គន្លឹះសំខាន់ៗ ដើម្បីជួយសង្រោ្គះខ្លួនឯងចេញពីអារម្មណ៍ច្របូកច្របល់ ក្នុងពេលស្ថានភាពកំពុងតឹងតែងខ្លាំង
- 2020-04-02 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសំខាន់ៗ ដើម្បីជួយសង្រោ្គះខ្លួនឯងចេញពីអារម្មណ៍ច្របូកច្របល់ ក្នុងពេលស្ថានភាពកំពុងតឹងតែងខ្លាំង
តើគួរគ្រប់គ្រងអារម្មណ៍ច្របូកច្របល់បែបណាទៅ ក្នុងអំឡុងពេលស្ថានភាពដ៏តឹងតែង ដែលជំងឺកូវីដ១៩ កំពុងតែបន្តរាលដាល ធ្វើឲ្យជីវិតប្រចាំថ្ងៃមានការប្រែប្រួលបែបនេះ?
មុននឹងចូលដល់គន្លឹះសំខាន់ៗ មាន៣ចំណុចដែលអ្នកត្រូវចាំទុក៖ បង្កើនភាពរឹងមាំ ពង្រឹងការផ្តោតអារម្មណ៍ និងបន្តក្តីសង្ឃឹម។
ការផ្លាស់ប្តូរនៃជីវភាពប្រចាំថ្ងៃ ការសំងំនៅក្នុងផ្ទះច្រើន មិនបានជួបជុំដូចកាលពីមុន អាចនាំមកនូវភាពធុញថប់ស្មុគស្មាញ កើតទុក្ខដោយមិនដឹងខ្លួន។ យូរៗទៅសុខភាពក៏ចុះអន់ថយ កិច្ចការផ្សេងៗក៏មិនរីកចម្រើនថែមទៀត។
រហូតដល់មានពេលខ្លះបាននិយាយទៅកាន់ខ្លួនឯងថា៖
"មិនគួរណាមកពិបាកចិត្តពេកទេ ព្រោះក្នុងស្ថានភាពបែបនេះ នរណាៗក៏ជួបការលំបាកដូចតែគ្នាដែរ។"
"ពិតជាធុញនឹងខ្លួនឯងណាស់ ហេតុអីពិបាកផ្តោតអារម្មណ៍លើការងារម្ល៉េះ?"
"ហេតុអ្វីមិនព្រមធ្វើអ្វីមួយ? រឿងមានប្រយោជន៍ច្រើនណាស់ ដែលខ្ញុំមិនទាន់បានធ្វើ។"
ដើម្បីអាចគ្រប់គ្រងអារម្មណ៍ឲ្យនឹងន ជួយសង្គ្រោះខ្លួនឯងចេញពីស្ថានភាពដ៏តឹងតែង គួរដឹងពីគន្លឹះសំខាន់ៗក្នុងការអភិវឌ្ឍចិត្តគំនិតឲ្យលូតលាស់រីកច្រើន ទោះកំពុងស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
ការគិតបារម្ភពីរឿងផ្សេងៗមិនមែនជាភាពទន់ខ្សោយ ប៉ុន្តែជាការប្រុងប្រយ័ត្នដាស់សតិខ្លួនឯង កុំក្បត់នឹងអារម្មណ៍ខ្លួនឯង ហ៊ានទទួលស្គាល់ប្រសិនបើអ្នកចូលចិត្តគិតបារម្ភពីនេះពីនោះ ព្រោះវាមិនមែនបញ្ជាក់ពីភាពទន់ខ្សោយនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញពីការយកចិត្តទុកដាក់ ចេះប្រុងប្រយ័ត្នបានល្អ។ អនុញ្ញាតឲ្យខួរក្បាលខ្វល់ខ្វាយខ្លះក៏មិនអីដែរ តែត្រូវចេះទាញមកវិញ ដរាបណាវាហួសព្រំដែនខ្លាំងពេក។ បើកចិត្តឲ្យទូលាយចំពោះខ្លួនឯង អ្នកដទៃ រួមទាំងបញ្ហានានា ទើបអាចតតាំងជាមួយនឹងឧបសគ្គដែលកំពុងកើតមាននៅចំពោះមុខ។
កំណត់ការគិតមិនឲ្យលើសកម្រិត
ពេលដែលអារម្មណ៍ដក់ជាប់ជាមួយនឹងភាពភ័យខ្លាច ប្រៀបបានដូចជាការបណ្តោយឲ្យខ្លួនឯងរសាត់អណ្តែតគ្មានទិសដៅ។ ជួលកាលចង់បញ្ឈប់ដែរ តែមិនហាមឃាត់បាន ព្រោះគំនិតអវិជ្ជមាន បានវាយប្រហារ គ្របដណ្តប់ជិតឈឹង។ ត្រូវចេះថ្លឹងថ្លែងកំណត់ការគិតឲ្យបានត្រឹមត្រូវ។ ស្វែងយល់ពីរឿងដែលគួរបារម្ភ និងរឿងដែលគួរបោះចោល។ បណ្ដុះគំនិតវិជ្ជមាន គិតអ្វីល្អៗ ដើម្បីយកឈ្នះរឿងអាក្រក់ៗ។
រស់ក្នុងបច្ចុប្បន្នកាល
បញ្ហាដែលមិនទាន់កើតឡើង មិនគួរខ្វាយខ្វល់លើសលប់ពេកទេ ត្រូវរស់នៅក្នុងបច្ចុប្បន្នកាលដោយសន្តិភាពផ្លូវចិត្ត តាមវិធីទាំងនេះ៖
តាំងអារម្មណ៍ឲ្យស្ងប់
ដកដង្ហើមចេញចូលឲ្យបានវែងៗ
រៀនញញឹមឲ្យបានច្រើន
ព្យាយាមបញ្ចប់កិច្ចការចាំបាច់ឲ្យទាន់ពេលវេលា។
ហ្វឹកហាត់តាមគន្លឹះខ្លីៗជាប្រចាំ នោះចិត្តគំនិតរបស់អ្នកនឹងអាចវិវត្តទៅរក ភាពល្អប្រសើរបន្តិចម្តងៗ៕
ចុចអានបន្ត៖ ទោះកូវីដ១៩ មិនអាចបញ្ឈប់ងាយៗ យ៉ាងហោចណាស់ អ្នកអាចគ្រប់គ្រងរឿងទាំងនេះបានដោយខ្លួនឯង ដើម្បីសុវត្ថិភាព