ភាពខុសគ្នារវាងនារីរឹងប៉ឹងនិងនារីទន់ជ្រាយបន្ទាប់ពីបែកបាក់ស្នេហា
- 2020-04-07 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពខុសគ្នារវាងនារីរឹងប៉ឹងនិងនារីទន់ជ្រាយបន្ទាប់ពីបែកបាក់ស្នេហា
ការបែកបាក់ស្នេហានរណាក៏ធ្លាប់ជួបប្រទះដែរ គ្រាន់តែមនុស្សម្នាក់ៗមានវិធីនិងដំណោះស្រាយខុសៗគ្នាតែប៉ុណ្ណោះ អាស្រ័យទៅលើភាពរឹងមាំ និងការជ្រើសរើសផ្លូវដើរដោយជំហរខ្លួនឯង។ ហេតុដូច្នេះ ថ្ងៃនេះកញ្ញានឹងលើកបង្ហាញពីភាពខុសគ្នារវាងនារីរឹងប៉ឹងនិងនារីទន់ជ្រាយបន្ទាប់ពីបែកបាក់ស្នេហា។
១#
នារីរឹងប៉ឹង៖ ហ៊ានទទួលស្គាល់ការពិត
មិនថាពិបាកទទួលយកប៉ុនណាក៏ដោយ នាងដឹងថាការពិតមិនអាចប្រកែកនោះឡើយ។ នាងព្យាយាមកាត់ចិត្តបំភ្លេច ហើយបោះជំហានទៅមុខសន្សឹមៗ រហូតបានសម្រេច។
នារីទន់ជ្រាយ៖ លិចលង់ជាមួយទឹកភ្នែកងើបលែងរួច
បន្ទាប់ពីបែកគ្នា អ្នកអាចយំឲ្យបានធូរទ្រូង ប៉ុន្តែកុំធ្វើដូចជានារីទន់ខ្សោយ ដែលយំខ្សោះអស់ពីខ្លួនឥតស្រាកស្រាន្ត ងើបដើរទៅមុខលែងរួច ហើយពេលខ្លះអាចយកគ្រឿងស្រវឹងមកដោះស្រាយបញ្ហាថែមទៀតផង។
២#
នារីរឹងប៉ឹង៖ ចាត់ទុកជាបទពិសោធន៍ដ៏ល្អក្នុងជីវិត
នាងតែងគិតវិជ្ជមាន ហើយមានភាពជឿជាក់ថា អ្វីក៏ដោយគឺកើតឡើងដោយហេតុផល ហើយមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ វាជាមេរៀនសម្រាប់ទុកជាបទពិសោធន៍ដ៏ល្អមួយ ដែលអាចនាំឲ្យនាងជួបមនុស្សគ្រាន់បើជាងនេះ ទៅថ្ងៃអនាគត។
នារីទន់ជ្រាយ៖ មិនសុខចិត្តហើយព្យាយាមចង់អូសទាញគេមកវិញ
មនុស្សដែលអស់ចិត្តហើយទោះបីព្យាយាមយ៉ាងណា ក៏មិនបានផលដែរ។ កុំបន្ទាបតម្លៃខ្លួនឯងដោយមិនដឹងខ្លួន ព្រោះតែចង់ឲ្យគេត្រលប់មកវិញ ព្រោះមនុស្សពេលណាដែលអស់ចិត្តហើយ ក្តីស្រលាញក៏មិនអាចវិលមកដូចដើមបានទៀតទេ។
៣#
នារីរឹងប៉ឹង៖ ចេះបើកផ្លូវឲ្យខ្លួនឯង
បើនាងបែកបាក់ស្នេហាដោយមានជនទី៣ចូលជ្រៀតជ្រែកបានសម្រេច នាងនឹងមិនទុកឲ្យខ្លួនឯងក្លាយជាជនរងគ្រោះរហូតដែរ។ នាងស្វះស្វែងព្យាបាលរបួសបណ្តើរ ហើយសម្លឹងមើលបុរសណាដែលស័ក្តិសមជាមួយនឹងភាពស្មោះត្រង់និងការលះបង់ដែលនាងមាន។
នារីទន់ជ្រាយ៖ ឃុំខ្លួនឯងនៅកន្លែងងងឹត
នាងយល់ច្រឡំដោយគិតឃើញថាលើលោកនេះមានតែបុរសម្នាក់ហ្នឹងគត់ ដែលនាងត្រូវការបំផុត។ គិតដូច្នោះគឺជាការបិទផ្លូវខ្លួនឯងជិតឈឹង គ្មានឱកាសនឹងបានជួបមនុស្សថ្មីដែលល្អ ហើយនាងក៏គ្មានថ្ងៃអាចមើលឃើញពិភពលោកឲ្យបានស្រស់ថ្លាជាងនេះដែរ។
៤#
នារីរឹងប៉ឹង៖ រកមិត្តភ័ក្តិជិតស្និទ្ធបំផុតហើយនិយាយពីទុក្ខនៅក្នុងចិត្ត
ទោះបីជានាងរឹងប៉ឹងប៉ុនណាក៏នាងមិនខ្លាច ក្នុងការចែករំលែកបញ្ហាដែលនាងមាន ទៅកាន់មិត្តជិតស្និតហើយទុកចិត្តជាងគេឲ្យបានដឹង និងជួយជាយោបល់លើកទឹកចិត្តល្អៗ។
នារីទន់ជ្រាយ៖ ចូលចិត្តបង្ហោះក្នុងបណ្តាញសង្គម
ឈឺចាប់យ៉ាងណា ក៏មិនត្រូវបង្ហាញពីភាពទន់ជ្រាយជាសាធារណៈ ខំបង្ហោះដ្រាម៉ា ចូលតួកំសត់ដើម្បីទាមទារចំណាប់អារម្មណ៍ពីសង្សារចាស់នោះដែរ។
៥#
នារីរឹងប៉ឹង៖ នៅតែប្រកាន់លើជំហរខ្លួនឯង
ពេលជួបមនុស្សប្រុសក្បត់ នាងមិនបន្ទោសខ្លួនឯង ឬគិតថាខ្លួននៅមានចំណុចខ្វះខាត ហើយប្រឹងធ្វើតម្រូវចិត្តគេឡើយ។ បើច្បាស់ថាគេម្នាក់នោះមិនអាចកាន់ដៃគ្នាបន្តបានទេ នាងក៏មិនចាំបាច់ត្រូវផ្លាស់ប្តូរខ្លួនឯងដើម្បីគេដែរ។
នារីទន់ជ្រាយ៖ ខំប្រៀបធៀបខ្លួនទៅអ្នកដទៃ
នារីដែលទន់ជ្រាយ ចាប់ផ្តើមមិនពេញចិត្តនឹងអ្វីដែលខ្លួនមានហើយខំប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ ជាពិសេសមនុស្សស្រី ដែលសង្សារចាស់លង់ស្រលាញ់។ យ៉ាងណាមិញអ្វីដែលអ្នកគួរធ្វើនោះគឺ រីករាយពេញចិត្តនូវអ្វីដែលជារបស់អ្នក បើគេអស់ចិត្តហើយបណ្តោយឲ្យគេទៅចុះ កុំនៅតោងទាមនាំទុក្ខដាក់ខ្លួនអី។
ជាចុងក្រោយសង្ឃឹមថាមិត្តៗនារីទាំងអស់គ្នា អាចធ្វើជាមនុស្សស្រីដែលរឹងប៉ឹងបន្ទាប់ពីបែកបាក់ស្នេហា ទោះបីលំបាកក៏ដោយ ត្រូវតស៊ូធ្វើឲ្យបាន៕
ចុចអានបន្ត៖