មនុស្ស​ស្រី! ភាព​ឯកា​មិន​គួរ​ឲ្យ​ខ្លាច​ដូច​ពេល​អ្នក​គ្មាន​លុយ​ចាយ​នោះ​ទេ

  • 2020-03-30 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ខ្ញុំ​ឯកា​មិន​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ដូច​ពេល​ខ្ញុំ​គ្មាន​អី​សោះ​នោះ​ទេ ព្រោះ​ពេល​នោះ​សូម្បី​តែ​អាហារ​ដែល​ខ្ញុំ​ចង់​ញ៉ាំ ខោអាវ​ដែល​ខ្ញុំ​ចង់​ស្លៀក ស្រា​ដែល​ខ្ញុំ​ចង់​ផឹក បន្លប់​ភាព​ឯកា​ក៏​គ្មាន​លុយ​ទិញ​វា​ដែរ។ នោះ​ទើប​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​សម្រាប់​ជីវិត​ខ្ញុំ។

នៅ​ពេល​ស្នេហា​ត្រូវ​បាន​បញ្ចប់ មនុស្ស​ស្រី​នឹង​ត្រូវ​ជួប​អារម្មណ៍​ឈឺចាប់​ខ្លាំង​បំផុត ព្រោះ​នាង​នឹង​ត្រូវ​ស្ពាយ​ស្នាម​អតីតកាល​មក​ជាមួយ​គ្រប់​រូបភាព​ទាំង​អស់។

រូបតំណាង

នាង​នឹង​គិត​ថា​នាង​ជា​មនុស្ស​ម្នាក់​គត់​ដែល​នៅ​សល់​លើ​ពិភពលោក​នេះ នាង​គ្មាន​សេសសល់​អី​ទៀត​នោះ​ទេ។

ស្នេហា​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​បែប​នេះ​មែន​ទេ?

ត្រូវ​ហើយ​ស្នេហា​ពិត​ជា​សំខាន់​ បែប​នេះ​ហើយ​ទើប​មាន​មនុស្ស​ជា​ច្រើន​សុខ​ចិត្ត​បោះបង់​ខ្លួន​ឯង​ចោល​នៅ​ពេល​បាត់បង់​ស្នេហា។

មាន​គេ​បាន​សួរ​ខ្ញុំ​ថា បើ​សិន​ជា​ខ្ញុំ​មាន​ស្នេហា​ តើ​នឹង​រៀបការ​ពេល​ណា​ដែរ?

ខ្ញុំ​ឆ្លើយ​ទៅ​គេ​យ៉ាង​ជឿជាក់​ថា «ទេ ខ្ញុំ​គ្មាន​ស្នេហា​ទេ ហើយ​រឿង​រៀប​ការ​កាន់​តែ​ឆ្ងាយ​ទៅ​ទៀត»

ដឹង​ទេ​ថា​ហេតុ​អី​បាន​ជា​ខ្ញុំ​ជ្រើស​រើស​ផ្លូវ​នេះ?

ពេល​មួយ​ដែល​បាន​បែក​គ្នា​ជាមួយ​មនុស្ស​ប្រុស​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​បំផុត​ក្នុង​ជីវិត ខ្ញុំ​ស្ទើរ​តែ​សម្លាប់​ខ្លួន​ទៅ​ហើយ។ ខ្ញុំ​យំ​រហូត​សឹង​តែ​គ្មាន​ទឹក​ភ្នែក​ស្រក់​មក​ទៀត។

ការ​ងារ​ក៏​ខ្ញុំ​មិន​ធ្វើ​ ខ្ញុំ​បាន​សុំ​ឈប់​មួយ​រយៈ​ធំ។

ខ្ញុំ​បាន​ចំណាយ​ពេល​ដើរ​លេង​ស្ទើរ​រាល់​ថ្ងៃ​ដើម្បី​ភ្លេច​គេ តែ​ទោះ​ទៅ​ដល់​ទី​ណា​ក៏​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​ឯកា​ខ្លាំង។

ខ្ញុំ​ឯកា​ណាស់ ខ្ញុំ​ពិត​ជា​ឯកា​ខ្លាំង រហូត​គិត​ថា​ពិភព​លោក​នេះ​ហេតុអី​សោះ​កក្រោះ​យ៉ាង​នេះ ហេតុអី​ងងឹត​បែប​នេះ?

ខ្ញុំ​ពិត​ជា​ខ្លាច​ភាព​ឯកា​ណាស់ ខ្ញុំ​ខ្លាច​វា​ណាស់ ហើយ​ខ្ញុំ​ពិត​ជា​មិន​ចង់​ទទួល​បាន​អារម្មណ៍​នេះ​ទៀត​ទេ។

រូបតំណាង

មួយ​រយៈ​ខ្លី​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​ដាច់​លុយ ព្រោះ​ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​ការ ហើយ​ពេល​នោះ​ទើប​ខ្ញុំ​យល់​ថា​ជីវិត​នេះ​គ្មាន​លុយ​គឺ​កាន់​តែ​គួរ​ឲ្យ​ខ្លាច​ជាង​ភាព​ឯកា​នោះ​ទៅ​ទៀត។ ពេល​នោះ​សូម្បី​តែ​អាហារ​ដែល​ខ្ញុំ​ចង់​ញ៉ាំ ខោអាវ​ដែល​ខ្ញុំ​ចង់​ស្លៀក ស្រា​ដែល​ខ្ញុំ​ចង់​ផឹក បន្លប់​ភាព​ឯកា​ក៏​គ្មាន​លុយ​ទិញ​វា​ដែរ។

ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចូល​ធ្វើ​ការ​វិញ ព្រោះ​មិន​បែប​នេះ​ទេ​ខ្ញុំ​នឹង​ស្លាប់​មុន​ពេល​របួស​នេះ​ជា​សះស្បើយ​ទៅ​ទៀត។

មក​ដល់​ពេល​នេះ​ខ្ញុំ​ក៏​បាន​សប្បាយ​ចិត្ត​ច្រើន ហើយ​ការ​ឈឺចាប់​ដែល​ធ្លាប់​ចាក់ដោត​ពេញ​បេះដូង​ខ្ញុំ​ក៏​បាន​កាត់​បន្ថយ​ច្រើន។

ពេល​នេះ​ខ្ញុំ​បាន​ដាក់​ការ​ស្រឡាញ់​ខ្ញុំ​ទាំង​អស់​ទៅ​លើ​ការងារ ហើយ​ខ្ញុំ​ជឿ​ថា​វា​ល្អ​ជាង​ខ្ញុំ​ផ្ញើ​ក្ដី​ស្រឡាញ់​នោះ​ទៅ​នឹង​មនុស្ស​ប្រុស។

ទោះ​ពេល​នេះ​ខ្ញុំ​នៅ​ម្នាក់​ឯង​មែន តែ​យ៉ាង​ណា​ក៏​ខ្ញុំ​មាន​លុយ​ដែរ ខ្ញុំ​អាច​ប្រើ​លុយ​ខ្ញុំ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ប្រសើរ​ជាង​ពេល​ដែល​ខ្ញុំ​គ្មាន​លុយ។

ភាព​ឯកា​មិន​គួរ​ឲ្យ​ខ្លាច​ជាង​ពេល​អត់​លុយ​ក្នុង​ហោប៉ៅ​នោះ​ទេ ជឿ​ខ្ញុំ​ទៅ តែ​បើ​អ្នក​ឯកា​ហើយ​ អត់​លុយ​ទៀត​នោះ​ទើប​ជីវិត​អ្នក​ដូច​ចុះ​នរក។

រូបតំណាង

បើ​មាន​ថ្ងៃ​ណា​មួយ​អ្នក​ខូចចិត្ត​ដោយសារ​បែកបាក់​ស្នេហា អ្នក​ក៏​មិន​ត្រូវ​ឈប់​ធ្វើការ ឈប់​រក​ស៊ី និង​បោះបង់​ខ្លួន​ឯង​ដែរ ព្រោះ​ពេល​នោះ​ជីវិត​អ្នក​មិន​ខុស​អី​ពី​ធ្លាក់​ក្នុង​ភក់ជ្រាំ​ទេ។ ត្រូវ​តែ​បន្ត​ការងារ​អ្នក​ទៅ​មុខ​ទៀត ទោះ​បេះដូង​អ្នក​ខ្ទេចខ្ទី​ដូច​គេ​ចិញ្ច្រាំ​ក៏​ដោយ ព្រោះ​វា​នឹង​ប្រសើរ​ជាង​មុន​បើ​អ្នក​អាច​ទ្រាំ​បាន៕

ចុចអាន៖ដំបូន្មាន​ស្នេហាសម្រាប់​មនុស្ស​ស្រី​គ្រប់គ្នា​ ដើម្បី​កុំ​ឲ្យ​​ពិបាក​ចិត្ត​នៅ​ពេល​ក្រោយ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម