ជំងឺ​​គួរ​ឲ្យ​ខ្លាច ៥ដែល​កើត​ឡើង​ច្រើន​ចំពោះ​អ្នក​ធ្វើ​ការ​ ​បច្ចុប្បន្ន

  • 2020-04-08 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​នៅ​ក្មេង អ្នក​ណា​ៗ​ក៏​ស្រមៃ​ថា​ជីវិត​អ្នក​ធ្វើ​ការ ពិត​ជា​ឡូយឆាយ ស្រណុក​ស្រួល​​សម្បើម​ណាស់ ប៉ុន្តែ​អ្នក​ណា​ទៅ​ដឹង​ថា​ ពេល​ចេញ​ធ្វើ​ការ​ខ្លួន​ឯង វា​មិន​មែន​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ។ អ្វី​ដែល​ជា​បញ្ហា​ក្រៅ​ពី​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ការងារ​ដែល​ត្រូវ​ធ្វើ​នោះ អ្នក​ធ្វើ​ការ​​​នៅ​ការិយាល័យ​បច្ចុប្បន្ន​ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​អាច​ប្រឈម​នឹង​ជំងឺ​​កាច​ៗ​ជា​ច្រើន​មុខ​ដែរ បើ​សិន​ពួក​គេ​មិន​​ចេះ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ។

១. ជំងឺ​លើស​ឈាម

អាការ​រោគ៖ ឈឺ​ក្បាល វិល​មុខ​ញឹកញាប់ គឺ​ជា​អាការ​មួយ​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​លើស​កម្រិត។ នេះ​ដោយ​សារ​ការ​អង្គុយ​ជាប់​យូរ​ ខ្វះ​ការ​ធ្វើ​ចលនា និង​លំហាត់​ប្រាណ។ ដូច្នេះ អ្នក​គួរ​ឧស្សាហ៍​ងើប​ដើរ និង​ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់គ្រាន់។

២. ​ឆាប់​ម៉្ញូបភ្នែក

អាការ​រោគ៖ ភ្នែក​មើល​មិន​​សូវ​ច្បាស់​ដូច​មុន ចេះ​តែ​ស្រវាំង​ទៅ​ៗ និង​ពិបាក​ក្នុង​ការ​ប្រើ​ភ្នែក​អាន​សៀវភៅ ឬ​​កន្លែង​មិន​សូវ​ភ្លឺ។ នេះ​ដោយ​សារ​អ្នក​សម្លឹង​មើល​កុំព្យូទ័រ​ច្រើន​ពេក។ ដំណោះស្រាយ​នោះ​គឺ​គួរ​តែ​​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​កុំព្យូទ័រ ​កំណត់​​ពន្លឺ​កុំព្យូទ័រ​ឲ្យ​សមរម្យ​ជាមួយ​​ពន្លឺ​ខាង​ក្រៅ និង​ឧស្សាហ៍​ងាក​ចេញ​ពី​កុំព្យូទ័រ ហើយ​សម្លឹង​មើល​អ្វី​ឆ្ងាយ​ៗ​ជំនួស​ដើម្បី​ឲ្យ​ភ្នែក​បាន​សម្រាក។

៣. ជំងឺ​បាក់​ទឹក​ចិត្ត

អាការ​រោគ៖ មាន​អារម្មណ៍​ធុញ​ទ្រាន់ ឯកោ សោកសៅ មិន​ចង់​រស់​នៅ​លើ​លោក​នេះ ​ដែល​ធ្វើ​ឲ្យ​សមិទ្ធផល​ការងារ​ធ្លាក់​ចុះ។ ជំងឺ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ច្រើន​​លើ​អ្នក​​នៅ​វ័យ​​ធ្វើ​ការ ​ដោយ​សារ​សម្ពាធ​ការងារ និង​កង្វះ​តុល្យភាព​រវាង​ជីវិត​និង​ការងារ។

៤. ខូច​ក្រដាស​ត្រចៀក

អាការរោគ៖ ស្ដាប់​ឮ​តិច​ជាង​មុន ឬ​ស្ដាប់​មិន​ឮ​តែ​ម្ដង។ បញ្ហា​កើត​ឡើង​ចំពោះ​អ្នក​ដែល​ស្ដាប់​កាស​ឮ​ៗ និង​ច្រើន​ម៉ោង​ជាប់​គ្នា​ក្នុង​មួយ​ថ្ងៃ​ៗ។

៥. រោគ​ធាត់

អាការរោគ៖ ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​មាន​ការ​​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន​ខុស​ធម្មតា​ រហូត​អ្នក​ខ្លះ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ផ្លាស់​ទី​ទៅ​ណា​មក​ណា។ ជំងឺ​នេះ​បណ្ដាល​មក​ពី​ការ​អង្គុយ​យូរ ខ្វះ​ការ​ធ្វើ​ចលនា និង​ទម្លាប់​​​ញ៉ាំ​អាហារ Fast food ជាដើម។

ការងារ​ពិត​ជា​សំខាន់ ប៉ុន្តែ​សុខភាព​រឹត​តែ​សំខាន់​ទៅ​ទៀត ដូច្នេះ​អ្នក​គួរ​មាន​ទម្លាប់​គិតគូរ​ពី​សុខភាព​ចាប់​ពី​ថ្ងៃ​នេះ ដូច​ជា​ចាប់​ផ្ដើម​ហាត់​ប្រាណ ញ៉ាំ​អាហារ​មាន​ជីវជាតិ​ល្អ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ៕

ចុចអាន៖

ប្រភព៖ gangbeauty ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម