យន្តហោះ​​ទៅ​មក​ចំនួន​៥​សន្លឹក​សម្រាប់​​គេ​ និង​ប្រពន្ធ​កូន។  

“ឯង​ធ្វើ​ការ​ដូច​លក់​ជីវិត​ឲ្យ​យើង​យូរ​ណាស់​ហើយ យើង​មិន​ដែល​ឲ្យ​ឯង​បាន​សម្រាក​​​នៅ​ជាមួយ​ប្រពន្ធ​កូន​ទេ ដូច្នេះ​យើង​នឹង​ឲ្យ​ឯង​​សម្រាក​នៅ​ជាមួយ​ប្រពន្ធ​កូន​មួយ​ខែ ព្រម​នឹង​សំបុទ្រ​យន្តហោះ​ទៅ​កោះ​ហាវ៉ៃ​​៥​សន្លឹក ឯង​អាច​នាំ​ប្រពន្ធ​កូន​ទៅ​ដើរ​លេង​បាន”។

កូនចៅ​ជំនិត​មាន​​អារម្មណ៍​ភ្ញាក់ផ្អើល​ជា​ខ្លាំង ហើយ​ទឹកមុខ​​តានតឹង​​របស់​គេ​ក៏​ប្រែ​ជា​ស្រស់​ថ្លា​និង​បង្ហាញ​ពី​អារម្មណ៍កក់​ក្ដៅ​ចេញ​មក​ភ្លាម។ គេ​ញញឹម​ចេញ​មក​ដោយ​ទឹក​មុខ​ធូរ​ស្បើយ  ដែល​ជា​ស្នាម​ញញឹម​ដែល​គាត់​មិន​ដែល​បាន​ឃើញ​ពី​កូន​ចៅ​ម្នាក់​នេះ​ឡើយ​ពី​មុន​មក ធ្វើ​ឲ្យ​​គាត់​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ជាមួយ​ដែរ។  

“អរគុណ​​ណាស់​លោក​ម្ចាស់ ខ្ញុំ​មិន​បាន​នាំ​ប្រពន្ធ​កូន​ដើរ​លេង​យូរ​ហើយ ពួក​គេ​ប្រហែល​គិត​ថា​បេះដូង​ខ្ញុំ​ធ្វើ​ពី​ដែក​ គ្មាន​មនោសញ្ចេតនា​ដូច​ឪពុក​គេ​ដទៃ​ទេ។ ខ្ញុំ​នឹង​ធ្វើ​តាម​លោក​ម្ចាស់ អរគុណ​លោក​ម្ចាស់​ម្ដង​ទៀត!”  

ស្ងាត់​សំឡេង​របស់​កូន​ចៅជំនិត យមរាជ​ក៏​បាន​ខ្សឹប​ប្រាប់​សេដ្ឋី​ថា៖

“ឯង​បាន​ស្នាម​ញញឹម​ពី​ចិត្ត​ជា​លើក​ទី​ពីរ​ហើយ”

សេដ្ឋី​ទើប​តែ​​ទទួល​បាន​ស្នាម​ញញឹម​ពី​ចិត្ត​ពីរ​ដង​ប៉ុណ្ណោះ តែ​ទម្រាំ​បាន​ពេល​វេលា​របស់​គាត់​ក៏​នៅ​សល់​មិន​ដល់​​មួយ​ថ្ងៃ​ឡើយ។ សេដ្ឋី​បាន​ត្រឹម​តែ​ដក​ដង្ហើម​ធំ។

“ប្រហែល​យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ហើយ!” សេដ្ឋី​លាន់​មាត់​និយាយ​ជាមួយ​ខ្លួន​​ឯង ព្រោះ​ទាំង​ភរិយា និង​កូន​ចៅ​ជំនិត គាត់​ត្រូវ​ប្រើ​ពេល​​រហូត​៧​ថ្ងៃ​ទើប​បាន​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​របស់​ពួក​គេ។ បើ​ដូច្នេះ​គាត់​ត្រូវ​​ទទួល​ស្គាល់​និង​យល់​ព្រម​ចុះ​នរក​ដោយ​គ្មាន​ជម្រើស​អ្វីផ្សេង​ឡើយ។ ពេល​នឹក​ដល់​ឋាន​នរក​អារម្មណ៍​របស់​គាត់​ក៏​សោកសៅ​ជា​ខ្លាំង គាត់​ក៏​សម្រេច​ចិត្ត​ដោះ​អាវ​ធំ​ចេញ ហើយ​ក៏​ដើរ​ចេញ​ពី​ក្រុមហ៊ុន​ដើម្បី​ជិះ​ឡាន​ក្រុង​ដើរ​កម្សាន្ត​ទៅ​ទី​កន្លែង​ផ្សេង​ៗ។ នៅ​តាម​ផ្លូវ​គាត់​ក៏​នឹក​ឃើញ​បរិយាកាស​ចាស់​ៗ សម័យ​ដែល​គាត់​​​ចាប់​ផ្ដើម​កសាង​គ្រួសារ​ជាមួយ​ភរិយា។ បរិយាកាស​បែប​នេះ​គាត់​មិន​បាន​ឃើញ​យល់​​យូរ​ណាស់​ហើយ ព្រោះ​ធម្មតា មិន​ថា​គាត់​ទៅ​ដល់​ណា ក៏​មាន​តែ​រថយន្ត​ទំនើប​ព្រម​ជាមួយ​ឯកសារ​ដែល​ត្រូវ​ពិនិត្យ​​ស៊ីញ៉េ​ជា​ច្រើន។ គាត់​ស្ទើរ​តែ​រក​ពេល​ចេញ​ដើរ​តាម​ភូមិ​ស្រុក ផ្លូវ​តូច​ៗ​បែប​នេះ​តែ​ម្នាក់​ឯង​មិន​​បាន​ឡើយ។ គាត់​គិត​ថា យ៉ាង​ណា​ៗ​មិន​ដល់​ប៉ុន្មាន​ម៉ោង​ទៀត គាត់​ត្រូវ​យមរាជ​នាំ​ទៅ​នរក​ហើយ​ ដូច្នេះ​គួរ​ប្រើ​ពេល​ដែល​នៅ​សល់​នេះ​ឲ្យ​សប្បាយ​ចិត្ត​​ខ្លួន​ឯង​វិញ​ទៅ​ចុះ ខណៈ​ដែល​​ពេល​នេះ​គាត់​កំពុង​ទទួល​អារម្មណ៍​ស្រស់​ថ្លា​ប្លែក​ពី​ពេល​មុន​ៗ​ទាំង​អស់។  

គាត់​ដើរ​លើ​ផ្លូវ​ដែល​មាន​មនុស្ស​ម្នា​ត្រាច់​ចរ​អ៊ូអរ ហើយ​ក៏​បាន​ឃើញ​ក្មេង​ស្រី​ម្នាក់​​អង្គុយ​យំ​​លើ​ចិញ្ចើម​ផ្លូវ។ គ្មាន​​អ្នក​ណា​ចាប់​អារម្មណ៍​​នឹង​ក្មេង​ស្រី​ម្នាក់​នោះ​ឡើយ ព្រោះ​ម្នាក់​ៗ​សុទ្ធ​តែ​ប្រញាប់​ទៅ​ធ្វើ​ការងារ​រៀង​ៗ​​ខ្លួន។  

“យ៉ាង​ណា​ក៏​យើង​ជិត​ស្លាប់​ទៅ​ហើយ អីចឹង​ទៅ​សួរ​ក្មេង​ស្រី​នេះ​សិន​ចុះ ថា​ម៉េច​បាន​ជា​នាង​យំ”  

គិត​ហើយ​គាត់​ក៏​ដើរ​ទៅ​រក​ក្មេង​ស្រី​តូច​នោះ ក៏​ដឹង​ថា​នាង​វង្វេង​ឪពុក​ម្ដាយ​ទើប​អង្គុយ​យំ។ សេដ្ឋីបាន​នាំ​នាង​ទៅ​ប៉ុស្តិ៍ប៉ូលិស ហើយ​ប្ដឹង​ថា​មាន​កូន​វង្វេង​ឪពុក​ម្ដាយ​នៅ​ផ្សារ សូម​ឲ្យ​អាជ្ញាធរ​ជួយ​ទាក់ទង​ស្រាវជ្រាវ​រក​ឪពុក​ម្ដាយ​ក្មេង​ផង។  

សេដ្ឋី​អង្គុយ​ចាំ​ឪពុក​ម្ដាយ​របស់​ក្មេង​តូច​មក​ទទួល​នាង​យ៉ាង​អន្ទះសារ។ ​សម្លឹង​មើល​នាឡិកា ពេល​វេលា​របស់​គាត់​ជិត​អស់​ហើយ។ នៅ​ពេល​ឪពុក​ម្ដាយ​ក្មេង​មក​ដល់​បន្ទប់​រង់​ចាំ បី​នាក់​ឪពុក​ម្ដាយ​កូន​ក៏​រត់​ទៅ​ឱប​គ្នា​និង​ស្រែក​យំ​លាន់​រំពង​ពេញ​ប៉ុស្តិ៍​ប៉ូលិស។

គាត់​សម្លឹង​មើល​រូបភាព​នោះ​ដោយ​​អារម្មណ៍​រំភើប និង​ស្កប់ស្កល់​ក្នុង​ចិត្ត

“ពុទ្ធោ​ ការ​បាន​ជួយ​អ្នក​ដទៃ​គឺជា​ក្ដីសុខ​យ៉ាង​នេះ​ឯង!” សេដ្ឋី​ឧទាន​ម្នាក់​ឯងតិច​ៗ។ ប៉ុន្តែ​គាត់​ក៏​លែង​បាន​ញញឹម​ភ្លាម​ៗ ព្រោះ​យមរាជ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គាត់​ហើយ។ គាត់​លា​ដៃ​ឲ្យ​យមរាជ​ ប៉ុន្តែ​យមរាជ​ក៏​គ្រវី​ក្បាល​​ត្រលប់​ទៅ​គាត់​វិញ។  

“ឯង​មិន​បាច់​ទៅឋាន​​នរក​ជាមួយយើង​ទេ ព្រោះ​ឯង​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​នឹង​ឡើង​ឋានសួគ៌​បាន​ហើយ!” យមរាជ​ពោល។  

សេដ្ឋី​ក៏​បើក​ភ្នែក​ធំ​ៗ​ដោយ​មិន​ជឿ​អ្វី​ដែល​ខ្លួន​បាន​ឮ

“លោក​ថា​ម៉េច?” សេដ្ឋី​សួរ​ទាំង​ញ័រមាត់។

“ឯង​រក​បាន​ស្នាមញញឹម​ចេញ​ពី​ចិត្ត​ទី​បី​ហើយ”

យមរាជ​ហុច​កញ្ចក់​ឲ្យ​សេដ្ឋី​ឆ្លុះ​មុខ​របស់​ខ្លួន និង​និយាយ​ថា៖

“ការ​ពិត​វា​ទើប​កើត​ចេញ​មក​អម្បាញ់មិញ​នេះ​ឯង”  

សេដ្ឋី​សម្លឹង​មើល​មុខ​ខ្លួន​ឯង​ក្នុង​កញ្ចក់ ឃើញ​ទឹក​មុខ​ដ៏​ស្រស់​ថ្លា ខុស​ប្លែក​ពី​ទឹក​មុខ​ក្រំក្រៀម​គ្មាន​ហុងស៊ុយ​របស់​គាត់​កន្លង​មក ហើយ​ស្នាមញញឹម​នៅ​ពេល​នេះ វា​មិន​មែន​ជា​ស្នាមញញឹម​របស់​ប្រធាន​ក្រុមហ៊ុន​យក្ស​នោះ​ទេ ប៉ុន្តែ​វា​ជា​ទឹក​មុខ​របស់​បុរស​ចំណាស់​ម្នាក់ ដែល​ពោរពេញ​ ដោយ​ក្ដី​មេត្តា។ គាត់​បាន​មើល​ឃើញ​ស្នាមញញឹមចេញ​ពី​ចិត្ត​នៅ​លើ​ផ្ទៃ​មុខ​របស់​ខ្លួន​ឯង។  

“ចិត្ត​របស់​ឯង​ប្រែ​ហើយ គ្មាន​ហេតុផល​អ្វី​ដែល​យើង​ត្រូវ​នាំ​​ឯង​ទៅ​នរក​ទៀត​ទេ ប៉ុន្តែ​ដោយ​ពេល​នេះ​ទេវតា​មិន​ទាន់​មក​ទទួល​​ឯង​​យក​ទៅ នោះ​ក៏​មាន​ន័យ​ថា​ឯង​មាន​ពេល​វេលា​កសាង​អំពើ​ល្អ​លើ​លោក​នេះ​បាន​បន្ត​ទៀត” និយាយ​ចប់ យមរាជ​ក៏​រលាយ​បាត់​​ទៅ​មួយ​ប៉ប្រិច​ភ្នែក  

“ការ​ពិត​ស្នាមញញឹម​ទី​បី គឺ​ស្នាម​ញញឹម​របស់​យើង​ខ្លួន​ឯង​មែន​ទេ​នៀក?” សេដ្ឋី​ញី​ភ្នែក​សម្លឹង​មើល​ទៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​​ដោយ​អារម្មណ៍​ស្កប់ស្កល់​ក្នុង​ចិត្ត។  

អ្នកមាន​ជម្រើស​ពីរ៖

១. បើ​អ្នក​បាន​អាន​ហើយ​ យល់​ឃើញ​ថា​មាន​ប្រយោជន៍​ដាស់​តឿន​សតិ​បាន សូម Share ចែក​រំលែក​ជា​ធម្មទាន។

២. បើ​ឃើញ​ថា​អត្ថបទ​ខាង​លើ​នេះ គ្មាន​ប្រយោជន៍ យើង​សូម​អភ័យ​ទោស​ដែល​នាំ​​ឲ្យ​ខាត​ពេល​វេលា​ក្នុង​ការ​អាន ចាត់​ទុក​ថា​គ្មាន​អ្វី​​កើត​ឡើង​ហើយ​បំភ្លេច​វា​ចោល​ទៅ​ចុះ ៕

ប្រភព៖ Singleklekthemovie ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម