​ដើម្បី​សុវត្ថិភាព និង​កិត្តិយស​​​​ផ្ទាល់​ខ្លួន ស្រី​ៗ​មិន​គួរ​ផុស​ ៥យ៉ាង​នេះ​លើ​ហ្វេសប៊ុក​ឡើយ

  • 2017-11-01 09:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នេះ អ្នក​ណា​ៗ​ក៏​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ជា​ការ​ទាក់ទង និង​អាប់ឌែត​ព័ត៌មាន​នានា​ជាមួយ​មិត្តភ័ក្ដិ និង​អ្នក​ស្គាល់​គ្នា​ទាំង​ឡាយ ដោយ​សារ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន។ តែ​ដោយ​សារ​ភាព​ងាយ​ស្រួល​នេះ​ហើយ ទើប​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្លេច​គិត​ថា​អ្វី​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​នឹង​អាច​ផ្ដល់​ផល​អាក្រក់​មក​លើ​ខ្លួន​វិញ​នៅ​ពេល​ក្រោយ។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា សូម​ណែនាំ​រឿង​រ៉ាវ​ចំនួន ៦​ដែល​អ្នក​មិន​គួរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នានា ដូច​ជា Facebook, Instagram ឬ Twiter ជា​ដើម។  

១. ផុស​ជេរ​អ្នក​ដទៃ

ការ​ជេរ​ត្មះតិះដៀល​អ្នក​ដទៃ​តាម​​បណ្ដាញ​សង្គម គឺ​ជា​រឿង​មិន​គួរ​ធ្វើ​សោះ​ឡើយ ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ដល់​កិត្តិយស និង​ផ្លូវ​ចិត្ត​អ្នក​ដែល​យើង​ជេរ នាំ​ឲ្យ​បញ្ហា​កើត​ឡើង​មិន​ចេះ​ចប់ ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​មើល​មក​យើង​ក្នុង​ផ្លូវ​មិន​ល្អ​ថែម​ទៀត។ ថា​មិន​ត្រូវ​ វា​ក៏​អាច​ប៉ះពាល់​ដល់​ការងារ​របស់​អ្នក​ទៀត​ ក្នុង​ករណី​មេ ឬ​មិត្ត​រួម​ការងារ​របស់​អ្នក​បាន​ឃើញ​ពាក្យ​អសុរោះ​ទាំង​អស់​នោះ​ចេញ​ពី​ Status របស់​អ្នក។

២. បង្ហោះ​រូប​សិចស៊ី​ជ្រុល

ការ​បង្ហោះ​រូប​សិចស៊ី​ជ្រុល​របស់​ខ្លួន ក៏​មិន​មែន​ជា​រឿង​គួរ​ធ្វើ​ដែរ ព្រោះ​ក្រៅ​ពី​ធ្វើ​ឲ្យ​ image របស់​អ្នក​ក្លាយ​ជា​មិន​ល្អ​ក្នុង​ខ្សែ​ភ្នែក​​​អ្នក​ដទៃ​ហើយ វា​ក៏​មិន​ល្អ​បើ​សិន​ជា​មេ​នៅ​កន្លែង​ការងារ​បាន​ឃើញ។ កាន់​តែ​គ្រោះថ្នាក់​ទៀត​ បើ​មាន​មនុស្ស​រោគ​ចិត្ត​មួយ​ចំនួន​បាន​ឃើញ​​ហើយ​ព្យាយាម​ស្រាវជ្រាវ​ព័ត៌មាន​លម្អិត​ពី​ខ្លួន​អ្នក​​ដើម្បី​ប៉ុនប៉ង​​ធ្វើ​រឿង​អាក្រក់ ឬ​យក​រូប​របស់​អ្នក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ល្អ។

៣. បង្ហោះ​រូប​សម្ញែង​ទ្រព្យ​ផ្សេង​ៗ

ការ​បង្ហោះ​រូប​របស់​មាន​តម្លៃ​ដូច​ជា លុយ ឬ​មាស​ពេជ្រ​ផ្សេង​ៗ មិន​មែន​ជា​រឿង​ខុស​នោះ​ទេ ប៉ុន្តែ​វា​នាំ​ភ័យ​អន្តរាយ​មក​កាន់​ខ្លួន​អ្នក​បាន ព្រោះ​សម័យ​នេះ​ជន​ទុច្ចរិត​លើ​បណ្ដាញ​សង្គម​ក៏​មាន​មិន​តិច​នាក់​ដែរ ដូច​ដែល​ធ្លាប់​ឃើញ​តាម​ព័ត៌មាន​ជា​ច្រើន​ស្រាប់។

៤. រូបភាព​កំពុង​ផឹក​ស្រា ឬ​ជក់​បារី

អ្នក​ខ្លះ​អាច​ប្រកែក​ថា​ការ​ផឹក​ការ​ជក់​គឺ​ជា​រឿង​ធម្មតា ដែល​អ្នក​ណា​ៗ​ក៏​ធ្លាប់​ធ្វើ ប៉ុន្តែ​គួរ​យល់​ថា​ការ​​ថត​រូប​ខណៈ​ដែល​កំពុង​ផឹក​គ្រឿង​ស្រវឹង ឬ​ជក់​បារី​រួច​យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ មិន​មែន​ជា​រឿង​ល្អ​ទេ ព្រោះ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​អ្នក​នៅ​កន្លែង​ធ្វើ​ការ ឬ​ចៅហ្វាយ​នាយ​​របស់​អ្នក​ឃើញ វា​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ក្នុង​វិស័យ​ការងារ​​ត្រូវ​ភ្ជាប់​​ជាមួយ​ភាព​​អវិជ្ជមាន​។

៥. ឆាត សន្ទនា​ផ្ទាល់​ខ្លួន

ការ Screeshot ឆាត​ឆ្លើយ​ឆ្លង​​ក្នុង​ប្រអប់​សារ​ផ្ទាល់​ខ្លួន​មក​បង្ហោះ​ជា​សាធារណៈ គឺ​ជា​ការ​មិន​ផ្ដល់​កិត្តិយស​​ជា​ខ្លាំង​ចំពោះ​​អ្នក​​ដែល​អ្នក​បាន​​ឆាត​ជាមួយ គឺ​ដូច​ជា​ការ​យក​រឿង​សម្ងាត់​ៗ​មក​ទម្លាយ​ជា​សាធារណៈ​ដូច្នោះ​ដែរ ព្រោះ​ពេល​ខ្លះ​អ្នក​ដែល​យើង​ឆាត​ជាមួយ​​មិន​ប្រាកដ​ថា​ចង់​បង្ហាញ​រឿង​រ៉ាវ​ដែល​​និយាយ​ជាមួយ​អ្នក​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​នោះ​ទេ លើក​លែង​តែ​គេ​អនុញ្ញាត​ឲ្យ​អ្នក​ផុស​តែ​ម្ដង។

រឿង​មួយ​ចំនួន​ដែល​យើង​មិន​បាន​គិត​ថា​ជា​រឿង​ធំ​ដុំ អាច​នឹង​ត្រលប់​មក​សាង​បញ្ហា​ធ្ងន់ធ្ងរ​មិន​គួរ​ឲ្យ​ជឿ​បាន ដូច្នេះ​ហើយ​​​នៅ​ក្នុង​​បណ្ដាញ​សង្គម​ក៏​ដោយ​ក៏​យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង និង​គោរព​សិទ្ធិ​គ្នា​ឲ្យ​បាន​ដូច​​​ក្នុង​សង្គម​ពិត​ដែរ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម