“មនុស្ស​ស្រី​កាឡកិណី" អត្ថបទ​សាង​កម្លាំង​ចិត្ត ដែល​​គ្រប់​គ្នា​គួរ​អាន​ដល់​ចប់

  • 2018-09-24 08:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គាត់​លុត​ជង្គង់​ហុច​ផ្កា​កុលាប​ឲ្យ​នាង

“រៀប​ការ​ជាមួយ​បង​ណា៎លីន បង​មិន​អាច​រស់​ខ្វះ​អូន​បាន​ទេ”

នាង​មាន​អារម្មណ៍​រំភើប ហើយ​ក៏​ឆ្លើយ​យល់​ព្រម​ជាមួយ​គេ​ភ្លាម។

“ពុក​អើយ ម៉ែ​អើយ កូន​សម្រេច​ចិត្ត​ត្រូវ​ឬ​អត់?”

នាង​ងើយ​មុខ​សម្លឹង​ផ្ទៃ​មេឃ និយាយ​ក្នុង​ចិត្ត​ទៅ​កាន់​វិញ្ញាណ​ឪពុក​ម្ដាយ។

រូបតំណាង

កាល​នោះ​លីន​មាន​អាយុ​ត្រឹម​តែ ២៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​មាន​សម្រស់​ស្រស់​ដាច់​គេ​នៅ​ក្នុង​ភូមិ។ ក្រោយ​រៀបការ​រួច នាង​បាន​រើស​មក​នៅ​ផ្ទះ​ប្ដី ដែល​មាន​តែ​ម្ដាយ​ប៉ុណ្ណោះ​នៅ​ជាមួយ។ ឪពុក​ក្មេក​របស់​នាង​បាន​ស្លាប់​យូរ​ហើយ​ដូច​គ្នា។ ម្ដាយ​ក្មេក មិន​សូវ​​ជា​ចូល​ចិត្ត​នាង​ប៉ុន្មាន​ឡើយ​ព្រោះ​នាង​ជា​កូន​កំព្រា ដូច្នេះ​ហើយ​គាត់​ក៏​តែង​រិះគន់​នាង​ជានិច្ច។

“ម៉ាក់​​ចិញ្ចឹម​បង​តាំង​ពី​តូច​ដល់​ធំ អូន​ធ្វើ​ល្អ​ជាមួយ​ម្ដាយ​បង​ខ្លះ​ទៅ​មិន​បាន? គាត់​ជា​ម៉ាក់​របស់​បង​ណា!” ប្ដី​របស់​នាង​​ឆ្លើយ​តប​ទៅ​នាង នៅ​ពេល​នាង​និយាយ​រឿង​ដែល​ម្ដាយ​គេ​រិះគន់​នាង​​កាល​ពី​ក្បាល​ព្រលប់​ប្រាប់។ នាង​បាន​ត្រឹម​តែ​​ឱន​មុខ​ទទួល​យក​​ទាំង​អន់​ចិត្ត។

ប្ដី​របស់​លីន​ធ្វើ​ការ​នៅ​ទី​រួម​ខេត្ត និង​ចូល​ចិត្ត​​ចូល​បន​ល្បែង​ញឹកញាប់ ទម្រាំ​ត្រលប់​មក​ដល់​ផ្ទះ​ក៏​​កណ្ដាល​យប់​សឹង​រាល់​ថ្ងៃ។ នាង​ធ្វើ​ការងារ​ផ្ទះ​ច្រើន តាម​ដែល​ម្ដាយ​ក្មេក​ប្រើ​គ្រប់​យ៉ាង ដោយ​គ្មាន​ហ៊ាន​តមាត់​មួយ​ម៉ាត់ រាង​កាយ​ហត់​នឿយ​ស្ទើរ​ដាច់​ខ្យល់ ផ្ទៃ​មុខ​ក្មេង​ស្រី​ដែល​ស្រស់​ស្អាត​ពី​មុន ក៏​ប្រែ​ជា​ជ្រុង​ស្លេកស្លាំង។ នៅ​ថ្ងៃ​ឈប់​សម្រាក​ ឬ ថ្ងៃ​ណា​ដែល​ប្ដី​របស់​នាង​បាន​នៅ​ផ្ទះ នាង​ក៏​សុំ​ឲ្យ​គេ​ជួយ​សម្រាល​បន្ទុក​ការងារ​​របស់​នាង​ខ្លះ ប៉ុន្តែ​បែរ​ជា​ត្រូវ​ម្ដាយ​ក្មេក​ស្ដី​ឲ្យ​ថា៖

“កូន​ប្រុស​យើង​ហត់​ជាមួយ​ការងារ​វា​ស្រាប់​ហើយ ថ្ងៃ​សម្រាក​ គួរ​ឲ្យ​គេ​​សម្រាក​​ខ្លះ មិន​មែន​ឲ្យ​គេ​មក​ធ្វើ​ការងារ​ផ្ទះ​ជំនួស​​ឯង​ទេ! នេះ​ឯង​ជា​ប្រពន្ធ​ស្អី​ហ្នឹង​បាន​ប្រើ​ប្ដី!”

ក្រោយ​រស់​នៅ​ជាមួយ​គ្នា​ជិត​មួយ​ឆ្នាំ នាង​ក៏​មាន​ផ្ទៃ​ពោះ។ ម្ដាយ​ក្មេក​ឃើញ​ពោះ​របស់​នាង​ស្រួច ក៏​ដើរ​ទៅ​និយាយ​ប្រាប់​គេ​ឯង​ថា​ខ្លួន​នឹង​បាន​ចៅ​ប្រុស។ ប្ដី​របស់​នាង​នៅ​តែ​ធ្វើ​ខ្លួន​​ដូច​ពី​មុន គឺ​ចេញ​ទៅ​ធ្វើ​ការ​តាំង​ពី​ព្រឹក ចូល​ផ្ទះ​វិញ​ក៏​យប់​អាធ្រាត្រ។ ពេល​គេ​ចូល​ក្នុង​បន្ទប់ ក៏​តម្រង់​មក​​អង្អែល​ពោះ​របស់​នាង​ហើយ​និយាយ​ “ធ្វើ​ជា​ក្មេង​ល្អ​ណា​កូន!” រួច​ហើយ​ក៏​ដាក់​ខ្លួន​គេង​ភ្លាម។

នាង​ចាញ់​កូន​ខ្លាំង ធ្វើ​ឲ្យ​គេង​មិន​លក់ ហូប​មិន​បាន​ជិត​កន្លះ​ឆ្នាំ។ លើ​ផ្ទៃ​មុខ​នាង​ពេល​នេះ​មើល​ទៅ​ស្លេក​ស្ទើរ​តែ​គ្មាន​ឈាម គ្មាន​សល់​ស្លាក​ស្នាម​​ជា​ក្មេង​ស្រី​ស្រស់​ស្អាត​ដូច​កាល​មុន​សូម្បី​បន្តិច​ឡើយ។ នៅ​ថ្ងៃ​សម្រាល​ គ្រូ​ពេទ្យ​ក៏​ប្រាប់​ថា នាង​បាន​កូន​ស្រី។ នាង​ញញឹម​ទាំង​ទឹក​ភ្នែក “កូន​ម៉ែ​គួរ​ឲ្យ​​ស្អប់​អី​យ៉ាង​​នេះ!"

“ស្អី​គេ? កូន​ស្រី? ទៅ​មិន​រួច​ទេ! ផ្ទះ​​ខ្ញុំ​​បី​ជំនាន់​ហើយ​មាន​តែ​កូន​ប្រុស​ទេ។ កូន​ប្រសា​ខ្ញុំ​ពោះ​ស្រួច​យ៉ាង​នេះ កើត​មក​ជា​កូន​ស្រី​យ៉ាង​ម៉េច​កើត ខ្ញុំ​មិន​ជឿ​ទេ!”

សំឡេង​របស់​ម្ដាយ​ក្មេង​លាន់​ឡើង បន្ទាប់​ពី​គ្រូ​ពេទ្យ​ប្រាប់​ថា គាត់​បាន​ចៅ​ស្រី។ គាត់​​ដើរ​ចេញ​ភ្លាម ដោយ​មិនអាច​​ទទួល​ស្គាល់ ហើយ​ក៏​ទទួល​យក​មិន​បាន​ដែរ ដែល​នាង​បង្កើត​បាន​កូន​ស្រី។

“ហើយ​ពពោះ​កូន​យ៉ាង​ម៉េច​ហ្នឹង! ហេតុ​អី​មិន​មែន​កូន​ប្រុស?” ប្ដី​របស់​នាង​មក​​ក៏​ជះ​កំហឹង​​ដាក់​ម្ដង​ទៀត។ នាង​បី​កូន​ស្រី​ផ្អោប​ជាប់​នឹង​ទ្រូង ទាំង​ទឹក​ភ្នែក​ហូរ​មិន​ឈប់។ គ្រូពេទ្យ និង​គិលានុបដ្ឋាក​សំឡឹង​មក​នាង​ដោយ​ខ្សែ​ភ្នែក​អាណិត​អាសូរ។

រូបតំណាង

រយៈ​ក្រោយ​មក ប្ដី​របស់​នាង​លេង​ល្បែង​កាន់​តែ​ខ្លាំង មួយ​យប់​ៗ​អស់​លុយ​ចូល​រាប់​សែន រហូត​ដល់​ថ្នាក់​ទៅ​ចង​ការ​លុយ​គេ​យក​មក​លេង។ នាង​ឃើញ​សភាពការណ៍​មិន​សូវ​ស្រួល ល្ងាច​មួយ​ក៏​ដាច់​ចិត្ត​និយាយ​ជាមួយ​ប្ដី៖

“បង​អ្ហើយឈប់​ទៅ​ កុំ​លេង​ទៀត​អី​!”

ផាច់!! សំឡេង​បាតដៃ​ទង្គិច​ផែន​ថ្ពាល់​របស់​នាង​រហូត​​ធ្វើ​ឲ្យ​នាង​ដួល​ពោប​ទៅ​នឹង​ឥដ្ឋ ហើយ​ប្ដី​នាង​ក៏​​ដើរ​ចេញ​ពី​ផ្ទះ​បាត់​ទៅ។ ម្ដាយ​ក្មេក​ចូល​មក​ក៏​ស្ដី​ឲ្យ​នាង​បន្ត​ថា៖

“ប្ដី​​តែ​មួយ​អ្ហែង​ទប់​មិន​ជាប់ កើត​កូន​ម៉ោ​ស្រី​ទៀត ថ្ងៃ​ក្រោយ​ត្រៀម​វេច​ខោ​អាវ​ចេញ​ពី​ផ្ទះ​អញ​ម៉ង​ទៅ”។

ពីរ​ថ្ងៃ​ហើយ​ដែល​ប្ដី​នាង​មិន​ត្រលប់​មក​ផ្ទះ។ នៅ​យប់​ថ្ងៃ​នោះ ប្ដី​នាង​ត្រូវ​មនុស្ស​ប្រុស​ពីរ​នាក់​អូស​ក​មក​ផ្ទះ។

“ប្ដី​នាង​ឯង​ចាញ់​ល្បែង ថែម​ទាំង​ខ្ចី​លុយ​​យើង​រាប់​លាន បើ​មិន​​រក​មក​សង​ក្នុង​រយៈ​ពេល​មួយ​អាទិត្យ កុំ​ថា​ពួក​យើង​ចិត្ត​អាក្រក់​ឲ្យ​សោះ!”

និយាយ​ចប់ បុរស​ទាំង​ពីរ​នាក់​ក៏​ប្រមូល​របស់​របរ​មាន​តម្លៃ​ក្នុង​ផ្ទះ​យក​ទៅ​ចេញ​ទៅ។

“នាង​ឯង​នេះ​កាឡកិណី​មែនៗ តាំង​ពី​រៀបការ​មក យើង​ធ្វើ​ការ​រក​លុយ​មិន​ដែល​ឡើង​សោះ លេង​ក៏​មិន​ដែល​ឈ្នះ​ដូច​មុន ហើយ​មាន​កូន​ស្រី​​ទៀត ម៉ោ​ណេះ!”

គេ​អូស​ដៃ​នាង​​ទៅ​វាយ​ស្ដី​ជេរ ចំណែក​ម្ដាយ​ក្មេក​បាន​ត្រឹម​តែ​ស្រែក​យំ​អាណិត​វាសនា​​កូន​ប្រុស​ដោយ​មិន​ព្រម​មក​ជួយ​ការពារ​នាង​បន្តិច​ឡើយ។

“ចេញ​ទៅ ចេញ​ពី​ផ្ទះ​អញ​ទៅ ទៅ​ទាំង​ម៉ែ​ទៅ​ទាំង​កូន​ទៅ មី​មេ​ស៊យ!”

នាង​សំឡឹង​មើល​មុខ​ប្ដី​សឹង​មិន​ជឿ​អ្វី​ដែល​ខ្លួន​បាន​ឮ។ នាង​ទ្រាំ​លែង​បាន​ទៀត​ហើយ។ នាង​ចូល​បន្ទប់​ប្រមូល​ខោ​អាវ និង​របស់របរ​ចាំបាច់ ហើយ​ក៏​បី​កូន​ចេញ​ពី​ផ្ទះ​នោះ​ទៅ ដោយ​គ្មាន​ស្រក់​ទឹក​ភ្នែក​មួយ​តំណក់។ នាង​ដើរ​កាត់​ផ្លូវ​​ងងឹត​ស្លុប​​ទៅ​កាន់​ផ្ទះ​ម្ដាយ​មីង​ដែល​នៅ​មិន​ឆ្ងាយ​ពី​នោះ​ប៉ុន្មាន​។ មនុស្ស​ស្រី​អាយុ​ទើប​តែ ២៥ឆ្នាំ​បាន​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ និយាយ​ថា​នាង​បែក​ពី​​ប្ដី​ក៏​មិន​ត្រូវ តែ​និយាយ​ឲ្យ​ចំ​គឺ​នាង​ត្រូវ​ប្ដី​បណ្ដេញ​​ក្បាល​ចេញ​តែ​ម្ដង។

នៅ​ព្រឹក​បន្ទាប់ អ្នក​ស្រុក​អ្នក​ភូមិ​ក៏នាំ​គ្នា​និយាយ​ខ្សឹបខ្សៀវ​រឿង​របស់​នាង។ អ្នក​ភូមិ​មួយ​ក្រុម​​នឹក​អាណិត​វាសនា​របស់​នាង ឯ​មួយ​ក្រុម​ទៀត​ក៏​និយាយ​ថា​សមមុខ​ហើយ ព្រោះ​នាង​មិន​បាន​បង្កើត​កូន​ប្រុស​ឲ្យ​គេ ធ្វើ​ឲ្យ​គ្រួសារ​គេ​ត្រូវ​ចុះ​អ័ព្ទ។ នាង​ដឹង​ថា​ដំណឹង​នេះ​ល្បី​ខ្ចរខ្ចាយ​មក​ពី​ណា ប៉ុន្តែ​នាង​ក៏​លែង​ខ្វល់ ព្រោះ​គិត​ថា​​បាន​ចេញ​ពី​ផ្ទះ​នោះ​រួច ក៏​ចាត់​ទុក​ថា​នាង​នៅ​មាន​សំណាង​ហើយ។ ​ត្រូវ​ធ្វើ​យ៉ាង​ណា​បន្ត? កូន​របស់​នាង​នឹង​មាន​អី​ហូប? ក្នុង​ខួរ​ក្បាល​នាង​ឥលូវ​គិត​តែ​ពីរ​សំណួរ​នេះ​ទេ។

ព្រឹក​ថ្ងៃ​មួយ នាង​ដើរ​ចូល​ទៅ​សុំ​ធ្វើ​ការ​ក្នុង​ហាង​លក់​ទឹក​សណ្ដែក​របស់​អ៊ំ​ស្រី​ម្នាក់។ នាង​ប្រាប់​អ៊ំស្រី​ម្ចាស់​ហាង​ថា នាង​ទើប​តែ​បែក​ពី​ប្ដី​ ហើយ​មាន​កូន​​តូច​ជាប់​ខ្លួន​​ផង។

“បើ​អ៊ំ​ស្រី​អាណិត​ទទួល​ខ្ញុំ​ឲ្យ​ចូល​ធ្វើ​ការ ខ្ញុំ​សុំ​យក​កូន​មក​មើល​​នៅ​ហ្នឹង​ផង​បាន​ទេ​អ៊ំ?"

“ខ្ញុំ​បាន​ឮ​រឿង​ឯង​ខ្លះ​ដែរ​ ការ​ពិត​ខ្ញុំ​ធ្វើ​តែ​ពីរ​នាក់​ម៉ែ​កូន​ក៏​បាន​ដែរ ប៉ុន្តែ​មិន​អី​ទេ យើង​ស្រី​ដូច​គ្នា មាន​ឯង​នៅ​ពីរ​នាក់​ទៀត ផ្ទះ​វា​មិន​ស្ងាត់”។

នាង​ឱនក្បាល​សំពះ​អរគុណ​អ៊ំ​ស្រី​ម្ចាស់​ហាង​ដោយ​រំភើប​បំផុត។

នាង​បាន​ជួយ​ធ្វើ​ការ​គ្រប់​យ៉ាង​ក្នុង​ផ្ទះ​យ៉ាង​ឧស្សាហ៍​ព្យាយាម ហើយ​ដោយ​សារ​​នាង​ចេះ​ធ្វើ​នំឆាខ្វៃ​ត្រូវ​មាត់​ម៉ូយ​ ធ្វើ​ឲ្យ​ហាង​នាង​ត្រូវ​បាន​គេ​ល្បី​ពី​មាត់​មួយ​ទៅ​មាត់​មួយ ហើយ​មុខ​របរ​នៅ​ផ្ទះ​នោះ​ក៏​កាន់​តែ​រីក​ចម្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

កូន​ប្រុស​របស់​អ៊ំ​ស្រី​គឺ​ជា​មនុស្ស​​មិន​ចេះ​មាត់​ក ប៉ុន្តែ​បែរ​ជា​មាន​និស្ស័យ​ជាមួយ​នាង​ជា​ខ្លាំង។ ចំណែក​អ៊ំ​ស្រី​ក៏​ពេញ​ចិត្ត​ពេញ​ថ្លើម​នាង​ខ្លាំង​ដូច​គ្នា។ គាត់​គិត​ក្នុង​ចិត្ត៖

“នេះ​ឬ​ស្រី​កាឡកិណី​ដែល​គេ​និយាយ​គ្រប់​គ្នា​នោះ? តាំង​ពី​មាន​នាង​ចូល​មក​ក្នុង​ផ្ទះ​ មុខ​របរ​រក​ស៊ី​ក៏​ឡើង​ទៅ​ៗ ចំណែក​កូន​ប្រុស​យើង​ក៏​មើល​ទៅ​ហាក់​ស្រស់ស្រាយ​ជាង​មុន​ដែរ មើល​ទៅខ្ញុំ​ត្រូវ​ធ្វើ​អី​ម្យ៉ាង​ហើយ!” ព្រឹក​ថ្ងៃ​មួយ បន្ទាប់​ពី​លក់​ទឹក​សណ្ដែក​អស់​ហើយ កូន​ប្រុស​របស់​អ៊ំ​ស្រី ក៏​បាន​យក​ទឹក​សណ្ដែក​មួយ​កែវ​មក​ហើយ​លុត​ជង្គង់​ចុះ​មុខ​នាង។

“រៀប​ការ​ជាមួយ​ខ្ញុំទៅ​ណា ខ្ញុំ​មិន​សូវ​ឆ្លាត​រហ័សរហួន​ ខ្ញុំ​មិន​សូវ​មាន​លុយ​ដូច​អ្នក​ដទៃ ប៉ុន្តែ​ខ្ញុំ​ស្បថ​បាន​ថា ស្នេហា​របស់​ខ្ញុំ​ដែល​មាន​ចំពោះ​លីន​ និង​កូន​គឺ​មិន​ឲ្យ​តិច​ជាង​អ្នក​ណា​ទេ”។ នាង​សំឡឹង​មុខ​កំលោះ​ស្ងប់ស្ងាត់​ដែល​ពេល​នេះ​កំពុង​លុត​ជង្គង់​ហុច​ទឹក​សណ្ដែក​មួយ​កែវ​ឲ្យ​នាង ហើយ​ក៏​ងាក​ទៅ​មើល​មុខ​ម្ដាយ​របស់​គេ ដែល​ឈរ​នៅ​មិន​ឆ្ងាយ។ អ៊ំ​ស្រី​ងក់​ក្បាល​ ហើយ​ក៏​ឲ្យ​សញ្ញា​ឲ្យ​នាង​យល់​ព្រម។ នាង​ទទួល​យក​កែវ​ទឹក​សណ្ដែក​​ទាំង​ទឹក​ភ្នែក។ កំលោះ​ម្នាក់​នេះ និង​អ៊ំ​ស្រី​ម្នាក់​នេះ​ហើយ​​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មោទនភាព​នឹង​ខ្លួន​ឯង និង​យល់​ថា​ខ្លួន​ឯង​មាន​តម្លៃ​តាំង​ពី​ចូល​មក​ស្នាក់​អាស្រ័យ។

“ចាស​យល់​ព្រម ខ្ញុំ​សូម​ផ្ញើ​ជីវិត​ខ្ញុំ​និង​ជីវិត​កូន​ស្រីជាមួយ​បង​ហើយ”។

សំឡេង​ទះ​ដៃ​របស់​ម្ចាស់​ផ្ទះ​វ័យ​ស្ទើរ​​ជរា​​រំពង​ឡើង ខណៈ​កូន​កំលោះ​ឡើង​ឱប​នារី​​ក្នុង​រង្វង់​ដៃ​។ នាង​ងើយ​មុខ​និយាយ​ទៅ​កាន់​មេឃ​ម្ដង​ទៀត៖

“ពុក​ ម៉ែ កូន​សូម​បួងសួង​ឲ្យ​ការ​សម្រេច​ចិត្ត​ម្ដង​នេះ​ គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ចុះ”។

រូបតំណាង

ការ​រៀប​ការ​លើក​ទីមួយ​របស់​នាង អ្វី​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​រំភើប​គឺ​បាច់​ផ្កា​កុលាប​ដ៏​ធំ ព្រម​ជាមួយ​ពាក្យ​សម្ដី​ផ្អែម​ដល់​បេះដូង​ដែល​ធ្វើ​ឲ្យ​នាង​ញញឹម​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែ​ការ​រៀប​ការ​លើក​នេះ គ្មាន​ទៀត​ទេ​បាច់​ផ្កា​កុលាប គ្មាន​ទេ​ពាក្យ​ផ្អែមល្ហែម គ្មាន​ទេ​ភាព​រ៉ូមែនទិក គឺ​មាន​ត្រឹម​តែ​ទឹក​សណ្ដែក​ធម្មតាៗមួយ​កែវ​ ជាមួយ​បុរស​ស្ងប់ស្ងាត់​ស្លូត​បូត​ម្នាក់​ និង​ពាក្យ​សន្យា​របស់​គេ​ចំពោះ​នាង​ថា “ខ្ញុំ​នឹង​​មិន​ធ្វើ​ឲ្យ​លីន​និង​កូន​អត់​ឃ្លាន​ដាច់​ខាត”។ អ្វី​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​រំជួល​ចិត្ត​ខ្លាំង។

ក្រោយ​រៀបការ​នឹង​គ្នា​មក នាង​និង​ប្ដី​កាន់​តែ​ឧស្សាហ៍​ប្រឹងប្រែង​ក្នុង​ការ​រក​ស៊ី។ នាង​បាន​សុំ​អង្វរ​​ឲ្យ​អ៊ំ​ស្រី​ម្ចាស់​ហាង​ដែល​ពេល​នេះ​ក្លាយ​ជា​ម្ដាយ​ក្មេក​របស់​នាង​ ឲ្យ​គាត់​សម្រាក​ឲ្យ​បាន​ច្រើន។ ម្ដាយ​ក្មេក​ក៏​មិន​​បដិសេធ​ទឹក​ចិត្ត​កូន​ប្រសា ទើប​សុំ​មក​ជួយ​មើល​ថែ​ចៅ​ស្រី​ជំនួស​វិញ។ អ៊ំ​ស្រី​មិន​ដែល​គិត​ស្អប់​ខ្ពើម​កូន​ដើម​របស់​កូន​ប្រសា​ឡើយ ប៉ុន្តែ​ថែម​ទាំង​ស្រលាញ់​នាង​ជា​ពិសេស​ថែម​ទៀត។ ប្ដី​របស់​នាង​ពូកែ​ធ្វើ​ការ ចំណែក​នាង​ពូកែ​ទុក​ដាក់​ និង​ចាត់ចែង​ការងារ​ផ្ទះ។ គ្រប់​ភ្ញៀវ​ចេញ​​ចូល​តែង​ឮ​សំឡេង​សើច​​ក្អាកក្អាយ​ពី​ផ្ទះ​នេះ​ជានិច្ចកាល។

ពី​ហាង​លក់​សណ្ដែក​តូចតាច ពេល​នេះ​ពួក​គេ​បាន​ពង្រីក​មុខ​ជំនួញ​​ច្រើន​សាខា​និង​មាន​បុគ្គលិក​ជា​ច្រើន​នាក់។ មិន​ដល់​បី​ឆ្នាំ​បន្ទាប់ ពួក​គេ​ក៏​បាន​បើក​រោងចក្រ​ផលិត​ទឹក​សណ្ដែក​ខ្នាត​តូច ចំណែក​នាង​ក៏​បាន​​ផ្ដល់​កំណើត​ឲ្យ​កូន​ប្រុសម្នាក់​ទៀត។

ល្ងាច​ថ្ងៃ​មួយ អតីត​ម្ដាយ​ក្មេក​របស់​នាង​ក៏​បាន​ជួប​នឹង​ម្ដាយ​ក្មេក​របស់​នាង​បច្ចុប្បន្ន​ដោយ​ចៃដន្យ​នៅ​សួន​សាធារណៈ។

“កូន​ប្រុស​ចែ​ឯង​សំណាង​ដល់​​ហើយ​ហ្ន ធ្វើ​ការ​ក៏​ពូកែ រកស៊ី​ធំ​ដុំ​ណាស់​ឥលូវ ខ្ញុំ​សប្បាយ​ចិត្ត​ជំនួស” អតីត​ម្ដាយ​ក្មេក​និយាយ​មុន។

“មិន​មែន​ដោយ​សារ​កូន​ប្រុស​ខ្ញុំ​ទេ តែ​កូន​ប្រសា​ខ្ញុំ​ទៅ​វិញ​ទេ​បាន​ពូកែ តាំង​ពី​ពួក​គេ​ការ​ជាមួយ​គ្នា​មក នាង​ក៏​ជួយ​ធ្វើ​ការងារ​នានា​ជំនួស​ខ្ញុំ​ និង​កូន​ប្រុស​បាន​គ្រប់​យ៉ាង។ កូន​ប្រុស​ខ្ញុំ​បាន​តែ​ឧស្សាហ៍​មួយ​មុខ​គត់ បាន​មុខ​របរ​រីក​ចម្រើន​ដូច​រាល់​ថ្ងៃ បាន​កូន​ប្រសា​ហ្នឹង​ហើយ​អ្នក​គំនិត ពូកែ​ទុក​ដាក់”។   “ស្អី​គេ កូន​ប្រុស​ចែ​ឯង​អ្នក​ខំ​រក ហើយ​យក​លុយ​មក​ឲ្យ​កូន​ប្រសា​អ្នក​ទុក​ដាក់? ចែ​ឯង​សុខ​ចិត្ត​ឲ្យ​កូន​ប្រុស​លំបាក​អីចឹង?” អតីត​ម្ដាយ​ក្មេក​លាន់​មាត់​ដោយ​ស្ទើរ​មិន​ជឿ​អ្វី​ដែល​គាត់​បាន​ឮ។

“ខ្ញុំ​ចិញ្ចឹម​កូន​មក​តាំង​ពី​តូច ដល់​ថ្ងៃ​មួយ​មាន​មនុស្ស​មក​មើល​ថែ​វា​ជួស​ខ្ញុំ ខ្ញុំ​មិន​សប្បាយ​ចិត្ត? ម្យ៉ាង​ទៀត កូន​ប្រុស​ធ្វើ​ការ​ធ្ងន់​តិច​វា​មិន​អី​ទេ វា​ជា​មេ​គ្រួសារ បើ​អត់ធ្មត់​ការងារ​ធ្ងន់​មិន​បាន ឲ្យ​គ្រប់គ្រង​កូន​ចៅ​យ៉ាង​ម៉េច។ ម្យ៉ាង​កូន​ប្រសា​ខ្ញុំ ជា​មនុស្ស​ល្អ ពូកែ​ការងារ​ផ្ទះ​ទៀត អីចឹង​បាន​ជា​ខ្ញុំ​ពេញ​ចិត្ត​ពេញមុខ​ពេញ​មាត់​នឹង​វា​​ហ្នឹង​ណា៎”។ អតីត​ម្ដាយ​ក្មេក​ចំហ​មាត់​ធ្លុង​មិន​ដឹង​ថា​និយាយ​អ្វី​ល្អ ទើប​ងាក​ទៅ​ប្រឡែង​​ជាមួយ​កូន​តូច​ក្នុង​រទេះ​រុញ​វិញ។

“ចៅ​ប្រុស​ចែ​ឯង​គួរ​ឲ្យ​ស្រលាញ់​ដល់​ហើយ​ កាល​នៅ​ជាមួយ​ខ្ញុំ វា​ទៅ​ជា​បង្កើត​បាន​កូន​ស្រី ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​ជួប​រឿង​ស៊យ​ឡើង​យូរ​ឆ្នាំ”។

“ប៉ុន្តែ​ចៅ​ស្រី​​ខ្ញុំ​នោះ​ជា​ក្មេង​ល្អ​និង​គួរ​ឲ្យ​ស្រលាញ់​ណាស់​តើ ដោយ​សារ​បាន​ចៅ​ស្រី​ជា​ក្មេង​ល្អ ទើប​ផ្ទះ​​ពួក​យើង​ពេល​នេះ​មាន​ចៅ​ប្រុស​​ម្នាក់​ទៀត បើ​មិន​បាន​ចៅ​ស្រី​ម្នាក់​ហ្នឹង​ទេ ខ្ញុំ​ក៏​មិន​បាន​ចៅ​ប្រុស​ដែរ”។

បាន​ឮ​អតីត​ម្ដាយ​ក្មេក​របស់​កូន​ប្រសា​បន្ទោស​ចៅ​ស្រី​សំណព្វ​ចិត្ត​​របស់​ខ្លួន​ថា​​ធ្វើ​ឲ្យ​​គ្រួសារ​គេ​ធ្លាក់​ខ្លួន ធ្វើ​​ឲ្យ​ម្ដាយ​ក្មេក​ថ្មី​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ ទើប​លេង​ទៅ​វិញ​​យ៉ាង​ចាស់​ដៃ​​តែ​ម្ដង។

“ម៉ែ! ល្មម​ទៅ​ផ្ទះ​វិញ​ហើយ”

សំឡេង​កូន​ប្រុស និង​កូន​ប្រសា​ស្រែក​ហៅ​ព្រម​គ្នា។

នៅ​ពេល​អតីត​ម្ដាយ​ក្មេក​ងាក​ទៅ​មើល ក៏​ឃើញ​ប្ដី​ប្រពន្ធ​មួយ​គូ​កំពុង​ដឹកដៃ​កូន​ស្រី​ដើរ​ចូល​មក។ ​ ផ្ទៃ​មុខ​​នារី​ស្អាត​ម៉ដ្ឋខៃ​​បាន​ត្រលប់​មក​ជា​ស្រស់​ថ្លា​សម​វ័យ​ម្ដង​ទៀត។

“តាំង​ពី​រៀប​ការ​ចូល​ផ្ទះ​អ្នក​មាន អ្ហែង​មើល​​ទៅ​ស្អាត​ជាង​​កាល​ជាង​នៅ​ផ្ទះ​យើង​ច្រើន​ណាស់​ហ្ន” អតីត​​ម្ដាយ​ក្មេក​​លាន់​មាត់ ពេល​អ្នក​ទាំង​បី​ដើរ​មក​ដល់​ហើយ​ជម្រាប​សួរ។   “ខ្ញុំ​ប្រាប់​យក​តែ​បុណ្យ​ទេ​ណា៎ សំណាប​​វា​យោង​ដី ស្រី​យោង​ប្រុស សំណាប​ល្អ​យ៉ាង​ណា តែ​បើ​យក​ទៅ​ស្ទូង​ក្នុង​ដី​ខ្សាច់​ខ្សោះ​នោះ វា​គង់​តែ​រលួយ។ មនុស្ស​ស្រី​ដែល​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​អាក្រក់ ក៏​​មិន​ខុស​ពី​ធ្លាក់​នរក​ទាំង​រស់​ដែរ។ កុំ​គិត​តែ​បន្ទោស​កូន​ប្រសា​ថា​​ចង្រៃ គ្មាន​ហុងស៊ុយ ក្នុង​ផ្ទះ​ដែល​មាន​មនុស្ស​អាក្រក់​ ​ពូកែ​បំផ្លាញ​ហើយ ទោះ​លុយ​ធ្លាក់​ពី​លើ​មេឃ​ច្រើន​យ៉ាង​ម៉េច វា​ក៏​វា​មិន​សល់​ដែរ”។

និយាយ​ចប់ គាត់​​ងាក​ទៅ​ព​ចៅ​ស្រី ហើយ​ក៏​ប្រាប់​ឲ្យ​កូន​ប្រុស​រុញ​រទេះ​ចៅ​ប្រុស​​មក​តាម​ក្រោយ។

“ទៅ​ផ្ទះ​វិញ​ទៅ​កូន ភ្លៀង​ឥលូវ​ហើយ” គាត់​លើក​ដៃ​ទះ​ស្មា​កូន​ប្រសា ហើយ​ក៏​នាំ​គ្នា​ដើរ​ឡើង​ឡាន​ត្រលប់​ទៅ​ផ្ទះ​វិញ ទុក​ឲ្យ​អតីត​ម្ដាយ​ក្មេក​នៅ​ទាំង​ខឹង​ និង​អាម៉ាស់​មុខ​​តែ​ម្នាក់​ឯង។


មនុស្ស​ប្រុស​គឺ​អ្នក​រក មនុស្ស​ស្រី​គឺអ្នក​ទុក​ដាក់

មនុស្ស​ប្រុស​ធ្វើ​ការ​រក​ប្រាក់​ចូល​ផ្ទះ មនុស្ស​ស្រី​មើល​ថែ​ផ្ទះ មើល​ថែ​ទ្រព្យ​សម្បត្តិ មិន​ចាយ​វាយ​ខ្ជះខ្ជាយ។

មនុស្ស​ប្រុស​ជា​ដី មនុស្ស​ស្រី​គឺ​​ផ្កា

មនុស្ស​ស្រី​ត្រូវ​ការ​ការ​មើល​ថែ​ពី​មនុស្ស​ប្រុស មនុស្ស​ប្រុស​ត្រូវ​ការ​មោទនភាព​ក្នុង​ខ្លួន​របស់​មនុស្ស​ស្រី។ មនុស្សប្រុស​អាក្រក់​ៗ​ក៏​មិន​ខុស​អ្វី​ពី​ដី​ខ្សាច់ ខ្យល់​ផាត់​បន្តិច​ក៏​ប៉ើង​អស់ ពេល​នោះ​ពាក្យ​សម្ដី​ផ្អែម​ពីរោះ ក៏​គ្មាន​ន័យ​ទៀត​ដែរ។ ទោះ​បី​ជា​ពូជ​ផ្កា​ស្រស់​ស្អាត​យ៉ាង​ណា ប៉ុន្តែ​បើ​ដាំ​លើ​ដី​បែប​នោះ​វា​នឹង​ត្រូវ​ក្រៀម​រលួយ​ស្លាប់​ជៀស​មិន​ផុត។

មនុស្ស​​ល្អ​​ៗ​ក៏​ប្រៀប​ដូច​នឹង​ដីខ្មៅ​ដ៏​មាន​ជីវជាតិ មើល​ទៅ​ហាក់​ដូច​គ្មាន​តម្លៃ ប៉ុន្តែ​ធ្វើ​អ្វី​ក៏​ច្បាស់លាស់ ស្មោះត្រង់។ គេ​អាច​មិន​​សូវ​និយាយ​ថា “បង​ស្រលាញ់​អូន” ប៉ុន្តែ​គេ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ។ ទោះបី​ជា​ពូជ​ផ្កា​ដែល​មិន​ពេញ​លក្ខណៈ ប៉ុន្តែ​បើ​ដាំ​​នៅ​ដី​ល្អ វា​​នឹង​អាច​ចេញ​ផ្កា​រីក​ស្គុសស្គាយ​ឲ្យ​អ្នក​ផង​បាន​គយគន់។

កុំ​រុញ​ភាព​មិន​ចម្រុងចម្រើន​នៃ​គ្រួសារ​ថា​ជា​កំហុស​មនុស្ស​ស្រី​តែ​ម្ខាង​អី។ មនុស្ស​ប្រុស​ដែល​​មិន​ស្រលាញ់​ប្រពន្ធ​នោះ​ហើយ​គឺ​ជា​​ប្រុស​មិន​បាន​ការ ដូច្នេះ​កុំ​អាង​តែ​បន្ទោស​ប្រពន្ធ​ថា​ជា​មេ​ស៊យ​​ទៀត​អី ៕

ប្រភព៖ NusonBooks ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម