នៅពេលមនុស្សស្រីគិតថាខ្លួនឯងគ្មានភាពទាក់ទាញគ្រប់គ្រាន់ គឺដោយសារតែនាងធ្លាប់ឆ្លងកាត់រឿងទាំងនេះ

  • 2020-04-08 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​មនុស្ស​ស្រី​និយាយ​ថា នាង​គ្មាន​ភាព​ទាក់ទាញ​ទាល់​តែ​សោះ​ មាន​ន័យ​ថា​នាង​កំពុង​តែ​​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ហើយ​។ ដោយ​សារ​តែ​ក្នុង​បរិបទ​សង្គម និង​ពិភព​លោក​ទាំង​មូល បាន​កំណត់​ស្តង់​ដារ​នៃ​ភាព​ស្រស់​ស្អាត​ផ្សេងៗ​គ្នា រួម​ទាំង​រូប​សម្ផស្ស​ក្លែង​ក្លាយ​នឹក​ស្មាន​មិ​ន​ដល់ ជា​ហេតុ​​នាំ​ឲ្យ​មនុស្ស​ស្រី​មាន​គំនិត​អវិជ្ជមាន​ មិន​ពេញ​ចិត្ត​នឹង​រូបសម្បត្តិ​ខ្លួន​ឯង​ ហើយ​គិត​ថា​ខ្លួន​មិន​ល្អ​គ្រប់​គ្រាន់​។

នៅ​ពេល​ដែល​មនុស្ស​ស្រី​និយាយ​ថា នាង​គ្មាន​ភាព​ទាក់ទាញ​ អាច​បណ្តាល​មក​​នាង​ធ្លាប់​រង​ការ​បង្អាប់​បន្ទាប​ពី​មិត្តភ័ក្តឬ​សូម្បី​តែ​សាច់ញាតិ​ក្រុម​គ្រួសារ​តែ​ម្តង។ តាម​​ការ​ពិត​អ្វី​ដែល​ជា​បញ្ហា​ចម្បង​​គឺ​ព្រោះ​​តែ​រូប​នាង​ផ្ទាល់ ដែល​មិន​បាន​ស្រលាញ់​ខ្លួន​ឯង​គ្រប់​គ្រាប់​ ទើប​បណ្តោយ​ឲ្យ​គំនិត​អ្នក​ដទៃ​មក​គ្រប​ដណ្ដប់​បាន។

​មាន​ហេតុ​​ផល​​​អ្វីផ្សេង​ទៀត ដែល​នាំ​ឲ្យ​នាង​គិត​ថា​ខ្លួន "​​គ្មាន​ភាព​ទាក់ទាញ”?

អាច​មក​ពី​នាង​ធ្លាប់​ឆ្លង​កាត់​ស្នេហា​បែក​បាក់ ធ្លាប់​ជួប​មនុស្ស​ដែល​មិន​ស្រលាញ់​ឲ្យ​តម្លៃ​នាង​។ ស្នេហា​ចាស់​អាច​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួន​ឯង មិន​ពេញ​ចិត្ត​នឹង​រូប​រាង ការ​តុប​តែង​ខ្លួន អ្វី​គ្រប់​យ៉ាង​ដែល​នាង​មាន​។ នាង​បាន​ប្រគល់​​​ក្តី​ស្រលាញ់​​ស្មោះ​ត្រង់​អស់​ពី​ចិត្ត តែ​បែរជា​មិន​អាច​ទទួល​នូវ​អ្វី​ដូច​​ដែល​បាន​រំពឹង​ទុក​បន្តិច​ណា​​សោះ។ ហេតុ​ផល​​ក្រៀម​ក្រំ​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​នាង​យល់​ថា​ខ្លួន​កាន់​តែ​គ្មាន​ភាព​ទាក់ទាញ​។

នៅ​ពេល​ដែល​មនុស្ស​ស្រី​គិត​ថា​​ខ្លួន​ឯង​មិន​ល្អ មិន​ស្អាត ខ្វះ​នេះ​ខ្វះ​នោះ អាច​មក​ពី​នាង​ធ្លាប់​ឆ្លង​កាត់​ការ​បដិសេធ​ស្នេហា​ពី​បុរស​ណា​ម្នាក់​ក្នុង​ពេល​អតីតកាល។ វា​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ថា នាង​គ្រាំ​គ្រា​ក្នុង​បេះដូង គ្រាន់​តែ​មិន​ចង់​និយាយ​ឲ្យ​គេ​ដឹង​។ ឲ្យ​តែ​នឹក​ឃើញ​ដល់​រឿង​នោះ​កាលណា នាង​តែង​តែ​ពិបាក​ក្នុង​ការ​ពង្រឹង​ភាព​ជឿជាក់​ឡើង​វិញ​ខ្លាំង​ណាស់​។

​​​​​​​​​​​​​នៅ​ពេល​ដែល​មនុស្ស​ស្រី​គ្មាន​ទំនុក​ចិត្ត​​ខ្លួន​ឯង​ទាល់​​តែ​សោះ អាច​បណ្តាល​មក​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ ​តែង​យក​សម្រស់​របស់​នាង​ទៅ​បង្អាប់​លេង​សើច​ឥត​បាន​ការ​។ ពាក្យ​លេង​សើច​ដែល​ស្តាប់​ទៅ​ហាក់​ដូច​ជា​ធម្មតា កំប្លុកកំប្លែង ប៉ុន្តែ​​បើ​និយាយ​ក្នុង​ន័យ​អវិជ្ជមាន​ វា​ពិត​ជា​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​អ្នក​ដទៃ​ខ្លាំង​ណាស់។ ពាក្យពេចន៍​ដែល​របូត​ចេញ​ពី​មាត់ អាច​ក្លាយ​ជា​បន្លា​មុត​ស្រួច និង​​ចាត់​ទុក​ជា​ការ​មើល​ងាយ ប្រសិន​បើ​និយាយ​ខ្វះ​ការ​ពិចារណា​​ច្បាស់លាស់។

យ៉ាង​ណា​ក៏​ដោយ មនុស្ស​ស្រី​ទាំង​អស់​ត្រូវ​ចាំ​ថា អ្នក​សុទ្ធ​តែ​មាន​ភាព​ទាក់​ទាញ​​​​និង​ចំណុច​ពិសេស​រៀង​ៗ​ខ្លួន។ កុំ​ទន់​ខ្សោយ​បណ្តោយ​ឲ្យ​​អ្នក​ដទៃ មក​វាយ​តម្លៃ​កំណត់​ភាព​ស្រស់​ស្អាត​របស់​អ្នក​។ មនុស្ស​ស្រី​មាន​ភាព​ទាក់ទាញ​បំផុត​ នៅ​ពេល​ដែល​នាង​ចេះ​ស្រលាញ់​គោរព​ខ្លួន​​ឯង​និង​អ្នក​ដទៃ ពោរពេញ​ដោយ​ចិត្ត​គំនិត​ស្អាតបាត​​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន រូប​រាង​ខាង​ក្រៅ​​មិន​អាច​យក​ប្រៀប​ផ្ទឹម​នោះ​ទេ៕ ​​​​

ចុចអាចបន្ត៖ ងាយៗ​ក្លាយ​​​​​ជា​មនុស្ស​​ស្រី​គួរ​ឲ្យ​ស្រលាញ់​​​ដោយ​មិន​​បាច់​​ប្រឹង

ប្រភព៖ relrules ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម