ទង្វើ​តូចតាច​របស់​ប៉ាប៉ា តែ​ជួយ​ឱ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ កើត​មក​ឆ្លាត

  • 2018-03-12 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពរ​ពោះ​និង​បង្កើត​កូន​គឺ​ជា​ភារកិច្ច​របស់​ប្រពន្ធ ប៉ុន្តែ​ស្វាមី​ក៏​ត្រូវ​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ទំនុក​បម្រុង និង​ថែ​ទាំ​ការ​លូត​លាស់​របស់​កូន​នៅ​ក្នុង​ផ្ទៃ​ផង​ដែរ។ ​​គ្រាន់​តែ​ទង្វើ​យក​ចិត្ត​ទុក​ដាក់​បន្តិចបន្តួច តែ​វា​អាច​នឹង​មាន​ផល​ល្អ​ច្រើន​លើស​លប់​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​កូន​និង​ប្រពន្ធ​បាន​។

មិន​ដែល​ភ្លេច​ជូន​ប្រពន្ធ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ឱ្យ​បាន​ទៀង​ទាត់

ដំណាក់កាល​សំខាន់ៗ​សម្រាប់​ការ​ពិនិត្យ​ផ្ទៃ​ពោះ​មាន​ដូច​ជា ខែ​ដំបូង​បន្ទាប់​ពី​បាត់​រដូវ សប្ដាហ៍​ទី​១១-១៤ សប្ដាហ៍​ទី​២១-២៤ និង​សប្ដាហ៍​ទី​៣០-៣២។ ទាំង​នេះ​គឺ​ជា​ដំណាក់​កាល​ដែល​ចាំ​បាច់​ដែល​ត្រូវ​តាមដាន​ការ​វិវត្តន៍​របស់​គភ៌​ថា​ប្រក្រតី ឬ​មាន​អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម។ ការ​ដែល​មាន​ប្ដី​ទៅ​ជាមួយ​ គឺ​ជា​ភាព​កក់​ក្ដៅ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​រាល់​ពេល​តាមដាន​សុខភាព​កូន​។ កាល​ណា​ម្ដាយ​មាន​សុខភាព​ផ្លូវ​អារម្មណ៍​ល្អ កូន​ក្នុង​ផ្ទៃ​ក៏​អាច​លូត​លាស់​បាន​ល្អ​ដូច​គ្នា។

ចុចអាន៖ ស្វែង​យក​ពី​គភ៌​ក្នុង​ផ្ទៃ​តាំងពី​ខែ​ទី ១-៩ សម្រាប់​អ្នក​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​ឪពុក​គេ

ម៉ាស្សា​

ទន្ទឹម​នឹង​ភាព​រីករាយ​ចំពោះ​ការ​ក្លាយ​ជា​ម្ដាយ​ឪពុក​គេ ស្ត្រី​ក៏​ត្រូវ​ប្រឈម​នឹង​អាការៈ​ឈឺ​ចាប់​មួយ​ចំនួន​ក្នុង​ពេល​កំពុង​ពរ​ពោះ ដូច​ជា​ឈឺ​ខ្នង ធុញថប់ រោគ​យឺត​សរសៃ​ឈាម រមួល​ក្រពើ​ ឬ​ពិបាក​បន្ទោបង់​ជា​ដើម។ ការ​ម៉ាស្សា​ គក់​ច្របាច់​ថ្នមៗ ដែល​ស្វាមី​អាច​ផ្ដល់​ឱ្យ​ភរិយា​ជា​រៀងរាល់​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​តានតឹង​និង​ឈឺចាប់​ទាំង​នោះ​បាន​យ៉ាង​ច្រើន​។

ថើប​ពោះ​ប្រពន្ធ

យោង​តាម​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា​ ឪពុក​ដែល​ចូល​ចិត្ត​ប្រឡែង​លេង ​​ថ្នាក់​ថ្នម​​ម្ដាយ​ដោយ​ការ​ថើប ច្រៀង​បំពេ​ ឬ​និយាយ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​នឹង​ជួយ​ឱ្យ​កូន​នៅ​ក្នុង​ផ្ទៃ​ទទួល​បាន​ការ​ប្រាស្រ័យ​ទាក់ទង​នេះ​ដោយ​ផ្ទាល់ ហើយ​មាន​អារម្មណ៍​ល្អ មិន​ក្រេវក្រោធ​។ នេះ​គឺ​ជា​វិធីសាស្ត្រ​ជួយ​ក្នុង​ការ​រីកចម្រើន​ផ្នែក​ IQ របស់​ទារក​តាម​រយៈ​សកម្មភាព​របស់​ឪពុក​ម្ដាយ​នៅ​ខាង​ក្រៅ​នេះ​ហើយ។

​​​មិន​បង្អាប់​សម្រស់​ប្រពន្ធ​​

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ស្ត្រី​ត្រូវ​ជួប​ប្រទះ​ការ​ប្រែ​ប្រួល​រាងកាយ​ដូច​ជា កើត​មុន ស្បែក​ស្រអាប់ ឡើង​ទម្ងន់​ ចេញ​សង្វារ​ជា​ដើម​។ ដូច្នេះ​អ្វី​ដែល​បុរស​គួរ​ធ្វើ​គឺ​លើក​ទឹក​ចិត្ត​នាង មិន​មែន​បង្អាប់ ឬ​បង្ហាញ​ភាព​ព្រងើយ​កន្តើយ​ដោយ​សារ​តែ​ការ​បាត់​បង់​សម្រស់​របស់​នាង​នោះ​ទេ។

ជួយ​ការងារ​ផ្ទះ

ពេល​កំពុង​ពរ​ពោះ នារី​ត្រូវ​ជួប​ការ​លំបាក​ស្ទើរ​តែ​គ្រប់​យ៉ាង​ដោយ​សារ​ពោះ​ចេះ​តែ​ធំ​ទៅ រូបរាង​ក៏​ធាត់​ជាង​មុន ហេតុ​នេះ​ស្វាមី​គួរ​ចេះ​ចែក​រំលែក​ការងារ​ផ្ទះ​ដូច​ជា ការងារ​ដែល​ត្រូវ​ប្រើ​កម្លាំង​ធ្ងន់ បោកគក់​ លាង​ចាន ធ្វើ​ម្ហូប​ ដុស​លាង​របស់​របរ​ផ្សេង​ៗ​ដែល​ត្រូវ​ប្រើ​សារជាតិ​គីមី ជាតិ​កាត់​​ជា​ដើម ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ៕

ចុចអាន៖ គ្រោះថ្នាក់! ទឹក​ដោះ​គោ​កូន​ក្មេង​៣​ម៉ាក​ ក្រសួង​សុខាភិបាល​ប្រកាស​​ថា​មាន​មេរោគឆ្លង​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម