មនុស្ស​​មាន​ការ​ចងចាំ​ល្អ​ខ្លាំង​ពេក ក៏​អាច​មាន​ទុក្ខ​ច្រើន​ជាង​គេ​ដែរ

  • 2018-03-13 07:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​មនុស្ស​យើង​មាន​ទុក្ខ​ក៏​ព្រោះ​​តែ​មាន​ការ​ចងចាំ​ល្អ​ខ្លាំង​ពេក។

ព្រហ្មលិខិត​ចូលចិត្ត​លេង​សើច​ជាមួយ​មនុស្ស​ជានិច្ច។ នៅ​ពេល​យើង​ចាប់​ផ្ដើម​អស់​សង្ឃឹម គឺ​ប្រាកដ​ជា​មាន​អ្វី​មួយ​កើត​ឡើង​ជំរុញ​ចិត្ត​យើង​ឲ្យ​តស៊ូ​បន្ត នៅ​ពេល​ដែល​យើង​​ជួប​រឿង​សម​បំណង រមែង​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​យើង​ខូច​ចិត្ត ដើម្បី​កុំ​ឲ្យ​យើង​ត្រេកត្រអាល​ខ្លាំង​ពេក។

គ្មាន​អ្នក​ណា​បាន​អ្វី​ដូច​បំណង​មួយ​ជីវិត​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ត្រូវ​ខក​បំណង​មួយជាតិ​​ដែរ។ បើ​ដឹង​ហើយ​គ្មាន​អ្នក​ណា​អាច​គ្រប់គ្រង​គ្រប់​យ៉ាង​បានទេ ដូច្នេះ​កុំ​បាច់​ព្យាយាម​ស្វះស្វែង​គ្រប់​យ៉ាង មក​ឲ្យ​ជីវិត​មាន​សម្ពាធ​ច្រើន​ពេក។

យើង​មិន​អាច​ជ្រើសរើស​​ថា​មិន​ឲ្យ​រឿងរ៉ាវ​ផ្សេង​ៗ​កើត​ឡើង​លើ​ខ្លួន​យើង​​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​បាន​ថា យើង​នឹង​ដោះស្រាយ​ជាមួយ​វា​ដោយ​វិធី​ណា។

នៅ​ក្នុង​ជីវិត​របស់​មនុស្ស​៖

មាន​អាថ៌កំបាំង​ខ្លះ ដែល​មិន​អាច​និយាយ​ឲ្យ​អ្នក​ណា​ស្ដាប់​បាន

មាន​កំហុស​ឆ្គង​ខ្លះ ដែល​យើង​មិន​អាច​ត្រលប់​ទៅ​កែខៃ​បាន

មាន​ក្ដី​ស្រមៃ​ខ្លះ ដែល​មិន​អាច​ក្លាយ​ជា​ការ​ពិត​បាន

មាន​ក្ដី​ស្រឡាញ់​ខ្លះ ដែល​មិន​អាច​បំភ្លេច​ចោល​បាន

ដូច្នេះ​ហើយ​ ត្រូវ​រៀន​រំពឹង​លើ​អ្នក​ដទៃ​ឲ្យ​បាន​តិច ដូច្នេះ​យើង​នឹង​មិន​​ខក​ចិត្ត​ច្រើន។ ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន នោះ​យើង​នឹង​មិន​ស្ដាយ​ក្រោយ​​​ទៅ​អនាគត។

ទទួល​យក​ពាក្យ​សម្ដី​​កុហក ស្ងប់​ចិត្ត អត់​ធន់​​​ឲ្យ​បាន​នៅ​ពេល​​ត្រូវ​គេ​បោក​ប្រាស់ បំភ្លេច​ចោល​នូវ​ពាក្យ​សន្យា​របស់​អ្នក​ដទៃ ព្រោះ​អ្វី​ដែល​ផុត​ពី​ដៃ​យើង​ គឺ​លែង​ជា​របស់​យើង​ហើយ កុំ​បាច់​អាឡោះអាល័យ​ច្រើន។

ភាព​​ជឿ​ទុក​ចិត្ត​ប្រៀប​ដូច​ជា​កាំបិត​ដែល​យើង​ប្រគល់​ឲ្យ​ទៅ​អ្នក​ដទៃ ដោយ​គេ​មាន​ជម្រើស​ពីរ​យ៉ាង មួយ​គឺ​យក​មក​ការពារ​យើង មួយ​ទៀត​គឺ​ត្រលប់​យក​មក​ចាក់​យើង​វិញ។

កុំ​ភ្លេច​ពាក្យ​សម្ដី​របស់​អ្នក​ដទៃ​ដែល​និយាយ​នៅ​ពេល​គេ​ខឹង ព្រោះ​ភាគ​ច្រើន​វា​តែង​ជា​ការ​ពិត ដែល​ពួកគេ​មិន​ហ៊ាន​និយាយ​ពេល​មាន​អារម្មណ៍​ធម្មតា។

មូលហេតុ​​ធំ​​ដែល​នាំ​ឲ្យ​មនុស្ស​យើង​ហត់​ចិត្ត គឺ​ដោយ​សារ​​មិន​អាច​សម្រេច​ចិត្ត​បាន​ថា ត្រូវ​តស៊ូ​ទៅ​មុខ ឬ​បោះបង់។

មូលហេតុ​ធំ​ដែល​នាំ​ឲ្យ​យើង​​គ្មាន​​ក្ដី​សុខ មិន​មែន​ដោយ​សារ​​យើង​មាន​តិច ប៉ុន្តែ​គឺ​ដោយ​សារ​ យើង​ចង់​បាន​ច្រើន។

មូលហេតុ​ធំ​ដែល​នាំ​ឲ្យ​យើង​កើត​ទុក្ខ គឺ​ដោយ​សារ​យើង​មាន​ការ​ចង​ចាំ​ល្អ​ខ្លាំង​ពេក ដូច្នេះ​អ្វី​ដែល​មិន​គួរ​ចាំ​ ​គួរ​តែ​បំភ្លេច​ចោល​ខ្លះ។ ភ្លេច​ខ្លះ ចាំ​ខ្លះ ទើប​ជីវិត​របស់​យើង​អាច​មាន​ក្ដី​សុខ​​នឹង​គេ ៕

ចុចអាន៖

ប្រភព៖ postread ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម