៥​យ៉ាង​ដែល​មនុស្ស​ប្រុស​​មិន​គួរ​ធ្វើ នៅ​ពេល​ខ្លួន​មាន​សង្សារ​ហើយ

  • 2018-08-09 02:43:52
  • ចំនួនមតិ 2 | ចំនួនចែករំលែក 2

បើ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺចាប់​រវាង​មនុស្ស​ពីរ​នាក់​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មិន​អាច​មាន​ម្នាក់​ណា​ខ្លាំង ហើយ​ម្នាក់​ណា​តិច​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​បើ​សិន​ជា​អ្នក​ជា​​ជ្រើស​រើស​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ស្រី​ណា​ម្នាក់​ហើយ អ្នក​មិន​គួរ​ឲ្យ​រឿង​ខាង​ក្រោម​នេះ​កើត​ឡើង​នោះ​ទេ៖

១. រញ៉េរញ៉ៃ​ជាមួយ​ស្រី​ផ្សេង

វា​មិន​មែន​ជា​ការ​ហាម​ឃាត់​នោះ​ទេ តែ​អ្នក​គួរ​តែ​មាន​ដែន​កំណត់​ផង។ ការ​រាប់​អាន​គឺ​មាន​កម្រិត​នៃ​ការ​រាប់​អាន តែ​បើ​លើស​ពី​នេះ​វា​មិន​មែន​ជា​ការ​រាប់​អាន​នោះ​ទេ។ បើ​អ្នក​ដឹង​ថា​ខ្លួន​ឯង​មាន​មនុស្ស​ស្រី​ម្នាក់​ហើយ​ហេតុ​អី​ចាំ​បាច់​ទៅ​រញ៉េរញ៉ៃ​ច្រើន​ជា​អ្នក​ផ្សេង​ទៀត។ បើ​សិន​ជា​អ្នក​អស់​អារម្មណ៍ ក៏​ចាកចេញ​ទៅ មិន​បាច់​ត្រូវ​ធ្វើ​បែប​នេះ​នាំ​តែ​ឲ្យ​នាង​កាន់​តែ​ឈឺចាប់​នោះ​ទេ ព្រោះ​គ្មាន​មនុស្ស​ស្រី​ណា​ទ្រាំ​ឈរ​មើល​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រឡាញ់​ទៅ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ផ្សេង​ឡើយ។

២. មិន​ដែល​ខ្វល់​ពី​នាង​សោះ

ពាក្យ​ស្រឡាញ់​គឺ​ងាយ​នឹង​និយាយ​ណាស់ តែ​អ្វី​ដែល​ពិបាក​នោះ​ទេ​ទង្វើ​ដែល​​អ្នក​ធ្វើ​ទៅ​កាន់​នាង។ ធ្លាប់​សួរ​ខ្លួន​ឯង​អត់​ថា​រាល់​ថ្ងៃ​អ្នក​បាន​ផ្ដល់​ទង្វើ​ល្អ​ៗ​អី​ខ្លះ​សម្រាប់​នាង? បើ​គ្រាន់​តែ​ប្រាប់​នាង​ហើយ​ទុក​នាង​ចោល មិន​សូវ​សួរនាំ​នាង មិន​សូវ​ខ្វល់ខ្វាយ​ពី​នាង កុំ​និយាយ​អី​ល្អ​ជាង។

៣. មិន​បាន​ចំណាយ​ពេល​ឲ្យ​នាង

ពេល​វេលា​ជា​ចំណែក​មួយ​ដ៏​សំខាន់ ហើយ​ពិត​ជា​សំខាន់​សម្រាប់​មនុស្ស​ស្រី។ នាង​ពិត​ជា​ត្រូវ​ការ​ពី​អ្នក​ណាស់ តែ​មិន​មែន​មាន​ន័យ​ថា​ឲ្យ​អ្នក​ចំណាយ​ពេល​លើសលប់​មក​លើ​នាង​ដែរ។ គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ឆ្លៀត​ពេល​ខ្លះ​បបួល​នាង​ទៅ​ក្រៅ​ញ៉ាំ​អី មើល​កុន និង​ជូន​នាង​ទៅ​កន្លែង​ដែល​នាង​ចង់​ទៅ។ មាន​ធ្លាប់​គិត​អត់​ថា​រាល់​ថ្ងៃ​អ្នក​បាន​ចំណាយ​ពេល​ប៉ុន្មាន​សម្រាប់​នាង? ឬ​ក៏​ចាំ​ឲ្យ​តែ​នាង​ហៅ​អ្នក បបួល​អ្នក?

៤. យក​ខ្លួន​ឯង​ជា​អ្នក​​ឈ្នះ

ពេល​មាន​រឿង​អី​មិន​សូវ​ល្អ​កើត​ឡើង អ្នក​មិន​ដែល​លួងលោម​នាង​ទេ ឬ​ក៏​ពេល​ខ្លះ​អ្នក​អាច​ជា​អ្នក​ខុស​សោះ​អ្នក​បែរ​ជា​យក​ខ្លួន​ឯង​ជា​អ្នក​ត្រូវ​វិញ។ ត្រូវ​ចាំ​ណា បើ​នាង​នៅ​ស្រឡាញ់​អ្នក​នាង​អាច​នឹង​ចាញ់​អ្នក​គ្រប់​ពេល​បាន ដោយសារ​ចង់​នៅ​ជាមួយ​អ្នក តែ​កុំ​ធ្វើ​ឲ្យ​នាង​ដល់​ដំណាក់​កាល​មួយ​ដែល​ស្អប់​អ្នក​អី។

៥. ចូលចិត្ត​និយាយ​ពាក្យ​ ចង់​សម្រាក ចង់​នៅ​ម្នាក់​ឯង

ពេល​ឈ្លោះ​គ្នា​ មិន​ដែល​ដោះ​ស្រាយ​ទេ តែ​បែរ​ជា​លើក​នូវ​ពាក្យ​ទាំង​នេះ​មក​និយាយ​វិញ។ មាន​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​ខុស ព្រោះ​ធ្វើ​បាប​ចិត្ត​មនុស្ស​ស្រី​ម្នាក់​តែ​ស្រឡាញ់​អ្នក​ទេ? ប្រហែល​ឮ​ពាក្យ​នេះ​ហើយ នាង​ស្រក់​ទឹក​ភ្នែក​មិន​ដឹង​ច្រើន​ប៉ុណ្ណា​ទេ ហើយ​ពេល​ខ្លះ​នាង​ក៏​សុខ​ចិត្ត​ត្រឡប់​ទៅ​និយាយ ទៅ​សម្រុះសម្រួល​ជាមួយ​អ្នក​វិញ​ក៏​មាន។ នេះ​ដោយ​សារ​នាង​ស្រឡាញ់​អ្នក​ខ្លាំង។

បើ​អ្នក​ទទួល​យក​នាង​ជា​សង្សារ​ទៅ​ហើយ ប្រាប់​នាង​ថា​ស្រឡាញ់​ហើយ ជួយ​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​នាង​​ផង បង្ហាញ​ទង្វើ​ស្រឡាញ់​ទៅ​នាង​ផង កុំ​ចាំ​ដល់​ពេល​បាត់បង់​នាង​ទើប​អ្នក​នឹកឃើញ​ពី​ទង្វើ​ល្អៗ​ដែល​នាង​ធ្វើ​មក​លើ​អ្នក​អី៕​​

ចុចអាន៖៦ វិធី​​ជួយ​អ្នក​ក្នុង​ការ​កាត់ចិត្ត​ពី​មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​ខ្លាំង

អត្ថបទ៖ ផេង ផលធិតា