ការពិតពីក្រោយសារធាតុផ្សំរបស់គ្រឿងសម្អាងថោកៗដែលអ្នកគួរប្រយ័ត្ន
- 2020-04-02 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតពីក្រោយសារធាតុផ្សំរបស់គ្រឿងសម្អាងថោកៗដែលអ្នកគួរប្រយ័ត្ន
នារីគ្រប់រូបសុទ្ធតែចង់ប្រើគ្រឿងសម្អាងម៉ាកល្បីៗ របស់សុទ្ធ និងមានគុណភាព។ ប៉ុន្តែដោយសារតែតម្លៃរបស់ផលិតផលទាំងនោះថ្លៃខ្លាំងពេក ហើយនៅពេលមានផលិតផលស្រដៀងគ្នា ឬដូចគ្នាដាក់លើទីផ្សារក្នុងតម្លៃថោកជាង នារីភាគច្រើនសុខចិត្តប្រថុយទិញ ទាំងមិនចាប់អារម្មណ៍ពីគុណភាព និងការផលិត។ ថ្ងៃនេះ ស្រីៗយើងនឹងបានដឹងពីការពិតមួយចំនួននៃគ្រឿងសម្អាងវ៉ៃម៉ាកល្បី តែតម្លៃថោកៗដែលអ្នកចង់ទិញនោះ ដឹងហើយលែងចង់ទិញតែម្ដង។
គ្រឿងសម្អាងក្លែងក្លាយរបស់អាមេរិកផលិតនៅចិន
កាលពីកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ថា ប៉ូលិសក្នុងខេត្ត Zhejiang បានចុះបង្ក្រាបកន្លែងផលិតគ្រឿងសម្អាងក្លែងបន្លំម៉ាករបស់បរទេសច្រើនកន្លែងរួចមកហើយ។ កន្លែងមួយចំនួនត្រូវបានគេរកឃើញថា ជាកន្លែងផលិតគ្រឿងសម្អាងក្លែងក្លាយជ្រកក្រោមស្លាកឈ្មោះក្រុមហ៊ុនផលិតគ្រឿងសម្អាងដែលមានការចុះបញ្ជិកា និងទទួលស្គាល់ត្រឹមត្រូវ។ ប៉ុន្តែការពិតនៅខាងក្នុងមិនបានផលិតឱ្យមានគុណភាព និងត្រូវស្ដង់ដារដូចពេលទៅចុះបញ្ជីឡើយ មិនត្រឹមតែប៉ុណ្ណឹង ថែមទាំងបន្លំម៉ាកល្បីៗផ្សេងដទៃទៀតផង។
តាមការឱ្យដឹងបន្ថែម ការចំណាយលើការផលិតគឺក្នុងទំហំថោកបំផុត ត្រឹមតែ២-៣ដុល្លារប៉ុណ្ណោះ។ គ្រឿងសម្អាងក្លែងក្លាយទាំងនេះមានច្រើនប្រភេទ រាប់តាំងពី Eyeliner Mascara ដែលលក់ក្នុងតម្លៃតែប៉ុន្មានសិបយាន់ រហូតដល់ផលិតផលប្រណីតៗផ្សេងទៀតលក់ដល់ទៅរាប់ពាន់យាន់ក៏មាន។ បន្ទាប់ពីផលិតរួច ពួកគេយកទៅដាក់លក់ដោយដាក់ថា បញ្ចុះតម្លៃ ឬលក់លាងឃ្លាំងក្នុងតម្លៃថោកៗ ខុសពីតម្លៃម៉ាកពិតប្រាកដ។
គ្រឿងសម្អាងក្លែងក្លាយរបស់អាមេរិកផលិតនៅវៀតណាម
ដើម្បីបានចំណេញច្រើន ពួកឈ្មួញខិលខូចនិងអ្នកផលិតមួយចំនួនបានប្រើវិធីផលិតក្លែងបន្លំម៉ាកល្បីៗ ដែលកន្លែងផលិតនៅវៀតណាមនេះមានទាំងគ្រីមបំបាត់មុន និងឡេលាបខ្លួន ដាក់លក់ក្នុងតម្លៃថោកៗលើទីផ្សារ។
វេជ្ជបណ្ឌិត Tran The Vien ប្រធានដេប៉ាតាម៉ង់ពិនិត្យព្យាបាល នៃមន្ទីរពេទ្យផ្នែកព្យាបាលស្បែកទីក្រុងហូជីមិញ បានព្រមានពីការប្រើផលិតលាបលើស្បែកដែលគ្មានគុណភាព ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ថា អាចបំផ្លាញស្បែក បង្កទៅជាអាលែហ្ស៊ី ខូចសរីរាង្គណាមួយ ឬកើតមហារីកក៏មាន ក្រៅពីនេះវាក៏អាចបង្កទៅជាប៉ះពាល់ដល់ការលូតលាស់របស់គភ៌ក្នុងផ្ទៃទៀតផង។
គ្រឿងសម្អាងផលិតពីទឹកនោម ឬកាកសំណល់នៅអង់គ្លេស
មិនមែនមានតែនៅប្រទេសអាស៊ីប៉ុណ្ណោះទេ តែនៅប្រទេសលោកខាងលិចក៏ឈឺក្បាលរឿងកន្លែងផលិតគ្រឿងសម្អាងក្លែងក្លាយនេះដែរ រាប់បញ្ចូលទាំងនៅអង់គ្លេសផង។ យោងតាមរបាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា ប្រជាជនអង់គ្លេសចំណាយហោចណាស់ ១៤១លានដុល្លារក្នុងមួយឆ្នាំទិញគ្រឿងសម្អាងក្លែងក្លាយ។
ប៉ូលិសអង្គភាពកម្មសិទ្ធិបញ្ញារបស់អង់គ្លេសបានរកឃើញ និងព្រមានថា ទឹកអប់ក្លែងក្លាយដែលចាប់បានទាំងនោះមានបញ្ចូលជាតិពណ៌ខ្លាំង ឯខ្លះទៀតផលិតពីទឹកនោមក៏មាន។ ក្រៅពីនេះ Eyeliner Mascara ក្រែមលាបមាត់ និង Foundation ផ្សំពីសារធាតុគីមីគ្រោះថ្នាក់ដូចជា យ៉ូណូវ (Arsenic) បារត និងសំណជាដើម។
ប៉ូលិសបន្តទៀតថា ផលិតផលទាំងនោះបន្លំស្ទើរតែគ្រប់ម៉ាកល្បីៗ ដូចជា MAC, Benefit, Urban ជាដើម ហើយមានដាក់លក់តាមអនឡាញជាច្រើនដូចជា នៅលើ Ebay និង Amazon៕
ចុចអាន៖
អ្នកចូលចិត្តទិញឥវ៉ាន់អនឡាញ បើមិនចង់ចាញ់បោកអ្នកលក់គួរដឹង ៥ គន្លឹះនេះ
មកស្គាល់ ៥កន្លែងធំៗសម្រាប់ស្រីៗចង់ឡើងទិញគ្រឿងសម្អាងនៅថៃ