៥ វិធី​ជួយ​​បញ្ចប់​ជម្លោះ​រវាង​អ្នក​ និង Best Friend

  • 2018-04-18 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រួសារ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត ហើយ​បើ​យើង​មាន​មិត្ត​ជិតស្និទ្ធ​ដ៏​ល្អ​​ទៀត​នោះ ពួក​គេ​ក៏​ដូច​ជា​​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​ដែរ។ អ្នក​ពិត​ជា​មាន​សំណាង​ណាស់​​ បើ​មាន​មិត្ត​ល្អ​ចេះ​​​យល់ចិត្ត និង​រាប់​អាន​គ្នា​ដូច​បងប្អូន ដូច្នោះ​ហើយ​កុំ​ដោយ​សារ​តែ​ជម្លោះ​ ឬ​ការ​ភាន់​ច្រឡំ​បន្តិច​បន្តួច​ធ្វើ​ឲ្យ​កាត់​​ផ្ដាច់​នូវ​ទំនាក់​ទំនង​ដ៏​ល្អ​មួយ​នេះ។​ ខាង​ក្រោម​នេះ​ជា​វិធីទាំង ​៥ ​ដែល​អាច​ជួយ​អ្នក​បាន៖

១. និយាយ​ឲ្យ​ដឹង​សាច់​រឿង

ស្វែង​រក​កន្លែង​ស្ងាត់ ដើម្បី​និយាយ​គ្នា​ឲ្យ​ដឹង​ខុស​ត្រូវ និយាយ​អ្វី​​ទាំង​អស់​ដែល​មាន​ក្នុង​ចិត្ត ហើយ​​អ្នក​ត្រូវ​​ចាំ​ស្តាប់​ដល់​ចប់ ដោយ​មិន​តវ៉ា​​កាត់​ពាក់​កណ្ដាល​ទី​នោះ​ទេ ទើប​​រឿង​តូច​មិន​ក្លាយ​ជា​រឿង​ធំ។

រូបតំណាង

**២. កុំ​យក​ឈ្នះ​តែ​ឯង**

បើ​ទោះ​ជា​មិត្តបន្ទោសថា​ វា​​ជា​កំហុស​អ្នក​ក៏​ដោយ​ កុំ​ប្រតិកម្ម​ភ្លាមៗ​ពេក ត្រូវ​​ចេះ​​ទប់​អារម្មណ៍ មិន​ឆេវ​​ឆាវ​ចង់​ឈ្នះ ​ព្រោះ​អ្វី​ដែល​អ្នក​​ត្រូវ​ធ្វើ​ពេល​នេះ​ គឺ​ស្តាប់​គាត់និយាយ​ឲ្យ​​​អស់​សិន សឹម​និយាយ​ពី​ហេតុ​ផល​របស់​អ្នក​តាម​ក្រោយ​ដោយ​សម្រួល។

៣. សួរ​​​បញ្ជាក់ពី​អ្វី​ដែល​អាច​ធ្វើ​បាន​ ដើម្បី​បញ្ចប់​ជម្លោះ

អ្នក​ខ្លះ​​​ត្រូវ​ចំណាយ​ពេល​យូរ​​បន្តិច ក្នុង​ការ​បង្ហាញ​ពី​​អារម្មណ៍​ពិត បើ​​មិត្ត​អ្នក​និយាយ​ចេញ​មក​ហើយ អ្នក​មិន​ច្បាស់​ត្រង់​ណា​ អាច​សួរ​បញ្ជាក់​ពីហេតុផលដែលធ្វើឲ្យអ្នកទាំងពីរអន់ចិត្ត​មិននិយាយរកគ្នា​ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន។

៤. ទទួល​ស្គាល់​កំហុស

វា​ជា​ទំនួល​​ខុស​ត្រូវ​មួយ បើ​អ្នក​ពិត​​ធ្វើ​ខុស​មែន​ ត្រូវ​​ហ៊ាន​ទទួល​ស្គាល់​កំហុស ហើយ​និយាយ​ថា​ «សុំទោស​» ទៅ​វា​មិន​​អន់​អី​ទេ ទោះ​បី​ជា​ត្រូវ​ប្រើ​ពេល​បន្តិច​ក្នុង​ការ​អត់ឱន ប៉ុន្តែ​ប្រសើរ​ជាង​ការ​ឈប់​រាប់​រក​គ្នា​រហូត​ដែរ។

៥. ទុក​ពេល

បើ​សិន​ជា​មិត្ត​អ្នក​ខឹង​ខ្លាំង​មែន​ទែន ទុក​ពេល​ឲ្យ​គាត់​ខ្លះ​សិន​ទៅ ជួន​កាល​ពេល​វេលា​អាច​ធ្វើ​ឲ្យ​អ្វីៗ​ប្រសើរ​ជាង​មុន។ ត្រូវ​​ចេះ​អត់​ធ្មត់ រក​ដំណោះ​ស្រាយ​​បន្តិច​ម្តងៗ ហើយ​នៅ​តែ​ធ្វើ​ល្អ​ដាក់​​មិត្ត​អ្នក​ដដែល​ ទោះ​បី​ជា​គាត់​មិន​ចង់​និយាយ​ស្តី​ក៏​ដោយ៕

មិត្ត​ល្អ​មិន​​ងាយ​នឹង​រក​បាន​ទេ ដូច្នោះ​កុំ​បញ្ចប់​​ចំណង​មិត្ត​ភាព​ដោយ​ងាយៗ​អី​!​​

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ thehopeline ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម