ប្រពន្ធ​ដែល​ជួយ​ឲ្យ​ប្ដី​ចម្រុងចម្រើន អាច​ធ្វើ​រឿង​ទាំង ៦ នេះ​បាន​ដោយ​ខ្លួនឯង

  • 2018-05-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ស្រ្តី​ជា​ប្រពន្ធ តែងតែ​ជា​អ្នក​នាំ​ឲ្យ​គ្រួសារ​មាន​សេចក្ដី​សុខ និង​រីកចម្រើន​អភិវឌ្ឍ​ទៅ​មុខ​រហូត។ ដូចនេះ​ជា​អ្វី​ដែល​ភរិយា​គ្រប់​រូប​ត្រូវ​ចេះ​សន្សំសំចៃ និង​ធ្វើ​ដោយ​ខ្លួន​ឯង ព្រោះ​ការ​ចំណាយ​ច្រើន​មិន​ល្អ​ចំពោះ​ហិរញ្ញវត្ថុ​គ្រួសារ​ឡើយ៖

១.ការ​តែង​ខ្លួន

មនុស្ស​ស្រី​សម័យ​នេះ គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​ចូល​សាឡន ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​កាន់តែ​ស្អាត​ឡើយ។ ប៉ុន្តែ​អ្នក​គួរ​ទៅ​ហាង​ថែរក្សា​សម្រស់​ធ្វើ​រឿង​ណា​ចាំបាច់​បាន​ហើយ រឿង​កំប៉ិកកំប៉ុក​ដូចជា​កក់​សក់ កៀប​សក់ លាប​ក្រចក​អី គួរតែ​ទិញ​ប្រដាប់ប្រដា​មក​ធ្វើ​ខ្លួនឯង​នៅ​ផ្ទះ​ទើប​ជា​ភាព​ឆ្លាតវៃ​របស់​ប្រពន្ធ​ល្អ។

២.របស់​ប្រើប្រាស់

គ្រួសារ​នីមួយ​ៗ​មាន​តម្រូវ​ការ​ប្រើ​សម្ភារៈ​ផ្សេង​ៗ​មិន​ដូច​គ្នា​ទេ អ្នក​មាន​ជីវភាព​ខ្ពស់​គេ​ប្រាកដជា​មិន​ស្ដាយ​នឹង​ចំណាយ​លើ​របស់​ទំនើប។ តែ​ភរិយា​គ្រប់រូប​ត្រូវតែ​ចាំ​ថា ការ​រិះ​ថាំ ពិតជា​នាំ​ឲ្យ​គ្រួសារ​សល់​ថវិកា​បាន​ច្រើន។ របស់​ប្រើប្រាស់​ក្នុង​ផ្ទះ អ្នក​អាច​ច្នៃ​ចេញ​ពី​កំប៉ុង ឬ​ទឹក​ក្រូច ទឹក​សុទ្ធ​បាន ដូចជា​បំពង់​ដាក់​ច្រាស់​ដុសធ្មេញ ឬ​បំពង់​ដាក់​ស្លាបព្រា​សម ជាដើម។ អ្នក​មិន​បាច់​យក​លុយ​ទៅ​ទិញ​របស់​អស់​ទាំង​នោះ​ឡើយ ព្រោះ​វា​ងាយ​ស្រួល​ធ្វើ។

៣.សម្លៀកបំពាក់

ស្រី​ៗ​ពិតជា​ទប់​ចិត្ត​មិន​បាន​ឡើយ ពេល​ឃើញ​មាន​ម៉ូដ​សម្លៀកបំពាក់​ថ្មី​ៗ​ចេញ​មក​សឹង​រាល់​ថ្ងៃ។ តែ​អ្នក​ត្រូវ​មាន​ភាព​ឈ្លាសវៃ​ដោយ មិន​បាច់​ទិញ​វា​ច្រើន​ពេក​ទេ គ្រាន់តែ​ចេះ​បែងចែក​ប្រភេទ​សម្លៀកបំពាក់​មាន​ក្នុង​ទូរ​ស្រាប់​សិន ចាំ​ពិចារណា គួរ​ទិញ​ម៉ូដ​ថ្មី ឬ​មិន​បាច់។ ដោយ​ប្រភេទ​ខោអាវ​សម្រាប់​ចូលរួម​កម្មវិធី​សមោសរ​មាន ៥-៦ សម្រាប់ ទុក​មួយ​ឡែក ហើយ​សម្លៀកបំពាក់​ទុក​ចូល​រួម​ជប់លៀង​ល្មម​ៗ​ត្រូវ​មាន ៧-៨ សម្រាប់ ខោអាវ​ស្លៀក​នៅ​ផ្ទះ​មាន​ប្រហែល ៨-១០ និង​ខោអាវ​ធ្វើការ ឬ​ដើរលេង ១០-១៤ កំប្លេ ហើយ​ខោអាវ​គេង​យប់​មាន​ត្រឹម ៣ ទៅ ៤ ឈុត​បាន​ហើយ ព្រោះ​វា​មិន​ចាំបាច់។ អ្នក​គួរតែ​កុំ​ស្លៀក​ខោអាវ​ទាំង​នោះ​ច្របូកច្របល់​ចូល​គ្នា​អី ព្រោះ​នឹង​ធ្វើឲ្យ​អ្នក​គ្មាន​ម៉ូដ​ចាស់​ថ្មី។

៤.ស្បែកជើង

ក្លាយ​ជា​ស្ត្រី​មាន​គ្រួសារ អ្នក​គួរតែ​ចេះ​បែងចែក​លុយកាក់​ធ្វើ​រឿង​មាន​ប្រយោជន៍​បាន​ហើយ ប៉ុន្តែ​របស់​មួយ​នេះ​ក៏​ចេញ​ម៉ូដ​ញឹកញាប់ និង​ទាក់​ចិត្ត​ស្រី​ៗ​ខ្លាំង​ផង​ដែរ មិន​ថា​ស្បែក​ជើង​កែវ ស្បែកជើង​សម្រែក ប៉ាត់តា ឬ​ស្បែក​ជើង​ស៊ក​ឡើយ។ ដូចនេះ​អ្នក​ត្រូវ​ចាំ​ថា មាន​ត្រឹម​ស្បែកជើង ៦-៧ គូរ គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​សម្រាប់​មនុស្ស​ស្រី ដោយ​ស្បែកជើង​កែង​អ្នក​មាន​យ៉ាង​ច្រើន ២ គូរ​ពណ៌​ខ្មៅ ព្រោះ​វា​សម​គ្រប់​សម្លៀកបំពាក់ និង​ស្បែកជើង​អេស្កាប៉ាំង​រាប​ៗ​មាន​ត្រឹម ១ ឬ ២ ប៉ាត់តា ១ សម្រាប់ ស្បែកជើង​សម្រែង ១ សម្រាប់ និង​ស្បែកជើង​ស៊ក​ធម្មតា ឬ​ស្បែកជើង​ទុក​ពាក់​នៅ​ផ្ទះ ២ គូរ។

៥.កាបូប

វា​សុទ្ធតែ​ជា​របស់​សំខាន់​សម្រាប់​មនុស្ស​ស្រី​គ្រប់​គ្នា តែ​មិន​ចាំបាច់​ទិញ​គ្រប់​ម៉ូដ ឬ​ជា​របស់ brand ឡើយ។ សព្វថ្ងៃ​មាន​របស់​ចម្លង​ច្រើន​ណាស់ ហើយ​តម្លៃ​គួរសម​ទៀត​ផង ដូចនេះ​អ្នក​អាច​ទិញ​របស់​សុទ្ធ​ប្រើ ១ ទៅ​បាន​ហើយ ហើយ​អ្នក​ត្រូវ​ដឹង​ពី​ប្រភេទ​ត្រូវ​ប្រើ។ បើ​មាន​ដំណើរ​កម្សាន្ត​ឆ្ងាយ​ៗ ត្រូវ​មាន​កាបូប​ស្ពាយ​ក្រោយ បើ​ទៅ​ធ្វើ​ការ​ទិញ​កាបូប​ស្ពាយ​ចំហៀង ហើយ​បើ​ចុះ​ខេត្ត ឬ​ធ្វើ​ដំណើរ​ទៅ​បរទេស​ត្រូវ​មាន​វ៉ាលី និង​កាបូប​ស្ពាយ​ទុក​ដាក់​សម្ភារៈ​ផ្សេង​ៗ​ដូចជា​កុំព្យូទ័រ កាមេរ៉ា។ អ្វី​ដែល​ពិសេស​វា​អាច​ប្រើ​បាន​ទាំង​គ្រួសារ​តែម្ដង។

៦.ចេះ​ធ្វើ​អាហារ​ខ្លួនឯង

គ្រួសារ​ទាំង​មូល គឺ​មិន​អាច​ពឹងផ្អែក​លើ​ចំណី​អាហារ​តាម​ហាង​បាន​ឡើយ ព្រោះ​វា​គ្មាន​អនាម័យ​គ្រប់គ្រាន់ ហើយ​គ្រឿងផ្សំ​អាច​មិន​មែន​ជា​របស់​ល្អ ដូច​អាហារ​នៅ​ផ្ទះ។ មួយ​វិញ​ទៀត​អាហារ​នៅ​តាម​ហាង ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ណាស់ ដូចនេះ​បើ​មាន​ប្រពន្ធ​អាច​ចម្អិន​អាហារ ២ ពេល​ក្នុង​មួយ​ថ្ងៃ​បាន គ្រួសារ​ពិតជា​សេសសល់​ប្រាក់កាក់​ច្រើន៕

ចុចអាន៖ប្រពន្ធនិងស្រីខុសគ្នាត្រង់ណា? ប្រពន្ធលេងមួយក្បាច់នេះ ​ធ្វើ​ឲ្យប្ដី​ស្បថ​លែង​ចង់​មាន​ស្រី​ទៀត

អត្ថបទ៖ ទ្រី រ៉ាវី