យុវតីកម្ពុជា​ ២ រូបចែករំលែកបទពិសោធន៍ និង​បញ្ហា​ប្រឈម​ ពេល​ទៅរៀននៅថៃ

  • 2018-07-13 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​ឥឡូវ​​​មនុស្ស​ស្រី​​​តែង​ចង់​ក្រេប​យក​ចំណេះ​ដឹង​ឲ្យ​​​បាន​​ខ្ពង់ខ្ពស់ ​មិន​ចាញ់​បុរស​ឡើយ។ ហេតុនេះ​ហើយ​ក្រៅ​ពី​ការ​សិក្សា​​នៅ​ក្នុង​ស្រុក ស្រ្តីជា​ច្រើន​ក៏​មាន​បំណង​ប្រាថ្នាទៅ​រៀន​នៅ​ឯ​បរទេស​ផង​ដែរ។ ថ្ងៃ​នេះ​ កញ្ញា អ៊ុង រ័ត្ន​បញ្ញា​ ដែល​ជា​និស្សិត​​​អាហារូបករណ៍ កំពុង​​បន្ត​ការ​សិក្សា​​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ និងរចនាក្រាហ្វិកនៅ​​​ប្រទេស​ថៃ បាន​ចូល​រួម​​ចែក​រំលែក បទពិសោធន៍ និង​បញ្ហា​ជាក់​ស្តែង​ខ្លះៗដែល​នាង​​កំពុង​​តែ​ជួប​ប្រទះ​​​ពេល​សិក្សា​នៅ​បរទេស។

អ៊ុង រ័ត្ន​បញ្ញា​

**​១. ភាសា**​

ភាសា​​​​គឺ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​​​នៅ​ក្នុង​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​គឺ​ត្រូវ​ការ​ប្រើប្រាស់​ជា​ចាំ​បាច់។ ទោះ​បី​​ជា​​អ្នក​ចេះ​ស្រាប់ខ្លះៗ​ហើយ​ក៏​​ដោយ ប៉ុន្តែ​​​របៀប​នៃ​ការ​និយាយ​សន្ទនា​ គឺ​វា​មិន​ដូច​​​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​សាលា​​ទេ ដូច្នេះ​ភាសា​ជា​ឧបសគ្គ​​ចម្បង​ទី​១ សម្រាប់​ពេល​​ដំបូង​ដែល​នាង​ទៅ​ដល់​បរទេស។​​​

អ៊ុង រ័ត្ន​បញ្ញា​ និង​មិត្តភ័ក្ដិ

​២. ទំនៀមទម្លាប់

​​​​​​​ប្រទេស​នីមួយៗ​តែង​​តែ​មាន​​​ច្បាប់​ ​និង​ទំនៀម​ទម្លាប់​ខុសៗ​គ្នា ដូចជា​ការ​​​​បើកបរ​​ប្រកាន់​ឆ្វេង​ ស្ដាំ ​របៀប​រស់នៅ និង​​ការ​និយាយ​ស្តី​ជាមួយ​ចាស់ទុំ​ជា​ដើម។ នាង​ត្រូវ​​សម្រប​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​សិក្សា​​ស្វែង​យល់​ឲ្យបាន​កាន់​តែ​ច្បាស់ ជៀសវាង​​​ការ​ភាន់​ច្រឡំ​​ផ្សេងៗ។

​៣. ការ​ហូប​ចុក

សម្រាប់​អ្នក​ដែល​​ញ៉ាំ​មិន​សូវ​​រើស ​គឺ​​គ្មាន​បញ្ហា​អី​ធំដុំ​អីនោះ​ទេ ប៉ុន្តែ​​ចំពោះ​អ្នក​ដែល​ទម្លាប់​​ញ៉ាំ​តែ​ម្ហូប​​ណា​ដែល​ខ្លួន​ចូលចិត្ត គឺ​អាច​មាន​ផល​លំបាក​​ច្រើន ព្រោះ​ម្ហូប​​នៅ​ក្នុង​ប្រទេស​នីមួយៗ មាន​របៀបធ្វើ​ និង​​រស​​ជាតិ​ខុសៗ​​ពី​គ្នា។

​៤. ការ​រស់នៅ

​ចំពោះ​អ្នក​ដែល​ធ្លាប់​តែ​រស់​នៅ​​ជួបជុំ​ជាមួយ​គ្រួសារ ​និង​មាន​​មិត្តភ័ក្ត​​​នៅ​​ជុំ​វិញ​ខ្លួន​​ច្រើន អ្នក​នឹង​មាន​អារម្មណ៍​ថា​ឯ​កា ដោយ​សារ​តែ​មិន​ទាន់​ស៊ាំ​ទៅ​​​នឹង​​បរិយាកាស​ថ្មី​នៅ​ឡើយ​។ យ៉ាង​ណា​មិញ បើ​អ្នក​​​ជា​មនុស្ស​​ធ្លាប់​រស់​នៅ​ម្នាក់​ឯង​ពី​មុន​មក មាន​ភាព​ស្ងប់ស្ងាត់ ​នេះ​មិន​មែន​ជា​ឧបសគ្គ​ធំដុំ​សម្រាប់​អ្នក​នោះ​ទេ។

​៥. ការ​មើល​ថែទាំ​ខ្លួន​ឯង

ការ​មើល​ថែទាំ​ខ្លួន​​​ជា​អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត ​ព្រោះ​​​អំឡុង​ពេល​ដែល​អ្នក​​ប្រើ​​ជីវិត​រស់​នៅ​ម្នាក់​ឯង អ្នក​​​អាច​ទទួល​​រង​នូវ​សម្ពាធ​បាន​យ៉ាង​ងាយ ដូច្នោះ​​អ្នក​ត្រូវ​ចេះ​បែង​ចែក​​ពេល​វេលា​ឲ្យ​បាន​ច្បាស់​​លាស់ រវាង​ការ​សិក្សា​និង​ការ​សម្រាក​លំហែ។ អ្វីៗ​អាច​នឹង​ទៅ​រលូន​បាន​ លុះ​ត្រា​តែ​អ្នក​​​ចេះ​ពង្រឹង​ និង​ថែទាំ ​ទាំង​សុខភាព​ផ្លូវកាយ​ និង​ផ្លូវ​​ចិត្ត​ឲ្យ​បាន​ល្អ៕

ចុចអាន​បន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម