ចង់​បង្កើន​ភាព​ផ្អែម​ល្ហែម​ជាមួយ​ស្វាមី ប្រពន្ធ​គួរ​មាន​របស់​ទាំង​នេះ​ក្នុង​បន្ទប់​គេង

  • 2020-04-02 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទប់​និង​គ្រែ​គេង​គឺ​ជា​ចំណុច​សំខាន់​ក្នុង​ការ​បន្ថែម​ភាព​ស្និទ្ធស្នាល និង​ផ្អែម​ល្ហែម​រវាង​ប្ដី​ប្រពន្ធ មិន​ថា​ទើប​រៀបការ​ថ្មី​ថ្មោង ឬ​យូរ​យ៉ាង​ណា​ឡើយ។ ហេតុ​ផល​គឺ​ថា​ កន្លែង​នេះ​ជា​​ទី​ស្ងប់​ស្ងាត់ និង​ជា​កន្លែង​ឯកជន​របស់​អ្នក​ទាំង​ពីរ​ដែល​អាច​បញ្ចេញ​មនោសញ្ចេតនា​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​។

ដើម្បី​ជា​គំនិត​ខ្លះៗ​សម្រាប់​មិត្ត​នារី​ដែល​ត្រូវ​ការ​បន្ថែម​ភាព​ស្រស់​ស្អាត និង​ផាសុកភាព​ក្នុង​បន្ទប់​គេង វិបសាយ​កញ្ញា​នឹង​បង្ហាញ​របស់​មួយ​ចំនួន​ដែល​ស្រីៗ​គួរ​ចាប់​អារម្មណ៍ ដាក់​ក្នុង​បន្ទប់។

គ្រែ​មាំ ពូក​ ខ្នើយ​ទន់​ល្មើយ

អាការៈ​​អស់​កម្លាំង​ទាំង​ឡាយ​នឹង​បាត់​បង់​ទៅ​អស់ ប្រសិន​បើ​បាន​គេង​នៅ​លើ​ពូក​ និង​ខ្នើយ​ទន់​ល្មើយ គ្រែ​រឹង​មាំ​មិន​ឮ​សំឡេង​ង៉ែតង៉ត ឬ​យោល​ចុះ​យោល​ឡើង។ ដូច្នេះ​ទោះ​បី​តម្លៃអាច​នឹង​ខុស​គ្នា​ តែ​ដើម្បី​ផាសុកភាព​ដល់​ក្រុម​គ្រួសារ មិត្ត​នារី​គួរ​ពិចារណា​ទិញ​គ្រែ និង​ពូក​ខ្នើយ​ដែល​មាន​គុណភាព​ខ្ពស់ ជា​ជាង​ប្រើ​របស់​ធូរ​ថ្លៃ​តែ​ឆាប់​ខូច ឬ​ប៉ះពាល់​អារម្មណ៍​ពេល​គេង​ជា​ដើម។

ក្រៅ​ពី​គុណភាព​នៃ​សម្ភារៈ​ចាំ​បាច់​ទាំង​នេះ​ហើយ ភរិយា​ក៏​គួរ​គិត​ឱ្យ​បាន​ដិត​ដល់​ដល់​ការ​បោក​គក់ និង​ថែ​ទាំ​ឱ្យ​បាន​ជា​ប្រចាំ ព្រោះ​បើ​សិន​ខ្នើយ​ធុំ​ក្លិន ឬ​​មាន​​ក្អែល ឡើង​អាចម៍​អណ្ដើក ក៏​រំខាន​ដល់​ផ្លូវ​អារម្មណ៍​បាន​ដែរ។

ដាក់​ទឹក​អប់​ ឬ​ទឹក​ដែល​មាន​ក្លិន​ក្រអូប ឬ​ផ្កា​ស្រស់

ក្លិន​គឺ​ជា​កត្តា​សំខាន់​ជាង​គេ។ កាល​ណា​ក្លិន​ក្នុង​បន្ទប់​មាន​សភាព​មិន​ល្អ អារម្មណ៍​ល្អ​ទាំង​ឡាយ​ក៏​នឹង​បាត់​បង់​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ​ដើម្បី​ទាក់​ចិត្ត​ស្វាមី​និង​ខ្លួន​ឯង​ផង ស្ត្រី​គួរ​តែ​ដាក់​ទឹក​អប់​ដែល​មាន​ក្លិន​ប្រហើរ​ ឬ​ប្រើ​ទៀន​ក្រអូប ឬ​អាច​ប្រើ​ជា​ផ្កា​ស្រស់​ក៏​បាន ព្រោះ​វា​នឹង​សាយ​ភាយ​ក្លិន​ប្រហើរ មិន​ឈួល​ខ្លាំង​ ដែល​អាច​ធ្វើ​ឱ្យ​អារម្មណ៍​បាន​ធូរ​ស្រាល ភ្លេច​អស់​ទុក្ខ​កង្វល់។

រៀប​ចំ​ទូរ​ខោ​អាវ ទូរ​សម្អាង ​តុ​ដាក់​សម្ភារៈ​ឱ្យ​បាន​រៀប​រយ

មិត្ត​នារី​មួយ​ចំនួន​តែង​ជួប​បញ្ហា​ជាមួយ​នឹង​ការ​រៀប​ចំ​បន្ទប់ ដោយ​សារ​តែ​​ត្រូវ​ចេញ​ទៅ​ធ្វើការ​ ឬ​រក​ស៊ី​ខាង​ក្រៅ។ ប៉ុន្តែ​នេះ​ក៏​ជា​កត្តា​​ចង​ចិត្ត​ស្វាមី​បាន​មួយ​ចំណែក​ធំ​ដែរ ព្រោះ​បុរស​ទោះ​បី​មិន​សូវ​ពូកែ​រៀប​ចំ​ទុក​ដាក់ តែ​ចូល​ចិត្ត​នារី​ណា​ដែល​ចេះ​រៀប​​ចំ​ផ្ទះ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់ និង​រៀប​រយ។

រៀប​កៅអី ឬ​សាឡុង​សម្រាប់​អង្គុយ​ដាច់​ពី​គ្រែ​គេង

សម្រាប់​អ្នក​ដែល​មាន​បន្ទប់​គេង​ធំ​ទូលាយ បើ​អាច​គួរ​តែ​រៀប​ចំ​កូន​តុ ដោយ​មាន​កៅអី ឬ​សាឡុង​ទន់​ៗ​សម្រាប់​អង្គុយ​លេង ឬ​ធ្វើ​ការ ឱ្យ​ដាច់​ដោយ​ឡែក​ពី​គ្រែ​គេង ព្រោះ​តាម​ពិត​ទៅ មិន​គួរ​ប្រើ​គ្រែ​ឬ​កន្លែង​គេង​មក​ឡូកឡំ​ជាមួយ​ការ​ងារ ឬ​អង្គុយ​លេង​ឡើយ ដែល​ជា​ហេតុ​នាំ​ឱ្យ​រំខាន​អារម្មណ៍​ពេល​គេង។

ប្រើ​អំពូល​ពង​មាន់​ ឬ​ពន្លឺ​ស្រទន់

អ្នក​ខ្លះ​អាច​មិន​ទម្លាប់​នឹង​ការ​គេង​បិទ​ភ្លើង​ងងឹត​ស្លុប អ្នក​ខ្លះ​ទៀត​ក៏​អាច​នឹង​មិន​ទម្លាប់​នឹង​ការ​គេង​បើក​ភ្លើង។ ដូច្នេះ​ដើម្បី​​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ទាំង​ពីរ ​គួរ​ប្រើ​អំពូល​ពង​មាន់​ ឬ​អំពូល​ដែល​មាន​ពន្លឺ​ស្រាល​ស្រទន់​​ដែល​ក្រៅ​ពី​អាច​សម្រួល​ការ​គេង​ហើយ វា​អាច​បង្កើន​​អារម្មណ៍​ផ្អែម​ល្ហែម និង​ពុះ​កញ្ជ្រោល​ដល់​គូ​ស្នេហ៍​បាន​ទៀត​ផង៕

ចុចអានបន្ត៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម