រឿង​ដ៏​ល្អ! ព្រោះ​តែ​នំ​ខ្លោច​មួយ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​អ្វី​ទៅ​ជា​សុភមង្គល​គ្រួសារ​ប្រាកដ

  • 2018-09-20 07:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្ដាយ​ខ្ញុំ​ជា​អ្នក​ធ្វើ​អាហារ​សម្រាប់​គ្រួសារ​ខ្ញុំ​រៀងរាល់​ថ្ងៃ។ យប់​មួយ​បន្ទាប់​ពី​​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ ម៉ាក់​បាន​ត្រលប់​មក​ផ្ទះ​វិញ​ទាំង​អស់​កម្លាំង​និង​ធ្វើ​ម្ហូប​ឲ្យ​ពួក​យើង​ញ៉ាំ​ដូច​រាល់​ដង។ ពេល​ហូបបាយ ម៉ាក់​បាន​លើក​នំ​ខ្លោច​​ក្រៀម​មួយ​ចាន​ដាក់​នៅ​ពី​មុខ​ប៉ា។ ​ខ្ញុំ​ក៏​ចាំ​មើល​ថា​ម្នាក់​ៗ​នឹង​និយាយ​ថា​ម៉េច ចំពោះ​​នំ​​ខ្លោច​ដែល​ម៉ាក់​ធ្វើ​នេះ។

រូបតំណាង

ប៉ុន្តែ​ ប៉ា​មិន​បាន​និយាយ​អ្វី​ឡើយ ហើយ​ក៏​យក​នំ​មក​ទទួលទាន​តាម​ធម្មតា រួច​ក៏​បែរ​មក​សួរ​ខ្ញុំ​ថា នៅ​សាលា​រៀន​យ៉ាង​ម៉េច​ដែរ​ថ្ងៃ​នេះ។ ខ្ញុំ​ចាំ​បាន​ថា ម៉ាក់​បាន​និយាយ​សុំទោស​ប៉ា​សម្រាប់​​នំ​ខ្លោច​នោះ​ ហើយ​ខ្ញុំ​កាន់​តែ​មិន​ភ្លេច​ចម្លើយ​របស់​ប៉ា ដែល​គាត់​បាន​និយាយ​ថា "អូ! បង​ចូល​ចិត្ត​នំ​ក្រៀម​ៗ​អីចឹង ឆ្ងាញ់​ណាស់​ម៉ាក់​វា"។ យប់​បន្ទាប់​មក​ ខ្ញុំ​ក៏​មាន​សំណួរ​មួយ​ក្នុង​ចិត្ត មុន​ចូល​គេង និង​បាន​សួរ​ប៉ា​ថា "ប៉ា​ចូល​ចិត្ត​នំ​ខ្លោច​មែន​ហ្អី?” ប៉ា​អង្អែល​ក្បាល​ខ្ញុំ និង​តប​វិញ​ថា "ម៉ាក់​កូន​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ​ហើយ គ្រាន់​តែ​នំ​ខ្លោច​មួយ វា​មិន​ធ្វើ​ឲ្យ​អ្នក​ណា​កើត​អី​ទេ តែ​ពាក្យ​សម្ដី​រករឿង​គ្នា​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ជាមួយ​គ្នា"។

រូបតំណាង

គំនិត​អប់រំ៖ ជីវិត​មនុស្ស​យើង ពោរពេញ​ដោយ​កំហុស ហើយ​ម្នាក់​ៗ​ក៏​មិន​បាន​កើត​មក​ល្អ​ឥត​ខ្ចោះ​នោះ​ដែរ ខ្លួន​យើង​ផ្ទាល់​ក៏​​ធ្លាប់​មាន​កំហុស និង​មិន​មាន​អ្វី ល្អ​ណាស់ណា​ជាង​អ្នក​ដទៃ​ដែរ។ តែ​អ្វី​ដែល​យើង​រៀន​សូត្រ​បាន​​ពី​ជីវិត​នេះ​គឺ "ការ​ទទួល​យក​កំហុស​ ឬ​ភាព​ខ្វះ​ខាត​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ការ​រីករាយ​នឹង​ទទួល​យក​​ចំណុច​ខុស​គ្នា​របស់​បុគ្គល​ម្នាក់​ៗ គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​រក្សា​ជីវិត​គ្រួសារ ឲ្យ​មាន​ក្ដី​សុខ និង​ស្ថិតស្ថេរ​យូរ​អង្វែង" ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ sabaynews ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម