៨​ សញ្ញា​បង្ហាញ​ថា ចំណង​មនោសញ្ចេតនា​របស់​អ្នក​ដល់​ពេល​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ហើយ

  • 2018-04-08 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​ចូល​រួម​សោកស្ដាយ​ផង ប្រសិន​បើ​រឿង​ស្នេហា​របស់​អ្នក​មាន​សញ្ញា​ទាំង​ឡាយ​ខាង​ក្រោម​នេះ។ ទោះ​បី​ជា​ដឹង​ថា ទម្រាំ​បាន​ក្លាយ​ជា​គូ​នឹង​គ្នា មិន​មែន​ជា​រឿង​ងាយ​ឡើយ យ៉ាងណាក្ដី បើ​សិន​ជា​អស់​និស្ស័យ​ហើយ គួរ​គប្បី​ដោះដៃ​ចេញ។

១. អ្នក​ទាំង​ពីរអស់​ជំនឿ​នឹង​គ្នា​ហើយ

អ្វី​ដែល​សំខាន់​ជាង​គេ​ក្នុង​រឿង​ស្នេហា​គឺ​ភាព​ជឿជាក់​គ្នា។ ជំនឿ​គឺ​ជា​ស្នូល​នៃ​មនោសញ្ចេតនា វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​ស្ងប់​ពេល​នៅ​ក្បែរ​គ្នា។ ពេល​ដែល​បាត់​បង់​វា​ហើយ នៅ​ជាមួយ​គ្នា​ក៏​លែង​មាន​ន័យ​ដែរ។

រូបតំណាង

**២. តំណែង​របស់​អ្នក​ក្នុង​ចិត្ត​គេ​លែង​សំខាន់​ហើយ**

បើ​សិន​ជា​អ្នក​ធ្លាប់​តែ​ជា​ជម្រើស​ទី​​ ១​របស់​គេ តែ​ពេល​នេះ​បាន​ធ្លាក់​ទៅ​ជា​ជម្រើស​ទី ២ ជម្រើស​ទី ៣​ហើយ​នោះ តំណែង​របស់​អ្នក​ក្នុង​ចិត្ត​គេ​លែង​ដូច​មុន​ហើយ។ មិន​យូរមិន​ឆាប់ អ្នក​នឹង​ខ្ទាត​ចេញ​ពី​ចិត្ត​របស់​គេ។

៣. ស្រមៃ​ពី​អនាគត​ជាមួយ​អ្នក​ដទៃ

អ្នក​គិត​ពី​អនាគត​ពីជីវិត​គូ​ដែរ ប៉ុន្តែ​មិន​មែន​ជាមួយ​អ្នក​បច្ចុប្បន្ន​ទេ គឺ​ជាមួយ​បុគ្គល​ផ្សេង​ទៀត ព្រោះ​អ្នក​លែង​ចង់​រួម​អនាគត​ជាមួយ​គេ​ទៀត​ឡើយ ត្បិត​មិន​ទាន់​បែក​គ្នា​ក្ដី។

៤. ភាគី​ទាំង​សង​ខាង​កំពុង​មាន​គោលដៅ​ផ្សេង​គ្នា

ទោះ​បី​ជា​មិន​ទាន់​និយាយ​ចេញ​ក្រៅ​ថា​ថា នឹង​បែក​គ្នា​មែន​ពិត តែ​អ្នក​ទាំង​ពីរសុទ្ធ​តែ​មាន​បុគ្គល​ដែល​ខ្លួន​ចូលចិត្ត​រៀង​ខ្លួន​ហើយ នៅ​ចាំ​តែ​ឱកាស​និយាយ​ចេញ ហើយ​ផ្ដាច់​ចំណង​នេះ​តែ​ប៉ុណ្ណោះ។

៥. នៅ​ក្បែ​រគ្នា​តែ​គ្មាន​សុភមង្គល

បើ​គ្រា​ដំបូង​គ្រាន់​តែ​ឃើញ​ដំបូល​ផ្ទះ​គេ​ក៏​មាន​ក្ដី​សុខ​នោះ នៅ​ពេល​នេះ​សូម្បី​តែ​ជួប​មុខ​គ្នា​ក៏​មិន​សប្បាយ​ចិត្ត​ផង ព្រោះ​ភាគី​នីមួយ​ៗ​សុទ្ធ​តែ​អស់​ចិត្ត​នឹង​គ្នា តែ​មិន​ទាន់​ដាច់​ចិត្ត​និយាយ​ពាក្យ​បែក​​រៀង​ខ្លួន។

រូបតំណាង

៦. មើល​មិន​ឃើញ​អនាគត​របស់​គ្នា

អ្នក​ស្រលាញ់​គ្នា​ពិត ប្រាកដជា​កំណត់​ទិស​ដៅ​ច្បាស់​លាស់​ណាស់​ថា ២​ឆ្នាំ​ទៀត​នឹង​ធ្វើ​អ្វី​សម្រាប់​គ្នា ឬ​៣​ឆ្នាំ​ទៀត នឹង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ចំណង​ស្នេហ៍​មួយ​នេះ។ តែ​អនាគត​របស់​អ្នក​គឺ​ស្រពិចស្រពិល មើល​មិន​ឃើញ​ទិស​តំបន់​អ្វី​សោះ​តែ​ម្ដង។

៧. អ្នក​មិន​ចង់​រៀបការ​នឹង​គេ

ទោះ​បី​ជា​មង្គលការ​មិន​មែន​ជា​រឿង​តែ​មួយ​គត់​ដើម្បី​កំណត់​យក​សុភមង្គល​ក្ដី តែ​វា​ជា​ចំណុច​មួយ​ដែល​ខ្វះ​មិន​បាន​សម្រាប់​គូ​ស្នេហ៍​ភាគ​ច្រើន។ យ៉ាងណាក្ដី ពេល​គិត​ដល់​រឿង​រៀបការ អ្នក​មិន​ចង​ភ្ជាប់​ខ្លួន​ឯង​ជាមួយ​គេ​រហូត​ឡើយ។ បើ​មាន​ការ​គិត​ដូច​នេះ ចំណង​នេះ​ក៏​មិន​គង់​ដូច​គ្នា។

រូបតំណាង

៨. មើល​ឃើញ​គេ​កាន់​តែ​ឃ្លាត​ឆ្ងាយ

គេ​មិន​មែន​ជា​មនុស្ស​កាល​ពី​មុន​ទៀត​ទេ គេ​ផ្លាស់​ប្ដូរ​ស្ទើ​តែ​មិន​ស្គាល់ មិន​មែន​ពី​រូប​សម្បត្តិ​ទេ តែ​អត្តចរិត។ ពេលវេលា និង​បរិស្ថាន​បាន​ផ្លាស់​ប្ដូរ​គេ​ឲ្យ​ទៅ​ជា​បុគ្គលដទៃ​ដែល​យើង​មិន​ប៉ង​ចង់​បាន ហើយ​ខុស​ពី​អ្វី​ដែល​យើង​ចង់​បាន​ពី​គេ៕

ចុចអាន៖ស្នេហា​ពេល​អស់​ស្រលាញ់​គឺ​ចប់​ហើយ កុំ​បន្ទោស​ដោយ​សារ​តែ​អ្នក​ទី​៣​អី

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម