បង្ហាញ​មុខ​ស្ត្រី​ខ្មែរ​៣​រូប​ទទួល​បាន​ពាន​រង្វាន់​អាជីវកម្ម​ផ្សេង​​គ្នា ក្នុង​ចំណោម​ពាន​ទាំង​៧

  • 2018-09-02 03:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គម្រោង "ផ្លូវទៅស្រុកវគ្គ២" (RoadHome2) ដែល​ផ្ដោត​លើ​ប្រធាន​បទ​សហគ្រិន​ភាព ​និង​មាន​ឈ្មោះ​ថា​ "របរ​គេ​របរ​យើង" បាន​បញ្ចប់​ទៅ​ជា​ស្ថាពរ ដោយ​រក​ឃើញ​សហគ្រិន​ឆ្នើម​ និង​មុខ​របរ​លេច​ធ្លោ​ទាំង​៧ ក្នុង​ចំណោម​៥០ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ក្រោយ​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង​ ៥ ខែ គម្រោង "ផ្លូវ​ទៅ​ស្រុក​វគ្គ​២" (RoadHome2) បាន​រក​ឃើញ​សហគ្រិន​កម្ពុជា ដែល​ពុះពារ​បង្កើត ពង្រឹង​មុខ​របរ​ក្នុង​ស្រុក​ដោយ​ខ្លួន​ឯង​ និង​សក្ដិសម​ក្នុង​ការ​ទទួល​ពាន​រង្វាន់​ទាំង​៧​ ដែល​ក្នុង​នោះ​មាន​ពាន​រង្វាន់​ចំនួន​៣ ដែល​គ្រប់គ្រង​ដោយ​សហគ្រិន​ជា​ស្ត្រី​ខ្មែរ​ដូច​ជា៖

Unique Entrepreneur Award: ពាន​រង្វាន់​សម្រាប់​សហគ្រិន ដែល​ប្រកប​អាជីវកម្ម​ប្រភេទ​កម្រ​មាន ឬ​ឃើញ​នៅ​ប្រទេស​កម្ពុជា​ បាន​ទៅ​លើ​ អ្នក​ស្រី សូ សម្បត្តិ ម្ចាស់​សិប្បកម្ម​កំប្លោក​ ភ្នំ​ក្រោម ខេត្ត​សៀមរាប ដែលជា​សិប្បកម្ម​​ផលិត​កាបូប​ស្ត្រី​ និង​គ្រឿង​ប្រើ​ប្រាស់​ធ្វើ​ពី​កំប្លោក។

អ្នកស្រី​បាន​បែក​គំនិត​ចាប់​ផ្តើម​ផលិត​កាបូប​លក់​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ ២០១០។ សិប្បកម្ម​កំប្លោក​ភ្នំ​ក្រោម​របស់​អ្នក​ស្រី​អាច​ផលិត​ផលិតផល​ពី​កំប្លោក​​បាន​ពី​១០ ទៅ ១៥ ក្នុង​មួយ​ថ្ងៃ។ ផលិតផល​កំប្លោក​របស់​អ្នកស្រី​​ផង​ដែរ​ក៏​ត្រូវ​បាន​បញ្ជា​ទិញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក មាន​ទាំង​សហរដ្ឋ​អាមេរិក ជប៉ុន កូរ៉េ ម៉ាឡេស៊ី និង​​បារាំង។

Women Entrepreneur Award: ពាន​រង្វាន់​សម្រាប់​សហគ្រិន​ស្ត្រី​ឆ្នើម បាន​ទៅ​លើ​អ្នក​ស្រី លឹម លីម៉ា ម្ចាស់​ក្រុម​ហ៊ុន LM Lima Angkor Food ខេត្តសៀមរាប ដែល​ផលិត​នំ Cookies ស្រា​ដំណាប់​ផ្លែ​ឈើ និង​សូកូឡា។ ៩០% នៃ​វត្ថុ​ធាតុ​ដើម​​ដែល​ប្រើ​សម្រាប់​​ផលិត​គឺ​ជា​​ធនធាន​ក្នុង​​ស្រុក។

លោក​ស្រី លីម៉ា និង​ស្វាមី​បាន​ចាប់​ដៃ​គ្នា​កសាង​ក្រុមហ៊ុន​នេះ​ឡើង​នៅ​ចុង​ឆ្នាំ​២០០៨។ ផលិតផលរបស់ LM LimaAngkor Food​ មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទំនើប​នានា​ក្នុង​ប្រទេស និង​​មាន​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

Handicraft Entrepreneur Award: ពានរង្វាន់សម្រាប់សិប្បករឆ្នើម​ បាន​ទៅ​លើ​ អ្នក​ស្រី ដាំ​ មុំ ដែល​ជា​ម្ចាស់​សិប្បកម្ម​តម្បាញ​សូត្រ ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​មាន​ផលិត​ផលិតផល​ធ្វើ​ពី​អំបោះ និង​សូត្រ ​ដូចជា ភួយ​ដណ្តប់ ក្រមា​បង់​ក កន្សែង និង​ក្រណាត់​សូត្រ​ជា​ដើម។

អ្នក​ស្រី​ចាប់ផ្តើម​ចង​ក្រង​ក្រុម​ស្ត្រី​​តម្បាញ​ និង​បង្កើត​ជា​សិប្បកម្ម​តម្បាញ​សូត្រ​នេះ​ក្នុង​ឆ្នាំ​២០០៨ ដោយ​សារ​តែ​អ្នក​ស្រី​ចេះ​ត្បាញ​ត​ពី​ដូន​តា​មក​យូរ ហើយ​ម្យ៉ាង​ទៀត​អ្នក​ស្រី​ស្រលាញ់​របរ​នេះ​តាំង​ពី​តូច​មក​ម្ល៉េះ។ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ អ្នក​ស្រី​អាច​ត្បាញ​បាន​ក្រមា​សូត្រ​មួយ​តែ​ប៉ុណ្ណោះ។ ផលិតផល​ទាំង​នេះ មាន​លក់​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ទីផ្សារ​ដែល​ធំ​ជាង​គេ គឺ​ខេត្ត​សៀមរាប និង​​រាជធានី​ភ្នំពេញ។

ដោយ​ឡែក​ពាន​រង្វាន់​៤​ផ្សេង​ទៀត​មាន​ដូច​ជា​៖

  • ពាន​រង្វាន់​​សហគ្រិន​ផ្ដល់​សេវាកម្ម​ល្អ (Service Entrepreneur Award) បាន​ទៅ​លើ​ លោក ឈម ប៊ុនហេន អ្នក​បើក​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ ខេត្ត​ស្ទឹង​ត្រែង

  • ពាន​រង្វាន់​​សម្រាប់​សហគ្រិន​ដែល​មាន​អាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​​ផ្នែក​បរិស្ថាន (Sustainability Entrepreneur Award) បាន​ទៅ​លើ​ លោក​ គឹម ចាន់ ម្ចាស់​សិប្បកម្ម​ឆ្នាំង​ចាក់ កំពង់​ចាម

  • ពាន​រង្វាន់​​សហគ្រិន​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត (Creative Entrepreneur Award) បាន​ទៅ​លើ​លោក ថៃ វ៉ាន់​ថា ម្ចាស់​ហាង​ថត​រូប @homePhotography ភ្នំពេញ

  • ពាន​រង្វាន់​សម្រាប់​សហគ្រិន​ដែល​ជួយ​អភិរក្ស​វប្បធម៌​ (Cultural Preservation Entrepreneur Award) បាន​ទៅ​លើ លោក ចាន់​ សេង​គង់ ម្ចាស់​សិប្បកម្ម​ឥដ្ឋ​ការ៉ូ​ខ្មែរ សៀមរាប៕

ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម