អ្នក​ទើប​បើក​ហា​ងថ្មី​ថ្មោង​គួរ​ដឹង​ស្ទីល​បោក​ប្លែកៗ បង្ការ​អស់​ទ្រព្យ​សម្បត្តិ​ទទេៗ

  • 2018-09-18 03:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បើក​ហាង​រក​ទទួល​ទាន​ គឺ​ពិត​ជា​មាន​ឧបសគ្គ​ច្រើន​មិន​អស់​ទម្រាំ​បាន​ជោគជ័យ​។​ ជា​រឿយ​ៗ​ការ​ឆ​បោក​ពី​ជន​ខិល​ខូច​តែង​តែ​កើត​ឡើង​ផង​ដែរ​។​ ដូច្នេះ​ហើយ​ដើម្បី​ទុក​ជា​មេរៀន​​សម្រាប់​ការពារ​ខ្លួន​ដល់​អ្នក​ដែល​ទើប​បើក​ហាង​ធ្វើ​អាជីវ​កម្ម​ថ្មី​ថ្មោង​ ម្ចាស់​ហាង​ ២ រូប​ចែក​រំលែក​ពី​ បទ​ពិសោធន៍​នៃ​ការ​បោក​ប្រាស់​របស់​ជន​ខិលខូច​ដែល​ខ្លួន​ជួប​ប្រទះ​កន្លង​មក។​

​ម្ចាស់​ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់​ម្នាក់​មាន​ឈ្មោះ​ក្នុង​ហ្វេសប៊ុក​ថា​ Zaa Moly​បាន​ចែក​រំលែក​បទ​ពិសោធន៍​ ដោយ​សរសេរ​រៀប​រាប់​ពី​ល្បិច​ឆបោក​របស់​ជន​ខិល​ខូច​ក្នុង​ ហ្វេសប៊ុក​ផេក​លក់​គ្រឿង​សម្អាង​ខ្លួន​ផ្ទាល់​ដែល​មាន​ឈ្មោះ​ថា​ White Beauty House​ ដូច្នេះ​ថា៖ "ថ្ងៃនេះ​មាន​រឿង​ចង់​និយាយ​អំពី​មនុស្ស​ឆបោក​ដែល​ហាយ​សូ​ល្បី​តាម​អន​ឡាញ​ម្នាក់​ ដែល​តែងតែ​ទៅ​បោក​តាម​ហាង​លក់​សម្លៀក​បំពាក់​ក៏​ដូចជា​ហាង​ស្បែក​ជើង​-ល-​ឥឡូវ​ជួប​ដល់​ហាង​លក់​គ្រឿង​ក្រអូប​វិញ​ម្ដង​ ប៉ុន្តែ​គាត់​មិន​ទាន់​បាន​បោក​អ្វី​ពី​ខ្ញុំ​បាន​សំរេច​ទេ​ ព្រោះ​ខ្ញុំ​បាន​សេវ​មុខ​គាត់​ទុក​ ចំណាំ​គាត់​ច្បាស់​ដូចថ្ងៃ ​តែ​ស្ទីល​គាត់​ដូច​អត់​ដូរ​សោះ​ ដំបូង​គាត់​បាន​ចូល​មក​ក្នុង​ហាង​ខ្ញុំ​ហេីយ​សួរ​អំពី​ឡេ​លាប​មុខ​ និង​ខ្ចី​លុយឲ្យ​ថ្លៃ​តុក​ៗ​ ព្រោះ​អត់​បាន​ដក​លុយ​ពី​ធនាគារ​ ជា​ហេតុ​ដែល​ធ្វេី​ឲ្យ​ខ្ញុំ​ប្រាកដ​ចិត្ត​ថា​ជា​គាត់​100%​ព្រោះ​គាត់​តែងតែ​បោក​គេ​ដោយ​ប្រេី​ស្ទីល​នេះ​ បន្ទាប់​មក​ប្រហែល​ជា​គាត់​គិត​ថា​យក​អ្វី​មិន​កេីត ​ទេីប​យក​លេស​ខ្ចី​ដង្កៀប​កៀប​សក់​និង​ទៅ​ដក​លុយ​ ហេីយ​ក៏​ទៅ​បាត់​ឈឹង​តែ​ម្ដង​។ គិត​ៗ​ទៅ​ដូច​ចាស់​ៗ​និយាយ​ចឹងចោរ​ទោះ​ជា​វា​លួច​អ្វី​មិន​បាន​ក៏​ត្រូវ​មាន​របស់​ទ្រនាប់​ដៃ​ទៅ​វិញ​ដែរ​កុំ​ឲ្យ​ស៊យ។​ចឹង​ក៏​សុំ​ផ្ដល់​ជា​ព័ត៌មាន​ចែក​ជូន​ដល់​បងប្អូន​ទាំងអស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ម្នាក់​ស្រី​ក្នុង​រូប​នេះ​ផង​។"

មិន​សូវ​ខុស​គ្នា​ ជា​មួយ​អ្នក​ស្រី​ ពេជ្រ​ ចិន្ដា ​ម្ចាស់​ហាង​ អ៊ុត​សក់​​ Pen Studio​ នៅ​ម្ដុំ​ទួល​ទំពូង​ ដែល​បើក​រយៈ​ពេល​ ២០​ ឆ្នាំ​ហើយ​នោះ​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ត្រូវ​បាន​ជន​ខិល​ខូច​ចូល​លួច​បន្លំ​ថា៖ តាំង​ពី​បើក​ហាង​មក​ទល់​បច្ចុប្បន្ន​ អ្នក​ស្រី​ធ្លាប់​រង​គ្រោះ​ដោយ​សារ​ជន​ខិល​ខូច​ចូល​បន្លំ​ ៣​ ដង​ក្រោម​រូបភាព​ផ្សេង​ៗ​គ្នា​។ អ្នក​ស្រី​ រៀប​រាប់​ថា​៖​ "លើក​ទី​មួយ​នឹង​ កាល​នោះ​មីង​ចាំ​បាន​ថា​ក្នុង​ឆ្នាំ​ ២០០៧​ មាន​បុរស​ពីរ​អ្នក​ជិះ​ម៉ូតូ​ឌុប​គ្នា​ រួច​ម្នាក់​ឈប់​មុខ​ហាង​ ហើយ​ម្នាក់​ទៀត​ដើរ​មក​ចូល​សួរ​នាំ។​ តែ​មីង​ក៏​មើល​ទៅ​មិន​ស្រួល​ដែរ​ ទើប​ដើរ​ទៅ​និយាយ​ជា​មួយ​គេ​នៅ​មាត់​ទ្វា​ចូល​ដើម្បី​កុំ​ឲ្យ​គេ​ចូល​មក​ដល់​ក្នុង​ហាង។​ គេ​សួរ​មីង​ថា​មាន​លាប​ថ្នាំ​សក់​ប្រុស​ឬ​ទេ​ មីង​ឆ្លើយ​ទៅ​វិញ​ថា​ អត់​មាន​ទេ​ ហើយ​គេ​ក៏​ត្រលប់​ឡើង​ម៉ូតូ​ទៅ​វិញ។​ មីង​មិន​ដឹង​ថា​ គេ​បាន​លួច​អ្វី​នោះ​ទេ​ លុះ​រសៀល​បន្តិច​ប្ដី​មីង​ចុះ​ពី​ផ្ទះ​រៀបចំ ​ខ្លួន​បម្រុង​និង​ចេញ​ក្រៅ​ក៏​រក​ស្បែក​ជើង​មិន​ឃើញ។​ ទាល់​តែ​បែប​នោះ​ទើប​មីង​នឹក​ឃើញ​ដល់​បុរស​ ២​អ្នក​នោះ​ ថា​ច្បាស់​ជា​គេ​ស៊ក​ទៅ​ហើយ​ ព្រោះ​ស្បែក​ជើង​នោះ​ជា​ស្បែក​ជើង​ ប៊ូ​ សាច់​ស្បែក​និង​មាន​តម្លៃ​ថ្លៃ។​

ចំណែក​លើក​ទី​ ២​ វិញ​ គី​នៅ​ឆ្នាំ​ ២០១១​ ។​ ពួក​ជន​ខិល​ខូច​គឺ​ជា​កូន​ក្មេង​ អាយុ​ប្រហែល​ ១០​ ទៅ​១២​ ឆ្នាំ​ ជិះ​កង់​មក​ធ្វើ​សកម្មភាព។​ កាល​នោះ​ល្ងាច​ម៉ោង​ ៦ៈ០០​ដែល​សល់​តែ​មួយ​ម៉ោង​ទៀត​បិទ​ហាង​ទៅ​ហើយ។​ ក្មេង​ៗ​ ៣​នាក់​នោះ​ជិះ​កង់​តែ​មើល​ទៅ​ស្អាត​បាត​ និង​មិន​គួរ​ឲ្យ​សង្ស័យ​នោះ​ឡើយ​។​ គេ​ប្រាប់​ថា​ គេ​ត្រូវ​ការ​លាប​សក់​ព្រោះ​ព្រឹក​ស្អែក​ត្រូវ​ចូល​រួម​មង្គលការ​បង​ប្អូន។​ ដូច្នេះ​មីង​ក៏​ព្រម​ទទួល​ ហើយ​ទៅ​លាយ​ថ្នាំ​លាប​នៅ​ខាង​ក្រោយ​ហាង​ ដោយ​ភ្ញៀវ​ចាំ​នៅ​ខាង​មុខ។​ ក្រោយ​លាយ​រួច​ ដើរ​មក​រក​ភ្ញៀវ​គឺ​ទៅ​បាត់​អស់​ ហើយ​បាត់​ទាំង​ទូរស័ព្ទ​និង​កាបូប​លុយ​ផង​ដែរ។​

ចំណែក​ឯ​លើក​ចុង​ក្រោយ​នេះ​គឺ​ពិតជា​ស្មាន​មិន​ដល់​ និង​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​ ដោយ​ចោរ​ស្រី​ចូល​បន្លំ​ជា​ជាង​ មក​បម្រើ​ការ​មួយ​ខែ​ ទើប​ធ្វើ​សកម្មភាព​ លួច​គ្រឿង​អលង្ការ​ និង​លុយ​កាក់​មួយ​ចំនួន​ ហើយ​រត់ បាត់។​ លុះ​បាន​មួយ​អាទិត្យ​ចោរ​ដដែល​ចេញ​ធ្វើ​សកម្មភាព​ដដែល​ តែ​ប៉ះ​ចំ​ហាង​ប្អូន​ថ្លៃ​មីង​ ដែល​ជា​ជាង​អ៊ុត​សក់​ដែរ​ ហើយ​គេ​ចំណាំ​មុខ​វា​បាន​ ក៏​ចាប់​ឲ្យ​ប៉ូលិស​ វាយ​ខ្នោះ​ធ្វើ​តាម​ច្បាប់។​ កាល​នោះ​មីង​យក​បាន​គ្រឿង​អលង្ការ​ មក​វិញ​បាន​តែ​លុយ​ត្រូវ​វា​យក​ចាយ​អស់​។​"

ក្រោយ​ពី​ឃើញ​ស្ថានភាព​បែប​នេះ​អ្នក​ស្រី​ក៏​ប្រយ័ត្ន​ប្រយែង​ទ្វេ​ដង​ដោយ​តម្លើង​កាមេរ៉ា​សុវត្ថិភាព​ ជួល​សន្តិសុខ​យាម​កាម​ និង​ចែក​រំលែក​ដល់​បង​ប្អូន​កូន​ចៅ​ ឲ្យ​ប្រុង​ប្រយ័ត្ន​ដោយ​មិន​ធ្វេសប្រហែស​ មួយ​ចំណុច​ណា​ឡើយ។​

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម